រដ្ឋមន្ត្រី​សុខា​ភិបាល បញ្ជាឲ្យ​មន្ទីរ​រៀប​ចំណុំ​រឿង​សេវាសុខា​ភិបាល​ខុសច្បាប់​បញ្ជួន​ទៅ​តុលាការ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់បទបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលនៅទូទាំងប្រទេស រៀបចំសំណុំរឿងសេវាសុខាភិបាលខុសច្បាប់ បញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

1លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​ជាប្រធាន​ណៈកម្មា​ការ​អន្តរ​ក្រសួង​លុបបំបាត់​ឱសថ​ក្លែង​ ក្លាយ បានមាន​ប្រសាសន៍​បែបនេះ កាលពី​ព្រឹកថ្ងៃ​ទី០៨ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅទីស្តី​ការ​ក្រសួង ក្នុងកិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល ការ​ងារ​​គណៈ​កម្មាការ​អន្តរ​ក្រសួង និង​គណៈ​កម្មការ​រាជធានី​ខេត្តលុប​បំបាត់​ឱសថ​ក្លែង​ក្លាយ និងសេវា​សុខា​ភិបាល​ខុស​ច្បាប់ ដែល​មានការ​ចូលរួម​ពីប្រធាន​មន្ទីរ​សុខា​ភិបាល​គ្រប់​ខេត្ត។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុន​ហេង បានមាន​ប្រសាសន៍​ថា «ចាប់ពីពេ​ល​នេះទៅ​ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​ទាំងអស់​ត្រូវខិត​ ខំលុបបំបាត់​សេវាខុស​សុខាភិបាល​ខុសច្បាប់ ឲ្យបានហើយ​បើសិនបើធ្វើ​ការណែ​នាំដល់ពួក​គេ (សេវា​សុខាភិបាល​ដែលខុស​ច្បាប់​ទាំងនោះ) ហើយនៅតែ​មិនព្រមអនុវត្ត​តាមទៀត​នោះត្រូវ​សហការជា​មួយអាជ្ញាធរ​ខេត្ត​និងព្រះរាជ​អាជ្ញា​រៀប​ចំ​សំ​ណុំរឿង​បញ្ជួនទៅកាន់​តុលាការ​តែម្តង ដើម្បីទុកឲ្យ​ច្បាប់ជាអ្នក​ដោះស្រាយ​ទៅព្រោះថា​យើងមាន​ច្បាប់អស់​ហើយ។ ដូចនេះ​សូមប្រើ​ប្រាស់វាទៅ​ដើម្បីលុប​បំបាត់​សេវាសុខាភិបាល​ខុសច្បាប់​ឲ្យអស់នៅ​ទូទាំង​ប្រទេស»។

លោករដ្ឋមន្ត្រីបាន​បន្តទៀត​ថា « យើងដឹងថា​ឱសថក្លែង​ក្លាយ និងសេវា​សុខាភិបាល​​ខុសច្បាប់ គឺជា​បញ្ហារបស់​យើងទាំង​អស់គ្នា ដូចនេះ​សមាជិក សមាជិកា នៃគណះ​កម្មាធិការអន្តរ​ក្រសួង និងប្រធាន​​លេខាធិការ​ដ្ឋានលុប​បំបាត់​ឱសថក្លែង​ក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​រាជធានី ខេត្ត ទាំង២៥ យើងត្រូវ​រួបរួម​គ្នាបន្តលុប​បំបាត់ឲ្យ​អស់កុំ​ឲ្យកើតជាថ្មី ស្របតាម​សេចកី្ត​សម្រេច​លេខ​៣៣ សសរ ចុះថ្ងៃទី២៩ ខែ៨ ឆ្នាំ​២០០៥ របស់រាជ​រដ្ឋាភិបាល ។ យើងអាច​ធ្វើការងារ​ទាំងអស់នេះ​បាន ហើយវា​គ្មាន​ការ​​លំបាកទេ ព្រោះយើងមានច្បាប់ លិខិតបទដ្ឋាន គណះកម្មាធិការ ដែលចាត់តាំងដោយរាជរដ្ឋា​ភិបាល ហើយ​ក៏​មានសេចកី្តប្រកាសរួមរបស់ក្រសួង​សុខាភិបាល និងក្រសួង​មហាផ្ទៃ ដូច្នេះសូមឲ្យ​បងប្អូនដែលជា​​មន្រី្តសុខា​​ភិបាល​​ទាំងអស់​ចូលរួម​ប្រតិបតិ្ត​ឲ្យបាន ជៀសវាង​ការរិះគន់​រ​បស់សា​ធារណះ​ជន ក៏ដូចជាជៀស​វាងការ​ទទួល​​ខុសត្រូវ​ចំពោះ​សុខភាព​របស់​ប្រជាពល​​រដ្ឋយើង ដែលរាជរដ្ឋា​ភិបាល​ប្រគល់ជូន» ។

សេវាសុខាភិបាលខុស​ច្បាប់នេះបាន​បង្កឲ្យមាន​បាតុភាព និងគ្រោះ​ថ្នាក់ដល់​ប្រជាពល​រដ្ឋ។  ជាក់ស្តែង​ករណី​ផ្ទុះជំងឺ​អេដស៍​នៅឃុំ​រកា ស្រុក​សង្កែ តាមរយៈការ​ចាក់ថ្នាំពី​គ្រូពេទ្យ​បើកអាជីវកម្ម​មិនស្រប​ច្បាប់ បានធ្វើ​ឲ្យមនុស្ស​ចាស់ក្មេង​រាប់រយ​នាក់​បាន​ឆ្លងជំងឺនេះ។

លោករដ្ឋមន្ត្រីបាន​បន្ថែម​ថា «យើងមាន​បទពិសោធន៍​រួចមកហើយ​នៅឃុំរការ ដូចនេះយើង​មិនចង់​ឲ្យមានករណី​កើតឡើង​ម្តង​ទៀតទេ»។

លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាន​នាយក​ដ្ឋាន​ឱសថ ចំណី​អាហារ​បរិក្ខា​ពេទ្យ និងគ្រឿង​សំអាង បានមាន​ប្រសាសន៍ ថា​បច្ចុប្បន្ន​នេះមានការ​លេចឡើងក្នុង​ខេត្តមួយចំនួន​នូវការផ្ទះលក់​ឱសថអត់​ច្បាប់ សេវា​សុខាភិបាល​ខុសច្បាប់​កើតឡើង​វិញមិនតែ​ប៉ុណ្ណោះ ក៏មានការ​លេចឡើង​នូវការផ្សព្វ​ផ្សាយពាណិជ្ជ​កម្ម​អនាធិប​តេយ្យ គ្មានការ​អនុញ្ញាតិ ពីក្រសួង​សុខា​ភិបាល នូវផលិត​ផលនូវ​ផលិត​ផលបំប៉ន​សុខភាព ឬអាហារ​បំប៉ន​សុខភាព ឬឱសថ​បូរាណ​ឬគ្លីនិក​ឯកជន ឬមន្ទីរ​ពេទ្យ​ឯកជន​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ហើយទាំង​ថែមបំផ្លើស​ការពិតបោក​ប្រាស់ប្រជា​ពលរដ្ឋ​ក្នុងគោល​បំណង​កេងចំណេញ​ដោយមិន​គិតពីហានិ​ភ័យ​របស់​ប្រជាពល​រដ្ឋ។  លោកបន្ត​ថា «ដូចនេះ​វាទាមទារ​ឲ្យគណៈ​កម្មាការ​អន្តរ​ក្រសួង និង​គណៈ​កម្មការ​រាជធានី​ខេត្តលុប​បំបាត់​ឱសថ​ក្លែងក្លាយ និងសេវា​សុខាភិបាល​ខុសច្បាប់ ត្រូវយក​ចិត្តទុកដាក់​ឲ្យកាន់តែ​ខ្លាំងក្លា​ថែម​ទៀត និងមានវិធាន​ការលុបបំបាត់​ឱសថក្លែង​ក្លាយ និងសេវា​សុខាភិបាល​ខុសច្បាប់​ទាំងនេះ​ដោយ​អនុគ្រោះ»។

លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានលើក​ឡើងរបាយ​ការណ៍​មកបញ្ជាក់​ថា គិតត្រឹម​ខែ​សីហា ឆ្នាំ​២០១៥ នេះនៅ​ទូទាំង​ប្រទេស មានសេវា​សុខាភិបាល​ខុសច្បា​ប់​សរុប​ចំនួន​៣៩៤២​កន្លែង និងមាន​ច្បាប់ចំនួន​៨៥០២​កន្លែង។ ចំណែក​ឱសថ​ស្ថាន​ ឱសថ​ស្ថានរង​​​ មានសរុប​ចំនួន​២០៥៥​កន្លែង នៅទូទាំង​ប្រទេស (មានច្បាប់​ទាំងអស់) និងគ្រឹះ​ស្ថាន​ផលិត ឱសថ​គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ និងសាខា​គ្រឹស្ថាន​អាហ័រណ​នីហរ័ណ គ្រឿងសំអាង​មជ្ឈ​មណ្ឌល​កែសម្ផស្ស និង​សាខា​មានច្បាប់​ចំនួន​៥២៤​កន្លែង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative