កុមារនៅតាមខេត្ត​ចំនួន៦ ទទួល​បានវ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល

មន្ត្រីកម្មវិធីជាតិផ្តល់​ថ្នាំបង្ការ​នៃក្រសួង​សុខា​ភិបាល បានឲ្យ​ដឹងថា​កុមារ​ប្រមាណ​ជិត១១​ម៉ឺនាក់ រស់នៅ​តាម​ខេត្ត​ចំនួន​៦ បាន​កំពុង​ទទួល​បានវ៉ាក់​សាំង​ការពារ​រលាក​ខួរក្បាល។

2លោកវេជ្ជបណ្ឌិត កែវ សំឡី មន្ត្រីកម្មវិធីជាតិ​ផ្តល់ថ្នាំ​បង្ការ បាន​មាន​ប្រសាសន៍ កាលពី​រសៀល​ថ្ងៃទី​០២ កញ្ញា ឲ្យដឹ​ងថា ខេត្តទាំង​៦ ដែលទទួល​បានវ៉ាក់​សាំង​រលាក​ខួរក្បាល រួមមាន​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ បន្ទាយ​មានជ័យ តាកែវ ស្វាយរៀង និងខេត្ត​បាត់ដំបង។  វ៉ាក់សាំង​ដែលផ្តល់​ឲ្យកុមារ​ជិត១១​ម៉ឺននាក់ ទាំងនេះ​បានមកពី​ការជួយ​ឧបត្ថម្ភ​ពីអង្កការ Path។

លោកបានបន្តថា តាមពិត​អង្គការ Path ធ្លាប់​បានផ្តល់​វ៉ាក់សាំង​រលាក​ខួរក្បាល​នេះ ដល់ខេត្ត​ទាំង៦​ខាងលើ​ម្តងរួច​មកហើយ​ តែដោយ​សារមាន​បញ្ហា​មួយចំនួន​ទើបផ្អាក​សកម្ម​ភាព​រហូត​ដល់ខែ​ធ្នូ​ឆ្នាំ២០១៤ បានបន្ត​សកម្មភាព​ឡើងវិញហើយ​គ្រោង​នឹងបញ្ចប់​នៅខែធ្នូ​ឆ្នាំ២០១៥​នេះ។ លោកបាន​បន្ថែម​ថា តាមការ​រំពឹង​កុមារ​នៅតាម​ខេត្ត​ទាំង៦ ប្រមា​ណ​ជិត​១១​ម៉ឺននាក់ នឹង​ទទួល​បានវ៉ាក​សាំង​រលាក​ខួរក្បាល​នេះ។  ចំណែក​ឯកម្មវិធីជាតិ​គ្រោងនឹង​ចាប់ផ្តើម​បើក​យុទ្ធនា​ការ​ផ្តល់វ៉ាក់​សាំង​រលាកខួរ​ក្បាល​នេះនៅ​ឆ្នាំក្រោយ ហើយ​បច្ចុប្បន្ន​នេះ​កម្មវិធី​ជាតិ​ក៏កំពុង​តែធ្វើការ​បណ្តុះ​បណ្តាល​មន្ត្រី​ពីការផ្តល់​វ៉ាក់​សាំង​រលាក​ខួរ​ក្បាល និង​វ៉ាក់សាំង​ស្វិតដៃ​ជើងតាម​របៀប​ចាក់ (កាលពី​មុនបន្ទក់)។

លោក កែវ សំឡី បាន​បញ្ជាក់​ថារ​ហូត​មកដល់​ពេលនេះ​កម្មវិធី​ជាតិ បានផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន​៩មុខ រួមមាន​ជំងឺ​របេង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ជំងឺ​ខាន់​ស្លាក់ ក្អកមាន់ តេតាណូស ស្វិត​ដៃជើង រលាក​សួត រលាក​ស្រោមខួរ និង​ជំងឺ​កញ្ជ្រិល។ចំណែក​វ៉ាកសាំង​ដែល​ត្រូវផ្តល់​មានវ៉ាក់​សាំង​របេង  ស្វិត​ដៃជើង  រលាក​សួត  រលាកថ្លើម​ប្រភទ​បេ   វ៉ាក់សាំង​ប៉ែនតា​វ៉ាឡង់​ដែល​រួមបញ្ចូល​គ្នាជំងឺ​៥មុខ  វ៉ាក់​សាំង​កញ្ជ្រិល  វ៉ាក់សាំ​ស្អូចបូក​កញ្ជ្រិល  វ៉ាកសាំង​តេតាណូស​សំរាប់​ស្តី្រ និងវ៉ាក់​សាំ​រលាក​ខួរក្បាល ដែល​គ្រោង​បើកយុទ្ធនា​ការនៅ​ឆ្នាំ​ក្រោយ។

ប្រទេសកម្ពុជាទើប​តែទទួល​បានជោគ​ជ័យយ៉ាង​ធំធេង ក្នុងការ​លប់បំបាត់​បានទាំង​ស្រុងនូវ​ជំងឺ​កញ្ជ្រិល ហើយកាល​រសៀល​​ថ្ងៃទី ២៥ មិថុនា ២០១៥ អង្គការ​​សុខភាព​ពិភព​លោក​បាន​ប្រកាស​ផ្តល់​វិញ្ញាបត្រ​​ទទួល​ស្គាល់​ពីភាព​ជោគ​ជ័យ​នេះនៅ ទីស្តី​ការ​​ក្រសួង​សុខា​ភិបាល​ ក្រោម​អធិបតី​ភាព ស្រី ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​​ទំនាក់​ទំ​នង​ជាមួយ​​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការ​​កិច្ច លោក​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​​សុខា​ភិបាល និង​​លោក​ Shin Young-Soo នាយក​​អង្គ​ការ​​សុខភាព​ពិភព​លោក ប្រចាំ​តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក​​ខាងលិច ។ បន្ទាប់ពី​កម្ពុជា​បានទទួល​ជោគជ័យ​លើការ​លុប​បំបាត់​ជំងឺស្វិត​ដៃជើង​នៅឆ្នាំ​២០០០​រួចមក។

កាលពីថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៥ ក្រសួង​សុខា​ភិបាល បាន​ធ្វើ​ការ​ប្រកាស​ដាក់ឲ្យ​ប្រើ​វ៉ាក់សាំង​រលាក​សួត និង​រលាក​ខួរ​ក្បាល ទៅក្នុង​កម្មវិធី​ជាតិផ្តល់​ថ្នាំ​បង្ការ​ដែល អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៥ នេះត​ទៅដែល​វ៉ាក់សាំង ទាំងពីរ​នេះពិត​ជាមាន​សក្តា​នុពល ដ៏មាន​ប្រសិទ្ធ​ភាពរួម​ចំណែក​យ៉ាងធំ​ធេង​ក្នុងការ​ការពារ​ជំងឺ​រលាកសួត និង​រលាក​ស្រោម​ខួរក្បាល​ដែលជា​មូល​ ហេតុ​ចំបង​នៃការ​ស្លាប់​របស់​កុមារ​កម្ពុជា​នៅទូទាំង​ប្រទេស​មិនថា​នៅទី​ក្រុង​ និង​ទីជន​បទ​ឡើយ។  នេះគឺជា​ជំហាន​ថ្មីមួយ​ទៀត​របស់​រាជរដ្ឋា​ភិបាល ក្នុងកិច្ច​ការ​ពារ​សុខមាល​ភាព​កុមារ​តាមរយៈ​នៃការផ្តល់​វ៉ាក់សាំង​ថ្មីជា​បន្ត​បន្ទាប់។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative