បេក្ខជន​ធ្វើ​ខុស​បទ​បញ្ញាតិ​ទាំង៥​ របស់​ក្រសួង នឹង​ត្រូវ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ និង​ហាម​ចូល​ប្រលង​២ឆ្នាំ

លោក ហង់ ជួនណារ៉ុន  រដ្ឋមន្ត្រី​​​ក្រសួង​​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​នូវ​​ បទ​បញ្ញត្តិ​​ចំនួន ៥​​ចំណុច​ ដែលជា​​វិធាន​ការ​​ក្ដៅ​​សម្រាប់​​ពង្រឹង​​ឲ្យ​ការ​ប្រឡង​​មាន​គុណ​ភាព និង​​តម្លា​ភាព ដោយ​​បាន​រឹត​​បន្តឹង​​ដល់​​បេក្ខជន​​ដែល​​ប្រព្រឹត្ត​​ខុស​​ឈាន​​ដល់​​ការ​​ធ្លាក់​ជា​ ស្វ័យ​ប្រវត្តិ និង​មិន​​អនុញ្ញាត​​ឲ្យ​ចូល​​ប្រឡង​​ចំនួន​២​ឆ្នាំ​​ជាប់​​គ្នា។

4រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បានមាន​ប្រសាសន៍ កាលពី​ពេលពេល​ថ្មីៗ​នេះ ថា វិធាន​ការ​ទាំង​​នោះ​មាន​ជា​​អាទិ ការ​ធ្វើ​កោស​ល្យវិច័យ​​រក​ឃើញ​​ថា សន្លឹក​កិច្ច​ការ​របស់​​បេក្ខ​ជន​ដូច​​ឯកសារ​​ដែល​គេ​​ចែក​ចាយ​​តាម​​បណ្ដាញ​ ផ្សព្វ​ផ្សាយ និង​​ឯកសារ​លក់​នៅ​​លើ​ទីផ្សារ​​នោះ​មាន​​ន័យ​ថា បេក្ខជន​​ចម្លង ជា​​លទ្ធផល​​បេក្ខ​ជន​​នោះ​នឹង​​បាន​ពិន្ទុ​សូន្យ។ ចំណែក​​បេក្ខជន​​ដែល​ឲ្យ​​សន្លឹក​​កិច្ចការ​​រ​បស់​​ខ្លួន​ទៅ​​អ្នក​ដទៃ​​ចម្លង គឺ​នឹង​​ត្រូវ​​ធ្លាក់​នៅ​​ឆ្នាំ​នេះ ហើយ​មិន​​អនុញ្ញាត​​ឲ្យ​ចូល​​ប្រឡង​​នៅ​ឆ្នាំ​​ក្រោយ​ទៀត​​នោះ​ទេ។ មួយ​វិញ​​ទៀត បេក្ខជន​​ដើរ​ប្រមូល​​លុយ​​ឲ្យ​គ្រូ​​នៅ​ពេល​​ប្រឡង​​នឹង​ត្រូវ​​ប្រឡង​​ធ្លាក់​ជា​ ស្វ័យ​ប្រវត្តិ និង​មិន​​អាច​មិន​​អនុញ្ញាត​​ឲ្យ​ចូល​​ប្រឡង​​ចំនួន ១​ឆ្នាំ។

ជាង​នេះ​ទៅ​ទៀត ប្រសិន​​ជា​​បេក្ខជន​​យក​​អាវុធ​​ជាតិ​ផ្ទុះ​​ចូល ឬ​ឲ្យ​​អ្នក​ដទៃ​​ប្រឡង​ជំនួស ឬ​មួយ​​បេក្ខ​ជន​​នោះ​​បាន​ធ្វើ​​ឲ្យ​ខូចខាត​​ទ្រព្យ​​សម្បត្តិ និង​​សម្ភារៈ​​ក្នុង​បន្ទប់​​ប្រឡង បេក្ខជន​​នោះ​នឹង​​ត្រូវ​​ធ្លាក់​ជា​​ស្វ័យ​​ប្រវត្តិ និង​មិន​​ឲ្យ​ចូល​​ប្រឡង​​ចំនួន ២​ឆ្នាំ​​ជាប់​គ្នា។ បេក្ខជន​​ដែល​​គេ​រក​ឃើញ​​ថា បាន​ប្រើប្រាស់​​ឧបករណ៍​​អេឡិច​ត្រូនិក ឬ​​ទូរស័ព្ទ​​ដៃ ក្នុង​ពេល​​ចែក​​វិញ្ញាសា​​ប្រឡង​​នោះ​នឹង​​ត្រូវ​ធ្លាក់​​ជា​ស្វ័យ​​ប្រវត្តិ ពិសេស​​ជាង​នេះ​​ទៅ​ទៀត ចំពោះ​​បេក្ខជន​​ធ្វើ​ឲ្យ​ខូច​ខាត​​របៀប​​រៀប​រយ​​ក្នុង​បន្ទប់​​ប្រឡង ហើយ​​ប្រមូល​​ផ្ដុំ​គ្នា​​បង្កើត​​ក្លឹប​​ចម្លើយ និង​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិយស ឬ​រាងកាយ​​ដល់​មេប្រយោគ នោះ​នឹង​​ឈាន​ដល់​ការ​​បញ្ជូន​ខ្លួន​​ទៅ​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​​ទៀត​ផង។

លោក ហង់ ជួនណារ៉ុន បានបញ្ចាក់​ថា បទបញ្ញត្តិ​​ទី​៥ គឺ​ការបង្ក​​បញ្ហា​នៅ​​ក្នុង​បន្ទប់​​ប្រឡង។ មានន័យ​ថា គាត់​​(បេក្ខជន) ទៅ​ប្រមូល​​ផ្ដុំ​គ្នា​​ទទួល​​វិញ្ញាសា​​ហើយ រៀបចំ​​ជា​ក្លឹប ធ្វើ​​ចម្លើយ​​ហើយ​ចែក​​គេ​​ចម្លង។ នាំ​សំ ណៅ​​វិញ្ញាសា​​ចេញ និង​ចម្លើយ​​ចូល គឺ​លុប​​ឈ្មោះ​​ចេញ​ពី​​គ្រឹះស្ថាន​​សិក្សា​ និង​​បញ្ជូន​​ខ្លួន​ទៅ​​ស្ថាប័ន​​មាន​​សមត្ថ​កិច្ច។

វិធានការមិនមែនតែសំរាប់​សិស្សនោះ​ទេ សូម្បីតែ​មន្ត្រី​អប់រំ ឬអ្នក​សង្កេត​ការណ៍​ប្រលង ក៏មាន​ទោស​ទណ្ឌដែរ បើធ្វើ​ខុសពីបទ​បញ្ញតិ​នោះ។ អ្នក​ដែល​​ពាក់ព័ន្ធ និង​បុគ្គលិក​​អប់រំ ដែល​ធ្វើ​​ខុស​នឹង​ប​ទ​​ប្បញ្ញត្តិ​​ដែល​បាន​កំណត់​​នោះ ពួក​គេ អាច​​នឹង​ប្រឈម​មុខ ច្បាប់​ដែល​​មាន​ចែង​​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ឬ ច្បាប់​​ប្រឆាំង​​អំពើ​ ពុក​រលួយ។

លោក ហង់ ជួនណារ៉ុន បាន​ឲ្យ​​ដឹង​ថា​ «ដើម្បី​​ធានា​​ការ​ប្រឡង​​ប្រកប​​ដោយ គោល​ការណ៍​​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល​​ទទួល​​យក​បាន ក្រសួង​​បាន​ដាក់​​ចេញ​ជា​​បទ​ប្បញ្ញត្តិ​​នានា ដែល​មិន​មែន​សម្រាប់​តែ​បេក្ខជន​​ប្រឡង​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ ក៏​សម្រាប់ បុគ្គលិក​​សិក្សា​អប់រំ និង អ្នក​ពាក់​​ព័ន្ធ​ផ្សេង​ទៀតផងដែរ»។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា ក្រៅពី​​នេះការ​ប្រលង​បាក់ឌុប​នៅឆ្នាំ​នេះ ក្រសួង​បានធ្វើ​ការយាម​កាម​យ៉ាង​តឹងរឹង នៅតាម​មណ្ឌល​ប្រលង​នីមួយៗ​ក្នុងនោះ​មាន​ការ​ដាក់​មន្ត្រី​មាន​សមត្ថ​កិច្ច​ការពារ នៅ​មណ្ឌល​ប្រលង​ដាក់ខ្សែ​ព័ទ្ធ​ជុំវិញ​ហាម​ឆ្លង​កាត់ ហើយ​កន្លែង​ខ្លះ​បិទផ្លូវ​បណ្តោះ​អាសន្ន តែម្តង​ពិសេស​បិទកន្លែង​ហ្វូតូកូពី និង​កន្លែង​លក់ដូ នៅ​ជុំវិញ​មណ្ឌល​ប្រលង។ លោក​រដ្ឋមន្ត្រី​បានបន្ត​ថា ការបិទ​កន្លែង​ហ្វូតូកូពី នេះ​ដើម្បី​ការពារ​កុំឲ្យមាន​ការបែក​ធ្លាយ​វិញ្ញាសារ​ប្រលង​ផងដែរ​ព្រោះ​ថា កន្លែង​ហ្វូតូកូពី​នេះ ពេលជិត​ប្រលង​ម្តងៗ​តែងតែ​លួចកូពី នូវ​វិញ្ញា​ប្រលង​ដែលចេញ​ដោយពួក​ឈ្មួញ​។

លោករដ្ឋមន្ត្រីបានបន្ថែម​ទៀតថា កាលពី​ឆ្នាំមុន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ បានចាប់​ជន​ប្រព្រឹត្ត​ទាំងឪពុក និង​កូន នៅខេត្ត​តាកែវ ដោយពួក​គេបាន​ផ្សព្វផ្សាយ​ឯកសារ​ឆបោក​មុន​ពេល​ប្រលង ក្នុងនោះ​បាន​ រឹប​អូស​នូវ​សម្ភារៈ​មួយចំនួន​ផងដែរ។​​

លោកបានឲ្យដឹង​ទៀត​ថា «សំរាប់​ឆ្នាំនេះ​យកល្អ​អ្នកដែល​មានគំនិត ចង់ផ្សព្វ​ផ្សាយឯក​សារ​ផ្សេងៗ​នៅ ពេលប្រលង​គួរតែ​បញ្ឈប់​ទៅ ព្រោះ​ថាពួក​គេត្រូវ​ប្រឈមមុខ​នឹងផ្លូវច្បាប់​ទោះបី​ជាឈ្មួញ​ទាំងនោះ​មាន​ឯកសារ​ចំលង​ពិតឬ​មិនពិត ក៏ដោយ ក៏ត្រូវ​ប្រឈម​មុខនឹង​ច្បាប់​ដែល​អនុវត្ត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​»។ លោករដ្ឋ​មន្ត្រី​ថា «ឆ្នាំនេះ ការអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​វិធាន​ការតឹង​តែងជាង​ឆ្នាំមុន​ទៅ​ទៀត។ ដូចនេះ​ឈ្មួញដែល​ធ្លាប់​រកស៊ី​បោក​បេក្ខជន គួរតែ​បញ្ឈប់​ទៅវាមិន​មាន​ចំណេញ​អ្វីទេមាន​តែ​ប្រឈម​នឹងផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ហើយ​អស់​ទាំងដើម​ទាំងការ​ទៀតផង»។​

ការប្រឡង​បាក់​ឌុប ឆ្នាំ​នេះ នឹង​​ប្រព្រឹត្ត​ទៅ រយៈ​ពេល​ពីរ​​ថ្ងៃ គឺ ចាប់ពី​​ថ្ងៃទី២៤ សីហា ដែល​​មាន​​បេក្ខជន​ ចូល​រួម​ប្រលង​ ៨៨៤៨៨​នាក់ ក្នុង​នោះ​​មាន​មណ្ឌល​​ប្រឡង​​ចំនួន ១៥០ កន្លែង ស្មើ​​នឹង​៣.៥៧៦​បន្ទប់ ។ បេក្ខជន​​ដែល​​ប្រឡង​​ជាប់​ត្រូវ​​ទទួល​​បាន​​ពិន្ទុ​​ចំនួន ២៣៧​​ពិន្ទុ។

សំរាប់ប្រលង​ឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទទួល​បាន​អ្នក​ស្ម័គ្រចិត្ត សង្កេត​ការណ៍​ចំនួន ៥៦២៥ ​នាក់ ក្នុងនោះ​មានមក​ពី​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​១១១៧​នាក់ និង​ព្រះសង្ឈ​ចំនួន​១២៧​អង្គ។ ចំនួន​នេះ បើធៀប​នឹងការ​ប្រលង​ឆ្នាំមុន​កើនឡើង​ជិតទ្វេ​ដង។ ឆ្នាំ​២០១៤មាន​អ្នកស្ម័គ្រ​ចិត្ត​ចូល​រួម​ប្រមាណ​ជា ៣០០០​នាក់។ អ្នកស្ម័គ្រ​ចិត្តទាំង​នោះ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្តល​ថវិកា​ក្នុងម្នាក់​ៗ​ចំនួន​១០​ម៉ឺន​រៀល សំរាប់​ចូល​រួម​សង្កេត​ការណ៍​ពេល​ប្រលង។​

លោករដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ឲ្យដឹង​ទៀត ថាឆ្នាំ​នេះ ក្រសួង​ចំណាយ​ថវិកា​ក្នុង​ការ​រៀប​ចំការ​ប្រលង​បាក់​ ឌុប ប្រមាណ​៣លាន ដុល្លា​អាមេរិក ដោយ​ប្រប្រាស់​បុគ្គលិក​ប្រមាណ​២ពាន់​នាក់ ពោល​គឺក្នុង​ចំ​ណោម​បេក្ខ​ជន​ម្នាក់​ចំណាយ​ប្រមាណ​១៣​ម៉ឺន​រៀល។

ចំពោះមុខវិជ្ជាវិញ្ញាសារ ដែល​ត្រូវ​ប្រលង​នៅឆ្នាំ​២០១៥​នេះ មាន​ចំនួន​៧មុខ​វិជ្ជា ក្នុង​នោះ​នៅថ្ងៃទី​២៤ ដែលជាថ្ងៃ​ទីមួយ នៃការ​ប្រលង​គឺនៅ​ពេលព្រឹក​ចាប់ពី ម៉ោង៧​និង៣០​នាទី ដល់​ម៉ោង​៩ព្រឹក ប្រលង​គីមី​វិទ្យា​ (៩០​នាទី)។ ពីម៉ោង​៩​និង​៣០​នាទី​ដល់ម៉ោង​១១ព្រឹក​ប្រលង​វិញ្ញាសារ​ជីវវិទ្យា​(៩០​នាទី)។

នៅពេល​រសៀល​ថ្ងៃទី២៤ សីហា មានមុខ​វិជ្ជា​ចំនួន​ពីរ​ត្រូវ​ប្រលង​រួមមាន​ពីម៉ោង​២ដល់​ម៉ោង​៣ ប្រលង​ប្រវត្តិ​វិទ្យា (៦០​នាទី) និងពី​ម៉ោង​៣ និង​៣០នាទី ដល់​ម៉ោង​៤និង​៣០នាទី ប្រលង​ភាសា​បរទេស (៦០​នាទី) ។ ចំណែក​នៅថ្ងៃទី​២៥ ជាថ្ងៃ​ប្រលង​ទី២ និងជា​ថ្ងៃចុង​ក្រោយ នៃការ​ប្រលង​នៅពេល​ព្រឹកចាប់​ពីម៉ោង​៧ និង​៣០នាទី ដល់ម៉ោង​៩ ប្រលង​អក្សរ​សាស្ត្រ​ខ្មែរ (៩០​នាទី)។ ពីម៉ោង៩​និង៣០​នាទី ដល់​ម៉ោង​១១ព្រឹក​វិញ្ញា​សារ​ប្រលង​រូបវិទ្យា (៩០នាទី)។ នៅពេល​រសៀល​ចាប់ពីម៉ោង​២ដល់​៤និង​៣០នាទី ប្រលង​គណិត​វិទ្យា​ (១៥០​នាទី)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative