Fasmec បង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ផ្តល់​ប្រាក់​កម្ចីដល់​សហក្រិន​ក្នុងស្រុក

សម្ព័ន្ធសមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា (Fasmec) បានសំរេច​បង្កើតគ្រឹះ​ស្ថានមីក្រូ​​ហិ​រញ្ញ​​វត្ថុ​សម្ព័ន្ធ​សមាគម ​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា​ភីអិលស៊ី ដើម្បីផ្តល់​ប្រាក់កម្ចីដល់​សហ​ក្រិន​​នៅ​ក្នុងស្រុក ដើម្បី​លើកស្ទួយ​វិស័យ​នេះឲ្យ​កាន់តែ​រីកចំរើន​ថែមទៀត។

6គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុនតូច និងមធ្យម​កម្ពុជា​ភីអិលស៊ីរ នេះបាន​បើកសម្ភោធ​ជាផ្លូវការ​កាលពី​ព្រឹកថ្ងៃទី០​៧ ខែ​កញ្ញា ឆ្នាំ២​០១៥ ក្រោម​អធិ​​ប​តី​​ភាព​លោក ទេសរដ្ឋ​មន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម និងសិប្ប​កម្ម និងលោក​ស្រី អ៊ុក ម៉ាលី អគ្គ​ទេសាភិបាលរង​ធនាគារ​ជាតិនៃ​កម្ពុជា។

លោកឧញ៉ា តែ តាំងប៉ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម កម្ពុជា​ភីអិលស៊ី បានមាន​ប្រសាសន៍ថា គោលបំណង​ក្នុងការបង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​នេះឡើង គឺដើម្បីផ្តល់​ប្រាក់កម្ចីទៅ​ដល់សមា​ជិក​របស់​Fasmec ក៏ដូចជា​សហគ្រាស​ធុនតូច និងមធ្យម​ផ្សេង​ទៀតដែលបាន​កំពុងជួប​នូវបញ្ហា​ហិរញ្ញវត្ថុ។  លោកឧកញ៉ា​បានបន្តថា​ក្រោយពី​បង្កើតឲ្យមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះហើយ យើងនឹង​ចាប់ផ្តើម​គៀងគរទុន​វិនិយោគ​ពីសមាជិក​ក្រុមប្រឹក្សា​ភិបាល​របស់ Fasmec ជាលើកដំបូង​ចំនួន​១លាន​ដុល្លា​អាមេរិក ដើម្បី​បើកឲ្យ​ដំណើរ​ការប្រាក់​កម្ចីទៅ​ដល់មីក្រូ​សហគ្រាស និងសហ​គ្រាសធុនតូច​ទាំងអស់ រហូតដល់​ចុងឆ្នាំ​២០១៥ នេះហើយនៅ​ដើមឆ្នាំ​២០១៦ យើងនឹង​ទំលាក់​ដើមទុន​បង្វិល​បន្ថែម​ទៀត​ប្រហែ​ល៣ទៅ​៥លាន​ដុល្លាអាមេរិក។

លោកអគ្គនាយកបាន​បញ្ជាក់​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យើងផ្តល់​ប្រាក់កម្ចី​៤ប្រភេទ​គឺទី១ កម្ចីសំរាប់​ការ​បើក​​អាជីវ​កម្មថ្មី  ទី២​កម្ចីសំរាប់​អាជីវកម្ម​មានស្រាប់  ទី៣កម្ចីសំរាប់​បុគ្គលិក​កម្មករ​ដែលកំពុង​បំរើការងារ​នៅតាម​សហគ្រាស​ធុនតូច និង​មធ្យម និង​ ទី៤ ការធានា​កម្ចីដែលអាច​ថានាដល់​សហគ្រាស​ខ្នាតមធ្យម​ក្នុងការទទួល​បានប្រាក់កម្ចី​ពីធនាគារ​ដែលមាន​អត្រា​ការ​ប្រាក់​ទាប​បំផុត។

លោកឧកញ៉ាបានឲ្យដឹង​ថា «យើងមិន​ត្រឹមតែ​ផ្តល់នូវ​ប្រាក់កម្ចី​ប៉ុណ្ណទេ យើងក៏ជួយ​បង្ហាត់​បង្រៀន​ដល់អ្នក​ដែលខ្ចី​តើធ្វើ​យ៉ាង​ណា​យកប្រាក់​ពីគ្រឹះស្ថាន​យើងទៅទទួល​បានជោគជ័យ​ក្នុងមុខជុំនួញ​របស់​ខ្លួន។  លោក​ឧកញ៉ា តែ តាំងប៉ បាន​បន្ថែម​ថា​ បន្ទាប់​ពីបើកដំណើរ​ការគ្រឹះស្ថានហិរញ្ញ​វត្ថុនេះ​ទៅយើងមាន​គំរោងបង្កើត​សាខាមួយ​ចំនួននៅ​ខេត្តមាន​សក្តានុពល​ដូចជា​ខេត្ត​កំពង់ចាម  បាត់​ដំបង កណ្តាល សៀមរាប និងខេត្ត​តាកែវ។

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាល​រង ធនាគារ​ជាតិ នៃកម្ពុជា​បានចាត់ទុក​វត្តមាន​របស់គ្រឹះស្ថានមី ក្រូហិរញ្ញ​វត្ថុ​សម្ព័ន្ធ​សមា​គម សហ​គ្រាសធុន​តូច និងមធ្យម​កម្ពុជា​ភីអិល ក្នុងពេលនេះ​​គឺជាការចូលរួម​ចំណែកដ៏​សំខាន់មួយ​ទៀតក្នុងការ​ជំរុញ​ និងលើក​កំពស់សហ​គ្រាសខ្នាត​តូច និង​មធ្យម ​នៅកម្ពុជា​កាន់តែរីក​ចំរើន។  លោកស្រីបាន​បន្តថា ចំណែក​ធនាគារ​ជាតិកម្ពុជា​នឹងបន្តការត្រួត​ពិនិត្យ​ជាប្រចាំ​ចំពោះគ្រប់​គ្រឹះស្ថាន​ធនាគារហិរញ្ញ​វត្ថុទាំងអស់​ ដែលកំពុង​ធ្វើប្រតិបត្តិ​ការ​នៅប្រទេស​កម្ពុជា​ដើម្បី​ធានា​នូវភាព​រឹងមាំ​  និងសុវត្តិភាព​នៃវិស័យ​ធនាគារ​ និងហិរញ្ញវត្ថុ​ និង​គោល​ការណ៍នៃកិច្ច​គាំពារ​អតិថិជន​សំដៅបង្កើ​ន​ជំនឿ​ទុកចិត្តពី​សាធារណជន​ឲ្យកាន់តែទូ​លំទូលាយ​ថែមទៀត។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសំដែង​នូវអបអរ​សាទរ ចំពោះ​ការបង្កើត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះហើយ​ចាត់ទុក​មាន​សារ​សំខាន់​សំរាប់​សហគ្រាធុន​តូច និងមធ្យម នៅកម្ពុជា​ក្នុងការដោះ​ស្រាយ​បាននូវ​បញ្ហា​ហិរញ្ញវត្ថុ។   លោកទេស​រដ្ឋ​មន្ត្រី​សង្ឃឹម​ថាវិស័យ សហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជា​នឹង រីកចំរើន​តាមរយៈការ​ផ្តល់ប្រាក់​កម្ចីពីគ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុនេះ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative