មានភាព​ភ្ញាក់ផ្អើល​ថ្ងៃ​ប្រលង​បាក់ឌុប​ទី២ មាន​បេក្ខ​នារី​ម្នាក់​នៅកោះ​កុង​ឈឺ​ពោះ​សំរាល​កូនក្នុងពេលប្រលង

រយៈពេលពីរ​ថ្ងៃមាន​បេក្ខ​ជនប្រលង​មានបញ្ហា​សុខភាព​ចំនួន​ជិត​៧០នាក់ មាន​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​មួយនៅ​ថ្ងៃទី២ នៃ​ប្រលង​បាក់ឌុប​ឆ្នាំនេះ ដោយ​មាន​បេក្ខ​នារី​ម្នាក់ នៅ​មណ្ឌល​អនុវិទ្យា​ល័យ​ជាស៊ីម ស្មាច់​មានជ័យ ខេត្ត​កោះកុង​ បាន​ឈឺ​ ពោះ​សម្រាល​កូន ដោយពុំ​បាន​ប្រឡង​មួយវិញ្ញា​សា​ចុង​ក្រោយ​នៃថ្ងៃ​បញ្ចប់​ទៀតផង។

1ទោះជាយ៉ាង​ណា​ក៏ដោយ បេក្ខ​នារី​ដែល​ឈឺ​ពោះ​សំរាល​កូន​ក្នុង​ពេល​ប្រលង​នោះ គេមិន​ដឹងថា​មាន​ឈ្មោះអ្វី​នោះទេ ហើយ​ក៏មិន​ដឹងថា​តើមូល​ហេតុអ្វី បានជា​ក្រសួង​អប់រំ​អនុញ្ញាតិ​ឲ្យ​បេក្ខ​នារី​នោះ​ចូលរួម​ប្រលង​ទាំងមាន​ផ្ទៃពោះ​គ្រប់ខែ​បែបនេះ។

អ្នកសារពត៌មាន​បាន​ព្យាយាម​សាក​សួរ​លោក រស់ សាលីន មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ដែរ តែទូរ​ស័ព្ទ​របស់​លោក​មិនមាន​ការ​ឆ្លើយ​តបទេ កាលពី​ព្រលប់​ថ្ងៃទី២៥ សីហា ម្សិល​ម៉ិញ​នេះ។

គ្រាន់តែក្នុង​រយៈ​ពេលពីរ​ថ្ងៃ នៃ​ដំណើរ​ការ​ប្រលង​បាក់​ឌុប​នេះ មាន​បេក្ខជន​ប្រមាណ​ជិត​៧០​នាក់ មាន​បញ្ហា​សុខភាព​ខ្លះ​ដួល​សន្លប់ ខ្លះ​ទៀត​មាន​អាការៈ​វិលមុខ ក្អួត​ចង្អៀរ តែភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ​ទាំងនោះ​បានត្រឡប់​ទៅ​ប្រលង​វិញ​បន្ទាប់​ពី​មានការ​ជួយ​សង្គ្រោះ​បឋម​ពីគ្រូពេទ្យ​រួចមក។ តែមាន​មួយចំនួន​តូចដោយ​សារ​អាការៈ​ជំងឺ​មិនទាន់​ប្រសើរ​មិនអាច​ត្រឡប់​ទៅប្រលង​វិញ​បាន​ឡើយ។

តាមទំព័រហ្វេសប៊ុក​របស់​ក្រសួង​អប់រំ បានឲ្យដឹង​ថាគិត​ត្រឹមព្រលប់​ថ្ងៃទី​២៥​ម្សិល​ម៉ិញ​នេះ មាន​បេក្ខជន​ចំនួន​៤៩​នាក់ មាន​បញ្ហា​សុខភាព​ក្នុង​កំឡុង​ដំណើរ​ការ​សំណេរ ក្នុង​នោះ​មាន​១៨នាក់ បាន​កើត​ឡើង​នោះ​ពេល​ព្រឹក ដោយ​មាន​បេក្ខ​ជន​៣នាក់​ដោយ​សារ​បញ្ហា​សុខភាព​មិន​អាច​ត្រឡប់​មក​ប្រលង​វិញ​បានទេ។ ចំណែក​នៅពេល​រសៀល​ថ្ងៃ​ទី២៥ សីហា ២០១៥ មាន​បេក្ខ​ជន​ប្រលង​៣១​នាក់ នៅ​មណ្ឌល រាជ​ធានី​ភ្នំពេញ ខេត្ត​ក្រចេះ កំពង់​ចាម សៀមរាប ត្បូងឃ្មុំ កោះកុង កំពង់ស្ពឺ កណ្តាល កំពត កែប កំពង់ធំ ពោធិ៍សាត់ កណ្ដាល កំពង់​ឆ្នាំង ព្រះវិហារ បាត់ដំបង និង​ខេត្តព្រៃ​វែង​មាន​បញ្ហា​សុខភាព។ ក្នុង​ចំណោម​បេក្ខ​ជន​៣១​នាក់​នោះ​មាន​បេក្ខ​នារី​ម្នាក់ នៅ​មណ្ឌល​អនុ​វិទ្យា​ល័យ​ជាស៊ីម​ស្មាច់​មានជ័យ ខេត្ត​កោះ​កុងបាន ឈឺ​ពោះ​សម្រាល​កូន​ ដោយ​ពុំ​បាន​ប្រឡង​មួយវិញ្ញា​សាចុង​ក្រោយ​នៃថ្ងៃ​បញ្ចប់​ទៀតផង។

ចំណែកប្រលង​បាក់ឌុប​កាលពី​ថ្ងៃទី១ (២៤​សីហា) ក៏មាន​បេក្ខជន​ចំនួន​១៩នាក់ បាន​មាន​បញ្ហា​សុខភាព​ផងដែរ ក្នុងនោះ​មានបេក្ខជន​១៨​នាក់ អាច​មាន​លទ្ធភាព​ប្រលង​ឡើង​វិញបាន។ តែ​បេក្ខជន​ម្នាក់​ទៀត​មិនអាច​ចូលរួម​ប្រលង​បានទេ។

លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធា​នមន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងកាល​ពីរ​សៀល​ថ្ងៃទី២៥ ជាថ្ងៃ​ប្រលង​ទី ២ ថា​សរុប​ទាំងពីរ​ថ្ងៃនៃ​ការ​ប្រលង មាន​បេក្ខ​ជ​ន​ប្រលង​នៅ​មណ្ឌល​រាជ​ធានី មាន​បញ្ហា​សុខភាព​ចំនួន​៥នាក់ ក្នុងនោះ​នៅថ្ងៃ​ទី ២៥ សីហា មាន៣នាក់ និង​បេក្ខ​ជ​ន​២នាក់ បាន​ដួល​សន្លប់​កាល​ពីថ្ងៃ​ប្រលង​ថ្ងៃទីមួយ។

កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៥​នេះដែរ លោក រឹម រ៉េត នាយក​វិទ្យាល័យ សម្តេច​តេជោ​ហ៊ុន សែន​សំរោង រាជធានីភ្នំពេញ និង​ជា​អនុ​ប្រធាន​មណ្ឌល​ប្រឡង​វិទ្យា​ល័យ​ផ្សារ​ដើមថ្កូវ ដែល​បាន​សន្លប់​ក្នុង​ពេល​បំពេញ ភារកិច្ច និង​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ ។

ពាក់ព័ន្ធនឹ​ង​មូលហេតុ​ដែលនាំ​ឲ្យបេក្ខជន​មាន​ការ​ដួល​សន្លប់​នេះដែរ លោក​វេជ្ជ​បណ្ឌិត សុខ សុគន្ធ បាន​បញ្ជាក់​ថា​មាន​មូល​ហេតុជា​ច្រើន ដែល​បណ្តាល​ឲ្យបេក្ខជន​ដួល​សន្លប់​បែបនេះ តែ​សំខាន់​គឺដោយ​សារ​តែកក្តា​មួយ​​ចំនួន ដូច​ជា​ការ​ភិតភ័យ​ខ្លាំងពេក បណ្តាល​ឲ្យត្រជាក់​ដៃជើង​សន្លប់ និង​ដោយ​សារ​ខ្វះជាតិ​កាល់​ស្យូម ឬខ្វះ​ជាតិ​ស្ករ ដែល​ធ្វើឲ្យ​មាន​អាការៈ​វិលមុខ​ក្អួត​ចង្អោរ។ ប៉ុន្តែ​ជួនកាល​មានបេក្ខជន​ខ្លះ ដោយ​សារ​តែគិត​ច្រើន​ពេក គេង​មិនគ្រប់​គ្រាន់​បរិភោគ​អាហារ​មិន​គ្រប់​គ្រាន់​ទៀ​ត​ខួប​ផ្សំនឹង​ការភ័យ​ទៀតនោះ​ក៏បង្ក​ឲ្យដួល​សន្លប់​ក៏មាន។

តាមទំព័រហ្វេសប៊ុន​របស់​ក្រសួង​អប់រំ បានឲ្យ​ដឹងទៀត​ថា​សំរាប់​ដំណើរ​ការ​សំណេរ​នៃការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង រយៈ​ពេល​២ថ្ងៃ​នេះបាន​ប្រព្រឹត្ត​ទៅប្រកប​ស្ងប់​ស្ងាត់ សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយល្អ ពុំមាន​បាតុភាព​មិនប្រក្រតី​ណាមួយ​កើតមាន​គួរឲ្យ​កត់សម្គាល់​ឡើយ ក្រោម​ការចូល​រួម​សង្កេត​ការណ៍ ពី​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងដៃ​គូអភិវឌ្ឍ​វិ​ស័យ​អប់រំ​នានា ។

បន្ទាប់ពីប្រលងចប់ប្រធាន​គណៈ​មេ​ប្រយោគ និង​គណៈ​កម្មការ​អប្បមា​ទ​ទូទាំ​ង​ប្រទេស បាន​រៀបចំ​ដឹក​ជញ្ជួន យក​វិញ្ញាសា​បេក្ខជន​ដែលបាន​ប្រឡង​រួចពី​មណ្ឌល​ប្រឡង​នីមួយៗ ក្នុងថ្ងៃ​ទី២ ដំណើរ​ការសំណេរ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥​នេះ យកទៅ​ផ្ញើទុក​នៅ​សាលា​រាជធានី ខេត្ត ដោយ​សុវត្ថិភាព។

គួរបញ្ជាក់ថាឆ្នាំនេះ​មានបេក្ខជន​ដែលបាន​ចុះ​ឈ្មោះ​ប្រឡង​ក្រោយ​ពេលដក​បេក្ខ​ភាពសរុប​ចំនួន ៨៤៩៣០នាក់ ស្រី​ ៤០៩៧២​ នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ១៥០ ​មណ្ឌល ចែក​ចេញ​ជា ៣៤២៧ បន្ទប់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative