ព្រឹក​ថ្ងៃទី​២ ប្រលង​បាក់​ឌុប មាន​បេក្ខជន​១៨​នាក់​ទៀត មាន​បញ្ហា​សុខ​ភាព

នៅក្នុង​កំឡុង​ដំណើរ​ការ​សំណេរ កាល​ពីព្រឹក​ថ្ងៃទី២ នៃការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​មាន​បេក្ខជន​ចំនួន ១៨​នាក់​ទៀត មាន​បញ្ហា​សុខភាព​ក្នុងនោះ​មាន បេក្ខជន​១៥​នាក់​បាន​ត្រឡប់​ មក​ប្រឡង​ឡើង​វិញ។

1តាមទំព័រហ្វេសប៊ុក របស់​ក្រសួង​អប់រំ បាន​ឲ្យដឹង​ថា​បេក្ខជន​១៨​នាក់ ដែល​មាន​បញ្ហា​សុខភាព​នោះ មាន​នៅ​មណ្ឌល រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ បាត់ដំបង សៀមរាប ព្រៃវែង កំពង់ចាម កោះកុង កំពត បន្ទាយ​មានជ័យ ពោធិ៍សាត់ កណ្ដាល និងខេត្តស្ទឹង​ត្រែង ។ ក្នុងនោះ​មាន បេក្ខជន​១៥នាក់ បាន​ត្រឡប់​មក​ប្រឡង​ឡើងវិញ​បន្ទាប់​ពីមាន​អាការៈ​ធូរ​ស្រាល ក្រោយ​ពេល​ទទួល​បានជំនួយ​សង្គ្រោះ​បឋម​ពីក្រុម​គ្រូពេទ្យ​ប្រចាំ​មណ្ឌល ឬបញ្ជូន​ទៅមន្ទីរ​ពេទ្យ។ ដោយ​ឡែក​បេក្ខជន​៣នាក់ មិនអាច​ប្រឡង​វិញ។

កាលពីថ្ងៃប្រលង​បាក់ឌុប​ថ្ងៃទី១ ក៏មាន​បេក្ខជន​ចំនួន​១៩នាក់ បានមាន​បញ្ហា​សុខភាព​ផងដែរ ក្នុង​នោះ​មាន​បេក្ខជន​១៨​នាក់​អាច​មានលទ្ធភាព​ប្រលង​ឡើងវិញ​បាន។ តែបេក្ខ​ជនម្នាក់​ទៀតមិន​អាចចូល​រួម​ប្រលង​បានទេ។

តាមទំព័រហ្វេសប៊ុន​របស់​ក្រសួង​អប់រំ បានឲ្យ​ដឹងទៀត​ថា សំរាប់​ដំណើរ​ការ​សំណេរ​នៃការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ២៥​សីហា ២០១៥ កាល​ពីព្រឹក​ថ្ងៃទី២ បានបន្ត​ប្រព្រឹត្ត​ទៅប្រកប​ស្ងប់​ស្ងាត់ សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយល្អ ពុំមាន​បាតុភាពមិន​ប្រក្រតី​ណាមួយ​កើតមាន​គួរឲ្យកត់​សម្គាល់​ឡើយ​ ក្រោម​ការចូល​រួម​សង្កេត​ការណ៍ ពី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងដៃ​គូ​អភិវឌ្ឍ​វិស័យ​អប់រំ​នានា ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី២​នេះសម្រាប់​ថ្នាក់​វិទ្យា​សាស្ត្រ មាន ២មុខ​វិជ្ជា គឺអក្សរ​សាស្ត្រ​ខ្មែរ និង​រូបវិទ្យា ។ ដោយឡែក សម្រាប់ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម មាន​២​មុខវិជ្ជា គឺ​គ​ណិត​វិទ្យា និង​សីលធម៌-​ពលរដ្ឋ​វិជ្ជា។

ឆ្នាំនេះមានបេក្ខជន​ដែលបាន​ចុះឈ្មោះ​ប្រឡង ក្រោយ​ពេលដក​បេក្ខ​ភាព សរុប​ចំនួន ៨៤ ៩៣០ នាក់ ស្រី ៤០៩៧២ នាក់ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ១៥០ មណ្ឌល ចែក​ចេញ​ជា ៣៤២៧ បន្ទប់ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative