ប្រលងបាក់ឌុប​ថ្ងៃទី១ មាន​បេក្ខជន​ចំនួន​១០​នាក់ មាន​បញ្ហា​សុខភាព​ក្នុង​ពេលប្រលង

ដំណើរការប្រលងសញ្ញា​បត្រ​មធ្យម​សិក្សា​ទុយ​តិយ​ភូមិ ឬបាក់​ឌុប កាលពី​ព្រឹក​ម៉ិញនេះ បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន​នៅទូទាំង​ប្រទេស តែក៏​មាន​បេក្ខជន​ប្រលង​១០​នាក់ មាន​បញ្ហា​សុខភាព​តែអាច​ដំណើរ​ការ​ប្រលង​ជាធម្មតា​បន្ទាប់​ពីមាន​ការជួយ​សង្គ្រោះ​ពីក្រុម​គ្រូ​ពេទ្យ។

3យោងតាមទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំបាន​ឲ្យដឹង​ថា ក្នុង​ចំណោម​​បេក្ខជន​មាន​បញ្ហា​សុខភាព​នោះ​ មាន​បេក្ខជន​បីរូប បាន​ខ្យល់​គរ នៅក្នុង​អំឡុង​ពេល​សរសេរ​មុខវិជ្ជា​ទី ១ ដែល​ទាំង​នោះ មួយ​រូបជា​បេក្ខជន​ប្រឡង​​នៅ​មណ្ឌល​បឋម​​សិក្សា​រោងដំរី ខេត្ត​ព្រៃ​វែង មួយ​រូប​ទៀត ជា​បេក្ខជន​ប្រឡង​នៅ​​មណ្ឌល​វិទ្យា​ល័យ ​ជា ស៊ីម ត្បែង​​មានជ័យ ខេត្ត​ព្រះវិហារ​​​ និង​នៅ​មណ្ឌល​ប្រលង​នៅខេត្ត​មណ្ឌល​គីរី។

បើតាមទំព័រ​ហ្វេសប៊ុក​របស់​​ក្រសួង​អប់រំ ក្រោយ​ពីមាន​អាការៈ​ធូរ​ស្រាល ដោយ​សារ​ជំនួយ​សង្គ្រោះ​​បឋម​ពី​ក្រុម​គ្រូពេទ្យ បេក្ខ​ជន​ទាំងពីរ​រូប​នោះ បាន​បន្ត​ប្រឡង​​ឡើង​​វិញ​៕

ចំពោះបេក្ខជនចំនួន៧​នាក់​បន្ថែម​ទៀត មាន​បញ្ហា​សុខ​ភាព​បេក្ខជន កំឡុង​ពេល​ដំណើរ​ការ​សំណេរ វិញ្ញា​ សាទី​២ នាព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥​នេះ នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុន សែន​ មណ្ឌល​គិរី ខេត្តមណ្ឌល​​គិរី មណ្ឌល​គរុកោ​សល្យ ខេត្ត​កំពង់ចាម មណ្ឌល​បឋម​គំរូ​ក្រុងខាង​ជើង ខេត្ត​កំពង់ឆ្នាំង មណ្ឌល​ បឋម​សិក្សា​៧មករា ខេត្ត​ត្បូង​ឃ្មុំ មណ្ឌល​អនុវិទ្យា​ល័យ​ហ៊ុន សែន​ជុំ​គ្រៀល ខេត្ត​កំពត និង​មណ្ឌល​វិទ្យា​ល័យ​កម្មករ ខេត្ត​ព្រះ​សីហនុ ។ បេក្ខជន​ទាំង​៧នាក់ បានបន្ត​ការ​ប្រឡង​ឡើងវិញ បន្ទាប់​ពីមាន​អាការៈ​ធូរ​ស្រាល ក្រោយ​ពេល​ទទួល​បានជំនួយ​សង្គ្រោះ​បឋម​ពីក្រុម​គ្រូពេទ្យ ។

តាមគេហទំព័រខាងលើ ​​បាន​​បញ្ជាក់​ផងដែរ​ថា ដំណើរ​ការ​សំណេរ​នៃកា​រ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​២៤ សីហា ២០១៥ នាព្រឹក​ថ្ងៃទី១​នេះ បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយភាព​រលូន​តាមការ​គ្រោង​ទុក ដោយពុំ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតមាន​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ ពោលគឺ​ធានា​បាននូវ​សន្តិសុខ​សណ្ដាប់​ធ្នាប់ និង​របៀប​រៀប​រយ​ល្អ នៅតាម​មណ្ឌល​ប្រឡង​ទាំង​១៥០ ទូទាំង​ប្រទេស ក្រោម​ការ​ចូលរួម​សង្កេត​ការណ៍​ពី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និងដៃ​គូ​អភិវឌ្ឍ​វិស័យ​អប់រំ​នានា ។​

ផ្អែកតាមទិដ្ឋភាព​ទូទៅ នៃដំណើរ​ការ​ប្រឡង​នាព្រឹក​ថ្ងៃទី១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សន្និដ្ឋាន​បាន​ថា ដំណើរ​ប្រឡង​មានការ​វិវត្ត​ល្អប្រសើរ​មួយ​ជំហាន​ទៀតធៀប​នឹងឆ្នាំ​កន្លង​មក ដោយ​៖ ១-​បេក្ខជន​មក​ដល់​មណ្ឌល​ប្រឡង​មុនម៉ោង ស្ទើរ​តែពុំ​មានការ​នាំយក​ទូរសព្ទ សៀវ​ភៅ ឬ​សំណៅ​វិញ្ញាសា​ជាប់​ខ្លួន ២-​បេក្ខជន​ដើរចូល​ក្នុងបន្ទប់​ប្រឡង ដោយ​ភាព​ស្វាហាប់ និង​ជឿជាក់​លើខ្លួន​ឯង ៣-ជុំវិញ​មណ្ឌល​ប្រឡង​មាន​ភាព​ស្ងប់​ស្ងាត់ ពុំមាន​ការ​លក់​សៀវ​ភៅ ឬ​សំណៅ​វិញ្ញាសា​ផ្សេងៗ និង ៤-​មាន​កិច្ច​សហការ​ល្អពី​គ្រប់ភាគី​ពាក់ព័ន្ធ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative