ណាហ្គាវើល ប្រគល់​រង្វាន់​ដល់​សិស្ស​ជ័យ​លាភី​២៩នាក់ ក្នុងកម្ម​វិធី​ប្រឡង​ប្រកប​ពាក្យ​ភាសាអង់គ្លេស

ក្រុមស័្មគ្រចិត្ត​ណាហ្គាវើល​បេះដូង​សប្បុរស កាលពី​ពេលថ្មីៗ​នេះ បាន​ប្រគល់​រង្វាន់​ថវិកា​ដល់​សិស្ស​ចំនួន ២៩​នាក់ ដែល​ទទួល បាន​ជ័យលាភី ក្នុងកម្ម​វិ​ធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស នៅសាលា​បឋម​សិក្សា​អង្គជុំ ស្ថិត​ក្នុង​ឃុំខ្វាវ ស្រុក​សំរោង ខេត្ត​តាកែវ។

3កម្មវិធីប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស បានធ្វើ​នៅថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​២០១៥​ ដោយ​មាន​​សិស្សា​​នុសិស្ស​​ចំនួន ៩១៥​​នាក់​ មក​ពី​សាលា​​បឋម​​សិក្សា​​ចំនួន​​៤ ដែលបាន​​ចូលរួម​​ប្រកួត​​នៅក្នុង​​កម្មវិធី​​នេះ។

លោក​ James Ma នា​យក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង​ការងារ​សង្គម​​ណាហ្គាវើល​​បាន​មាន​ប្រសាសន៍​​ថា កម្មវិធី​ប្រឡង​ ប្រកប ពាក្យ​ភាសា​អង់​គ្លេស គឺជា​កម្មវិធី​មួយក្នុង​ចំណោម​កម្ម​វិធី​ជា​ច្រើន ដែល​ណាហ្គាវើល​បេះដូង​សប្បុរស បានផ្តួច​ផ្តើម​បង្កើត​​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​កុមារ​ឲ្យខិតខំ​រៀន​សូត្រ​ភាសា​អន្តរ​ជាតិ​មួយនេះ​។  គោល​បំណង​នៃកម្ម​វិធី​នេះ គឺដើម្បី​ចូល​រួម​ចំណែក ក្នុងការ​អភិវឌ្ឍន៍​ស្តង់ដា​ភាសា​អង់គ្លេស ក្នុង​ចំណោម​កុមារ​កម្ពុជា​នៅតាម​បណ្តា​ខេត្ត។

លោកបានបន្តថា ដោយ​មាន​ភាព​ជោគ​ជ័យ​នៃការ​អនុវត្តន៍​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស នៅក្នុង​ខេត្ត​ព្រៃវែង និង ​ខេត្ត​កំពង់ស្ពឺ យើងបាន​ពង្រី​ក​កម្មវិធី​នេះទៅ​ខេត្ត​តាកែវ ដោយ​មានការ​ចូលរួម​ពីសាលា​បឋម​សិក្សា ចំនួន​៤ដោយ​មាន​ សិស្សា​នុសិស្ស​ចំនួន ៩១៥នាក់ ដែលបាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុងកម្ម​វិធីនេះ។

លោកបានបន្ថែម​ទៀត​ថា ជាលទ្ធផល​មានសិស្ស​ចំនួន​២៩​នាក់ ដែលបាន​ទទួល​ជ័យលាភី នៅក្នុង​កម្មវិធី​ប្រឡង ប្រកប​ពាក្យ ភាសា​អង់គ្លេស​នេះ។  រង្វាន់​លេខមួយ​បានទៅ​សិស្ស​ឈ្មោះ យឹម យ៉ាណែត ថ្នាក់ទី​៦ “គ” មកពី​សាលា​អង្គជុំ ដែល​ទទូល​ បាន​ ៩៤ពិន្ទុ។  នាងបាន​ទទួល​រង្វាន់​ជាទឹក​ប្រាក់​ចំនួន ១២០.០០០,០០​រៀល និងប័ណ្ណ​សរសើរ​ផងដែរ។​ អ្នក​ទទួល​បាន​ជ័យ​លាភី ទាំងអស់​បានទទួល​ប្រាក់​រង្វាន់ និង​ប័ណ្ណ​សរសើរ​ក្នុងការ​ទទួល​ស្គាល់នូវ​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។

យើងសង្ឃឹមថា សិស្សានុ​សិស្ស​ដែលមិន​បានទទួល​រង្វាន់ នៅពេល​នេះនឹង​ខិតខំ​រៀន​សូត្រ បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​រង្វាន់ នៅ​ពេល​អនាគត។  រហូតមក​ដល់​ពេល​នេះ កុមារ​កម្ពុជា​ជាង២,២០៩​នាក់ នៅក្នុង​ខេត្ត​ព្រៃវែង ខេត្ត​កំពង់ស្ពឺ និង​ខេត្តតាកែវ ដែល​ទទួល​បានផល​ប្រយោជ​ន៍ពីកម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​របស់​យើង។ ដោយមាន​ភាព​ ជោគ​ជ័យ​ នៃការ អនុវត្តន៍​កម្មវិធី​នេះ និង​មានការ​ស្នើសុំ​ពីលោក​គ្រូ​អ្នកគ្រូ និង​សិស្សានុ​សិស្ស​ផងនោះ យើងនឹង​បន្តកម្ម​​វិធីនេះ​ក្នុង​ខេត្តផ្សេងៗ​ ទៀត”។

លោក អ៊ុក សាមឿន នាយក​សាលាបឋម​សិក្សា​អង្គជុំ​ បានមាន​ប្រសាសន៍​ថា យើងសូម​អរគុណ​ដល់ណាហ្គា​វើល បេះដូង​សប្បុរស សម្រាប់​ការផ្តួចផ្តើម​បង្កើតកម្មវិធី​ប្រឡង​ប្រកបពាក្យ​សម្រាប់​សិស្សរបស់​យើង។ វាគឺជាកម្ម​វិធីដ៏ល្អ មួយ​សម្រាប់​សិស្សរបស់​យើងដើម្បី​រៀនសូត្រ​ភាសា​អង់គ្លេស។ លោកសូម​សរសើរ នូវរាល់​សកម្មភាព ដែល​ណាហ្គា​វើល​បេះដូង​សប្បុ​រស​ បានធ្វើ​សម្រាប់​សហគមន៍​របស់យើង។​ ណាហ្គាវើល​បេះដូង​សប្បុរស មិនត្រឹម​តែបាន ផ្តល់​កម្មវិធី​អប់រំ បន្ថែម​សម្រាប់​កុមារកម្ពុជា​រ​បស់យើង​ប៉ុណ្ណោះ​នោះទេ ហើយថែម​ទាំងបាន​ផ្តល់សម្ភារ​សិក្សា ជាច្រើន​ដើម្បី​លើកទឹក​ចិត្ត កុមារ​ឲ្យខិតខំ​រៀនសូត្រ​ដើម្បី​អនាគតល្អ​ប្រសើរ​របស់​ប្រទេស​កម្ពុជា។ ថ្ងៃនេះពួក​គេបាន ផ្តល់​រង្វាន់​ថវិកា ដល់អ្នក​ទទួល​បានជ័យ​លាភី​ក្នុងការ​ប្រកួត​នេះ។

លោកថាតាមរយៈការចូល​រួមចំណែក​របស់​ណាហ្គាវើលបេះ​ដូងសប្បុរស ​វានឹងផ្តល់​ឱកាស​ដល់​កុមារ​កម្ពុជា នៅតាម​បណ្តា​ ខេត្តដើម្បី​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​មានការ​ផ្លាស់ប្តូរ។ ខ្ញុំសូមសម្តែង​នូវការដឹង​គុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ ណាហ្គាវើល​បេះដូង​ សប្បុរស ម្រាប់ការ​ផ្តួចផ្តើម​បង្កើតកម្មវិធី​លើកទឹកចិត្ត​ជាច្រើន ដែលនឹង​ជួយអភិវឌ្ឍ​ចំណេះ​ដឹង និងភាព​ជឿជាក់​របស់កុមារ។

កុមារី យឹម យ៉ាណែតអ្នកទទួលបាន​ជ័យលាភី​លេខ១​ក្នុងកម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស និងជា​សិស្ស​ថ្នាក់ ទី៦​ “គ”​នៃសាលាបឋម​សិក្សា​អង្គជុំ​បាននិយាយ​ថា “ខ្ញុំរំភើប​ខ្លាំងណាស់ ដែលបានចូល​រួមក្នុងកម្មវិធី ប្រឡង​ប្រកប​ពាក្យ​ ភាសា​អង់គ្លេស ដែលបានរៀប​ចំដោយក្រុម​ហ៊ុន​ណាហ្គាវើល។ កម្មវិធីនេះ​បានជម្រុញ លើកទឹក​ចិត្តខ្ញុំឲ្យ​ពង្រឹង ភាសា​អង់គ្លេស​របស់​ខ្ញុំ។ ឥឡូវនេះខ្ញុំអាច​និយាយ​ភាសាអង់​គ្លេស​បានខ្លះៗ។  ខ្ញុំចេះភាសា​អង់គ្លេស ច្រើន​ជាងមុនបើ​ប្រៀបធៀប​កាលពី​មុន​។ បន្ថែមពីលើ​នេះទៀត នេះគឺជា​លើកទឹមួយ​សម្រាប់ខ្ញុំដែល​ទទួលបាន​ប្រាករង្វាន់។ ទឹកប្រាក់​ចំនួន ១២០.០០០,០០រៀល ​វាគឺជាចំនួន​ទឹកប្រាក់ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែលរូបនាង​ខ្ញុំមិនធ្លាប់​មានពីមុន​មក។ ខ្ញុំនឹងចែក​លុយ​មួយចំនួន​ទៅឲ្យឳពុក​ម្តាយខ្ញុំ និង​មួយចំនួន​ទៀតទុក​សម្រាប់គាំ​ទ្រ​ការសិក្សា​របស់ខ្ញុំ។ ខ្ញុំសូមអរ​គុណ ដល់​ក្រុមហ៊ុន ណាហ្គាវើល​ខ្លាំងណាស់​សម្រាប់​ប្រាក់រង្វាន់នេះ​។ ខ្ញុំសង្ឃឹមថា​ក្រុមហ៊ុនណាហ្គា​វើល នឹងរៀបចំកម្ម​វិធី នេះនាពេល​អនាគត សម្រាប់​ពួកយើង​ទៀត”។

លោក ខៀវ បុត្រ មេឃុំខ្វាវ​បានមានប្រសាសន៍​ថា “តាំងនាម​ឲ្យអាជ្ញាធរ​មូលដ្ឋាន ខ្ញុំសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ក្រុមហ៊ុន​ណាហ្គាវើល​បេះដូង​សប្បុរស សម្រាប់ការ​ចូលរួមចំណែករបស់​ពួកគេ ដើម្បីជួយ​អភិវឌ្ឍ កុមារនៅ​តាមបណ្តា ខេត្ត​។ ការប្រឡងប្រកប​ពាក្យភាសាអង់​គ្លេស គឺជាកម្ម​វិធីមួយដ៏​ល្អដែលនឹង​ជួយលើក ទឹកចិត្ត​កុមារ​ឲ្យខិតខំរៀន​សូត្រ​សម្រាប់ អនាគត​ភ្លឺស្វាង​របស់ពួក​គេ។ ប្រាក់រង្វាន់ដែល​បានប្រគល់​ដោយ ណាហ្គាវើល​បេះដូង សប្បុរស នឹងជួយ​ផ្លាស់ប្តូរ​ ជីវិត​របស់​កុមារនៅ​តាមបណ្តាខេត្ត។

ការចូលរួមចំណែក របស់​ណាហ្គាវើល បេះដូង​សប្បុរស ចំពោះ​សហគមន៍​នឹងមិន​ត្រឹមតែផ្តល់ នូវចំណេះ​ដឹង​សម្រាប់ កុមារ​ប៉ុណ្ណោះ​នោះទេ ថែមទាំង​នឹងធ្វើឲ្យ​សហគមន៍​របស់​យើងមាន​លក្ខណៈ​អន្តរជាតិ​ផងដែរ។ យើងសង្ឃឹម​ ថាណាហ្គាវើល​បេះដូង​សប្បុរស​​នឹងបន្តកម្ម​វិធីនេះ​សម្រាប់កុមារ​របស់​យើងនាពេល​អនាគត”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative