សវស ស្វែង​រក​ការ​ពង្រីក​បណ្តាញ​ដៃគូ​អន្តរ​ជាតិ

ក្នុងគោលដៅ​បង្កើន​គុណ​ភាព នៃការ​បណ្តុះ​បណ្តាល សាកល​វិទ្យាល័​យ​វិទ្យា​សាស្រ្ត​សុខាភិបាល (សវស) បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើកទី១ ក្នុងការ​បង្កើត​បណ្តាញ​ដៃគូអន្តរ​ជាតិ។

2លោកសាស្រ្ត​ចារ្យ សាផុន វឌ្ឈនៈ សាកល​វិទ្យា​ធិការ នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​​សាស្រ្ត​សុខា​ភិ​បាល បាន​​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខា​សាលា នា​ព្រឹក​​ថ្ងៃទី​២៤ សីហា កន្លង​​មកថា កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី១នេះ តំណាង​ឲ្យ​ដំណាក់​កាល​ដ៏សំខាន់​ សំរា​ប់​ការ​កំណត់​អំពី​របៀប​របប នៃកិច្ច​សហការ​ជាមួយ​ដៃគូ​អន្តរ​ជាតិ​របស់​​សាកល​​វិទ្យា​​ល័យ។  ក្រោយ​ការ​ស្តារ​ទ្បើង​វិញ​ រយៈ​ពេល​​​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ តាមរយៈ​ការ ជួយ​ជ្រោម​ជ្រែង ពី​បណ្តា​ប្រទេស​ជាមិត្ត​ជុំវិញ​ពិភព​លោក ជា​ពិសេស​ជំនួយ​ជាថវិ​កា និង​បច្ចេក​ទេស​ពីប្រទេស​បារាំង និង​ប្រទេស​ជាមិត្ត​ផ្សេងៗ​ទៀត សវស​ បានក្លា​យ​ជាសាកល​វិទ្យាល័យ​ឈាន​មុខ​មួយ​នៅ​កម្ពុជា។

លោកបន្តថា “សវស នឹង​ឈាន​ជើងចូល​ក្នុង​សមាហរណ​កម្ម​អាស៊ាន និង​ស​មាហរណ​កម្ម​ចូល​ក្នុង​បរិ​បទ​​ឧត្តម​សិក្សា និង​ការស្រាវ​ជ្រាវ​កម្រិត​ពិភព​លោក​ផង​ដែរ”។  លោក​បន្តថា  “ទាំង​នេះនឹង​នាំមកនូវ​ឱកាស​​ផង និង​កា​រ​ប្រកួត​ប្រជែង​​ផង​​សំរាប់​និស្សិត សាស្រ្តា​ចារ្យ អ្នកស្រាវ​ជ្រាវ​ព្រមទាំង​ភាព​ជាដៃគូ​ក្នុងវិស័យ​​សិក្សា​​ជាន់​ខ្ពស់ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​ផងដែរ”។

សាស្រ្តាចារ្យល្បីៗ មកពី​ប្រទេស​ចំនួន​៨ ស្មើ​ចំនួន​៥៨​នាក់ បាន​ចូលរួម​ក្នុង​សិក្ខា​​សាលា​ដ៏មាន​សារៈ​សំខាន់​នេះ ក្នុង​នោះ​រួម​មាន​សាស្រ្តា​ចារ្យ​មកពី​អូស្រ្តាលី ប៊ែល​ហ្សិក បារាំង កូរ៉េខាងត្បូង ហូទ្បង់ សឹង្ហបុរី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អា​មេរិក។​

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល បាន​ថ្លែង​ការ​កោត​​សរ​សើរ ដល់​ដំណើរ​ការ​វិវត្តន៍​រីក​ចំរើន​របស់​ សវស ដែល​បាន និង​កំពុង អភិវឌ្ឈន៍​ខ្លួន​​ជាស្ថាប័ន​បណ្តុះ​បណ្តាល និង​ស្រាវ​ជ្រាវ​កម្រិត​អន្តរ​ជាតិ។ លោក​បានចាត់​ទុក​សិក្ខា​​សាលា​នេះ មាន​សារៈ​សំខាន់ ដើម្បី​ប្រែ​ក្លាយ​សាកល​វិទ្យា​ល័យ​នេះជា​គ្រឹះស្ថាន​ថ្នាក់​ឧត្តម និង​ក្រោយ​ឧត្តម​សិក្សា​កម្រិត​ខ្ពស់​មួយ ដែល​មានការ​ទទួល​ស្គាល់​កម្រិត​ជាតិ និង​អន្តរជាតិ។

លោកបន្តថាកាលពី​ឆ្នាំ​២០១៤ សវស បាន​រៀបចំ​ផែន​ការ​រយៈពេល​៥ឆ្នាំ​របស់​ខ្លួនពី​ឆ្នាំ​២០១៤-​២០១៨ ហើយ​​ដៃ​គូ​​ដែល​មានវត្ត​មាន​នៅថ្ងៃ​នេះ ក៏បាន​ជួយ​​ជ្រោម​ជ្រែង​ក្នុងការ​រៀបចំ​ផែនការ​​យុទ្ឋ​សាស្រ្ត​​នេះ​ផង​ដែរ។ ផែនការ​នេះបាន​កំណ​ត់​ទស្សន​វិស័យ​ជាច្រើន​ដូចជា សវស​នឹងត្រូវ​បានគេ​ទទួល​ស្គាល់ថា ជាគ្រឹះ​ស្ថាន​សិក្សា​នាំមុខ​គេនៅ​កម្ពុជា ក្នុង​ការ​បណ្តុះ​បណ្តាល​វិស័យ​សុខា​ភិបាល ដែលនៅ​ទីនេះ​​និស្សិត គ្រូ និង​បុគ្គលិក​ទាំង​អស់ ខិតខំ​អស់ពី​កំលាំង​កាយចិត្ត ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ឧត្តម​ភាព​ក្នុងការ​ងារ បង្រៀន ការរៀន ការ​ស្រាវជ្រាវ និងការ​ផ្តល់​សេវា​​សាធារណៈ​ជាដើម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative