វិញ្ញាសារ​ប្រលង​បាក់ឌុប​នៅឆ្នាំ​នេះ មិន​តឹង​ដូចឆ្នាំ​មុន

លទ្ធផលប្រឡង​នឹង​បិទប្រកាសនៅថ្ងៃទី១៥​ ខែ​កញ្ញា ខាងមុខ វិញ្ញាសារ​ប្រលង​បាក់ឌុប​ដែលទើប​តែប​ញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​២៥ សីហា នេះ​ត្រូវ​បាន​អ្នក​ប្រលង​ជាប់​កាល​ពីឆ្នាំ​មុនអះ​អាងថា​ស្រួល​ជាង​ឆ្នាំទៅ។

1បន្ទាប់ពីប្រលង​បាក់ឌុប​ចប់វិញ្ញា ជាច្រើន​ត្រូវ​បាន​គេ​បង្ហោះ​នៅតាម​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​អ្នក​ប្រលង​ជាប់ កាល​ពីឆ្នាំ​មុនបាន​លើក​ឡើង ថា​វិញ្ញាសារ​ប្រលង​មាន​ភាព​ងាយ​ស្រួលជាង ពោល​គឺមិន​តឹងដូច​កាលពី​ប្រលង​កាលពី​ឆ្នាំទៅ ដែល​ជាការ​ធ្វើកំណែ​ទំរង់​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​មាន​បេក្ខជន​ប្រលង​ជាប់តែ​ប្រមាណ ២៥ ភាគ​រយ​ទេក្នុង​ចំណោម បេក្ខជន​​សរុប​​ចំនួន ៩៣ ៤៥៦​នាក់ ចែក​ចេញ​ជា ១៥៤ មណ្ឌល ក្នុង​​នោះ​ថ្នាក់​​វិទ្យាសាស្ត្រ ១៤០ មណ្ឌល និង​​ថ្នាក់​​វិទ្យាសាស្ត្រ​​​សង្គម ១៤ មណ្ឌល ស្មើ​នឹង ៣ ៧៧៩ បន្ទប់។ ក្នុងនោះ​មាន​បេក្ខជន ចំនួន​១១​នាក់ ជាប់​និទ្ទេស A​ និង​​និទ្ទេស B ៦៨ នាក់។ ចំណែក​ឆ្នាំនេះមាន​បេក្ខជន​ដែលបាន ​ចុះឈ្មោះ​ប្រឡង​ក្រោយ​ពេល​ដក​បេក្ខភាព សរុប​ចំនួន ៨៤ ៩៣០ នាក់​ ស្រី ៤០៩៧២ នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ១៥០ មណ្ឌល ចែក​ចេញ​ជា ៣៤២៧ បន្ទប់។

សំរាប់ឆ្នាំនេះ​ត្រូវបានគេ​រំពឹង​ថា នឹងមាន​ការ​ប្រលង​ជាប់ច្រើន​ជាងឆ្នាំ​មុន​ដោយ​សារ​សិស្ស​ខិតខំ​រៀន និងបាន​ត្រៀម​ខ្លួន​រួច​រាល់​មុន​ដល់ថ្ងៃ​ប្រលង។ ជាងនេះ​ទៀតមុន​ការប្រលង​ក្រសួង​អប់រំ ក៏ដូច​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀប​ចំ​ឲ្យមាន​វគ្គ​បំប៉ន​បន្ថែម ដល់​សិស្ស​ប្រលង​ផងដែរ។ គេរំពឹង​ថា​បេក្ខជន​ជាប់​និទ្ទេសA ប្រហែល​ជាមាន​ច្រើន​ជាងឆ្នាំ​មុនដែរ។

លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ថ្លែង​ហើយ សង្ឃឹម​ជា​មុន​ថា បេក្ខជន​-បេក្ខ​នារី ដែល​ប្រឡង​សញ្ញា​ប​ត្រ​ទុតិយ​ភូមិ ឬបាក់​ឌុប នៅឆ្នាំ​សិក្សា​២០១៥​នេះ នឹងមាន​អត្រា​ជាប់ច្រើន​ជាងឆ្នាំ​២០១៤ ព្រោះ​សិស្ស​ម្នាក់ៗ​បាន បង្ហាញ​ពី​សមត្ថ​ភាព​ពិត​ប្រាកដ។

ការអះអាងរបស់លោក រស់ សាលីន នេះ​ក្រោយ​ពេល​ដែល​បេក្ខ​ជន ចូល​ប្រឡង​ទាំងអស់​មាន​ទឹក​មុខ​ស្វាហាប់ ដែល​បង្ហាញ​ពី​ជំនឿង​ជាក់​លើខ្លួន​ឯងថា ពួកគេ​ប្រឡង​ជាប់​ដោយ​សារ​តែ​សមត្ថ​ភាព​ផ្ទាល់​ដោយ​មិន​មាន ការ​យក​សំណៅ​ឯក​សារ​តាម​ខ្លួន និង​មិន​ចម្លង​ពីអ្នក​ដទៃ ជា​ពិសេស​មាន ការ​យាម​កាម យ៉ាងតឹង​រឹង​បំផុត មិន​ឲ្យ​មាន​ការ​បោះ​ប្រ៊ីយ៉ុង​ពីខាង​ក្រៅ​ចូល​ក្នុង​ថ្នាក់​ប្រឡង​ឡើយ។

អ្នកនាំពាក្យរូបនេះ បា​ន​ប្រាប់​មជ្ឈ​មណ្ឌល​ព័ត៌មាន​ដើម​អម្ពិល នៅព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ថា “ខ្ញុំ​មាន​សុទិដ្ឋិ​ និយម​ថា​ខ្ពស់ជាង​ឆ្នាំទៅ (ប្រឡង​ជាប់​ច្រើន) ដោយ​សារខ្ញុំ​គិត​ទិដ្ឋភាព មុន​ពេល​ប្រឡង​និង ក្នុងពេល​ប្រឡង ។ មុន​ពេល​ប្រឡង​ក្រសួង​ បានធ្វើ​ការ​បណ្តុះ​បណ្តាល គ្រូ​បង្គោល​អំពី​មុខវិជ្ជា​ដែលត្រូវ​បង្រៀន និង​បា​ន​ត្រៀម​មេ​រៀន​សង្ខេប​នូវមុខ​វិជ្ជា​សំខាន់ៗ​មួយ​ចំនួន ហើយ​សិស្ស​ទាំងអស់​បានរៀន ត្រៀម​តាំងពី​ដើមឆ្នាំ​ផងដែរ”។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បានមាន​ប្រសាសន៍ ដោយទទួល​​ស្គាល់​​ថា​​​ដំណើរ​ការប្រលង​នៅឆ្នាំនេះ​សិស្សបាន​ត្រៀមបាន​ល្អមិន​បានយក​សំណៅ​ឯកសារ និង​ទូរស័ព្ទ ចូលដូច​ឆ្នាំមុន​នោះទេ ដែលខុស​ពីឆ្នាំមុន​ការ​ ឆែក​នៅតាម​មាត់​ច្រកចេញ​ចូល​មណ្ឌល​ប្រលង​ចាប់បាន​សំណៅ និង​ឯកសារ​ច្រើន​ណាស់។ ចំណែក​ឯទឹកមុខ​បេក្ខជន​ប្រលង បាន​ភាពស្រស់​ស្រាយដែល​បានបញ្ជាក់​ថាបេក្ខជន​បានត្រៀម​លក្ខណៈល្អជាង​ឆ្នាំមុន និងមិន​មាន​អារម្មរណ៍​ភិតភ័យ​ដូចឆ្នាំ​មុនទេ។

លោក ណាត ប៊ុនរឿន រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា ធ្លាប់បានមាន​ប្រសាសន៍​ថា ដោយ​សារ​​មានការរិត​បន្តឹង ​និង​បេក្ខជន មិនអាច​មាន​ជំនួយ​ពីខាងក្រៅ​ដោយពឹង​ផ្អែកលើ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន របស់​សិស្ស​នោះ ដូច្នេះ​វិញ្ញា​សារ​ប្រលង​គឺចេញ​ល្មម​អាចឲ្យ​សិស្សធ្វើបាន​តែអាស្រ័យ​លើសិស្សត្រូវ​ខិតខំរៀន​ដែរ។ ចំពោះវិញ្ញា​ប្រលង​មិនមែនចេញ​តាមមេរៀន​ទាំង​អស់​នោះទេ​គឺសិស្សត្រូវ​មានការ​ត្រឹះរិះ​ពិចារណា និងវិភាគ​ហើយពិន្ទុ​នឹងបាន​ទៅតាម​នោះដែរ។

បើទោះបីជាមានបេក្ខ​ជន​ប្រល​ង​ជាប់​ច្រើន​ជាង​ឆ្នាំមុន ក៏ដោយ​ក៏អ្នក​ដែលប្រលង​ជាប់នោះសុទ្ធ​សឹងតែ​ជាប់​ដោយ​សមត្ថ​ភាព​ផ្ទាល់ខ្លួន​ព្រោះថា ក្នុង​រយៈ​ពេល​ប្រលង​ពីរថ្ងៃ (២៤​និង​២៥​សីហា) មិនមាន​ភាពមិន​ប្រក្រតី​កើតឡើង​ទេ មានដែរ​តែពាក់​ព័ន្ធ​រឿង​ការដួល​សន្លប់​មានរហូត​ដល់ទៅ​៦៨នាក់ ក្នុងនោះ​មានបេក្ខ​នារី​ម្នាក់​នៅខេត្ត​កោះកុង ឈឺពោះ សំរាល​កូននៅ​ពេល​ប្រលង​នៅថ្ងៃ​ចុងក្រោយ​ដែលធ្វើ​ឲ្យគាត់មិន​បានប្រលង​មុខវិជ្ជា​ចុងក្រោយ​ទៀត។ មានការ​ប្រលង​ជំនួស និង​មន្ត្រី​អប់រំ ច្រឡំ​ដាក់​ទូរស័ព្ទ​តាមខ្លួន។

សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងនឹងបិទប្រកាស នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខសម្រាប់ ខេត្ត កណ្តាល និងភ្នំពេញ ចំណែកនៅតាមបណ្តាផ្សេងទៀតនៅ ថ្ងៃទី២៦ កញ្ញា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative