កម្ពុជាសង្ឃឹមថា នឹង​អាច​ចុះ​អនុស្សា​រណ​យោគ​យល់​គ្នា​ជាមួយ​ហ្វីលីពីន លើ​វិស័យ​ការ​ងារនៅពេលអនាគត

នៅក្នុងជំនួបពិភាក្សា​ជាមួយ​លោក គ្រីស្តូហ្វ័រ​ ប៊ី ​ម៉នធ័ររ៉ូ  (Christopher​ B. Montero) ឯកអគ្គ​រដ្ឋ​ទូត​ហ្វីលីពីន ថ្មី​ប្រចាំ​កម្ពុជា នាទី​ស្តីការ​ក្រសួង កាលពីរ​សៀល​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សង្ឃឹម​ថា ក្នុងពេល​អនាគត កម្ពុជា និង​ហ្វីលីពីន នឹង​អាច​ចុះ​អនុស្សា​រណ​យោគ​យល់​គ្នា​លើ​វិស័យ​ការ​ងារ​។ ដោយ​សារ​តែ​​កម្ពុជា និងហ្វីពីភីន​ មានស្ថាន​ភាព​វិស័យ​ការងារ​ស្រដៀង​គ្នា។

1លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ន​កម្ពុជា​បានចុះ​អនុស្សា​រណ​យោគ​យល់​គ្នាទ្វេ​ភាគី នូវកិច្ច​សហការ​លើ​វិស័យ​ការងារ​ជាមួយ​ប្រទេស​ថៃ និង​គ្រោង​ចុះជា​មួយ​ប្រទេស​ម៉ាឡេស៊ី ។

លោករដ្ឋមន្ត្រីបន្ថែមថា ទោះ​ជាយ៉ាង​ណា កម្ពុជា​បានចុះ​កិច្ចព្រម​ព្រៀង​ទទួល​ស្គាល់​ជំនាញ​លើ ៨មុខ​ជំនាញ សម្រាប់​សមាហ​រណ​កម្ម​អាស៊ាន​​​ឆ្នាំ២០១៦។ គួរបញ្ជាក់​ផងដែរ​ថា សម្រាប់ ៨មុខ​ជំនាញដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រម​ព្រៀង​ទទួល​ស្គាល់​ជំនាញ​គ្នាទៅ​វិញទៅ​មកក្នុង​ក្របខណ្ឌ​អាស៊ាន នេះរួម​មាន៖ ១-សេវា​កម្ម​គណនេយ្យ​ ២-គ្រូពេទ្យ ៣-ទន្តពេទ្យ  ៤-សេវាកម្ម​វិស្វកម្ម ៥-សេវា​គិលានុបដ្ឋា​យិកា  ៦-សេវាកម្ម​ស្ថាបត្យ​កម្ម  ៧-ការវាស់​ស្ទង់ដី  និងទី៨-មគ្គុទេស​ទេសចរណ៍។

នៅក្នុងជំនួបនោះលោក អ៊ិត សំហេង បានថ្លែង​មតិ​ស្វា​គមន៍​ចំពោះ​បេសកកម្ម​ការទូត​របស់​ឯក​ឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​នៅ​កម្ពុជា​។ លោករដ្ឋ​មន្រ្តី បន្តែម​ថា កម្ពុជា-​ហ្វីលីពីន គឺជាដៃ​គូមួយ​ដ៏សំខាន់ ទាំងក្នុង​ក្រប​ខណ្ឌ​អាស៊ាន និងទំនាក់​ទំនង​ទ្វេភាគី​​។  លោក​រដ្ឋ​មន្រ្តី មានការ​ជឿជាក់​ថា «ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មុខជា​មានការកើន​ឡើងថែម​មួយកម្រិត​ទៀត​សម្រាប់​ អាណ្ណត្តិ​ការទូត​របស់ គ្រីស្តូហ្វ័រ​នៅកម្ពុជា​ក្នុងពេល​នេះ»។

លោក គ្រីស្តូហ្វ័រ ប៊ី ម៉នធ័ររ៉ូ ឯក​អគ្គ​រដ្ឋទូត​ បាន​ថ្លែង​អំណរ​គុណ និងមាន​ការរីក​រាយ​ចំពោះ​ការ​ស្វាគម​ន៏​យ៉ាង​កក់ក្តៅ។ លោក​ ឯកអគ្គ​រដ្ឋទូត​ នឹងខិត​ខំបំពេញ​តួនាទី​ធ្វើឱ្យ​ទំនាក់​ទំនង​កម្ពុជា-ហ្វីលីពីន​ ឈានឡើង​មួយកម្រិត​ទៀត។ លោកបាន​បន្ត​ថា« វា​ជាការ​ពិតណាស់​ដែល​កម្ពុជា-​ហ្វីលីពីន​ មាន​ស្ថានភាព​វិស័យ​ការងារ​ស្រដៀង​គ្នា»។

លោកទួតថា​ហ្វីលីពីន មាន​ពលករ​ទេសន្តរ​ប្រវេសន៍ ដើម្បី​ការងារ​ច្រើន រហូត​ដល់​ប្រហែល ១០​លាន​នាក់ ស្មើ​នឹង ២ ​ភាគ ៣​នៃ​ប្រជាជន​កម្ពុជា។  ជាក់ស្តែង​មានជន​ជាតិ​ហ្វីលីពីន​ច្រើនពាន់​នាក់ដែល​ធ្វើការ និង​ស្នាក់នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។​  តែទោះ​ជាយ៉ាង​ណា ហ្វីលីពីន​បាន​ និងកំពុង​រៀបចំ​ឱ្យមានការ​គ្រប់គ្រង​ពលករ​ចំណាក​ស្រុក​ដើម្បី​ការងារ​ទាំងនោះ​ ។ រដ្ឋាភិបាល​ហ្វីលីពីន ក៏បាន​អភិវឌ្ឍ​នូវប្រព័ន្ធ​គ្រប់គ្រង​ពលករ​របស់ខ្លួន ឱ្យកាន់​តែមាន​ភាពប្រសើរ​ឡើង ហើយ​ហ្វីលីពីន​ក៏អាច​ចែក​រំលែក​នូវបទ​ពិសោធន៍ និងបច្ចេក​ទេស​ទាំងនេះ​ដល់កម្ពុជា​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative