អគារសិក្សា​​សម្រាប់​​សិស្ស​ក្រី​ក្រ​​កំពស់​៥ជាន់​ តំលៃ​៤លាន​​ដុល្លា ​បាន​បើក​​ការ​ដ្ឋាន​​សាង​សង់

អគារ «សាលា​​Neeson Cripps» របស់​​អង្គ​ការ​មូលនិ​ធិ​​កុមារ​​កម្ពុជា គឺជា​​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​​ក្រុមហ៊ុន Velcro ​សំរាប់​​សិស្ស​​ក្រីក្រ​​កម្ពុ​ជា មាន​​កំពស់​៥ជាន់ ​ស្ថិតនៅ​​តំបន់​​ស្ទឹង​មានជ័យ​​ គ្រោង​​នឹង​​ចំណាយ​​ទឹកប្រាក់​​ប្រមាណ​៤លាន​​ដុល្លារ​ មិន​​គិតថ្លៃ​​ដី​សាង​សង់​ បានចាប់​ផ្តើម​​សាងសង់​​ជា​ផ្លូវ​ការ ហើយ​កាល​ពី​ថ្ងៃទី​២៥ ខែ​សីហា ​ឆ្នាំ​២០១៥ ។

2លោក ស្កុ​ត នី​សិន នាយក​​ប្រតិបត្តិ​​អង្គការ​​មូល​និធិ​​កុមារ​​កម្ពុជា​ បាន​​មាន​ប្រសាសន៍​ថា «ថ្ងៃ​នេះ​បាន​បញ្ជាក់​​ឱ្យឃើញ​​ច្បាស់​​នូវ​ជំហាន​​មួយ​គួរ​ឱ្យ​រំភើប​​ជាទី​បំផុត​ នៅក្នុង​​ការធ្វើ​ដំណើរ​​អស់​​រយៈ​ពេល១១​ឆ្នាំ ​របស់​​អង្គការ​​មូលនិធិ​​កុមារ​​កម្ពុជា។ សាលា​ Neeson​ Cripps Academy(NCA) នេះ​នឹង​​ផ្តល់នូវ​​ការ​អប់រំ ​ប្រកប​ដោយ​​គុណភាព​​ខ្ពស់ ​ដល់​​កុមារ​​នៅក្នុង​​តំបន់​​នេះ​ និង​​បាន​​បើក​ផ្លូវ​ឆ្ពោះ​ទៅរក​​អាជីព​ ក្នុង​វិស័យ​​វិស្វកម្ម​​វិទ្យា​សាស្ត្រ ​និង​​បច្ចេក​វិទ្យា។  ឱកាស​​មួយ​នេះ​​អាច​​កកើត​​ទៅបាន​ អាស្រ័យ​​ដោយមាន​​ការគាំ​ទ្រ​ពី​​សំណាក់​​ក្រុមហ៊ុន​ Velcro។  អគារ​សិក្សា​​មួ​យ​ខ្នង​​នេះ​ នឹង​​បំពេញ​តម្រូវ​ការ​សម្រាប់​​សិក្សា​​រៀនសូត្រ​​ប្រកប​ ដោយ​​ទីធ្លា​​ទូលាយ ប្រកប​ដោយ​​សុវត្ថិភាព​​ការអភិវឌ្ឍ​​ធនធាន​​គ្រូ​បង្រៀន​ និង​​បច្ចេក​វិទ្យា ​ឌីជីថល​ និង​​ផ្តល់​ជា​​មជ្ឈ​មណ្ឌល​​សម្រាប់​​សហ​​គម​ន៍​​ក្នុង​តំបន់​​ទាំង​មូល»។

លោក FraserCameron ប្រធាន ​និង​​នាយក​​ប្រតិ​បត្តិ​​ក្រុម​ហ៊ុន Velcro បាន​​មាន​ប្រសាសន៍​ថា៖ «​យើង​​មាន​​អារម្មណ៍​​ថា ​មាន​​ឯក​សិទ្ធិ​​ក្នុងការ​​បន្តការ​ងារ​​រ​បស់​​យើង​​ជាមួយ​​អង្គការ​​មូលនិធិ​​កុមារ​​កម្ពុជា (CCF) និង​​បង្កើត​​សាលា​​Neeson ​Cripps​ Academy​ ដើម្បី​​អប់រំ​​កុមារ​​ដែល​មិន​​មាន​ឱកាស​​ក្នុង​ការ​ទទួល​​ការ​អប់រំ​​ពី​​​សំណាក់​​គ្រូ​បង្រៀន​ និង​​ធនធាន​​លំដាប់​​ពិភព​លោក។  តាមរយៈ​​ភាព​ជា​ដៃ​គូ​នេះ​ យើង​កំពុង​​បំផុស​ទឹកចិត្ត​​អ្នកជំនាន់​ក្រោយ​ឱ្យ​​ចងចាំ​​នូវ​គុណ​បំណាច់ ​និង​គោរព​​ដល់​​កិ​ត្ដិ​យស​​នៃ​បុគ្គល​​ប្រកប​ ដោយ​ការ​ច្នៃ​ប្រឌិត គឺ​លោក​ Robert Cripps​ ដែលជា​​អតីត​​ប្រធាន​​ក្រុមហ៊ុន​​របស់​​យើង​ដែល​​បាន​បំពេញ​ការ​ងារ​​ក្នុង​​រយៈ​ពេល​​មួយ​​ដ៏​យូរ​អង្វែង ជាមួយ និង​​ការ​ប្តេជ្ញា​ចិត្ត​​របស់​គាត់​​ក្នុង​ភាព​ជា​អ្នក​​ដឹក​នាំ​»។

លោក Scott​ Neeson បាន​មាន​ប្រសាសន៍​ទៀតថា​ «ក្មេងៗ​នៅ​ស្ទឹង​មានជ័យ​​នេះ​គឺជា​​កម្លាំង​​ជំរុញ​​ទឹកចិត្ត​​មួយ។ ពួកគេ​​បាន​ចាប់​កំណើត​​ឡើង​ពី​គំនរ​​ផេះ​ និង​ឆក់​យក​ឱកាស​​ដែល​​យើង​​បានផ្តល់​​ដល់​​ពួកគេ។ ឥឡូវ​នេះ​ពួក​គេ​ជា​ច្រើន​​កំពុង​តែ​រៀន​​នៅ​​វិទ្យា​ល័យ ហើយ NCA បាន​​សម្រប​សម្រួល​​ដល់​ការ​សិក្សា​​អាជីព​​ផ្នែក​​វិស្វកម្ម​​បច្ចេក​វិ​ទ្យា ​និង​​វិទ្យា​សាស្ត្រ។  កុមារ​ និង​យុវជន​​ទាំង​អស់​នេះ ពិតជា​​ស្រេក​ឃ្លាន​​ក្នុងការ​​អប់រំ​​និង​​ឱកាស​ ដើម្បី​​លើក​​គ្រួសារ​​របស់​​ពួកគេ​​ក្នុងពេល​​បច្ចុប្បន្ន ​និង​នា​ពេល​​អនាគត​ ឱ្យ​​ប្រកប​ដោយ​​សុវត្ថិភាព​ និង​​និរន្តរ​ភាព»។

តាម​គំរោង​សាងសង់​​សាលា Neeson​ Cripps​ Academy​(​NCA) គ្រោង​​នឹង​​ចំណាយ​​ទឹកប្រាក់​​ប្រមាណ​៤លាន​​ដុល្លារ​ មិន​គិត​ថ្លៃ​ដី​​សាងសង់ ដែល​អាច​អោយ​សិស្ស​​រៀន​​បាន​ចន្លោះ​​ពី៣០០ ទៅ៣៥០​នាក់ ក្នុង​​ជំ​ហ៊ាន​​ដំបូង ។ សម្រាប់​​សិស្ស​​ដែល​ចូល​រៀន​​ក្នុង​​សាលា​​នេះ ត្រូវជា​​សិស្ស​​ដែល​ក្រីក្រ​​គ្មាន​​លទ្ធភាព​​ផ្គត់ផ្គង់​​ការរៀន​សូត្រ និង​ជា​​សិស្ស​​ដែលមាន​​ចិត្ត​ចង់​​រៀន​សូត្រ​​ពិត​ប្រាកដ​ ។

សាលា​ដែល​​រួម​បញ្ចូល​​គ្នា​ នូវ​​ប្រព័ន្ធ​​អេកូ​​សាស្ត្រ នឹង​ផ្តល់​​ដល់​កុមារ​​ដ៏​ក្រីក្រ​​បំផុត ​ក្នុង​ប្រទេស​​កម្ពុជា​ នូវ​ការ​សិក្សា​អប់រំ​​ដែល​មាន​​គុណភាព​​ខ្ពស់ ​ដែល​រួម​បញ្ចូល​​ទាំង​​កម្ម​វិធី​សិក្សា​​ភាសា​​អង់​គ្លេស​​មួយ​​ដ៏​រឹងមាំ មុខវិជ្ជា​​ជាដើម​​ទង និង​​ការ​ប្រើប្រាស់​​បច្ចេក​វិទ្យា​​ឌីជីថល​ថ្មី​​ចុង​ក្រោយ​បង្អស់ ព្រមទាំង​​ការ​តភ្ជាប់​​ជា​សកល​​តាមរយៈ​​ប្រព័ន្ធ​​ទូរ​សិក្សា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative