រដ្ឋមន្ត្រីអប់រំ ណែនាំ​ឲ្យមន្ត្រី​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​បញ្ចូល​ក្នុងកុំព្យូទ័រ​ដោយ​រក្សាការ​សម្ងាត់

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បានធ្វើ​ការណែ​នាំដល់​គណៈ​កម្មការ​ទាំង​អស់ ឲ្យបន្ត​ការ ​យក​ចិត្តទុក​ដាក់ និងមាន​ស្មារតី ទទួល​ខុសត្រូវ​ខ្ពស់ក្នុង​ការបំពេញ​ការងារ​ក្នុងការ​ផ្ទៀង​ផ្ទាត់​សន្លឹក MCS ការ​បញ្ចូល​ពិន្ទុក្នុង​កុំព្យូទ័រ​ដោយ​រក្សា​ការ​សម្ងាត់។

1ការលើកឡើងរបស់លោក​រដ្ឋមន្ត្រី​នេះ បានធ្វើ​ឡើងកាល​ពីរសៀល​ថ្ងៃ​ទី០៣ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅវិទ្យា​ស្ថាន​ជាតិ​អប់រំ​នៅ​ក្នុងកិច្ច​ប្រជុំ​ណែនាំ​បច្ចេក​ទេស​ដល់គណៈ​កម្មការ​ស្រង់​បូក​ពិន្ទុ​​បេក្ខជន​ដោយ​កុំព្យូទ័រ ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការស្រង់ ​បូកពិន្ទុ​ដោយ​កុំព្យទ័រ និងការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ពិន្ទុ នៃការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ថ្ងៃទី​២៤ សីហា ២០១៥ ដែល​ចាប់​ផ្តើមនៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០១៥ នេះ។  កិច្ចប្រជុំ​នេះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពីលោក នួន បូផល អនុ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និងមន្ត្រី​សង្កេត​ការណ៍​ជាច្រើន​រូបទៀត។

នៅក្នុងឱ​កាស​នោះលោក​រដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ចំពោះ​ដល់តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្នាក់ដឹក​នាំ​ក្រសួង​អប់រំ យុវជន និងកីឡា និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែលបាន​យកចិត្តទុក​ដាក់បំពេញ​ការងារ​កន្លងមក។ លើសពី​នេះ លោករដ្ឋ​មន្ត្រី ក៏បានផ្តល់​អនុសាសន៍​ណែនាំ​ដល់គណៈ​កម្មការ​ទាំងអស់​ឲ្យបន្ត​ការ​យកចិត្ត​ទុកដាក់ និង​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញ​ការងារ​ក្នុងការផ្ទៀង​ផ្ទាត់​សន្លឹក MCS ការ​បញ្ចូល​ពិន្ទុក្នុង​កុំព្យូទ័រ​ដោយ​រក្សា​ការ​សម្ងាត់។

បើយោងតាមកម្មវិធី​ការងារ​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយ​ភូមិ ឬបាក់ឌុប បានឲ្យ​ដឹងថា​នៅពេល​រសៀល​ថ្ងៃទី០៣ ខែ​កញ្ញា ម្សិល​ម៉ិញនេះ មានការ​ប្រជុំ​គណៈ​កម្មាការ​ស្រង់​បូកពិន្ទុ​ដោយ​កុំព្យូទ័រ និង​គណៈ​​កម្មាការ​ផ្ទៀង​ផ្ទាត់​នៅវិទ្យា​ស្ថាន​ជាតិ​អប់រំ​ហើយចាប់​ពីថ្ងៃទី៤ រហូត​ដល់ថ្ងៃ​ទី១៣ កញ្ញា ឆ្នាំ​២០១៥ នឹង​ដំណើរ​ការការ​ស្រង់​បូកពិន្ទុ​ដោយ​កុំព្យូរទ័រ និងផ្ទៀង​ផ្ទាត់​ពិន្ទុប្រលង​បាក់ឌុប។

លុះដល់ថ្ងៃទី​១៤ កញ្ញា នៅពេល​រសៀលថ្នាក់​ដឹកនាំក្រសួង​អប់រំ​យុវជន និងកីឡា នឹងប្រជុំ​សំរេច​លើលទ្ធផល​ប្រលង​បាក់ឌុប​ថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០១៥ នេះតើនឹង​មានបេក្ខជន​ប៉ុន្មាន​នាក់ប្រលង​ជាប់។  ថ្ងៃទី១៥ ​និង១៦ កញ្ញា ប្រកាស​លទ្ធ​ផល ប្រលង​ជាផ្លូវការ។

ប្រលង​បាក់​ឌុប​​ឆ្នាំនេះ​​មាន បេក្ខជន​​ចុះឈ្មោះ​​ប្រឡង​​សរុប​​ចំនួន ៨៤៩៣០​នាក់ ស្រី ៤០៩៧២​នាក់ និង​មណ្ឌល​ប្រឡង​​ចំនួន​ ១៥០​មណ្ឌល ក្នុងនោះ ​វិទ្យា​សាស្ត្រ​​មាន ១២៦​មណ្ឌល និង​ថ្នាក់​​វិទ្យាសាស្ត្រ​​សង្គម​​មាន ២៤​មណ្ឌល ត្រូវជា ៣៤២៧ បន្ទប់​ទូទាំង​ប្រទេស។  បេក្ខជន​​អវត្តមាន​​សរុប​​ចំនួន ១៥៨៩​នាក់ ស្រី ៥៥២​នាក់ ត្រូវជា ១,៨៧ ភាគរយ​ នៃ​ចំនួន​​បេក្ខជន​​ចុះឈ្មោះ​​ប្រឡង​​សរុប។

ចំពោះលទ្ធផល​ប្រលង​បាក់ឌុប​ឆ្នាំនេះ នឹង​ប្រកាស​នៅថ្ងៃ​ទី១៥ ចំពោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​ថ្ងៃ​ទី១៦ នៅ​តាមខេត្ត​ដែលនៅ​សល់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative