ក្រសួងការងារ បើក​សិក្ខា​សាលា​ត្រី​ភាគី​​ថ្នាក់​ជាតិ ​ស្តីពី​​ប្រាក់​​ឈ្នួល​​អប្ប​បរមា​​នៅ​កម្ពុជា​​នៅ​សប្តាហ៍​ក្រោយ

ក្រសួង​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​ក្រោម​​ការជួយ​ឧបត្ថម្ភ​​គាំទ្រ ​ពី​អង្គ​ការ​​អន្តរ​ជាតិ​​ខាង​ការ​ងារ (ILO) នឹង​រៀប​ចំ​សិក្ខា​សាលា​​ត្រីភាគី​​ថ្នាក់ជាតិ ​ស្តីពី​ប្រាក់​​ឈ្នួល​​អប្បបរមា​​នៅ​កម្ពុជា​​នៅ​ថ្ងៃទី​៨ ខែកញ្ញា ​ឆ្នាំ​២០១៥ សប្តា​ហ៍​​ក្រោយ​នេះ​នៅ​​សណ្ឋាគារ​​ភ្នំពេញ​​ក្រោម​​អធិបតីភាព​​លោក ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​​​ការងារ ​និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ និង​​តំណាង​​អ្នក​ពាក់ព័ន្ធ​​ជាច្រើន​ទៀត។

1យោងតាម​កម្មវិធី​​រប​ស់​​ក្រសួង​​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ បាន​ឲ្យ​ដឹង​ថា​សិក្ខា​សាលា​​នេះ​ធ្វើឡើង​ដើម្បី​​ធ្វើការ​​ពី​ភា​ក្សា​គ្នា​លើ​​បញ្ហា​ប្រាក់​​ឈ្នួល​អប្បប​រមា​ដល់​ក​ម្មក​រ​ ​ផ្នែក​​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​ស្បែកជើង​​ដើម្បី​​រក​​មតិ​រួម​គ្នា​មួយ​​រវាង​​ត្រីភាគី​​គឺ​ភាគី​​សហ​ជីព​​​ភាគី​​កម្មករ​ ​និង​​និយោជក។

តាម​កាលវិភាគ​សម្រាប់​​ជា​កាលបរិច្ឆេទ​​នៃ​ការ​ចាប់ផ្តើម​​ពិភាក្សា​​ប្រា​ក់​ឈ្នួល​​អប្បបរមា​ផ្នែក​​វាយន​ភ័ណ្ឌ កាត់​ដេរ​​សម្លៀក​បំពាក់ និង​​ផលិត​​ស្បែកជើង​​បាន​ឲ្យ​ដឹង​ថា  ១-កំណត់​យក​ ខែ​កក្កដា ឆ្នាំ​២០១៥ ជាការ​ចាប់​ផ្តើម​ពិភាក្សា​​ប្រាក់​​ឈ្នួល​​អប្បបរមា​​ផ្នែក​​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​ស្បែក​ជើង ជា​​លក្ខណៈ​​ផ្ទៃក្នុង​​របស់​​ភាគី​​នីមួយ  ២-កំ​ណត់​​​យក​ខែ​សីហា​ ឆ្នាំ​២០១៥ ជាការ​ចាប់​ផ្តើម​​ពិភាក្សា​​ប្រាក់​​ឈ្នួល​អប្ប​បរមា​​ផ្នែក​​វាយន​​ភ័ណ្ឌ កាត់​ដេរ​​​សម្លៀក​​បំពាក់ និង​​ផលិត​​ស្បែក​ជើង ជា​​លក្ខណៈ​​ទ្វេភា​គី ៣-កំណត់​​យក​​ខែកញ្ញា​ ឆ្នាំ២០១៥ ជាការ​​ចាប់ផ្តើម​​ពិភាក្សា​​ប្រាក់​ឈ្នួល​​អប្បបរមា​​ផ្នែក​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​ផលិត​​ស្បែក​ជើង ជា​​លក្ខណៈ​​ត្រីភាគី  ​និង​ទី​៤-កំណត់​​យក​ដើម​ខែ​តុលា ឆ្នាំ​២០១៥ បើក​​កិច្ច​ប្រជុំ​​គណៈ​ កម្មការ​​ប្រឹក្សា​​ការងារ ដើម្បី​​សម្រេច​​ប្រាក់​​ឈ្នួល​​អប្ប​បរមា ផ្នែក​​វាយន​ភ័ណ្ឌ កាត់ដេរ​​សម្លៀក​បំពាក់ និង​​ផលិត​​ស្បែកជើង​ សម្រាប់​​ឆ្នាំ២០១។

លោក ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​​ការងារ​ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​បាន​មាន​​សុទិដ្ឋិនិ​យម​ថា​​ការប្រជុំ​​រឿង​ប្រាក់​​ឈ្នួល​​កម្មករ​​ឆ្នាំ​នេះ​​មិន​តាន​តឹង​ដូច​​ឆ្នាំមុន។

លោក​ អ៊ិត​ សំហេង​ ធ្លាប់​មាន​ប្រសាសន៍​​កន្លង​​មក​ថា កិច្ចប្រជុំ​​រឿង​តំ​ឡើង​​ប្រាក់​ឈ្នួល​​ដល់​កម្មករ​​នៅ​ឆ្នាំនេះ​​មិនមាន​​ភាព​តាន​តឹង​ដូច​​ឆ្នាំមុន​នោះ​ទេ ​ដោយសារ​តែ​យើង​មានបទ​ពិសោធន៍​​ជាច្រើន​កាលពី​​ឆ្នាំមុន​​ហើយ​ម្យ៉ាង​ទៀត​ភាគី​នីមួយៗ​មាន​ភាពជា​​ចាស់ទុំ​ ​និង​មាន​ការ​យក​យល់​​គ្នា​ទៅវិញ​ទៅមក​​ជាង​មុន​​ក្នុង​ការចចារ។  លោក ​អ៊ិត ​សំហេង​ បាន​បញ្ជាក់​ថា​សំរាប់​​កិច្ចពិ​ភាក្សា​​លើ​ប្រាក់​​ឈ្នួល​អប្បបរមា​​ដល់ក​ម្មក​រ​​នៅ​ឆ្នាំនេះ​​គឺជា​លើក​​ទី១០​ហើយ។  ដូចនេះ​​យើង​មាន​បទពិសោធ​ន៍​​ច្រើន​​ក្នុង​ការ​ចចារ​​រឿង​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​​ប្រាក់​​ឈ្នួល​​អប្បបរមា​​នេះ​ លោក​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​​បន្តថា​ យើង​​បាន​បង្កើត​​នូវ​រូប​មន្ត​​ប្រកប​ដោយ​​លក្ខណៈ​​វិ​ទ្យាសាស្ត្រ​​ដែល​ភាគី​​ពាក់ព័ន្ធ​​ទាំងអស់​​ពេញ​ចិត្ត​នឹង​ទទួលយក​​ហើយ​​លក្ខណៈ​វិនិច្ឆ័យ​​សម្រាប់​​ធ្វើការ​កែ​សម្រួល​​ប្រាក់​​ឈ្នួល​​អប្បបរមា​​នេះ ត្រូវបាន​​សម្រេច​​ប្រើ​ប្រាស់​​ទិន្នន័យ​​របស់​​វិទ្យា​ស្ថាន​​ជាតិ​​ស្ថិតិ ដោយ​​កំណត់​​យក​​លក្ខណៈ​វិនិច្ឆ័យ​​បែប​​សេដ្ឋកិច្ច​​រួមមាន៖ ផលិត​ភាព ភាព​ប្រកួត​ប្រជែង ស្ថានភា​ព​​ទីផ្សារ​ការងា​រ និង​កម្រិត​​ចំណេញ​​របស់​​វិស័យ និង​​លក្ខណៈ​ វិនិច្ឆ័យ​​បែប​​សង្គម​​រួមមាន៖ ស្ថានភាព​​គ្រួសារ​ អត្រា​​អតិផរណា និង​ការ​ចំណាយ​​ក្នុងការ​​រស់នៅ សម្រាប់​​ជា​មូល​ដ្ឋាន​គ្រឹះ​​យក​មក​គណនា​​ប្រាក់​ឈ្នួល​​អប្បបរមា។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀតថា ​បច្ចុប្បន្ន​នេះ​ប្រាក់​​ឈ្នួល​​អប្បបរមា​រ​បស់​បង​ប្អូន​​ម្មករ​ មាន​ចំនួន​១២៨​ដុល្លា​​អាមេរិក ​ហើយ​​សំរាប់​​ឆ្នាំនេះ​​គេ​មិនទាន់​​ដឹងថា​​តើ​នឹងត្រូវ​តំ​ឡើង​ប្រាក់​​ឈ្នួល​ដល់​​កម្មករ​​ប៉ុន្មាន​នោះទេ។

ប៉ុន្តែកាលពីពេលថ្មីៗ​នេះ​តំណាង​​សហជីព​​មួយចំនួន បានកំណត់​​ក្នុងការ​ច​ចារ​តម្លើង​​ប្រាក់ខែ​​គោល​ដល់​​កម្មករ​​ឲ្យ​បាន​ចំនួន ​១៧៧​ដុល្លារ។  ការលើកឡើង​​របស់​​ស​ហ​ជីព​​ទាំងនេះ​​ក៏មាន​ការ​គាំទ្រ​​ពី​មេគណបក្ស​​សង្គ្រោះ​​ជាតិ​ដែរ។

លោក អ៊ិត សំហេង បាន​ហៅ​​ការឃោសនា​​តម្លើង​​ប្រាក់​​ឈ្នួល​​សហជីព​​ និង​បក្ស​ប្រឆាំង ឲ្យ​​ដល់ ១៧៧ ដុល្លា​រ​ប​ស់​កម្មករ-​និយោជិត ថា​ជា​​រឿង​​ធម្មតា ប៉ុន្តែ​​បាន​ព្រ​មាន​ថា តែ​កុំ​​ធ្វើ​អ្វី​​ហួសហេតុ​​ពេក​ដែល​​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​​ដំណើរ​​ការ​ចចារ ប្រាក់​​ឈ្នួល​​ដែល​​ក្រសួង និង​តំណាង​​សហជីព ព្រមទាំង​​ភាគី​​និយោជក​​កំពុង​​ជជែក​គ្នា។

លោក យូ ស៊ី​ដាក់ (Yu sidak)​ អគ្គនាយក​រង​នៃ​​ក្រុមហ៊ុន​ Minebea ​Cambodia​ ដែល​បានមក​​បណ្តាក់​ទុន​រក​ស៊ី​​នៅ​កម្ពុជា​​លើ​ផ្នែក​បង្គុំ​​បច្ចេក​វិទ្យា​​អេ​ឡិច​​ត្រូ​​និ​ច (ម៉ូនីទ័រ) ធ្លាប់​បាន​លើក​ឡើងថា​ ដើម្បីឱ្យ​​ផលិតផល​​ដែល​ផលិត​​នៅក្នុង​ប្រទេស​​កម្ពុជា​ (Made​ in Cambodia) មាន​​លក្ខណៈ​​ប្រកួត​ប្រជែង យើង​ត្រូវ​ការ​​ធនធាន​មនុស្ស​ក្នុង​ការ​បង្កើន​​ផលិតភាព​​ការងារ ជាក់ស្តែង​​ការផលិត​​របស់​យើង​​មាន​កម្រិត​​នៅឡើយ មានន័យ​ថា​កើន​​បន្តិចម្តង។  ដូចនេះ ដើម្បី​ធ្វើ​ឱ្យ​ការផលិត​​របស់​យើង​​ស្មើនឹង​​ប្រទេស​ជិតខាង ដូចជា ចិន ថៃ វៀតណាម​​ជាដើម​នោះ ចាំបាច់​​ត្រូវការ​ពេល​វេលា​យ៉ាង​តិចណាស់​ក៏​​ពី១០ទៅ​២០ឆ្នាំ​ដែរ។  លោក​បាន​​បន្ថែមថា​ «សម្រាប់​តម្លៃ​ ឈ្នួល​អប្បរ​មារ​​កម្មក​រ និ​យោ​ជិ​ក​​វិញ បើ​ឡើង​​គំហុក​ពេក​​វា​ធ្វើឱ្យ​​ដំណើរ​ការ​របស់​​ក្រុម​ហ៊ុន​​គឺ​មិនអាច​​ទៅរួច​បានទេ  ដូច្នេះ​ខ្ញុំ​សុំ​ឱ្យ​តម្លៃ​ឈ្នួល​​អប្បរ​មា​​កើនឡើង​​ទៅតាម​​ផលិតភាព​​ការងារ​​ដើម្បី​​ប្រកួតប្រជែង​​ជាមួយ​​ប្រទេស​​នានា»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative