ក្រសួង​ការងារ​រំពឹង​ថា ឆ្នាំ​២០១៥​នេះ ការ​​បញ្ជូន​​ពលករ​​ទៅ​​កូរ៉េ​ នឹង​កើន​ឡើង​ដល់ ៨ពាន់​នាក់

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​​ការងារ និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​បាន​រំពឹង​ទុក​ថា នៅ​ឆ្នាំ​២០១៥​នេះ ការ​​បញ្ជូន​​ពលករ​​ទៅ​ធ្វើ​ការ នៅ​កូរ៉េ​​នឹង​កើន​ដល់​៨ពាន់​នាក់ ខណៈ​​ដែលរយៈ​ពេល​៧​​ខែ​​ក្នុងឆ្នាំ​​នេះ​ ការ​បញ្ជូន​ពលករ​មាន​​ចំនួន​​ជិត​៦​ពាន់​នាក់។

1លោក ហេង សួរ អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ​បាន​​បញ្ជាក់​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី​២៤ សីហា​ នេះ​ថា​ ​ពលករ​​កម្ពុជា​​ទៅ​ធ្វើ​ការ​​នៅ​​ប្រទេ​ស​​​កូរ៉េ​​ខាង​ត្បូង​ ជា​​ពលករ​​ស្រប​​​ច្បាប់ ​ដែល​​ទៅ​​ធ្វើការ​​នៅក្នុង​​វិស័យ​​មួយ​​ចំនួន ​ដូចជា​​វិស័យ​​​ឧស្សាហ​កម្ម​ និង​​កសិ​កម្ម​ ដែល​មាន​​ចំនួន​​ច្រើន​​ជាង​​គេ​​ឧស្សាហ​កម្ម​​នេសាទ និង​​សំណង់​។  លោកបន្ត​ថា កូរ៉េ​​​ខាង​ត្បូង​ជា​​ប្រទេស​​ទាក់ទាញ​​​មួយ​​សម្រាប់​​ពលករ​​បរទេស​ ដោយ​សារ​តែ​​ប្រាក់​ខែ​​ខ្ពស់​ លក្ខ​​ខណ្ឌ​​​​ការងារ ​ដូច្នេះ​​មិនមែន​​មាន​តែ​​កម្ពុជា​​ទេ ​ប្រទេស​​វៀតណាម ថៃ ​ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏​បញ្ជូន​​ពលករ​​របស់​​គេ​ទៅ​​កូរ៉េ​​ដែរ​ ហើយ​បើនិយាយ​ពីទំនាក់​ទំនង​​រវាង​​កម្ពុជា​ និង​​កូរ៉េ​​ខាង​ត្បូង​គឺ ​មាន​ភាព​​រលូន​​ទាំង​ការ​ទូត និង​​ពាណិជ្ជ​កម្ម​។ ​ហើយការ​វិនិយោគិន​​កូរ៉េ​​ខាង​ត្បូង ​ស្ថិត​​ក្នុង​​ចំណោម​​វិនិ​យោ​គិន​​ធំៗ​​ដូចជា​​ចិន និង​​ជប៉ុន ដែល​​មក​​កម្ពុជា​។

បើតាមការ​ឲ្យដឹង​ពីពលករ​ម្នាក់ ទើប​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ផ្នែក​​ឩស្សាហ​កម្ម រយៈ​ពេលជាង​៤ឆ្នាំ​កន្លង​មកនេះ ​បាន​ប្រាប់​ទូរ​ទស្សន៍​ព័ត​មាន​ BTV​ថា ​គេ​ទទួល​​បាន​ប្រាក់​​​ខែជិត​២.០០០​ដុល្លារ​ ក្នុង​មួយ​​ខែ​ ហើយ​ការ​សម្រេច​​ចិត្ត​ចាក​ចេ​ញ​​​ពី​កម្ពុជា​​ទៅ​ធ្វើ​ការ​នៅ​​កូរ៉េ ​ដោយ​សារ​​បញ្ហា​​ប្រាក់​ខែ​នៅកូរ៉េ ទទួល​បានខ្ពស់​ជាងនៅ​​ស្រុកខ្មែរ​ទ្វេរ​គុណ។ ដោយមុន នឹង​ចាក​ ចេញ​ទៅធ្វើ​ការនៅ​កូរ៉េ  ​នៅ​ស្រុក​​ខ្មែរ​លោក​​ទទួ​ល​បាន​ប្រាក់​​ខែ​ប្រមាណ​១៥០ ​​ដុល្លារ​​ទៅ​២០០​ដុល្លារ​​។

​សូមជម្រាប​ថា ​គិត​ចាប់​ពី​ឆ្នាំ​​​២០០៧ ​មក​ដល់​​ខែកក្កដា​ ឆ្នាំ​​២០១៥ ​ប្រទេស​​​កម្ពុជា​​បាន​​បញ្ជូន​​ពលករ​​ទៅ​កូ​រ៉េ​​ខាង​ត្បូង​​សរុប​​ចំនួន​៤.២៤១៧​នាក់​។ ដោយ​ឡែក នៅ​​​ឆ្នាំ​២០១៤​កន្លង​ទៅ កម្ពុជា​​បាន​​បញ្ជូន​​ពលករ​​សរុប​​ទៅ​ធ្វើការ​​នៅ​​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង​ចំនួន​៧.៦៧១នាក់​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative