កម្ពុជានឹង​ទទួល​បានដំណក់​ប្រេង​តំបូង​នៅឆ្នាំ​២០១៧

ទន្ទឹមនឹងការរង់​ចាំដ៏យូរ ពេលនេះ​ដំណឹង​នៃការទទួល​បានដំណក់​ប្រេង​ដំបូង​​ត្រូវបាន​បញ្ចេញ​ហើយ ដោយ​​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ​ និងថាមពល​បាន​ថ្លែង​ថា កម្ពុ​ជានឹ​ងទទួ​ល​​បាន​ដំណក់​​ប្រេង​ដំបូង​នៅឆ្នាំ​២០១៧​ខាងមុខ។

1ឯកឧត្តម ឌិត ទីណា រដ្ឋា​លេខា​ធិការ និងជា​អ្នកនាំ​ពាក្យក្រសួង​រ៉ែ និង​ថាម​ពល បានថ្លែង​ឲ្យដឹងកាល​ពីម្សិល​ម៉ិញថា រដ្ឋា​ភិ​បាល នឹងធ្វើ​យ៉ាងណា​ឲ្យដំណក់​ប្រេងនេះ​​ជា​សំណាង​របស់​កម្ពុជា។  ដែល​បច្ចុប្បន្ន​នេះក្រុមហ៊ុន​គ្រីស​អេណឺជី បាន នឹង​កំពុង​​ រៀប​ចំបូម​ប្រេង​នៅដំណាក់​កាលទី១​ហើយ បន្ទាប់ពី​ក្រុមហ៊ុន​នេះបានទិញ​តំបន់​ប្លុក​អេពី​ក្រុមហ៊ុន​ឆេវរ៉ុន។ ឯកឧត្តម​បន្តថា​ យើង​​រំពឹងថានឹង​​ទទួលបាន​ដំណក់ប្រេង​​លើកតំបូង​នៅឆ្នាំ​២០១៧ ពោលគឺ​មុនការបោះ​ឆ្នោតជ្រើស​​រើស​តំណាង​រាស្រ្ត​ អាណិត្ត​ទី៦ នាឆ្នាំ​២០១៨​ខាងមុខ។

ឯកឧត្តមបន្តថា “បច្ចុប្បន្ន​នេះការងារ​ដែលនៅ​សល់ គឺការ​ងារ​បច្ចេក​ទេស និង​ការ​ចចារ​បែងចែក​ភាគលាភ​​ចូលរដ្ឋ ដែល​បាន​មកពីវិស័យ​នេះឲ្យ​បាន​ជា​អតិ​បរិ​មា ព្រោះបើ​​យើង​ចចារ​ដើម្បីឲ្យ​តែបាន​ប្រេងរដ្ឋា​ភិបាល​នឹងខាត”។  លោកបន្ត​ថា​  “ប្រសិ​ន​​ជា​​យើង​ចង់​​បា​នតែដំណក់​ប្រេងទេ ហើយ​យើងអត់គិត​ពីប្រយោជន៍​ជាតិ​បាន​​ច្រើន​ប៉ុណ្ណា យើងអាច​នឹងមានការ​លំបាក​ទៅថ្ងៃ​ក្រោយ ដូច្នេះទើប​យើងធ្វើ​ការ​ចចារ​​ដោយប្រយ័ត្ន​ប្រយ៉ែង”។

នៅពេលសាកសួរ ពីបរិមាណ​ប្រេង​ដែលនឹង​ទទួល​បាន ឯកឧត្តម ឌិត ទីណា​ បានបន្ត​ថា បរិមាណ​ប្រេង​របស់​យើង​បាន​គ្រាន់​បើ​ដែរ តែចំណុច​ហ្នឹងហើយ​​ដែល​អ្នក​បច្ចេកទេស​មួយចំនួន​មិនទាន​ច្បាស់ក្នុង​ការចចារ ដែលមួយ​ចំហៀង​ថាមាន​​ច្រើន មួយ​ចំហៀងថា​មានបរិមាណ​ប្រេងតិច។ ចំណុចមាន​ប្រេងច្រើន​មានតិច​នេះហើយ​​ដែលការ​​ចចារ​ចែក​ភាគ​​លាភនេះ​​មិន​ទាន់​ត្រូវ​គ្នា។ ឯកឧត្តម​បានបន្ត​ថាឧបមា​ថា​ តំលៃ​ជីក​យក​ប្រេង​អស់តែ​១លាន​ដុល្លារ​ទេ តែបូម​ចេញមក​បានតែ៥​លាន​ដុល្លារ តើចែក​គ្នា​ពាក់​​កណ្តាលម្នាក់​ឬយ៉ាង​ណា? ចំណុចនេះ​វាអាស្រ័យ​លើចំនួន​នៃផល​​ប្រេង​ទទួល​​បាននិង​លទ្ឋផលនៃ​​ការចចារ។

ឯកឧត្តមបន្តថា “ខ្ញុំមិន​ចង់និយាយ​លំអិត​ពីបញ្ហា​នេះនៅ​ទ្បើយទេ ព្រោះវា​​ស្ថិតក្នុង​ដំណាក់​កាលនៃ​ការ​ចចារ ប៉ុន្តែអ្វី​សំខាន់​គឺ​ប្រយោជន៍​ជាតិទាំង​មូល មិនមែន​​សម្រាប់​រដ្ឋា​ភិបាលទេ ព្រោះ​ថវិកា​បានមកពី​ប្រេងនឹង​ត្រូវបញ្ចូល​ក្នុងថវិកា​ជាតិ ដូច្នេះ​​យើង​ត្រូវ​ជជែកគ្នា​ឲ្យច្បាស់​លាស់សិន ទើប​យើងអាច​និយាយ​បានយ៉ាង​ដូច​ម្តេច​ច្បាស់​លាស់”។

លោកស្រី ចន្ឋីអ្នក​វិភាគ​សេដ្ឋកិច្ច​ឯក​រាជ្យ​បានថ្លែង​ថា លោកមិន​ដឹងថា​បរិមាណប្រេង ដែលទាញ​យកបាន​មាន​បរិមាណ​ប៉ុណ្ណា​នោះទេ ប៉ុន្តែបើ​ទាញយក​ប្រេងបាន​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក វានឹង​ជួយដល់​ការពង្រីក​វិស័យ​ឧស្សា​ហ​កម្ម​ខ្លាំង​​ព្រោះ​​កម្ពុជាត្រូវការ​ថាមពល​ច្រើន ដើម្បីកែ​ច្នៃ​ផលិតផល ក៏ដូចជា​ជួយកាត់​បន្ថយ​​ថ្លៃដើម​លើការ​ផលិត និងកាត់​បន្ថយ​លើថ្លៃ​ដឹក​ជញ្ជូន​ក្នុងស្រុក ដែលជាផ្នែក​ដ៏សំខាន់​ក្នុង​ការជំរុញ​កំនើន​សេដ្ឋកិច្ច​ជាតិ។

លោកបន្តថា “ខ្ញុំគិតថា​អ្នក​ចចារ​របស់​រដ្ឋាភិបាល នឹង​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ឲ្យ​ទទួល​បានផល​ប្រយោជន៍​សម្រាប់​ជាតិ​ច្រើន​ ប៉ុន្តែ​ក្រុមហ៊ុន​ដែលបាន​ចំណាយ​ទុនដ៏​ច្រើន​សម្រាប់​សាងសង់​កន្លែង​ជីក និងបូម​ប្រេងក៏ចង់​បានភាគ​លាភច្រើន​ផងដែរ​ ដូច្នេះ​វាអាស្រ័យ​លើការចចារ​ក្នុងការ​បែងចែក​ភាភ​លាភ​នេះ​”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative