រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្តល់​កញ្ចប់​ថវិកា​២លាន​ដុល្លារ​បន្ថែម​ទៀត​ដល់ មន្ទីរ​ពេទ្យ​គន្ឋបុប្ឆា

 

រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ បាន​សម្រេច​​ផ្តល់ថវិកា​ចំនួន​២លាន​ដុល្លារ​បន្ថែម​ទៀត ជួយដល់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា ដែលជា​មន្ទីរ​​ពេទ្យ​កុមារ​ធំជាង​គេនៅ​កម្ពុជា ដែលផ្តល់​សេវា​ព្យាបាល​ដោយឥត​គិតថ្លៃ។

1​ការបន្ថែមទឹក​ប្រាក់​បន្ថែម​២លាន​ដុល្លារ​នេះ បានធ្វើ​ឲ្យកញ្ចប់​ថវិកា​​របស់​​រាជរដ្ឋាភិបាល​ជួយ​ដល់​គន្ធបុប្ផា​កើនដល់​៥,២​លាន​ដុល្លារ​អាម៉េរិក​ក្នុងមួយ​ឆ្នាំ។

ដំណឹងនៃ​ការ​បន្ថែម​ថវិកា របស់​រាជ​​រដ្ឋា​ភិបាល​​ជួយ​​ដល់​មន្ទីរ​​ពេទ្យ​​គន្ធ​បុប្ផា​​នេះ ត្រូវ​បាន​ប្រកាស នៅព្រឹក​ថ្ងៃ​ទី០២  ខែ​កញ្ញា​នេះ​ ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញ​វត្ថុ លោកអូន ព័ន្ធមុនីរ័ត្ន ក្នុង​ឱកាស​ដែលលោក​អញ្ជើញ ចូលរួម​​សំណេះ​​សំ​ណាល​ជាមួយ​ស្ថាបនិក និង​ជាប្រធាន​មូលនិធិ​គន្ធបុប្ផា លោក​វេជ្ជ​បណ្ឌិត Beat Richner និង​ក្រុម​គ្រូពេទ្យ​នៅមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

​លោករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា “បើ​និយាយ​ពីវិភាគ​ទាន របស់​រាជ​រដ្ឋា​ភិបាល ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មក​ដល់​ពេលនេះ គឺមាន​ប្រហែល​​ជាង​​៦,៥​​លាន​ដុល្លារ ដែល​យើង​ចាយទៅ​លើការ​វិភាគ​ទាន​ដល់​ប្រាក់ បៀវត្សរ៍​មន្ត្រី​វិភា​គ​​ទាន​ទៅដល់​កិច្ចដំណើរ​ការរបស់​មន្ទីរ​ពេទ្យ វិភាគ​ទានទៅ​លើថ្លៃទឹក និង​ថ្លៃភ្លើង។  ​ក្រៅ​ពី​នេះ ​ក៏មាន​វិភាគ​ទានជា​មួយនឹង​មូល​និធិ​សម្រាប់​សង្គម ជួយ​ដល់អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះដោយ​ក្នុងឆ្នាំ​២០១៥ មូល​និធិ​នេះបាន​កើនដល់​៣,២​លាន​ដុល្លារ​​។

ក្រោយពីបាន​ប្រជុំ​ជាមួយ​លោក វេជ្ជបណ្ឌិត Beat Richner និង​សហ​ការី​​​របស់​លោក កាលពី​ខែ​កក្កដា កន្លង​ទៅនេះ។ ខ្ញុំបាន​រាយ​ការណ៍​ជូន​សម្តេច​តេជោ នា​យ​ក​រដ្ឋ​មន្ត្រី  អំពី​ស្ថានភាព​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ហើយ​សម្តេច​តេជោ​បាន​ស​ម្រេច​​បន្ថែម​ថវិកា​ចំនួន​២លាន​ដុល្លារ​អាម៉េរិក​ទៀត លើមូល​និលិធិ​សម្រាប់​ជំនួយ​​សង្គ​ម​ទៅកាន់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅឆ្នាំ​២០១៥​នេះ។

បើតាមការបញ្ជាក់របស់​លោក​វេជ្ជ​បណ្ឌិត Beat ​Richner  បានឲ្យ​ដឹងថា​​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា បាន​ចំណាយ​ថវិកា​សម្រា​ប់​ការ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥត​គិត​​ថ្លៃចំនួន​ប្រមាណ​ពី៤២ ទៅ៤៣​លានដុល្លារ​អាម៉េរិក ដោយ​ការ​ចំណាយ​នេះស្មើ​នឹង ២០​ ភាគរយ នៃ​ថវិកា​ជាតិ ទៅលើ​វិស័យ​សុខា​ភិបាល​ក្នុងមួយ​ឆ្នាំៗ។  រហូតដល់​​ពេល​​បច្ចុប្បន្ន​នេះមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បានជួយ​ព្យាបាល​កុមារ​កម្ពុជា​បាន​១៤,៥​លាន​នាក់​មកហើយ។

​បើតាមលោក អូន ព័ន្ធមុនីរ័ត្ន រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏នឹង​បន្តជួយ​កៀងគរ​នូវជំនួយ​សប្បុរស​នានា​បន្ថែម​ទៀត ដើម្បី​ ទ្រទ្រង់​ដល់​ដំណើរ​ការ​រ​បស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្នុងនោះ​ជារៀង​រាល់ឆ្នាំ​តាមរយៈ​មូលនិធិ​ទូរទស្សន៍​បាយន្ត​លោក  រដ្ឋមន្រ្តី ក៏បាន​ផ្តល់​ថវិកា ១ម៉ឺន​ដុល្លារ សម្រាប់​មន្ទីរ​ពេទ្យ​នេះផង​ដែរ។

​លោកអូន ព័ន្ធមុនីរ័ត្ន បានឲ្យ​ដឹងទៀត​ថា រាជ​រដ្ឋា​ភិបាល ក៏បាន​ផ្តោត​ការ​យ​ក​ចិត្ត​ទុកដាក់​ខ្លាំង​ផងដែរ ក្នុងការ​ពង្រឹង​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា ដោយបាន​ដា​ក់​​នូវគោល​ដៅ​អាទិភាព​​ចំនួន​៣សម្រាប់​ពង្រឹ​ង​វិស័យ​មួយនេះ។  ចំណុច​អាទិភាព​​ទាំង​ ៣​នោះ​រួមមាន​៖ ១ បង្កើន​ទំហំ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល ទី២​បង្កើន​ប្រ​សិទ្ធ​ភាព​នៃការ​វិភាជន៍​ឲ្យ​ចំគោល​ដៅ និងមុខ​ចំណាយ និងទី៣​បង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ផ្នែក​ប្រតិបត្តិការ​ឲ្យទទួល​លទ្ធផល​ស្របតាម​ទំហំ នៃថវិកា​ចំណាយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative