ធ្លាក់ស​អាចបង្ក​ជម្ងឺមហា​រីកមាត់​ស្បូន

នារីគ្រប់​រូបតែង​តែមាន​ការធ្លាក់​ស។ សនេះ​កើតមាន​នៅលើ​ស្ដ្រីគ្រប់​ការ គឺមាន​ធ្លាក់តិចតួច នៅមុន​ពេលមក​រដូវ។ សក៏អាចមាន​នៅលើ​កុមារី​តូចៗដែរ ព្រោះកុមារី​ទាំងនោះ​ចូលចិត្ដ​អង្គុយលេង​ដីច្រើន សនោះ​កើតឡើង​ដោយសារ​ពងព្រូន។ ការធ្លាក់​ស ជារឿង​មួយដែល​ស្ដ្រីគ្រប់​រូបត្រូវ​យកចិត្ដ​ទុកដាក់​បំផុត។ ស្ដ្រីត្រូវ​យល់ដឹង​អំពីធ្លាក់​ស។

រូបភាពទស្សនាវដ្តីសុខភាពយើង

សរបស់​ស្ដ្រីជា​អ្វី?

លោកស្រី​វេជ្ជបណ្ឌិត ងាវ ស៊ីត្រេន អ្នកឯក​ទេសសម្ភព និងរោគ​ស្ដ្រីបាន​ឱ្យនិយម​ន័យនៃ​ការធ្លាក់​សថា គឺជា​ការហូរ​ចេញនូវ អ្វីដែល​មិនមែន​ជាឈាម​ទ្វារមាស​របស់ស្ដ្រីទេ។ តាមការ​ស្រាវជ្រាវ សមាន​ច្រើនប្រភេទ ហើយមាន​លក្ខណៈ​ខុសៗគ្នា។ សមាន លក្ខណៈ​ធម្មតា គឺជា​សដែល​កើតមាន​នៅមុន​ពេលមក​រដូវ ធ្លាក់ជា​លក្ខណៈ​តិចតួច ហើយ​មិនមែន​ធ្លាក់ជា​រៀងរាល់​ថ្ងៃទេ ជួនកាលវា ធ្លាក់នៅ​ពាក់កណ្ដាល​នៃវដ្ដរដូវ ដែលគេ​ហៅថា​ថ្ងៃដែល​ស្ដ្រីមានកូន សអាច​ធ្លាក់មក​ជាពណ៌​សថ្លាអន្លាយ ដូចជា​ផ្នែកស​នៃស៊ុត​មាន់ទា។

សដែល​មកជា​លក្ខណៈ​ធម្មតាមក​តិចតួច បញ្ចេញ​មកតាម​ទ្វារមាស​ស្ដ្រីនេះ គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​ការពារប្រ ឆាំងមេ​រោគណា ដែលចូល​ទៅតាម​ទ្វារមាស​របស់ស្ដ្រី។ ចំពោះ​នារីដែល​មានស​ខុសពីនេះ គឺចាត់​ទុកថា​ជាស​មិនធម្មតា ហើយមាន​ន័យ ថា វាជា​សមានជម្ងឺ​ហើយ ឬជា​ជម្ងឺធ្លាក់ស។

សមិន​ធម្មតា​មានលក្ខណៈ​បែបណា?

ចំពោះ​សដែល​មានលក្ខណៈ​មិនធម្មតា គឺជា​សដែល​ធ្លាក់មក​មានពណ៌​បៃតងភ្លាវ មានធុំ​ក្លិនស្អុយ។ សប្រភេទ​នេះបង្ក​ឡើង ដោយសារ​ពងព្រូន។ វាកើត​ឡើងដោយ​សារយើង​ប្រើប្រាស់​ទឹកមិន​ស្អាត។ ឧទាហរណ៍ ស្ដ្រីដែល​នៅតាម​ជនបទ គាត់ច្រើន​តែចុះទៅ ក្នុងទឹក​ត្រញំង ដើម្បី​អូសកំពឹស និងបេះ​ត្រគួន គាត់ងាយ​នឹងឆ្លង​ពងព្រូន និងមេ​រោគចូល​តាមទ្វារ​មាសរបស់​គាត់ ដែលបណ្ដាល​ឱ្យ គាត់កើត​មានការ​ធ្លាក់ស​មិនធម្មតា។

ជួនកាល​ជម្ងឺធ្លាក់​សនេះ ស្ដ្រីអាច​ឆ្លងមក​ពីស្វា​មីរបស់​គាត់តាម​រយៈការ​រួមភេទ ដោយសារ​ស្វាមីរបស់​គាត់មិន​បានធ្វើការ សម្អាត​ប្រដាប់ភេទ​គាត់ឱ្យ​បានស្អាត​ល្អពេល​រួមភេទ។ ចំណែក​ឯសដែល​មានពណ៌​សស្គុស មានលក្ខណៈ​ក្រាស់ខ្មឹក ឬមាន​លក្ខណៈដុំៗ ហើយ​រមាស់ បណ្ដាលមក​ពីមេរោគ​ផ្សិត។ សនេះ​ច្រើនតែ​កើតឡើង​ដោយការ​ឆ្លងមក​ពីស្វាមី ឬមក​ពីការ​ប្រើប្រាស់​ថ្នាំផ្សះ​(ថ្នាំអង់ទីប៊ី យ៉ូទិច)​ច្រើនពេក។ ការធ្លាក់​សជាប្រចាំ ឬស​មិនធម្មតា​នេះ ជួនកាល​ក៏កើត​មាននៅ​លើស្ដ្រី​នៅលីវដែរ គឺបណ្ដាល​មកពី​គាត់ប្រើ​ប្រាស់ ថ្នាំផ្សះ​ច្រើនពេក ដូចស្ដ្រី​មានស្វាមី​ដែរ នាំឱ្យ​មានមេ​រោគផ្សិត ជាហេតុ​ធ្វើឱ្យ​គាត់មាន​រមាស់​ទ្វារមាស ឬរលាក​ទ្វារមាស។

ផលវិបាក​នៃការ​ធ្លាក់ស​មិនធម្មតា

ប្រសិន​បើស្ដ្រី​មានការ​ធ្លាក់ស​រមាស់ មានពណ៌​បៃតង ធុំក្លិន និងធ្លាក់​សមាន​លាយឈាម មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន ត្រឹមត្រូវទេ វាធ្វើ​ឱ្យជម្ងឺ​វិវឌ្ឍន៍​ទៅមុខ​រហូតដល់​កើតជា​ជម្ងឺមហា​រីកមាត់​ស្បូន។ អនាម័យ​ជារឿង​មួយសំខាន់​ណាស់ក្នុងការ​កាត់បន្ថយ ជម្ងឺម​ហារីក​មាត់ស្បូន ឬរោគ​ស្ដ្រីមួយ​ចំនួនបាន​ដែរ។ ព្រោះថា​បច្ចុប្បន្ន​នេះ ស្ដ្រីខ្មែរ​ប្រឈម​មុខនឹង​ការកើត​ជម្ងឺមហា​រីកមាត់​ស្បូនមាន ចំនួនច្រើន។

ត្រូវធ្វើ​អនាម័យ​ពេលធ្លាក់​សស្ដ្រី

ក្នុងការ​ធ្វើអនាម័យ នារីត្រូវ​ចេះសម្អាតខ្លួន ត្រូវប្រើ​ប្រាស់ថ្នាំ​លាងសម្អាត​ទ្វារមាស ជាពិសេស​ថ្នាំឡាក់​តាស៊ីត នៅរៀង​រាល់ ពេលងូត​ទឹកក្នុង​១ថ្ងៃឱ្យ​បាន១ ទៅ២ដង។ ជាពិសេស​ជាងនេះ​ទៅទៀត នៅរៀង​រាល់ពេល​បន្ទោរបង់ ដូចជា​បត់ជើងតូច បត់ជើង​ធំជា ដើម ត្រូវលាង​សម្អាត​ទ្វារមាស ឱ្យបាន​ស្អាតជា​រៀងរាល់​ពេល។ នៅពេល​មករដូវ ស្ដ្រីត្រូវ​ប្រើប្រាស់​សំឡីអនាម័យ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីកុំ​ឱ្យមេរោគ​ចូលតាម​ឈាមទៅ​ក្នុងទ្វារ​មាស។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការព្យា​បាលជម្ងឺ​ធ្លាក់ស

ប្រសិន​បើស្ដ្រី​ធ្លាក់ស​ដោយការ​ប្រើប្រាស់​ថ្នាំផ្សះ​ច្រើននោះ ការព្យាបាល​មានលក្ខណៈ​ងាយស្រួល គ្រូពេទ្យព្យា​បាល​ឆាប់ជា ។ រាល់ពេល​ធ្លាក់ស នារីត្រូវ​មកជួប​ជាមួយ​គ្រូពេទ្យ។ ប្រសិន​បើសដែល​គ្រូពេទ្យ​មើលឃើញ​ថាសមិន​ធម្មតា គ្រូពេទ្យ​អាចកាត់​សាច់ យកទៅ​បណ្ដុះទៀត ព្រោះខ្លាច​កើតមាន​ជម្ងឺមហា​រីកមាត់ស្បូន។ ការពិនិត្យ​សនឹង​ធ្វើឡើង​នូវរាល់៦​ខែម្ដង ប្រសិន​បើស្ថិត​ក្នុងការ សង្ស័យ។ ប្រសិន​បើមិន​មានការ​សង្ស័យទេ នារីគ្រប់​រូបត្រូវ​ទៅពិនិត្យ​រកកោ​សិកាម​ហារីក​ឱ្យបានមូយ​ឆ្នាំម្ដង។

ដំបូន្មាន​អ្នកជំនាញ

ស្ដ្រីត្រូវ​ចំណាំ​ទុកថា សដែល​ជាលក្ខណៈ​ធម្មតា​មិនមែន​ធ្លាក់រហូតទេ គឺក្នុង​១ខែ​វាធ្លាក់​មកតិច​ៗមួយដង ឬ២​ដងតែ​ប៉ុណ្ណោះ ។ សមិន​ធម្មតាមាន​លក្ខណៈ​ពណ៌បៃតង​ភ្លាវ សស្គុស រមាស់ សលាយ​ឈាម​តិចៗ ឬអាច​ធ្លាក់ច្រើន​ជាលក្ខណៈ​ទឹក។ បើឃើញ​សមាន លក្ខណៈ​មិនធម្មតា ត្រូវប្រញាប់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់។

នារីមាន​ស្វាមី ទោះជា​ធ្លាក់ស​ក៏ដោយ មិនធ្លាក់​សក៏ដោយ ត្រូវតែ​ទៅពិនិត្យ​រកកោសិកា​មហារីក​ឱ្យបាន​១ឆ្នាំម្ដងៗ។ នារី ត្រូវធ្វើ​អនាម័យ​ទៅលើ​ទ្វារមាស ជាជាង​អនាម័យ​មុខមាត់។ ព្រោះវា​បើមិន​បានសម្អាត​ឱ្យបាន​ស្អាតទេ មេរោគ​ងាយនឹង​ឆ្លងចូលទៅ ក្នុងទ្វារ​មាសណាស់។ កុំប្រើ​ប្រាស់សាប៊ូ​សម្អាតទ្វារមាស​ញឹកញាប់​ពេក ព្រោះវា​អាចនាំ​ឱ្យមាន​មេរោគ​ផ្សិតនៅ​ទ្វារមាស ធ្វើឱ្យ​រលាក ទ្វារមាស។ ស្ដ្រីភាគ​ច្រើន មានការ​ខ្មាសអៀន​ក្នុងការ​ទៅពិនិត្យ​រោគស្ដ្រី ប៉ុន្ដែបង​ប្អូនស្ដ្រី​ត្រូវគិតថា សុខភាព​ជារឿង​សំខាន់​ជាង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative