ក្រសួងអប់រំ ចាប់​ផ្តើម​ដំណើរ​ការ​ស្រង់​បូក​ពិន្ទុ​ប្រលង​បាក់​ឌុប​ដោយ​កុំព្យូរទ័រ

ក្រសួងអប់រំ​យុវជន និង​កីឡា នឹង​ដំណើរ​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូរទ័រ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ប្រលង​បាក់​ឌុប ចាប់​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ។

1កាលពីព្រឹកថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ​២០១៥ នេះ​គណៈ​កម្មការ​ស្រង់​បូកពិន្ទុ​ដោយ​កុំព្យូទ័រ បាន​ធ្វើការ​សាក​ល្បង​កម្មវិធី​បញ្ចូល​ពិន្ទុ​បេក្ខជន ក្នុងកុំព្យូទ័រ​នៅការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការ​ស្រង់​ បូក​ពិន្ទុ​ដោយ​កុំព្យទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ នៃការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​ទី ២៤ សីហា ២០១៥។

បើយោងតាម​កម្មវិធី​ការងារ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយ​ភូមិ ឬ​បាក់ឌុប បាន​ឲ្យដឹង​ថានៅ​ពេលរសៀល​ថ្ងៃទី​០៣ ខែកញ្ញា ម្សិល​ម៉ិញនេះ​មានការ​ប្រជុំ​គណៈ​កម្មាការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​គណៈ​កម្មា​ការ​ផ្ទៀង​ផ្ទាត់​នៅវិទ្យា​ស្ថាន​ជាតិ​អប់រំ​ហើយចាប់​ពីថ្ងៃទី៤ រហូត​ដល់ថ្ងៃ​ទី១៣ កញ្ញា ឆ្នាំ​២០១៥ នឹង​ដំណើរ​ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូរទ័រ និង​ផ្ទៀង​ផ្ទាត់​ពិន្ទុ​ប្រលង​បាក់ឌុប។

លុះដល់ថ្ងៃទី១៤កញ្ញា នៅពេល​រសៀល​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និងកីឡា​នឹងប្រជុំ​សំរេច​លើលទ្ធ​ផល​ប្រលង​បាក់ឌុប​ថ្ងៃទី​២៤ និង​២៥ ខែ​សីហា ឆ្នាំ​២០១៥ នេះ​តើនឹង​មានបេក្ខជន​ប៉ុន្មាន​នាក់ប្រលង​ជាប់។ ថ្ងៃទី​១៥ និង១៦ កញ្ញា ប្រកាស​លទ្ធ​ផល ប្រលង​ជាផ្លូវ​ការ។

តែយ៉ាងណាក៏​ដោយ​សំរាប់​ប្រលង​ឆ្នាំនេះ​ទាំង​ក្រសួង​អប់រំ ក៏ដូច​ជាប្រមុខ​រាជរដ្ឋា​ភិបាល​មានជំនឿ​ថា នឹងមាន​បេក្ខជន​ប្រលង​ជាប់​ច្រើន​ជាងឆ្នាំ​មុនដែរ ដោយ​សារតែ​កក្តា​ការខិត​ខំប្រឹង​ប្រែងរៀន​សូត្រ​របស់​សិស្សគួ​បផ្សំ​នឹងការ​យកចិត្ត​ទុកដាក់​ពីក្រសួង​អប់រំ ក៏ដូច​ជាសហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានបើក​វ​គ្គបំប៉ន​ខ្លីៗ ដល់សិស្ស​មុនពេល​ប្រលង។ ចំណែក​ឆ្នាំមុន​មានបេក្ខ​ជន​​ចូលរួម​ប្រលង​សរុប​​ចំនួន ៩៣ ៤៥៦​នាក់ ចែកចេញ​ជា ១៥៤ មណ្ឌល ក្នុង​​នោះ​​ថ្នាក់​​វិទ្យាសាស្ត្រ ១៤០ មណ្ឌល និង​​ថ្នាក់​​វិទ្យា​សាស្ត្រ​​​សង្គម ១៤ មណ្ឌល ស្មើ​នឹង ៣ ៧៧៩ បន្ទប់។  ក្នុងចំណោម​នោះមាន​បេក្ខជន ប្រលង​ជាប់ តែ២៥​ភាគរយ​ប៉ុណ្ណោះ​។

លោក រស់ សា​លីន អ្នក​នាំពាក្យ​​ក្រសួង​​អប់រំ បាន​​ឲ្យ​​ដឹង​ថា បន្ទាប់​ពី​អត្រា​កំណែ​​វិញ្ញា​សា​រួច ដំណើរ​ការ​​ស្រង់​​បូក​​ពិន្ទុ​​ដោយ​​កុំព្យូទ័រ​ បានចាប់ផ្តើម​ពី ថ្ងៃទី០៣ ដល់​​ថ្ងៃទី១៣ ខែកញ្ញា។

ចំពោះ​របប​ពិន្ទុ​​ប្រឡង អតិបរមា ៥០០​ពិន្ទុ ប៉ុន្តែ​មុខ​វិជ្ជា​​ភាសា​បរទេស​​ជា​វិញ្ញា​សា​តាម​​ស្ម័គ្រ ដូច្នេះ​​ពិន្ទុ​​ប្រឡង​​ជាប់​គឺ ៥០០​ពិន្ទុ​ ដក ២៥រួច​ចែក​​នឹង ២​ស្មើនឹង​២៣៧,៥ពិន្ទុ ​តែ​​ក្រសួង​​កំណត់​​យកតែ​២៣៧​ពិន្ទុ​​ប៉ុណ្ណោះ។  ចំពោះ​​និទ្ទេស​​ដែល​​បេក្ខជន​​ទទួល​បាន​​មាន​ចំនួន​៥គឺ​ទី​១និទ្ទេស​​A​និទ្ទេស ​ល្អប្រសើរ​​គឺ​យក​​ពិន្ទុ​សរុប​​របស់​​បេក្ខជន​​គុណ​នឹង​០,៩។ និទ្ទេស​​B ជា​និទ្ទេ​ស​​ល្អ​ណាស់​​គឺ​យក​​ពិន្ទុ​សរុប​​បេក្ខជន​​គុណ​នឹង​០,៨។  និទ្ទេស​C ជា​និទ្ទេស​​ល្អ​គឺ​យក​​ពិន្ទុ​​បេក្ខជន​​គុណ​នឹ​ង០,៧​។  និទ្ទេស​​D ជា​​និទ្ទេស​​ល្អ​​បង្គួរ​​គឺ​យក​​ពិន្ទុ​​បេក្ខជន​​គុណ​នឹង​០,៦  និទ្ទេស​​E ជា​និទ្ទេស​​មធ្យម​​គឺ​យក​ពិន្ទុ​សរុប​​បេក្ខជន​​គុណ​នឹង០,៦​។

ប្រលង​បាក់​ឌុប​ឆ្នាំនេះ​​មាន បេក្ខ​ជន​ចុះ​ឈ្មោះ​​ប្រឡង​​សរុប​​ចំនួន ៨៤៩៣០ នាក់ ស្រី ៤០៩៧២​នាក់ និង មណ្ឌល​ប្រឡង​​ចំនួន ​១៥០​មណ្ឌល ក្នុងនោះ វិទ្យាសាស្ត្រ​​មាន ១២៦​មណ្ឌល និង​​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​​មាន ២៤​មណ្ឌល ត្រូវជា​៣៤២៧ បន្ទប់​​ទូទាំង​ប្រទេស។ បេក្ខជន​​អវត្តមាន​​សរុប​​ចំនួន ១៥៨៩នាក់ ស្រី ៥៥២​នាក់ ត្រូវជា ១,៨៧ ភាគរយ នៃ​ចំនួន​​បេក្ខជន​​ចុះ​ឈ្មោះ​​ប្រឡង​​សរុប។

រយៈពេលពីរថ្ងៃ​នៃការប្រលង​បាក់ឌុប​ឆ្នាំនេះ​មានបេក្ខ​ជន​ប្រលង​មានបញ្ហា​សុខភាព​ចំនួន​ជិត​៧០​នាក់។  ប៉ុន្តែ​អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះគឺ​នៅថ្ងៃ​ទី២ នៃប្រលង​បាក់ឌុប ដោយ​មាន​បេក្ខ​នារីម្នាក់ នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ជាស៊ីម​ស្មាច់មាន​ជ័យ ខេត្តកោះកុង​បាន ឈឺពោះ​សម្រាល​កូន ដោយពុំ​បានប្រឡង​មួយ​វិញ្ញាសា​ចុងក្រោយ​នៃថ្ងៃបញ្ចប់​ទៀតផង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative