ក្រុមនិស្សិត​វិទ្យា​ស្ថាន​ភាសា​បរទេស រៀបចំ​ការ​ប្រគំ​តន្ត្រី រ៉ៃ​អង្គាស​ប្រាក់​ជួយ​ដល់​សិស្ស​ក្រីក្រ

ក្រុមនិស្សតនៃវិទ្យាស្ថាន​ភាសា​បរទេស បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​សប្បុ​រស​ធម៌​មិត្ត​យើង ដើម្បី​រ៉ៃ​អង្គាស​ថវិកាជួយ​ដល់​សិស្ស​ក្រីក្រ និង​កុមារ​ស្នាក់​នៅ​អង្គការ PSE នៅ​ស្ទឹង​មានជ័យ។

2ការប្រគំតន្ត្រីសប្បុ​រសធម៌​នេះ បានធ្វើ​ឡើង​កាលពីរ​សៀល​ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ​២០១៥ នៅ​មជ្ឈ​មណ្ឌ​សហ​ប្រតិ​បត្តិ​ការ​កម្ពុជា​កូរ៉េ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ស្មាត និង​ក្រុម​ហ៊ុន​ជាច្រើន​ទៀត។

បើតាមលោក ស៊ឹម លីហ៊ាង និស្សិត​ឆ្នាំទី៤ នៃវិទ្យា​សា្ថន​ភាសា​បរទេស និងជា​ជំនួយ​ការ​ក្នុង​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​នេះ បានឲ្យ​ដឹងថា នេះគឺជា​ឆ្នាំទី២​ហើយ ដែលក្រុម​និស្សិត​នៃវិទ្យា​ស្ថាន​ភាសា​បរទេស បានរៀប​ចំការ​ប្រគំ​តន្ត្រី​សប្បុ​រស​ធម៌​មិត្ត​យើង​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ទិញ​សម្ភារៈ​សិក្សា​ជួយ​ដល់​សាលា​បឋម​សិក្សា​អង្គ​ព្រះពាន និង​សម្បត្តិ​ឧត្តម នៅ​ខេត្ត​កំពង់ស្ពឺ និង​សា​លា​បឋម​សិក្សា​ដូនពៅ នៅខេត្ត​ត្បូង​ឃ្មុំ ព្រមទាំង​ជួយដល់​កុមារ​នៅអង្គការ​ប៉េអេស​អឺនៅ​​ស្ទឹង​មាន​ជ័យ។  លោកបាន​បន្ត​ថា​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅការ​ប្រគំ​តន្ត្រី​នេះ បានទាក់​ទាញ​សិស្ស​និស្សិត​ប្រមាណ​ជា៧៥០​នាក់។ សំរាប់​ឆ្នាំនេះ​លោក​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើនជាង​ឆ្នាំមុន​ទៀតគឺ​៨៥០​នាក់។  ក្រៅពីការ​លក់​សំបុត្រ​តំលៃ​៥ដុល្លា សំរាប់​ចូលរួម​ទស្សនា​ការ​ប្រគំ​តន្ត្រី ហើយ​យើងក៏​នៅមាន​លក់អាវ​យឺត​ផងដែរ​ដោយ​លក់​បាន​១ពាន់​អាវ​ដោយ​១អាវ​តំលៃ​១៤០០០​រៀល​ និង​កង​ដៃ​១​តំលៃ​២០០០​រៀល​ប្រមាណ​២០០០​កង។  លោកស៊ឹម លីហ៊ាង បាន​បន្តថា​បន្ទាប់​ពីការ​ប្រគំ​តន្ត្រី​នេះ​ទៅមួយ​សប្តាហ៍​ក្រោយ​ ក្រុមការ​ងារ​លោកនឹង​ចុះទៅ​តាម​សាលា និងអង្គការ​ដើម្បី​យក​សម្ភារៈ​ដែល​បានមក​ពីការ​ប្រគំ​តន្ត្រី​នេះទៅ​ចែក​ដល់​សិស្ស​ក្រី​ក្រ។

លោក ថូ ម៉ាស់ហ៊ុន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ស្មាត ដែល​ជាអ្នក​ឧបត្ថម្ភ​ការប្រគំ​តន្ត្រី​សប្បុ​រ​ស​ធម៌ បាន​មាន​ប្រសា​សន៍ថា ការ​ចូលរួម​ជួយ​សង្គម​ក្នុង​វិ​ស័យ​អប់រំ គឺជាកម្ម​វិធី​អាទិភាព របស់​ស្មាត​ហើយការ​ចូលរួម​រ​បស់​ស្មាត ក្នុងការ​ប្រគំ​តន្ត្រី​សប្បុ​រស​ធម៌​មិត្តយើង​នេះ ក៏ជាឪកាស​មួយដែរ​ក្នុងការជួយ​ដល់ការអប់​រំ​កម្ពុជា។ លោក​បន្តថា «យើង​ជឿជាក់​ថាការ​លើក​កំពស់​វិស័យ​អប់​រំ ដល់​យុវ​ជន​កម្ពុជា នឹងជួយ​ឲ្យពួកគេ​ទទួល​បាននូវ​ឪកាស​ការងារ​ដ៏ល្អ​ និងជីវិត​កាន់តែ​ប្រសើរ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative