រយៈពេល​ជាង២៣​ឆ្នាំ មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា បាន​សង្រ្គោះ​កុមារ​កម្ពុជា​ជាង​១៦​លាននាក់

រយៈពេលជាង២៣ឆ្នាំ​កន្លង​មកនេះ មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា និងមន្ទីរ​ពេទ្យ​​ជ័យ​​វរ្ម័ន​ទី៧ បាន​សង្រ្គោះ​កុមារ​កម្ពុជា​បានជាង​១៦​លាន​ នាក់ ឲ្យរួច​ផុត​ពីសេចក្តី​​ស្លាប់ ដែល​ចំនួន​នេះមិនទាន់​គិតដល់​ការផ្តល់​សេវា​ពិ​និត្យ​ផ្ទៃពោះ សម្រាល និងចាក់​​វ៉ាក់​សាំង​​ដល់​​កុមារ​រាប់ម៉ឺន​នាក់នៅ​ទ្បើយទេ។

1ក្នុងសេចក្តីប្រកាសព៌តមាន អំពី​ដំណើរ​ទស្សន​កិច្ច របស់​លោក​បណ្ឌិត អូន ព័ន្ឋ​មុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​គេហ​ទំព័រ​​បណ្តាញ​ទំនាក់​ទំនង​សង្គម ​របស់​លោក​វេជ្ជ​បណ្ឌិត Beat ​Richner ស្ថាបនិក​ និងជា​​នាយក មូលនិធិ​គន្ឋ​បុប្ឆា នៅថ្ងៃ​ទី៤ កញ្ញា កន្លង​មកបាន​ឲ្យដឹង​ថា ក្នុងរយៈ​ពេលជាង​​២៣ឆ្នាំ​​កន្លង​មកនេះ មន្ទីរ​ពេទ្យ​គន្ឋបុប្ឆា​ និង​ជ័យវរ្ម័ន​ទី៧ បាន​សង្រ្គោះ​កុមារ​កម្ពុជា​ចំ​នួន ១៦.១​​លាន​នាក់ ក្នុងនោះ​ផ្តល់​ប្រឹក្សា វេជ្ជ​សាស្រ្ត ដល់អ្នក​ជំងឺ ជាកុមារ​ចំនួន ​១៥.៥​​លាន​នាក់ ផ្តល់ការ​ព្យាបាល​ជាសះ​ស្បើយ​ដល់កុមារ​ចំនួន​១.៦​លាន​នាក់ ផ្តល់​វ៉ាក់សាំង​​បង្ការ​ជំងឺ​​រលាក​ខួរក្បាល ដល់​ កុមារ ប្រមាណ​៥០០នាក់​ក្នុងមួយ​ថ្ងៃ ផ្តល់សេវា​ពិនិត្យ​​ផ្ទៃ​ពោះ និងផ្តល់​សេវា​សម្រាល​មាតុភាព​ជាច្រើន​ពាន់នាក់​ក្នុងមួយខែៗ។

កន្លងមករាជរដ្ឋាភិបាល​កម្ពុជា បានយក​ចិត្ត​ទុក​ដាក់ និងផ្តល់​ការ​​ទ្រទ្រង់​ដល់​​សកម្ម​ភាព​មន្ទីរពេទ្យ​គន្ឋ​បុប្ឆា​ភ្នំពេញ និងមន្ទីរ​ ពេទ្យ​ជ័យវរ្ម័ន​ទី៧​សៀម​រាប ជាបន្ត​​បន្ទាប់ ពិសេស​ឆ្នាំ២០១៥​នេះ រាជ​រដ្ឋាភិបាល​បានចូល​រួមផ្តល់​ថវិកា​ប្រមា​ណ​៦.៥​លាន​ ដុល្លារ​អាមេរិក ក្នុងនោះ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅរាជ​ធានី​ភ្នំពេញ​ចំនួន ៥.៤លាន​​ដុល្លារ​អាមេរិក បៀរ​វត្សរ៍​បុគ្គលិក​ចំនួន​១៤២​នាក់​ ស្មើនឹងទឹកប្រាក់ប្រមា​ណ២៨​ម៉ឺន​ដុល្លារ ចំណាយដំណើរការមន្ទីរពេទ្យចំនួន១.៩លានដុល្លារអាមេរិក ជំនួ​យសង្គម ​(ជំនួយ​សម្រាប់​ប្រជាជន​សម្រាក​ពេទ្យ)​ចំនួន​៣.២​លាន​ដុល្លារ និង​ចំណា​យ​សម្រា​ប់​​ដំណើរ​ការមន្ទីរ​ពេទ្យ ជ័យវរ្ម័ន​ទី៧ ចំនួន​១.១លាន ​ដុល្លារ សម្រាប់​ចំណាយ​​លើទឹក និង​​អគ្គិសនី។

សេចក្តីប្រកាសព៌ត​មា​ន​បាន​បញ្ជាក់​ថា  “ជារួម ​រាជ​រដ្ឋា​ភិបាល​បាន​យល់​ច្បា​ស់​​ពីសារៈ​សំខាន់​នៃការ​លើក​កំពស់​សុខភាព​ និង​ការ​អភិវឌ្ឈន៍​ប្រព័ន្ឋ​សុខា​ភិ​បាល សំដៅ​​ផ្តល់​សេវា​ថែរទាំ​សុខភាព​សម​ស្រប​ដល់​ប្រជាពល​រដ្ឋ”។  លោក​បន្ថែម​ថា “នៅក្នុង​​ស្មារតី​នេះ គោល​នយោបាយ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ សម្រាប់​ទ្រ​ទ្រង់​វិស័យ​​សុខា​​ភិបាល​គឺផ្តោត​អាទិភាព​លើបី​ចំណុច​ ទី១ បង្កើន​ទំហំ​ថវិកា​សម្រាប់​​វិស័យ​​សុខា​​ភិបាល ទី២ បង្កើន​ប្រសិទ្ឋិ​ភាព​នៃការ​វិភាគ​​​ឲ្យចំគោល​ដៅ និងមុខ​ចំណាយ និងទី៣​ បង្កើន​ប្រសិទ្ឋិភាព​ក្នុងផ្នែ​ក​ប្រតិបត្តិ​ការ ឲ្យទទួល​លទ្ឋផល​ស្របតា​ម​ទំហំ​នៃ​ថវិកាចំណាយ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative