រយៈពេល៨ខែ អាជ្ជាធរ​បណ្តេញ​ជនជាតិ​វៀត​ណាម​ខុស​ច្បាប់ ជាង​១៥០០​នាក់​​ពី​កម្ពុជា

នៅក្នុង​រយៈពេល៨ខែ​ ឆ្នាំ​២០១៥ មានជន​ជាតិ​វៀត​ណាម លួចឆ្លង​ដែន​រស់នៅ និងធ្វើ​ការ​ដោយខុស​ច្បាប់ ចំនួន ១៥៣៣​ នាក់ ត្រូវបាន​​អាជ្ញាធរ​​កម្ពុជា បណ្តេញ​​ចេញទៅ​​ប្រទេស​​របស់​​ពួកគេ​​វិញ ។ 

1លោក អ៊ុក ហៃ​សិឡា​ ប្រធាន​​នាយក​ដ្ឋាន​​ស៊ើប​អង្កេត និង​​អនុវត្ត​​និតិ​វិធី​​នៃ​អគ្គនា​យក​ដ្ឋា​ន​​អន្តោ​ប្រវេសន៍​​កម្ពុជា បាន​ឲ្យដឹង​ថា​ក្នុង​រយៈ​ពេល៨​ខែ​ឆ្នាំ​២០១៥​នេះ អគ្គ​នាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍​​នៃ​ក្រសួង​មហា​ផ្ទៃ បាន​​បណ្តេញ ជនជាតិ​​វៀត​ណាម​​ចំនួន​ ១៥៣៣​នាក់ ក្នុងនោះ​​ស្រី​២១៣​នាក់ ចេញពី​​ប្រទេស​​កម្ពុ ជា។ លោក អ៊ុក ហៃ​សិឡា បាន​បន្ត​​ថា ជន​អន្តោ​ប្រវេសន៍​​ទាំងនេះ គឺ​បានមក​​រស់នៅ និង​ធ្វើការ​​ដោយ​ខុស​ច្បាប់ នៅតាម​​ការដ្ឋាន​​សំណង់ សិប្បកម្ម​​ធ្វើ​តុទូ កាត់​​កញ្ចក់ និង​ខ្លះ​​ក៏​រកស៊ី​​ដោយ​ខ្លួន​ឯង​​ដែរ ដូចជា​​អូស​រទេះ​​លក់​​អ៊ី​វ៉ាន់ និង​​អេតចាយ​​ជាដើម។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បើ​គិតតែ​ក្នុង​ខែសីហា​នេះ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ២៧០នាក់ ត្រូវបាន​អាជ្ញាធរ​រកឃើញ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​​ចំនួន​២៥០​នាក់​។  នៅក្នុង​ខែសីហា​ នេះដែរមាន​ជន ជាតិ​វៀតណាម​ចំនួន១២៩នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុង​នោះ​​មាន​​ស្រី​៣២នាក់។

រយៈពេល​ជាង១ ឆ្នាំ​មក​នេះ  អាជ្ញាធរ​​រក​ឃើញ​​ជន​អន្តោ​ប្រវេសន៍​​ខុសច្បាប់​​នៅ​​កម្ពុជា ​ចំនួន​៣,០២១​នាក់ រួមមាន​៤៦​សញ្ជាតិ​ ក្នុងនោះ​​ស្រី​ចំនួន​៥០០​នាក់។  ប៉ុន្តែ​​បើ​រាប់​​តែ​ជន​ជាតិ​វៀត​ណាម មាន​ចំនួន​២៥៩២​នាក់ ក្នុងនោះ​​ស្រី​ចំនួន​៤៥៨​នាក់។

ពាក់ព័ន្ធ​នឹង​​ប្រតិបត្តិ​ការ​ តាម​​ស្វែង​រក​​ជន​អន្តោ​ប្រវេសន៍ លោក អ៊ុក ហៃ​សិឡា បាន​​អំពាវ​នាវ​​ដល់​​ប្រជា​ពល​រដ្ឋ ឲ្យ​​ជួយ​​សហ​ការ​​ជាមួយ​​សមត្ថ​កិច្ច ក្នុងការ​​ឃាត់​ខ្លួន​​ជនអន្តោ​ប្រវេសន៍ ដែល​លួច​​មក​ស្នាក់​នៅ និង​​រកស៊ី​​ដោយ​​ខុសច្បាប់​​នៅ​​កម្ពុជា​។ នាយកដ្ឋាន​​អន្តោ​ប្រវេសន៍ ក៏​​អំពា​វនាវ ទៅដល់​​ម្ចាស់​​រោង​ចក្រ សហ​គ្រាស និង​​សិប្ប​កម្ម ឲ្យ​ប្រើ​ប្រាស់​​កម្លាំ​ង​​ក្នុង​ស្រុក​​ឲ្យ​អស់​​លទ្ធភាព មុននឹង​​សម្រេច​ចិត្ត​​ជួល​​កម្មករ​​ជំនាញ​​ពី​​បរទេស និង​​កុំ​ជួល​​កម្លាំង​​ពលកម្ម​​ខុស​ច្បាប់ ត្រូវ​ឲ្យ​​ពួកគាត់​​បំពេញ​បែបបទ​​ស្រប​តាម​​ច្បាប់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative