មន្ត្រីចុះ​​បាញ់ថ្នាំ​​សម្លាប់​​មេរោគ​ទប់ស្កាត់​​ការឆ្លង​រាល​ដាល​​ជម្ងឺ​​ជ្រូក​ត្រ​ចៀក​​ខៀវ

ក្រុមមន្ត្រីជំនាញនា​យ​កដ្ឋាន​​ផលិត​កម្ម បសុព្យា​បាល នៃ​ក្រសួង​កសិកម្ម​បាន​នឹង​​កំពុង​​ប្រតិ​បត្តិការ វិធាន​​​ជីវៈ​​សុវត្ថិ​ភាព​ដើម្បី​ ទប់ស្កាត់​​ការ​រីក​​រាលដាល​​នៃ​ជម្ងឺ​ជ្រូក​​ត្រចៀក​​ខៀវ ដែលកំពុង​តែ ​ផ្ទុះឡើង​​នៅ​ស្រុក​​សូទ្រនិគម និង​​នៅ​ស្រុក​ជីក្រែង​ខេត្ត​សៀម​រាប បណ្តាល​ឲ្យជ្រូក​រាប់ពាន់ ក្បាល ងាប់​ និងឆ្លង​ជំងឺនេះ។

1លោក ព្រហ្ម វ៉ិ​ច ប្រធាន​​ការិយា​ល័យ​​​បសុ​ព្យា​​បាល នៃ​មន្ទីរ​​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​​ខេត្តសៀម​រាប បាន​ឲ្យ​​ដឹង​ថា ជម្ងឺ​​ជ្រូក​​ត្រចៀក​​ខៀវ បាន​ផ្ទុះ​ឡើង​នៅ​ស្រុក​​សូទ្រនិគម និង​នៅ​​ស្រុក​ជី​ក្រែង កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៥​កន្លងម​ក​ហើយ​ យើង​បាន​ធ្វើ​របាយ​​ការណ៍​ទៅនាយក​ដ្ឋាន​ជំនាញ នា​ថ្ងៃទី​​១៥ ខែសីហា។  បន្ទាប់​មក​​នាយកដ្ឋាន​​ផលិតកម្ម បសុព្យា​បាល​ បាន​​ចាត់​បញ្ជូន​​កម្លាំង​​អន្តរា​គមន៍​ចំនួន​​២​ក្រុម​មក​កាន់​ខេត្ត​សៀមរាប គឺ​ក្រុម​​ស្រាវជ្រាវ​​វត្ថុ​វិភាគ និង​ក្រុម​​ប្រតិបត្តិ​​ការ​ព្យា​បាល​ ទប់​ស្កាត់​ការ​រីក​​រាលដាល​​នៃ​ជម្ងឺ​នេះ។

លោកបានបន្តថា ក្រុមស្រាវ​ជ្រាវ​បានរក​ឃើញ ២៣ សំណាក​​វិភាគ​ឈាម ហើយ​លទ្ធផល បង្ហាញ​ថាជំងឺ ជ្រូក​​ទាំងនោះ គឺជា​ប្រភេទ​​ជម្ងឺឆ្លង​​ដោយ​វ៉ី​រ៉ុ​ស ឈ្មោះថា ជម្ងឺ​ជ្រូក​​ត្រចៀក​ខៀវ។  លោក​បាន​​ឲ្យ​ដឹងថា ជាមួយ​នឹង​ការ​ផ្ទុះ​​ជម្ងឺ​ជ្រូក​​ត្រចៀក​​ខៀវ​​នេះ មាន​​ជ្រូក​ប្រមាណ​​ជា ១០០០​ក្បាល ត្រូវបាន​​ងាប់  និង​​ជ្រូក​ឈឺ​​ចំនួន ២៦៦៦​​ក្បាល ត្រូវ​ទទួល​​ការ​ព្យាបាល​​បាន​ចំនួន ២០៤៩​​ក្បាល​​ហើយ។  លោកថា​ជំនេះមិនឆ្លង​ដល់មនុស្សទេ​វាឆ្លង​រាតត្បាត​​ទៅលើ​មេ​ជ្រូក និង​កូន​ជ្រូក​ប៉ុ​ណ្ណោះ។ចំណែក  ការ​​ចិញ្ចឹម​​ជ្រូក​សាច់​​ធំៗ ភាគតិច​​ណាស់ ដែល​អាច​​ឆ្លង​ជម្ងឺ​នេះ។

លោក ព្រហ្ម វ៉ិ​ច បាន​​បញ្ជាក់​​បន្ថែម​ថា ចាប់​តាំង​​ពី​ថ្ងៃ​ផ្ទុះ​ឡើង​នៃ​​ជម្ងឺ​នេះ ក្រុម​​ប្រតិបត្តិ​ការ ក្រៅពី​ការ​​ជួយ​​ព្យាបាល​​សង្គ្រោះ គឺ​​ត្រូវ​បាន​​យកចិត្ត​ទុកដាក់​​លើ​ការងា​រ​​ទប់​ស្កាត់​​នៃ​ការ​រីក​រាល​ដាល​នៃ​ ជម្ងឺ​នេះ។ ស្រុក​ចំនួ​ន​​៣ គឺ​ស្រុក​​ស្វាយ​លើ ស្រុក​​បន្ទាយ​ស្រី និង​ស្រុក​​ប្រាសាទ​បាគង ដែល​នៅ​ជុំវិញ​​តំបន់​ផ្ទុះ​​ជម្ងឺ​នោះ ត្រូវ​បាន​​ទទួល​ការ​​បាញ់​ថ្នាំ​​សម្លាប់​មេរោគ​​តាម​​កសិដ្ឋាន​​ចិញ្ចឹម​​ជ្រូក និង​តាម​​ផ្ទះ​ប្រជាជន​​ដែល​មាន​​ចិញ្ចឹម​ជ្រូក។ ដោយឡែក​​នៅ​មាន​ក្រុម​​ពិសេស​ផ្សេង​ទៀត មាន​ភារកិច្ច​​តាមដាន​​ការ​ដឹក​​ជញ្ជូន​ជ្រូក​​តាម​ដងផ្លូវ​​នានា រួម​ជាមួយ​នឹង​ការអប់រំ ស្តីអំពី​​វិធាន​ជីវៈ​​សុវត្ថិភាព ផងដែរ។

លោក ព្រហ្ម វ៉ិ​ច បាន​រំលឹក​ថា នៅ​ខេត្ត​សៀមរាប ជម្ងឺ​ជ្រូក​​ត្រចៀក​​ខៀវ​នេះ បាន​ផ្ទុះ​ឡើង​ម្តង​​រួច​មក​​ហើយ កាល​ក្នុង​​អំឡុង​​ឆ្នាំ​២០០៩ ដូច្នេះ​​វា​មិនមែន​ជា​រឿង​ថ្មី​​នោះ​ទេ ហើយ​គេ​​សង្ស័យ​​ថា ការ​ផ្ទុះ​ឡើង​​នៃ​ជម្ងឺ​នេះ​​ជា​លើក​ទី​២​​នៅ​ខេត្ត​សៀមរាប  គឺ​​តាម​រយៈ​​នៃ​ការធ្វើ​​ចរាចរណ៍​​ទិញ​ជ្រូក​​ដោយ​ឈ្មួញ​​មកពី​​ខេត្ត​ក្រៅ។

លោក ព្រហ្ម វ៉ិ​ច បាន​ផ្ញើ​​សារ​ទៅកាន់​​ប្រជាពល​រដ្ឋ​ក្នុង​​ខេត្តសៀមរាប​​ថានៅក្នុង​​ស្ថានភាព​​នេះ មាន​អ្នក​​ចិញ្ចឹម​ជ្រូក​​មួយចំនួន​ បាន​​បង្ខំចិត្ត​លក់​​ជ្រូក​របស់​ខ្លួន​​ក្នុង​តម្លៃ​ថោកៗ ដោយ​ខ្លាច​ការ​ឆ្លង​នៃ​ជម្ងឺ​​នេះ។ លោក ព្រហ្ម វ៉ិ​ច បាន​អំពាវ​សូម​​ឲ្យ​បងប្អូន​​អ្នក​​ចិញ្ចឹម​​ជ្រូក​ទាំងអស់ កុំ​មានការ​​ព្រួយបារម្ភ ឬ ចាញ់​​ឧបាយកល​​ឈ្មួញកណ្តាល ពីព្រោះ​​ក្រុម​ជំនាញ​​គ្រប់គ្រង​​ស្ថានភាព​​នេះ​​បាន​​ហើយ ហើយ​សូម​​ឲ្យ​បងប្អូន​​ប្រើប្រាស់ អនុវត្ត​​វិធាន​ជីវៈ​​សុ​វត្ថ​ភាព​​ឲ្យ​បាន​ល្អ  ក្រុម​ជំនាញ​​មិនទាន់​​បញ្ចប់​​ប្រតិបត្តិ​ការ​របស់​​ខ្លួន​នៅ​ឡើយ​ទេ គឺ​នៅ​បន្ត​​ប្រតិបត្តិការ​​នេះ រហូតដល់​​ជម្ងឺ​ជ្រូក​​ត្រចៀក​​ខៀវ នៅ​ស្រុក​​ជីក្រែង និង​ស្រុក​​សូទ្រ​និគម សាប​រលាប​​ទៅវិញ​​ជា​ស្ថាពរ៕

អ្នក​ជំនាញ​ខាង​ផ្នែក​​ជំងឺឆ្លង​បាន​​ព្រមាន​ពី​ លទ្ធភាព​​នៃ​ការឆ្លង​ជំងឺ​​ឱកាស​និយម​​ពី​ការបរិភោគ​​សាច់ សត្វ​ជ្រូក​​ងាប់​ដោយ​សារ​​ជំងឺ​ត្រចៀក​​ខៀវ ដែល​មាន​​ដូចជា​ជំងឺ​​រលាក​​ផ្លូវដង្ហើម រលាក​​ស្រោមខួរ និង​រលាក​​ខួរក្បាល​​ជាដើម។

លោក ​វេជ្ជបណ្ឌិត​ លី សុវណ្ណ ប្រធាន​នា​យកដ្ឋាន​​ប្រយុទ្ធ​នឹង​​ជំងឺឆ្លង នៃ​ក្រសួង​​សុខាភិ​បាល បានដឹង​​ថា ក្រសួង​​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់ បន្ទាប់ពី​ទទួល​បាន​ដំណឹង​​ថា មាន​សត្វ​ជ្រូក រាប់ពាន់​​ក្បាល់​ងាប់​​ដោយសារ​​ជំងឺ​ត្រចៀក​​ខៀវ។ ការ​ចាត់​​វិធាន​ការ​របស់​​ក្រសួង​​នៅពេលនេះ គឺ​ធ្វើការ​​ត្រួតពិនិត្យ​​សុខភាព​​ឲ្យ​ប្រជាពល​រដ្ឋ​ទូទៅ​​នៅតាម​​មណ្ឌល​​សុខភាព​ ដែល​នៅ​ក្នុង​តំបន់​​នោះ ដើម្បី​ស្វែង​​រកមើល​​រោគសញ្ញា​​ពី​ជំងឺ​ផ្លូវ​ដង្ហើម រលាក​ស្រោម​ខួរ និង​រលាក​​ខួរក្បាល ដែលជា​​ជំងឺ​​ឱកាស​និយម​ ហើយ​​វា​អាច​​ចម្លង​ពី​សត្វ​​ជ្រូក​មក​មនុ​ស្ស​បាន នៅ​ពេល​ដែល​​បរិភោគ​​មិនបាន​​ត្រឹមត្រូវ។

លោក​វេជ្ជ បណ្ឌិត ​លី សុវណ្ណ បាន​ឲ្យ​ដឹងថា មេរោគ​ជំងឺ​ត្រចៀក​ខៀវ មិន​ចំលង​មក​មនុស្ស​នោះទេ ប៉ុន្តែ​មេរោគ​ឱកាស​និយម​ដែលមាន​ផ្ទុក​នៅក្នុង​សត្វ​ជ្រូក​ងាប់​បន្ទាប់​ពី​ កើត​ជំងឺ​ត្រចៀក​ខៀវ អាច​នឹង​ចម្លង​មក​មនុ​ស្សបាន នៅ​ពេល​ណា​ដែល​បរិភោគ​សាច់​មិនបាន​ឆ្អិន​ល្អ ហើយ​និង​គ្មាន​អនាម័យ​គ្រប់គ្រាន់​នោះ។ ​លោក​វេជ្ជបណ្ឌិត​អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​សាច់ សត្វ​ជ្រូក​ដែល​ងាប់​នោះ ព្រោះថា​ប្រជាជន​មួយចំនួន​គាត់​មានការ​សោកស្តាយ ហើយ​អ្នកខ្លះ​រហូត​យក​សាច់​នោះ ទៅធ្វើជា​ប្រ​អក​ទុក ទទួលទាន​នៅពេល​ក្រោយ​ទៀត​ក៏មាន។

លោក​បាន​បន្តថា ករណីនេះ​​ក៏​ធ្លាប់​​កើតមាន​​នៅក្នុង​​ប្រទេស​​វៀ​ត​ណា​ម​នា​ពេល​កន្លង​មក​ដែរ ហើយ​ក៏​មាន​​ប្រជាជន​​ដែល​បាន​​ឆ្លង​មេរោគ​​ឱកាសនិយម​​ពីស​ត្វ​ជ្រូក​​ដែល​ងាប់​​នោះ។ ប៉ុន្តែ​​សម្រាប់​កម្ពុជា​​នៅពេលនេះ នៅ​មិនទាន់​មាន​ឃើញ​​ករណី​​ឆ្លង​នេះ​ នៅតាម​​មណ្ឌល​​សុខភាព ដែល​ក្រសួង​​ចុះ​ធ្វើការ​​ត្រួតពិនិត្យ​​នៅឡើយ​​នោះទេ។ បើទោះបី​ជា​មិនទាន់​​រកឃើញ​​នៅពេល​នេះ​​ក្រសួង​​ក៏​នៅតែ​បន្ត​​ពិនិត្យមើល​ពី​ ស្ថានភាព​​របស់​អ្នក​មក​​ពិនិត្យ​​សុខភាព​ដែរ។

ប្រធាន​នាយកដ្ឋាន​​ប្រយុទ្ធ​នឹង​​ជំងឺឆ្លង​​រូបនេះ​ បានផ្តល់​​ជា​ដំបូន្មាន​​ថា ប្រសិន​បើ​ប្រជាពល​រដ្ឋ​​នៅតែ​ចង់​​បរិភោគ​​សាច់សត្វ​​ជ្រូក​​ដែល​ងាប់​​នោះ ត្រូវតែ​​ចំអិន​​ឲ្យ​បាន​ឆ្អិន​​ល្អ ហើយ​មាន​​អនាម័យ​​នៅពេល​ដែល​ប៉ះ​ពាល់​សាច់​​នោះហើយ​​នៅពេល​ដែល​មាន​​រោគ​សញ្ញា​​អ្វី​មិន​​ស្រួល​កើត​ឡើង បន្ទាប់ពី​​បរិភោគ​​សាច់​ទាំង​នោះ សូម​ប្រញាប់​​នៅ​មណ្ឌល​​សុខភាព ដើម្បី​​ពិនិត្យ​មើល ព្រោះ​​លោក​វេជ្ជ​បណ្ឌិត​​បាន​ឲ្យ​ដឹង​ថា មេរោគ​​ឱកាស​និយម​​នេះ​គឺមាន​​ថ្នាំ​ព្យា​បាល​បាន។
សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៥

 

Google Analytics Alternative