AEC នឹង​មាន​ផលប៉ះ​ពាល់ខ្លាំង​ដល់​ផលិត​កម្ម​ក្នុង​ស្រុក

សហ​គ​មន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែល​នឹងធ្វើ​សមាហរណ​កម្ម​នៅចុង​​ឆ្នាំ​នេះ​​​នឹង​មាន​ផល​ប៉ះ​ពា​ល់ខ្លាំង​ដល់ផលិត​កម្មក្នុងស្រុក ប្រសិន​ជាពួកគេ​មិនពង្រឹង​​គុណ​ភាព​​ផលិត​ផល​​របស់​​ពួកគេ និងមិន​មានការ​ជួយជ្រោម​ជ្រែង​លើកទឹក​ចិត្ត​ពី​រដ្ឋា​​ភិបាល​​ទេ​​​នោះ។

1លោកផល សុជាតិ អគ្គលេខា​ធិការ​រងនៃ​គណៈ​កម្មា​ធិការ​​ជាតិ ភូមិមួយ​​ផលិត​​ផល ​មួយបាន​ថ្លែងឲ្យ​ដឹង បន្ទាប់​ពី​ពេល​លោក​ ចូលរួម​ទស្សនា​និង​សិក្សា​ស្វែង​​យល់ពី​​ការ​តាំង​ពិព៌ណ TOP THAI BRANDS នៅ​ទីក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ​ ​កាល​​ពី​ដើម​ សប្តាហ៍​នេះថា ប្រសិនជា​សិប្បកម្ម​ក្នុងស្រុក​​មិនកែ​សម្រួល​ និង​ពង្រឹង​​គុណ​ភាព​​ផលិត​ភាពរបស់​ខ្លួនពួកគេ​អាចនឹង​ធ្វើឲ្យ​ ផលិត​ក្នុង​ស្រុក​របស់​យើង​​ថម​ថយ​ និង​​បាត់បង់​ចំណែក​ទីផ្សារ នៅពេល​មានការ​ហូរចូល​ដោយសេរី​នូវទំនិញ និង​​សេវា​​កម្មពី​ ប្រទេស​ក្នុង​តំបន់។

លោកបន្តថា “ការពង្រឹង​គុណភាព​ផលិតផល និងការ​ពង្រឹង​គុណភាព​នៃ​ការ​​ផលិត​គឺជាកត្តា​ចំបង ដែល​ផលិត​ករ​ក្នុង​ស្រុក​ របស់​យើងត្រូវ​តែយកចិត្ត​ទុកដាក់ ដើ​ម្បីធ្វើ​យ៉ាងណា ឲ្យផលិត​ផល​ក្នុងស្រុក​របស់​យើងអាច​ពង្រីកទីផ្សារ និង​អាច​ប្រ​កួ​ត​​ប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ”។ លោកបន្ត​ថា “ពិព៌ណ​TOP THAI ​BRANDS​​​ ជា​ឱកាស​​មួយដែល​រដ្ឋា​ភិបាល​ថៃ ផ្តល់​ឱ​កាស​ ឲ្យ​ផលិតករ​ក្នុងស្រុក​​របស់​​គាត់ មាន​ឱ​កាស​បង្ហាញ​ផលិត​ផល​របស់​គាត់នៅ​លើទីផ្សារ និង​បង្កើត​ឱកាស​​ឲ្យផលិត​ករ​​រប​ស់​ គាត់​ បានជួប​ជាមួយ​អ្នកវិនិយោគ​បរទេស ដែលអាច​សហការ​គ្នា​ដើម្បី​​ពង្រីក​​ផលិត​​កម្ម​​ក្នុង​ស្រុក​របស់​ថៃ”។

លោកផល សុជាតិ បានបន្ត​ថា រដ្ឋា​ភិបាល​កម្ពុជា​​គួរតែ​ជំរុញ​ផលិត​​កម្ម​ក្នុង​ស្រុក​ឲ្យ​បាន​រ៉ឹងមាំ តាម​រយៈ​ការលើក​កំពស់ សមត្ថ​ ភាព បច្ចេក​ទេស​ផលិត ព្រោះ​គុណភាព​​ផលិត​ផល​ក្នុង​ស្រុក​របស់​យើង នៅ​មាន​កម្រិត និង​ទីផ្សារ​កាន់តែ​​មានភាព​​ប្រ​កួត​​ប្រជែង ដូច្នេះ​ការលើក​ទឹកចិត្ត​ឲ្យមានការ​រៀបចំ​ពិព៌ណ​ក្នុង​ស្រុក​ធំៗ ដើម្បី​ផ្តល់​ឱ​កាស​ឲ្យអ្នក​ផលិត​ក្នុងស្រុក មាន​ឱកាស​ បង្ហាញ​ផលិត​​ផល​របស់​​ពួកគេ រដ្ឋាភិបា​ល​​ត្រូវតែ​ធ្វើដោយ​ខានមិន​បាន បើពុំនោះ​ទេផលិត​ផលក្នុង​ស្រុក​​របស់​​យើង​នឹង​បាត់​​បង់​​ពី​ទីផ្សារ ក្រោយពេល​សមាហរណ​កម្ម​​សេដ្ឋកិច្ច​នៅ​ចុងឆ្នាំ​​នេះ។

លោកបន្តថា គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ១ ផលិត​​ផល១​ បាន​បង្កើត​ទ្បើ​ង​តាំងពីឆ្នាំ​២០០៦ ប៉ុន្តែ​មិនសូវ​មាន​សកម្ម​ភាព​ ជា​ដុំកំភួន​នោះទេ ដោយសារ​កត្តាមួ​យ​ចំនួន ដូចជា ទី១ កង្វះ​ការ​សហការ​គ្នាពី​ក្រសួង​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ឋ​នៅ​មាន​ កម្រិត មិន​សូវមាន​ការ​សហការ​គ្នា​ល្អ ទី២ ចលនា​ភូមិមួយ​ផលិត​ផល​មួយ ទាម​ទារ​ការចាប់​ផ្តើម​នៅ​សហគមន៍​មូលដ្ឋាន ប៉ុន្តែ​អាជ្ញា​ធរ​មូលដ្ឋាន​មិនសូវ​មានឆន្ទៈ​ចូ​លរួម​ក្នុងការ​ដឹកនាំ​នោះទេ ទី៣ គ្មាន​ការគាំទ្រ​ជាកញ្ចប់​ថវិកា​ឲ្យបាន​គ្រប់គ្រាន់​ពី​រដ្ឋា​ ភិ​បាល និង​គ្មាន​ការលើក​ទឹកចិត្ត​ពីរដ្ឋា​ភិបាល​ជាដើម។

លោក ហូ វណ្ឌី ទីប្រឹក្សា​សភា​ពាណិជ្ជ​កម្ម​កម្ពុជា និងជា​ប្រធាន​ប្រតិ​ភូ​ដឹក​នាំ​​អ្នក​ធុរកិច្ច ចូលរួម​ពិព៌ណ​នេះផង​ដែរបាន​ថ្លែងថា​ ប្រសិន​ជារដ្ឋា​ភិបាល និង​ផលិតក​រ​ក្នុង​ស្រុក​មិនលើក​ទឹកចិត្ត និងមិន​ពង្រឹង​គុណភាព​ផលិត​ផល​របស់​ខ្លួន ផលិត​ផល​​ខ្មែរ​​នឹង​ បាត់​បង់​អត្តសញ្ញាណ​នៅលើ​ទីផ្សារ​នាពេល​ខាងមុខ​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative