ក្រសួងមហា​ផ្ទៃ​ មាន​​វិធាន​​ការ​តឹង​រ៉ឹង​​ដើម្បី​​ទប់​ស្កាត់​​ឱសថ ​និង​​សេវា​កម្ម​​សុខា​ភិបាល​​ខុស​ច្បាប់​

មន្ត្រីជាន់ខ្ពស់​​ក្រសួង​មហា​ផ្ទៃ​ បាន​​ធ្វើ​ការ​ណែនាំ​​ដល់​អាជ្ញា​​ធរ​មាន​​សមត្ថកិច្ច​​ជំនាញ ត្រូវតែ​​ពង្រឹង​​ការ​គ្រប់​គ្រង​​គុណ​ភាព​​ឱសថ ​ត្រួត​ពិនិត្យ​​សេវា​កម្ម​​សុខា​ភិបាល​​ឯក​ជន ដើម្បី​​មាន​​វិធាន​ការ​​ទប់ស្កាត់​​ការធ្វើ​​ចរា​ចរ​​ផលិត​ផល​​សុខា​ភិបាល​​ខុស​ច្បាប់ កន្លែង​​បើ​ក​សេវាកម្ម​​សុខាភិបាល​​ជាដើម ។​

15លោកមៀ​ច សុផាន់​ណា អនុរដ្ឋ​លេខា​ធិការ ក្រសួង​មហា​ផ្ទៃ​ បា​ន​​ថ្លែង​​បែប​នេះ​​កាលពី​ ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ នៅ​​សាល​​ប្រជុំ​​សាលា​ខេត្ត​​កំពង់ស្ពឺ ដើម្បី​​ធ្វើការ​​ផ្សព្វ​ផ្សាយ​​ដល់​​សមត្ថកិច្ច​​ជំនាញ និង​​អាជ្ញាធរ​​ដែល​​មាន​ការ​​ពា​ក់​​ព័ន្ធ​​ត្រូវ​​ចូលរួម​​ទាំង​អស់គ្នា ក្នុង​ការ​​ទប់ស្កាត់​​ការ​ធ្វើ​​ចរា​ចរ​ឱសថ​​ខុសច្បាប់ ការ​បើ​ក​​ធ្វើ​​បំរើ​​​សេវា​កម្ម​ព្យា​បាល​​​គ្មាន​​ច្បាប់​​អនុញ្ញាតិ​​ពី​ក្រសួង ។

លោក​បានបន្ត​ថា« ការ​រឹត​​បណ្តឹង​​នេះ ក្នុង​គោល​បំណង​​លុបបំបាត់​​ការធ្វើ​​ចរា​ចរ​ឱសថ​​ខុស​ច្បាប់ គ្មាន​​គុណ​ភាព ដែល​នាំ​​មានការ​​ប៉ះពាល់ និង​​គ្រោះថ្នាក់​​យ៉ាង​ធ្ងន់​​ទៅដល់​​សុខភាព​​ប្រជាពល​រដ្ឋ»។លោក​បន្ថែម​​ថា ​មន្ត្រី​​ជំនាញ​​ជា​អ្នក​​អនុវត្តន៍​​ច្បាប់ ព្រម​ទាំង​​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​​គ្រប់​លំ​ដាប់​ថ្នាក់​​​ត្រូវតែ​​យកចិត្ត​ទុកដាក់​​ពី​បញ្ហា​​នេះ ត្រូវ​ចុះ​​តាម​ដាន និង​​ត្រួត​ពិនិត្យ​​ជាប្រចាំ​​ឱសថ​ស្ថាន​​ឯកជន​​នានា និង​កន្លែង​​បើក​សេវា​កម្ម​​សុខា​ភិ​បាល​​ផងដែរ ។​

ក្នុងការទប់ស្កាត់បញ្ហា​ឱសថ​ក្លែង​ក្លាយនេះ​កាល ពី​ព្រឹក​​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៤ ក្រសួង​មហាផ្ទៃ​ បាន​ប្រកាស​​សមាស​ភាព គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​​ផលិតផល​​ក្លែង​ក្លាយ ដែល​​បង្ក​​គ្រោះ​ថ្នាក់ មាន​ហា​និភ័យ​​ខ្ពស់ ដល់​​សុខភាព និង​​សុវត្ថិ​ភាព​​សង្គម ។

ដោយសារតែ​​ផលិត​ផល ក្លែង​ក្លាយ បាន​​បង្ក​​គ្រោះ​ថ្នាក់ និង​​មាន​​ហានិភ័យ​​ខ្ពស់ ដល់​​សុខភាព និង​​សុវត្ថិភាព​សង្គម ​ពិសេស​​សុខមាល​ភាព​​ប្រជាពល​រដ្ឋ និង​​ដើម្បី​​ចូលរួម​​ប្រឆាំង សកម្ម​ភាព​​ផលិត​ផល​​ក្លែង​ក្លាយ​​នៅ​កម្ពុជា​ក្រសួង​មហាផ្ទៃ​​បាន​ផ្តល់​​ជា​អនុ​សាសន៍ ០៦ចំណុច​ ដែល​ជា​វិធាន​ការ ប្រឆាំង​​ផលិត​ផល​​ក្លែង​ក្លាយ ។

ក្នុងនោះ​រួមមាន ទី១-អាជ្ញា​​ធរមាន​​សមត្ថកិច្ច គ្រប់​លំដាប់​ថ្នាក់ ត្រូវ​​ចាត់​វិធានការ ប្រឆាំង​​ផលិត​ផល​​ក្លែងក្លាយ និង​​ការ​បែង​ ចែក គឺជា​វិធាន​ការ​​អាទិភាព ក្នុងចំណោម​​អាទិភាព​នានា របស់​​រាជ​រដ្ឋា​ភិបាល ។ ទី២-​ប្រតិបត្តិ​​ការ​បង្ក្រាប និង​​ស៊ើប​អង្កេត បទ​ល្មើស​​ពាក់ព័ន្ធ​​ខាងលើ ត្រូវធ្វើ​ឡើង​យ៉ាង​ម៉ឺងម៉ាត់ យុត្តិធម៌​មិន​​លំអៀង សំដៅ​​ធានា​​ភស្តុតាង​​គ្រប់គ្រាន់ ដើម្បី​​ផ្តន្ទា​​ទ្ទោស​​​ជន​ ឧក្រិដ្ឋ​​ទាំងនោះ ។ ទី៣-ភា្ន​ក់​​ងារ​អនុវត្ត​​ច្បាប់ ត្រូវ​​ធានា​​ឲ្យ​បាន​​នូវ​​ភស្តុតាង និង​​ជៀស​វាង​​ដាច់ខាត រាល់​​ការ​សម្រប​សម្រួល​ ក្រៅ​​ប្រព័ន្ធ​​ណាមួយ ដែល​ធ្វើ​ឲ្យ​​ជនល្មើស​​រួច​ពី​​សំណាញ់​​ច្បាប់ ។ អាជ្ញា​ធរ​មាន​សមត្ថកិច្ច ដែល​ចូល​រួម​ផ្សំ​គំនិត ត្រូវ​​ទទួល​ពិន័យ ឬ​ផ្តន្ទា​ទោស​តាមច្បាប់ ។ ទី៤-​បណ្តា​​រាជធានី​​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​​ត្រៀម​លក្ខណៈ ចូលរួម​ក្នុង​ការ​​ផ្សព្វ​ផ្សាយ ឲ្យ​​បាន​ទូ​លំ​ទូលាយ នូវ​​យុទ្ធនា​​ការប្រឆាំង​​ផលិត​ផល​​ក្លែង​ក្លាយ ធ្វើ​យ៉ាង​ណា​​ឲ្យ​ប្រជាពល​រដ្ឋ បាន​យល់​ច្បាស់​​អំពី​​ផលប៉ះ​ពាល់​ នៃ​ការ​ប្រើប្រាស់​​ផលិតផល​​ក្លែងក្លាយ ។ ទី៥-មន្ត្រី​​អនុវត្ត​​ច្បាប់ ពាក់ព័ន្ធ​​នានា ក៏ត្រូវ​​មានការ​​បណ្តុះ​បណ្តាល បង្កើន​សមត្ថ​ភាព​​ចំណេះ​ដឹង​អំពី​​មុខជំនាញ​​របស់​​ខ្លួន​ស្រប​តាម​​ការរីក​ចម្រើន នៃ​សាកល​​ភា​វូ​​នីយកម្ម​ និង​ទី​៦- គណៈ​បញ្ជា​ការ​​ឯកភាព​រាជ​ធានី​ ខេត្ត ត្រូវ​​ប្រមូល​ផ្តុំ​នូវ​​សកម្ម​ភាព ប្រយុទ្ធ​​ប្រឆាំ​ងនឹង​​ផលិត​ផល​​ក្លែង​ក្លាយ និង​​រាយ​ការណ៍ នៅក្នុង​​ដែន​​សមត្ថកិច្ច​​របស់​ខ្លួន​ជូន​​គណៈ​ក​ម្មាធិការ ព្រមទាំង​​ទទួល​​អនុវត្ត​​គោល​នយោបាយ និង​​វិធាន​​ការបន្ត។ ដែល​ការ​ទទួល​បាន​ជោគ​ជ័យ គឺ​ត្រូវ​មាន​ការ​ចូល​រួម​សហកា​រ​គ្នា​​ល្អ ទាំង​ក្នុង​ប្រទេស​ក្នុង​​តំបន់ និង​​សកល​លោក​​ទាំងមូល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative