៨ខែឆ្នាំ​នេះ មាន​កុមារ ជាង​៨ម៉ឺន​នាក់ មក​ទទួល​សេវា​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

លោក​វេជ្ជ​បណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) ប្រធាន​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា បាន​ប្រកាស​​លើ​​បណ្ដាញ​​ទំនាក់​ទំនង​​សង្គម​​ហ្វេស​ប៊ុក (facebook) របស់​​លោក​ថា គិត​ត្រឹម​​ខែ​​សីហា ឆ្នាំ​២០១៥ មាន​កុមារ​​ឈឺ​​៨០.១៩៣​​នាក់​មក​រក​​សេវា​​ព្យាបាល​​នៅ​ក្នុង​​ផ្នែក​​ពិគ្រោះ​​ជំងឺ​ក្រៅ ពោល​គឺ​​មក​យក​​ថ្នាំ​ព្យាបាល ហើយ​វិល​​ទៅ​ផ្ទះ​វិញ។

2ចំណែកកុមារ​​ឈឺ​ធ្ងន់​​មាន​ប្រមាណ​ ១៥.៨៩៣​​នាក់ បាន​​សម្រាក​​ព្យាបាល​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និងកុមារ​​ប្រមាណ​​ជាង ២​​ម៉ឺន​​នាក់​មាន​​ជំងឺ​គ្រុន​​ឈាម​​ធ្ងន់ធ្ងរ ដែល​មា​ន​​កំហាប់​ឈាម​​ខ្ពស់ ឬ​ក៏​ស្ថិត​​ក្នុង​សភាព​​អស់​​ជីពចរ។  កុមារ​​កម្ពុជា ដែល​មាន​​ជំងឺ​​គ្រុន​​ឈាម​ធ្ងន់​ធ្ងរ​នៅ​​ទូទាំ​ង​​ប្រទេស​​កម្ពុជា មាន​​ប្រមាណ ៩២% មក​ពិនិត្យ​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ហើយ​​ជំងឺ​​ទូទៅ​​ឈឺ​ធ្ងន់​​ប្រមាណ ៨៥% ក្នុង​​នោះ ៨០% នៃ​កុមារ​​មាន​ជំងឺ គឺ​ភាគ​​ច្រើន​មក​​ពី​គ្រួសារ​​ទីទ័លក្រ។

រយៈពេល៨ខែនេះ​ដែរកុមារ​​ដែល​មាន​​ជំងឺ​​រលាក​​ស្រោម​ខួរ និង​រលាក​​ខួរ​ក្បាល ​ប្រមាណ ៣១០​​នាក់ ហើយ​​កុមារ​​ដែល​ការ​​វះ​កាត់​​ទូទៅ​​មាន១.៧១០​​នាក់។ បន្ថែម​ពី​លើ​នេះ ស្ត្រី​មាន​​ផ្ទៃ​ពោះ​​ចំនួន​ ១២.៩៦០​​នាក់ មក​ពិនិត្យ​​តាម​ដាន​​ផ្ទៃ​ពោះ​​នៅ​ផ្នែក​​សម្ភព​​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ខេត្ត​​សៀមរាប។

មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​មួយ​​ថ្ងៃ​ចំណាយ​​ថវិកា​​ជាង ១២​ម៉ឺន​​ដុល្លារ​​សហរដ្ឋ​​អាមេរិក ហើយ​​ក្នុង​១​ឆ្នាំ ចំណាយ​​ថវិកា​​ជាង ៤២​​លាន​​ដុល្លារ។ មន្ទីរ​ពេទ្យ​​គន្ធបុប្ផា មាន​បុគ្គលិក​​ទាំងអស់ ២.៥០០​នាក់។ ក្នុង​មួយ​​ថ្ងៃៗ​​មាន​កុមារ​​ជាង ៣​ពាន់​​នាក់ មក​រ​ក​​សេវា​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​នេះ។

តាមរយៈហ្វេប៊ុកប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា បានទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ស្វីស (Switzerland) និង​សហគមន៍​អឺរ៉ុប ឲ្យ​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា បើ​ពុំ​នោះ​ទេ មន្ទីរពេទ្យ​មួយ​នេះ​នឹង​បាត់បង់​វត្តមាន​ពី​ទឹក​ដី​កម្ពុជា ជាក់​ជា​មិន​ខាន​នៅ​ពេល​ខាង​មុខ។

តែយ៉ាងណាក៏ដោយមន្ទីរ​​ពេទ្យ​​គន្ឋបុប្ឆា​ដែលជា​មន្ទីរ​ពេទ្យដ៏​ធំមួយនៅ​ក្នុងប្រទេស​កម្ពុជា ក្នុងការ​ផ្តល់​​សេវា​​ព្យាបាល​​ដោយ​ឥត​​គិតថ្លៃ​ជួនដល់​កុមារ​នោះបាន​ទទួល​ថវិកា​​២លាន​​ដុល្លារ​​បន្ថែម​​ទៀតពី រាជ​រដ្ឋាភិបាល កម្ពុជា​ដែល​ធ្វើឲ្យ​កញ្ចប់​​ថវិកា​​​របស់​​​រាជរដ្ឋា​ភិបាល​ជួយដល់ មន្ទីរ​ពេទ្យ​មួយ នេះបាន​​​កើនដល់​​ ៥,២​​លាន​ដុល្លារ​​អាមេរិក​​ក្នុងមួយ​​ឆ្នាំហើយ​រាជរដ្ឋា​ភិបាល​នឹង​ បង្កើន​ការផ្តល់ ​វិភាគ​ទាននេះ​ឲ្យដល់​៦លាន​ដុល្លា​អាមេរិក​នៅឆ្នាំ​២០១៦​ខាងមុខ។

យោងតាមសេចក្តី​ប្រកាស​ពត៌​មាន របស់​ក្រសួង​សេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២ កញ្ញា បាន​ឲ្យដឹងថា​ការ​ប្រកាស​ផ្តល់​កញ្ចប់​ថវិកា២​លានដុល្លា ដល់មន្ទីរ​ពេទ្យ​គន្ធ​បុប្ផានេះ ត្រូវ​​បាន​​ប្រកាស នៅព្រឹក​​ថ្ងៃ​ទី០២  ខែ​កញ្ញា ​ដោយ​​លោកអូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច និង​​ហរិញ្ញ​វត្ថុ​តំណាង​ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេ​ជោ ហ៊ុន​ សែន ក្នុង​ឱកាស​​ដែលលោក​​អញ្ជើញ ចូលរួម​​​សំណេះ​​​សំ​ណាល​ជា​មួយ​ស្ថាប​និក និង​ជា​ប្រធាន​​មូលនិធិ​​គន្ធបុប្ផា លោក​វេជ្ជ​​ប​ណ្ឌិត Beat Richner និង​​ក្រុម​​គ្រូពេទ្យ​​នៅមន្ទីរ​​ពេទ្យ​​គន្ធបុប្ផា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative