ក្រសួង​ទេស​ចរណ៍ វគ្គ​បណ្តុះ​បណ្តាល​គ្រូបង្គោល​ជាតិ ផ្នែក​ការិយា​ល័យ​ជួរ​មុខនៃសេវាកម្មសណ្ឋាគារ

ក្រសួងទេសចរណ៍​សហការ​ជាមួយ​គណៈ​កម្មា​ធិការ​ជាតិ អ្នក​ជំនាញ​ទេស​ចរណ៍ បាន​បើកវគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល​ជាតិ ផ្នែក​កា​រិយា​ល័យ​ជួរមុខ នៃ​សេវា​កម្ម​សណ្ឋាគារ ដែលកម្ម​វិធី​បណ្តុះ​បណ្តាល​នេះ​បាន​ប្រព្រឹត្ត​ទៅរយៈ​ពេល​០៧ថ្ងៃ គឺចាប់​ពីថ្ងៃ​ទី២៤ ដល់​ទី៣០ សីហា ឆ្នាំ​២០១៥ នៅ​សណ្ឋា​គារ​ ណា​ហ្គាវើល ក្រោម​អធិបតី​​ភាព​លោក ប៉ាក់ សុខុម រដ្ឋ​លេខា​ធិការ ក្រសួង​ទេស​ចរណ៍ តំណាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍។ 

2សិក្ខាកាមដែល​ចូលរៀន​នៅក្នុងវគ្គ​បណ្តុះ​បណ្តាល​នេះ សុទ្ធសឹង​តែជា​អ្នក​គ្រប់​គ្រង និង​មាន​បទ​ពិសោធន៍​ច្រើនឆ្នាំ ផ្នែក​ការិយាល័យ​ជួរមុខ ដែលអាច​មាន​សមត្ថភាព​បណ្តុះ​បណ្តាល បន្ត​ទៅដល់​បុគ្គលិក នៅតាម​សណ្ឋាគារ ឬសិស្ស​និស្សិត នៅតាម​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បន្ទាប់​ពីបញ្ចប់​វគ្គនេះ​ទៅ។

យោងតាមឯកសារយោង​បាន​ឲ្យដឹង​ថា វគ្គ​បណ្តុះ​បណ្តាល​ខាងលើ​នេះជា​ផ្នែកមួយ​នៃផែន​ការ សកម្ម​ភាព​របស់​ក្រសួង​ទេស​ចរណ៍ ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​វិជ្ជា​ជីវៈ​ទេស​ចរណ៍ ស្រប​តាម​ស្តង់​ដា​ជាតិ និង​អាស៊ាន​ និង​ជួយទ្រទ្រង់​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក លើអ្នក​ជំនាញ​ទេស​ចរណ៍​អា​ស៊ាន​ ដើម្បី​ត្រៀមខ្លួន​ចូល​ជា​សមាហ​រណ​កម្ម​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ សំដៅ​បង្កើន និង​ពង្រឹង​សមត្ថ​ភាព ដល់អ្នក​ដែលកំពុង​បំរើ​ការងារ ក្នុងសេវា​កម្ម​សណ្ឋាគារ ឲ្យក្លាយ​ជាអ្នក​ជំនាញ​ទេស​ចរណ៍​អាស៊ាន ហើយអាច​មានលទ្ធភាពបំលាស់​ទីការ​ងារ​ក្នុងតំបន់​ស្រប​តាម​ស្មារតី​នៃកិច្ច​ព្រម​ព្រៀង​ MRA​។

មកដល់បច្ចុប្បន្ននេះ​ក្រសួង​ទេស​ច​រណ៍ បាន​បង្កើត​ស្តង់ដា​សមត្ថ​ភាព​អ្នក​ជំនាញ​ទេស​ចរណ៍​កម្ពុជា នៃ​សេវា​កម្ម​សណ្ឋាគារ ស្រប​តាម​ស្តង់ដាអាស៊ាន ហើយ​បានដាក់​ឲ្យ​អនុវត្ត​នៅ​តាម​បណ្តា​សាលា បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងតាម​បណ្តា​សណ្ឋា​គារ នៅកម្ពុជា​តាម​រយៈ​កាល​បណ្តុះ​បណ្តាល​ខាងក្នុង និង​តាមរូប​ភាព​ផ្សេងៗ​។ ជាមួយ​គ្នានេះ​ដែរកម្ពុជា បានវាយ​តំលៃ​សិស្ស​និស្សិត​នៃសាលា PSE ចំនួន​១៦រូប ដែល​សិក្សា​កម្ម​វិធី​អាស៊ាន ផ្នែកនៃ​សេវា​កម្ម​សណ្ឋា​គារ ឲ្យទទួល​បានការ​ទទួល​ស្គាល់ពី​លេខា​ធិការ​ដ្ឋាន និង​ប្រទេស​សមាជិក​អាស៊ាន ហើយ​កម្ពុជា​មានអ្នក​ជំនាញ​ទេស​ចរណ៍​អាស៊ាន មុនដំបូង​គេសំរាប់​ចូលរួម​បំលាស់​ទីការងារ​ក្នុងតំបន់។​

1លោក ប៉ាក់ សុខុម បាន​មាន​ប្រសាសន៍​បន្តថា​ «ការ​អភិវឌ្ឍន៍​វិស័យ​ធន​ធាន​មនុស្ស នៅ​ក្នុង​វិស័យ​ទេស​ចរណ៍ គឺជា​ផែនការ​អាទិភាព​មួយ​របស់​ក្រសួង​ទេស​ចរណ៍ ក្នុងការ​លើក​កំពស់​គុណ​ភាព​សេវា​កម្ម​ទេស​ចរណ៍​នៅ​កម្ពុជា ហើយ​ជាផែន​ការ​ទៅ​អនាគត ក្រសួង​ទេស​ចរណ៍ នឹង​ជំរុញ​ឲ្យមាន​ការ​បណ្តុះ​បណ្តាល​នឹង​ពង្រឹង​សមត្ថ​ភាព ដល់​បុគ្គ​លិក​ទាំងអស់ ដែល​បំពាន់​ការ​ក្នុង​វិស័យ​ទេស​ចរណ៍ ឲ្យសម​ស្រប​តាម​ស្តង់​ដា​ជាតិ និង​អាស៊ាន»។

នៅក្នុងពិធី​នោះដែរ ក៏មាន​ការ​ប្រគល់​វិញ្ញា​បន​បត្រ បញ្ជាក់​ការ​សិក្សា ដល់​សិក្ខា​កាម​ចំនួន​៥៥រូប ដែល​បានឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល កាល​ពីខែ​មិថុនា រួម​ទាំង​ផ្តល់​លិខិត​សរសើរ​ដល់​គ្រូ​បង្គោល និង​អ្នក​វាយ​តំលៃ​បង្គោល​អាស៊ាន និង​កម្ពុជា​ផងដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative