រយៈពេល២០​ឆ្នាំ មាន​ជនពិ​ការ​ជាង​៣ម៉ឺន​នាក់ ទទួល​បាន​រទេះ​រុញ

នៅក្នុងរយៈ​ពេល​២០​ឆ្នាំ​មក​នេះ មាន​ជនពិការ​កម្ពុជា​ប្រមាណ​ជាង៣​ម៉ឺននាក់ មក​ហើយ​បាន​ទទួល​រទេះ​រុញពី​អង្គការ​សប្បុរ​ធម៌​ដើម្បី​មាន​ឪកាស​ចូលរួម​នៅក្នុង​សង្គម​បាន​ពេញ​លេញ។

4លោក កែវ រិទ្ធី នាយក​អង្គការ អតីត​យុទ្ធជន​អន្តរ​ជាតិ​កម្ពុជា (វី​ អាយ​ ស៊ី) បាន​មាន​ប្រសាសន៍ ថា​អស់​រយៈ​ពេល​២០ឆ្នាំ​មក​ នេះ​អង្គការ​វីអាយស៊ី​បានផ្តល់​នូវសេវា​ស្តារ​លទ្ធភាព​ពលកម្ម​ដល់ជន​ពិការ​កម្ពុជា ប្រមាណ​ជាង៣​ម៉ឺននាក់ តាម​រយៈ​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​ទាំងបី រួមមាន​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពលកម្ម​កាយ​សប្បទា​កៀន​ឃ្លាំង ខេត្ត​ព្រៃវែង និង​ខេត្ត​ក្រចេះ ដែល​អង្គការ​បាន​បង្កើត​ឡើង និង​កំពុង​គាំទ្រ​ក្នុង​ការ​ស្តារ​លទ្ធភាព​ពលកម្ម​ទាំង​មជ្ឈ​មណ្ឌល​ស្តារ និង​សហ​គមន៍​ផង​ដែរ។ លោកបាន​បន្តថា បច្ចុប្បន្ន​នេះ​ក្នុង​មួយ​ឆ្នាំ​មាន​ជន​ពិការ​ប្រមាណ​៧ពាន់​នាក់ កំពុង​ទទួល​សេវា​កម្មពី​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធ​ភាព​ពលកម្ម​ទាំងបី​ខាងលើ។ ក្រៅពីនេះ​អង្គការ វីអាយស៊ី បាន​បង្កើត​រោងជាង​ផលិត​រទេះ និង​ឧប​ករណ៍​ជំនួយ​ផ្សេង​ ៗ តាំង​ពីឆ្នាំ​១៩៩២ មកហើយ​រហូត​មកដល់​បច្ចុប្បន្ន អង្គការ​បានផ្តល់​ជួន​រទេះ​ជាច្រើន​ប្រភេទ​ដល់​ជន​ពិការ​ក្នុង​តំបន់​គោល​ ដៅ​របស់​ខ្លួន​រួម​មាន​រាជធានី​ភ្នំពេញ  កណ្តាល ព្រៃវែង ស្វាយរៀង និង​ខេត្ត​ក្រចេះ ចំនួន​៤០០០​គ្រឿង​រួចមក​ហើយ។

លោក កែវ រិទ្ធី បាន​បញ្ជាក់​ថា ការងារ​របស់​អង្គ​ការ បាន​សហ​ការ​យ៉ាង​ល្អ ជាមួយ​សមា​គម​ផ្តល់​រទេះ​រុញ​ដើម្បី​សង្គ្រោះ និង​អភិ​វឌ្ឍន៍ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពីអង្គការ​សប្បុរ​ស​ធម៌​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ។

ចំណែកលោក ជិន យក់ នាយក​សមា​គមផ្តល់​រទេះ​រុញ ដើម្បី​សង្គ្រោះ និង​អភិ​វឌ្ឍន៍ បាន​មាន​ប្រសាសន៍​ដែរថា រោង​ចក្រ​ផលិត​រទេះ នៅក្នុង​មជ្ឈ​មណ្ឌល​ជាតិ​ស្តារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​គៀន​ឃ្លាំង ត្រូវ​បាន​ដំណើរ​ការ​ដោយ​ជនពិការ​ដែល​ពួក​គាត់​ភាគ​ច្រើន​ពិការ​ដោយ​សារ​គ្រាប់​មីន​ដែល​រងគ្រោះ​នៅក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​រ៉ៃរ៉ាំ​ជិតពី​រ​ទស្ស​វត្សរ៍​នៅក្នុង​ប្រទេស​ ។ លោក​បន្ត​ថា​តាម​រយៈ​បទ​ពិសោធន៍​នៃការ​ផលិត​ជាង​១០​ឆ្នាំ ពួ​ក​គាត់​បាន​ក្លាយ​ជាអ្នក​ផលិត​រទេះ​រុញ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ហើយជោគ​ជ័យ​របស់​ពួកគាត់​ត្រូវបាន​ទទួល​ស្គាល់​ដោយ​ជនពិការ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជាអង្គ​ការ​ស្ថាប័ន​ជាតិ​និង​អន្ត​រជាតិ​ផង​ដែរ។

លោក ជិន យក់ បាន​បន្ថែម​ថា រហូត​មកដល់​ពេលនេះ​សមាគម​ផ្តល់​រទេះ​រុញ ដើម្បី​សង្គ្រោះ និងអ​ភិវឌ្ឍន៍ បាន​ផលិត​រទេះ​ រុញ និង​គ្រឿង​ជុុំ​នួយ​​ផ្សេងៗ បានចំនួន​ប្រមាណ​១២២០០​គ្រឿង និ​ងចែក​ចាយ​ដល់​ជន​ពិការ​បានប្រហែល​៥៦៧០​នាក់។

លោកបាន​ឲ្យដឹង​ទៀតថា កាលពី​ពា​ក់​កណ្តាល​ឆ្នាំ​២០១២ អង្គការ​វីងាយស៊ី ក៏ដូច​ជាសមា​គម​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ថវិកា​ពីអង្គ​ការ​សប្បុរ​ស​ធម៌​បរិ​សុទ្ធ​ថ្ងៃ​ចុងក្រោយ ក្នុង​ការ​ផលិត​និងចែក​ចាយ​រទេះ​រុញជួន​ដល់ជន​ពិការ​នៅក្នុង​តំបន់​គោល​ដៅ​របស់​ខ្លួន។ លោកថាដោយ​សារ​មានកិច្ច​សហការ​គ្នា​បាន​ល្អរវាង​អង្គការ និង​សមាគម​ដូចនេះ​អង្គការ​សប្បុ​រសធម៌​បរិសុទ្ធ្ង​ថ្ងៃចុង​ក្រោយ បានបន្តចុះ​កិច្ចព្រម​ព្រៀង​ក្នុងការជួយ​ឧបត្ថម្ភ​ដល់ការ​ផលិត និងចែក​ចាយរទេះ​រុញ​ដល់​សមាគម និង​អង្គការ​នៅក្នុង​ឆ្នាំ២០១៥​នេះបន្ត​ទៀត។

តាមរបាយការណ៍ ពិភពលោក​ដែលចេញ​ផ្សាយដោយ​ធនាគារ​ពិភព​លោក និង​អង្គការ​សុខភាព​ពិភព​លោក នៅឆ្នាំ​២០១១​ ចំនួន​ជនពិ​ការ មាន​ប្រមាណ​១៥% នៃចំនួន​ប្រជា​ជន​​ពិភព​លោក។ ដោយ​ឡែក​នៅកម្ពុជា​អត្រា​ជនពិការ​មាន​១,៤៤%​ស្មើនឹង​ប្រមាណ​១៩២៥៣៨​នាក់ស្មើ​នឹង​១,៤៤% ​ក្នុងចំណោម​ប្រជាជន​សរុប។ ជនពិការ​ទាំងនោះ​តែងតែ​ជួបប្រទះ​នូវ​ឧបសគ្គ និង​ការ​រើសអើង​ក្នុង​សង្គម។  ពួកគេមាន​ឪកាស​តិចតួច​ក្នុងការ​ទទួល​បានសេវា​សង្គម​ដូចជា​សុខភាព​អប់រំ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និងការ​បង្កើន​ប្រាក់​ចំណូល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative