ប្រធានមន្ទីរ​សុខាភិ​បាល​រាជធានី​ភ្នំពេញ​ ជំរុញ​ឲ្យឆ្មប​ជាប់​ឆ្នោត​អណ្ណត្តិ​ថ្មី​ពង្រឹង​ក្រម​សីលធម៌

ប្រធានមន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​ឲ្យគណៈឆ្មប​ដែលជាប់​ឆ្នោត​អណ្ណត្តិ​ទី២ ត្រូវត្រួត​ពិនិត្យ​ឆ្មបអនុវត្ត​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​របស់ខ្លួន ឲ្យបាន​​ម៉ឺង​ម៉ាត់ ហើយ​បើមាន​ឆ្មបណា​ម្នាក់ការ​អនុវត្ត​នៅមិន​ទាន់បាន​ល្អទេ គួរ​ឲ្យគាត់​ចូល​រៀនបន្ថែម​ដើម្បី​កុំប៉ះ​ពាល់​ដល់កិត្តិ​យស​ឆ្មប​ជាច្រើន​ផ្សេងទៀត ដែលបាន​នឹង​កំពុង​អនុវត្តល្អ​ទៅហើយ​នោះ  ។    

13លោកវេជ្ជបណ្ឌិត សុខ សុគន្ធ បានមាន​ប្រសាសន៍​នៅក្នុង​ពិធី​បោះឆ្នោត​និងប្រកាស​ទទួល​ស្គាល់​ក្រុម​ប្រឹក្សា​គណៈ​ឆ្នប​រាជ​ធានី អាណត្តិទី២ កាលពីថ្ងៃ​ទី២៧ សីហា មន្ទីរ​សុខា​ភិបាល​ថា កន្លង​មកបើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ឆ្មប ជាច្រើន​បាន​ខឹតខំ​បំពេញ​តួនាទី​របស់​ខ្លួន ក្នុងការ​ជួយបង្កើត​បុត្រ​ដល់ស្ត្រី ដែលគ្រប់​ខែឆ្លង​ទន្លេ ប្រកប​ដោយក្ដី​ស្មោះត្រង់ ក្នុងកិច្ចការ​របស់​ខ្លួន មិនថា​យប់ ឬថ្ងៃ​យ៉ាងណា​ក៏ដោយ ក៏នៅ​តែមានការ​លេច​ឡើងនូវ​ពាក្យថ្នាំង​ថ្នាក់​ពីមាត់ ប្រជាពល​រដ្ឋ ខ្លះៗ ទាក់​ទងទៅនឹង​ ​ពេទ្យ​ឆ្មប មួយចំនួន​តូច នៅតែ​អនុវត្តនូវ​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​ខ្លួនមិន ទាន់បាន​ល្អនៅ​ឡើយ។

លោកប្រធានមន្ទីរសុខា​ភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​ឲ្យក្រុម​ប្រឹក្សា​គណៈ​ឆ្មបរាជ​ធានី​ភ្នំពេញ អណ្ណតិទី២ បាន​ជម្រុញ​ឲ្យគណៈ​ឆ្មប​ដែលទើប​ជាប់​ឆ្នោត​អណ្ណត្តិ​ទី២​នេះ ត្រូវត្រួត​ពិនិត្យ​ចំពោះ​ឆ្មបទាំង​ឡាយណា​ដែល​អនុវត្ត​នូវក្រម​សីលធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន មិនទាន់​បានល្អ ត្រូវឲ្យ​ចូលរៀន​ក្នុងវគ្គ​បណ្ដុះ​បណ្ដាល​ឆ្មបឡើង​វិញ ដើម្បីកុំ​ប៉ះពាល់​ដល់កិត្តិ​យស​ឆ្មបជា​ច្រើនផ្សេង​ទៀត ដែលបាន​នឹង​កំពុង​​អនុវត្ត​ល្អទៅហើយ​នោះ។

លោកប្រធានមន្ទីរសុខាភិបាល​រាជធានី​ភ្នំពេញ បាន​រំលឹក​ទៀតថា​ ​ ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា កន្លង​មកតែង​បាន​ជម្រុញ​ឲ្យក្រសួង​សុខា​ភិបាល​យកចិត្ត​ទុកដាក់​បំផុត ចំពោះ​ពលរដ្ឋ​​ក្រីក្រ និងស្ត្រី​ដែលឆ្លង​ទន្លេ​នេះបើក្រីក្រ​ពិតប្រាកដ គឺមិន​ត្រូវបាន​បង់​ប្រាក់​នោះឡើយ ហើយ​ក៏ត្រូវតែ​គិតគូរ​ជួយឧបត្ថម្ភ​ដល់ពួក​គាត់ថែម​ទៀតផងដែរ។

លោកស្រី អ៊ឹង ដារ៉ា ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​ឆ្មប​កម្ពុជា បាន​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​គណៈ​ឆ្មប កម្ពុជា​​ពិត​ជាមាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការបង្ហាញ​ពីសមត្ថ​ភាពទាក់​ទងទៅ និង​ការ​ត្រួត​ពិនិត្យ ចំពោះ​ឆ្មបទាំង​អស់ ថាតើ​កន្លង​មក និង​តទៅ​មុខទៀត ​ឆ្មបនៅតាម​មណ្ឌល​សុខភាព ​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស បាន​បំពេញតួ​នាទី​របស់​ខ្លួនបាន​ត្រឹមត្រូវ​ហើយឬនៅ ​ហើយ​បើ​អនុវត្ត​មិនទាន់​បាន​ល្អនោះ គណៈ​ឆ្មបកម្ពុជា​នឹងត្រូវ​តែហ៊ាន​បំពេញ​នូវតួនាទី​របស់ខ្លួន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative