ឱសថក្លែង​ក្លាយ និងសេវា​សុខាភិបាល​ខុសច្បាប់ បង្កគ្រោះ​ថ្នាក់ធ្ងន់​ធ្ងរ និង​វិនាស​កម្ម​ដល់ប្រជាជនកម្ពុជា

លោកឱសថបណិ្ឌត ហេង ប៊ុនគៀត ប្រធាន​នាយក​ដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខា​ពេទ្យ និងគ្រឿង​​សំអាង នៃ​ក្រសួង​សុខា​ភិបាល បានឲ្យដឹង​ថា​ឱសថក្លែងក្លាយ​បានបណ្តាល​ឲ្យខាតបង់​ថវិកា និងបង្ក​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ដល់អាយុ​ជីវិត និង ខឿន​សេដ្ឋកិច្ច​ជាតិ យើងទាំងមូល មិនតែ​ប៉ុណ្ណោះសេវា​សុខាភិបាល​ខុសច្បាប់ បានបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ជួនកាល​រហូតដល់​ស្លាប់ និងបង្កភាព​អសកម្ម និងវិនាស​កម្មដល់​ប្រជាជន​កម្ពុជា។

1លោកបានលើកឡើង​បែបនេះ កាលពីព្រឹកថ្ងៃទី០៨ កញ្ញា ក្នុងឱកាស​បើក​កិច្ច​ប្រជុំ​ស្តីពីការបូក​សរុប​លទ្ធផល ការងារ​គណះ​កម្មការ​អន្តរ​ក្រសួង និងគណះ​កម្មការ​រាជ​ធានី ខេត្ត លុបបំបាត់​ឱសថ​ក្លែងក្លាយ និងសេវា​សុខាភិបាល​ខុសច្បាប់​ នៅទីសី្ត​ការក្រសួង ។

លោកឱសថបណិ្ឌត ហេង ប៊ុនគៀត បានមាន​ប្រសាសន៍​បន្ត ថាកិច្ច​ប្រជុំនេះ​ធ្វើឡើងក្នុង​គោល​បំណង​ដើម្បី​ត្រួត​ពិនិត្យ​មើល​លើ​លទ្ធផល​ការងារ​ដែល​គណៈ​កម្មាការ​អន្តរ​ក្រសួង និងគណៈ​កម្មការ​រាជធានី​ខេត្ត លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខា​ភិបាលខុស​ច្បាប់ បានអនុវត្ត​ក្រោយពីធ្វើ​ការប្រកាស​រួមរវាង​ក្រសួង​សុខាភិបាល និងក្រសួង​មហាផ្ទៃ​ស្តីពី ការគ្រប់​គ្រង​គុណភាព​សេវាកម្ម និងវិធាន​ការទប់​ស្កាត់ការ​ធ្វើចរា​ចរណ៍​ផលិត​ផល​សុខាភិបាល​ខុសច្បាប់ និងសេវា​សុខា​ភិបាល​ឯក​ជន​ខុសច្បាប់​ដើម្បី​សុខភាព និងសុវត្តិ​ភាព​សង្គម​តើបាន​អនុវត្ត​បានអ្វីខ្លះ​និងដំណើរ​ការដល់​ណា។

លោកបានបន្ថែមថា «វត្តមាន​របស់​អស់​លោក​លោកស្រី​នៅក្នុងអង្គ​ប្រជុំនេះ​គឺជាឧត្តម​ប្រយោជន៍​និងមានសារៈ​សំខាន់​ក្រៃលែង​ក្នុងការពិភា​កយោបល់ធ្វើ​ការកែលំ​អនូវ​រាល់ចំណុចខ្វះ​ខាតដែលបាន​អនុវត្តការងារ​កន្លងមក និងធ្វើឲ្យ​ការងារ​កាន់តែ​មានប្រសិទ្ធ​ភាព​ជាងមុនគឺធ្វើយ៉ាង​ណាទប់​ស្កាត់កុំឲ្យកើត​មានជាថ្មីនូវ​ផ្ទះលក់ឱសថ​ខុសច្បាប់​ផ្ទះគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺមានលក់​ឱសថអ្នក​ដើរចាក់​ថ្នាំតាមភូមិផ្ទះ​ជាងដាក់​ធ្មេញ និងសេវា​សុខាភិបាល​ខុសច្បាប់​ដ៏ទៃទៀត»។

លោកប្រធាននាយកដ្ឋានឱសថ​ចំណី​អាហារ​បរិក្ខា​ពេទ្យ និងគ្រឿង​សំអាង បានមាន​ប្រសាសន៍​ទៀតថា បច្ចុប្បន្ន​នេះមាន​ការ​លេចឡើងក្នុង​ខេត្តមួយចំនួន​នូវការផ្ទះ​លក់ឱសថ​អត់ច្បាប់សេវា​សុខាភិបាល​ខុសច្បាប់​កើតឡើង​វិញ មិនតែ​ប៉ុណ្ណោះ​ក៏មាន​ការលេច​ឡើងនូវការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អនាធិបតេយ្យ​គ្មានការ​អនុញ្ញាតិ​ពីក្រសួង​សុខាភិបាល​នូវផលិត​ផលនូវ​ផលិត​ផល​បំប៉ន​សុខភាព​ឬអាហារ​បំប៉នសុខ​ភាពឬ​ឱសថ​បូរាណ ឬគ្លីនិក​ឯកជន​ឬមន្ទីរ​ពេទ្យ​ឯកជន​មជ្ឈ​មណ្ឌល​ថែរក្សា​សម្ផស្ស​ហើយទាំង​ថែមបំផ្លើស​ការពិតបោក​ប្រាស់ប្រជាពល​រដ្ឋក្នុងគោល​បំណងកេង​ចំណេញ​ដោយមិនគិត​ពីហានិភ័យ​របស់​ប្រជាពល​រដ្ឋ។  លោកបន្តថា  «ដូចនេះវា​ទាមទារឲ្យគណៈ​កម្មាការ​អន្តរក្រសួង​ និងគណៈ​កម្មការ​រាជធានី​ខេត្តលុប​បំបាត់​ឱសថ​ក្លែង​ក្លាយ និងសេវា​សុខាភិបាល​ខុសច្បាប់​ត្រូវយកចិត្តទុក​ដាក់ឲ្យកាន់តែ​ខ្លាំងក្លាថែម​ទៀត និងមាន​វិធានការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និងសេវា​សុខាភិបាល​ខុសច្បាប់​ទាំងនេះ​ដោយ​អនុគ្រោះ»។

លោកវេជ្ជបណិ្ឌត ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល​ដែលបាន​ចូលរួម ជាគណះអធិបតី​នៅ ក្នុងកិច្ច​ប្រជុំ​នោះមាន​ប្រសាសន៍​ថា «យើងដឹងថា​ឱសថក្លែងក្លាយ និងសេវា​សុខាភិបាល​​ខុសច្បាប់ គឺជាបញ្ហា​របស់យើង​ទាំងអស់គ្នា ដូចនេះ​សមា​ជិក សមាជិកា នៃគណះកម្មាធិការ​អន្តរ​ក្រសួង និងប្រធាន​​លេខាធិកា​រដ្ឋានលុប​បំបាត់ឱសថ​ក្លែងក្លាយ និងសេវា​សុខា​ភិបាល​ខុសច្បាប់​រាជធានី ខេត្ត ទាំង២៥ យើងត្រូវ​រួបរួមគ្នា​បន្តលុប​បំបាត់ឲ្យ​អស់កុំឲ្យកើត​ជាថ្មី ស្របតាម​សេចកី្ត​សម្រេច​លេខ៣៣​ សសរ ចុះថ្ងៃ​ទី២៩ ខែ៨ ឆ្នាំ​២០០៥ របស់រាជ​រដ្ឋាភិបាល »។ លោករដ្ឋមន្ត្រី​បានបន្តថា​«យើងអាច​ធ្វើការងារ​ទាំងអស់​នេះបាន​ ហើយវាគ្មាន​​ការ​លំបាកទេ ព្រោះយើង​មានច្បាប់ លិខិតបទដ្ឋាន គណះ​កម្មាធិការ ដែលចាត់​តាំងដោយ​រាជរដ្ឋា​ភិបាល ហើយ​​ក៏​មានសេចកី្តប្រកាស​រួមរបស់​ក្រសួង​សុខាភិ​បាល និងក្រសួង​មហាផ្ទៃ ដូច្នេះសូម​ឲ្យបងប្អូន​ដែលជា​មន្រី្ត​សុខា​​ភិបាល​ទាំង​អស់​ចូលរួមប្រតិបតិ្ត​ឲ្យបាន ជៀសវាង​ការរិះគន់​រ​បស់​សាធារណះ​ជន ក៏ដូចជា​ជៀសវាង​ការ​ទទួល​​ខុសត្រូវចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​យើង ដែលរាជ​រដ្ឋាភិបាល​ប្រគល់ជូន» ។

ជាចុងក្រោយលោករដ្ឋមន្ត្រី បានដាក់​ចេញឲ្យប្រធាន​មន្ទីរសុខាភិបាល​ទាំង២៥រាជ​ធានីខេត្ត ប្រសិន​បើម្ខាស់​សេវាសុខា​ភិបាល​ខុស​ច្បាប់ ណាមួយមិនអនុវត្ត​តាមទេត្រូវធ្វើការសហការ​ជាមួយអាជ្ញាធរដែល​ដី និងព្រះរាជអជ្ញា​ខេត្តរៀបចំ​ពាក្យបណ្តឹងបញ្ជួន​ទៅតុលាការតែម្តង​ដើម្បីដោះស្រាយ​តាមផ្លូវច្បាប់។

បើយោងតាមលោកឱសថបណិ្ឌត ហេង ប៊ុនគៀត បានឲ្យ​ដឹងថា៖ គិតត្រឹ​ម​ថ្ងៃទី៣១ ខែ៨ ឆ្នាំ​២០១៥នេះ ឱសថ​ស្ថាន ឱសថ​ស្ថាន​រង មានច្បាប់​ចំនួន២០៥៥កន្លែង និងគ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​អាហ័រណ នីហ័រណ​ឱសថ និងសាខា គ្រឹះ​ស្ថាន ​អាហ័រណ នីហ័រណគ្រឿង​សំអាង មជ្ឈមណ្ឌល​ថែរក្សា​សម្ជស្ស និងសាខា មានច្បាប់​​ចំនួន៥២៤​​កន្លែង សេវាថែ​ទាំ ពិគ្រោះ​ព្យាបាលជម្ងឺ​ឯកជនមាន​ច្បាប់ និងអត់​ច្បាប់ សរុបមាន​ចំនួន​១១៩៣៤ និងមនី្ទរ​​សម្រាក​​ព្យាបាល​ជម្ងឺមានច្បាប់ និង​អត់ច្បាប់​ សរុបមានចំនួន​៣៥៤កន្លែង ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative