ប្រកាស​ចាប់​​ឃាត់​ខ្លួន​​ដោយ​​គ្មាន​​ការលើក​លែង ​ចំពោះ​​អ្នក​បើក​បរ​​ណា​​មិន​​គោរព​​ច្បាប់​​ចរា​ចរណ៍

លោក ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នង​ការ​ដ្ឋាន​​​​នគរ​​បាល​​ជាតិ ក្រសួង​មហា​ផ្ទៃ​ បានលើក​ឡើង​ថា​​នឹង​បង្កើន​​ការចាប់​​ឃុំខ្លួន ការ​ចាប់​​​ផាក​​ពិន័យ​​​ដោយ​គ្មាន​​ការលើក​លែង ចំពោះ​​បណ្តា​​អ្នកបើក​បរ​ណា ដែល​​មិន​មាន​ការ​​រាង​ចាល​​​ល្មើស​​ និង​​មិន​គោរព​​ច្បាប់​​ចរា​ចរណ៍​​នៅតាម​​ដង​ផ្លូវ​។

3ថ្លែង​នៅក្នុង​ឱកាស​ចុះ​​ណែនាំ​​មន្ត្រី​​នគរ​បាល​​​ពី​​ការ​គោរព​​ច្បាប់​​ចរា​ចរណ៍ និង​បើក​​ឲ្យ​ដំណើរ​ការ​ប្រើ​ប្រាស់​​រថយន្ត​​ប្រដេញ​ ២៥​គ្រឿង ដែល​​ផ្តល់​​​ដោយ​​​អគ្គ​ស្នង​​ការ​​​នគ​រ​បាល​​​ជាតិ កាលពី​​​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៥ នៅ​​សង្កាត់​​ព្រែក​​ឯង ខណ្ឌ​​ច្បារ​អំពៅ លោក ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា បាន​ឲ្យ​​ដឹងថា​​គោលដៅ​​ដែល​នគរ​បាល​​ចរាចរ​ណ៍​​ត្រូវធ្វើ​ការ​ឃាត់ខ្លួន​​ចំពោះ​​អ្នក​ធ្វើ​ដំណើរ​​នៅតាម​​ដង​ផ្លូវ​នោះ គឺមាន​​អ្នកបើកបរ​​មាន​ជាតិ​​ស្រវឹង បើកបរ​​យាន​​យន្ត​​​​អត់​​ស្លាក​​លេខ ការពាក់​​ស្លាក​លេខ ក្លែង​ក្លាយ​ អ្នក​អត់​​មាន​​ប័ណ្ណ​បើកបរ អ្នក​អត់​​មាន​ប័ណ្ណ​​សំគាល់​​យានយន្ត និង​ការ​បើកបរ​​ខុស​បច្ចេកទេស​​ជាច្រើន​ទៀត រួមទាំង​​ការជេរ​ប្រមាថ​​មកលើ​​នគរ​បាល​​ផងដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា បន្តថា នៅ​​ខណៈ​​នេះ​​ជា​អំឡុង​​ពេល​ដែល ច្បាប់​​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី បាន​នឹង​​កំពុង​​ធ្វើ​ផ្សព្វផ្សាយ​​ឲ្យ​មហាជន​​បាន​ជ្រាប ហើយ​​នៅក្នុង​​អំឡុង​ពេល​អន្តរ​​កាល​​នេះ នគរបាល​​ចរា​ចរណ៍​​បាន​នឹង​​កំពុង​​អនុវត្ត​​ច្បាប់​​ចរា​ចរណ៍​​ចាស់។ នៅពេលដែល​​ច្បាប់​​ចរា​ចរណ៍​​ថ្មី​ប្រកាស​​អនុវត្ត​​ជា​ផ្លូវ​ការ​នៅ​​ថ្ងៃទី១ ខែមករា ឆ្នាំ​២០១៦​ខាងមុខ​នេះ នគរបាល​​ចរា​ចរណ៍​​នឹង​ធ្វើការ​​រឹតបណ្តឹង​​ឲ្យ​អ្នក​ធ្វើដំណើរ ទាំងអស់​​គោរព​​ច្បាប់​​ចរា​ចរណ៍ តាមរយៈ​​ការចាត់​​ឲ្យ​កង​កម្លាំង​​នគរបាល​​ចរា​ចរណ៍​​ចុះ​ធ្វើ​​សកម្មភាព​​ជាប់ ជាប្រចាំ​​នៅតាម​​ដងផ្លូវ​​ដោយមាន​​ការដាក់​​រថយន្ត​​នគរបាល​​ប្រដេញ​​តាម​ឃាត់​​អ្នក​ល្មើស​ច្បាប់​ ការចាប់​​ឃាត់​ខ្លូន​​ដាក់​ឃុំ​​បណ្តោះ​អាសន្ន និង​ការដាក់​​ល្បាត​រឹត​បណ្តឹង​​ច្បាប់​​ចរា​ចរណ៍​​នៅតាម​ដង​ផ្លូវ​ជាតិ​សំខាន់ៗ​មានដូចជា​ នៅតាម​​ដងផ្លូវ​ជាតិ​​លេខ១ លេខ៤ លេខ​៥ជាដើម ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative