អគារ​ខុន​ដូ​​តំលៃ​​ជាង១៣០​លាន​​ដុល្លា​ ជាការ​​វិនិយោគ​​របស់​​ជ​ប៉ុន​ បាន​​បញ្ចុះ​បឋម​សិលា​​សាង់​ជា​ផ្លូវការ

អគារ​ខុន​ដូ ​ដែលមាន​​តំលៃ​​ប្រមាណ​១៣៤​លាន​ដុល្លា​​អាមេរិក ​របស់​​ក្រុមហ៊ុន​​CREED ​ASIA​(CAMBODIA)​ ដែលជា​​សមាជិក​​នៃ​ក្រុមហ៊ុន​​CREED ​GROUP ជា​ក្រុម​ហ៊ុន​​វិនិយោគ​​អ​ច​នល​​ទ្រព្យ ​ដែលមាន​​មូល​ដ្ឋា​ន​​នៅ​ប្រទេស​​ជប៉ុន តាមរយៈ​​គម្រោង​​Bodaiju Residences​ បានធ្វើ​​ពិធី​​បញ្ចុះ​បឋម​សិលា​​សាង​សង់​​ជា​ផ្លូវការ​ និង​ការ​តាំង​បង្ហាញ​​គំរោង​​សាងសង់​​អគារ​​ស្នាក់នៅ​​កាលពី​​ព្រឹក​ថ្ងៃ​ទី២២ សីហា​ ឆ្នាំ២០១៥ ក្រោម​​អធិបតី​ភាព​​លោក​​ទេសរដ្ឋ​មន្ត្រី ​អ៊ឹម ​ឈុនលឹម​ រដ្ឋមន្ត្រី​ក្រសួង​​រៀបចំ​​ដែនដី​​នគរូប​នីយកម្ម និង​សំណង់ ​និង​លោក TOSHIHIKO​ MUNEYOSHI ស្ថាបនិក និង​​នាយក​​គ្រប់គ្រង​​ក្រុមហ៊ុន​ CREED ​GROUP។

1លោក​ TOSHIHIKO​ MUNEYOSHI បាន​​មាន​ប្រសាសន៍​ថា​ អគារ​​ខុន​ដូ​​ដែល​សាង​សង់​​នេះ​​មាន ចំនួន​៩២៨ យូ​នី​ត ដែល​មាន​​ទីតាំង​​នៅមុខ​​ប្រ​លាន​​យន្ត​ហោះ​​អន្តរ​ជាតិ​​ភ្នំពេញ ​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​​ផ្សារ​​ទំនើប Lion Mall ដោយ​​ចំណាយ​​ទុន​វិនិយោគ​​ប្រមាណ ១៣៤ លាន​​ដុល្លារ​​អាមេរិក។ លោក​បាន​​បន្តថា​​តាម​​គម្រោង​​យើង នឹង​បញ្ចប់​​ការសាង​សង់​នៅ​​ចុងឆ្នាំ​២០១៨ ខាងមុខ​នេះ ។ លោក​បាន​​បន្តថា​​ប៉ុន្តែ​​នៅក្នុង​​ដំណាក់​​ទី១ ក្នុង​ការ​សង់​អគារ​​ខុន​ដូ​​នេះ​អគារ​​ចំនួន២ និង​​មាន​​លំនៅ​ដ្ឋាន​៣៧២​យូ​នី​ត​​គ្រោង​​នឹង​​​បញ្ចប់​​សាងសង់​​នៅ​ចុង​ឆ្នាំ២០១៧ ដែល​មាន​អាង​​ហែល​​ទឹក​សួន​ច្បារ​​កន្លែង​​ហាត់​ប្រាណ​ កន្លែង​​អាំង​សាច់​​ផ្សារ​ទំនើប​​ខ្នាត​តូច​ ហាង​​ការ​ហ្វេ​​សួន​កុមារ​​ជាដើម។ លោក​បាន​​បន្ថែម​ទៀតថា​​ចំ​ពោះ​​តំលៃ​​វិញ​គឺ​ចាប់​ពី​តំលៃ​១០ម៉ឺ​ដុល្លា​​ឡើងទៅ។

លោក​បាន​ឲ្យ​​ដឹង​ទៀត​ថា ​គំរោង​​អភិវឌ្ឍន៍​​នេះ​​មាន​គោល​បំណង​​បង្កើត​​របៀប​​រស់នៅ ​ប្រកប​ដោយ​​ផាសុខភាព​​ក៏ដូចជា​​ផ្តល់​​ទី​តាំង​​ដែល​បង្ក​លក្ខណៈ​​ងាយ​ស្រួល​​បំផុត​ សំរាប់​​វិនិ​យោគិន​ និង​​អ្នក​ស្នាក់​នៅ​ទាំង​​ក្នុងស្រុក​​និង​​បរទេស។ គំ​រោ​នេះ​ ផ្តល់​​តំលៃ​​ប្រកួត​ប្រជែង ​និង​​សមរម្យ​​បំផុត​​សំរាប់​​អតិថិជន។ លោក​បាន​​បញ្ជាក់​ថា​ទំហំ​​វិនិយោគ​​របស់​​ក្រុមហ៊ុន​ CREED GROUP មាន​​ជាង​៥ពាន់​​លាន​ដុល្លា​​អាមេរិក ​ហើយ​បច្ចុប្បន្ន​នេះ​​ក្រុមហ៊ុន​​កំពុង​​ធ្វើ​​ប្រតិបត្តិ​ការ​ នៅក្នុង​​ប្រទេស​​ចំនួន៨ នៅ​​តំបន់​​អាស៊ី ​រួមមាន​​ជប៉ុន សឹង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន​ម៉ា វៀតណាម បង់​ក្លា​ដេ​ស កម្ពុជា​ និង​​ឥណ្ឌូ​ណេស៊ី។

ថ្លែង​ក្នុងឱកាស​ពិធី​បញ្ចុះ​បឋម​សិលា​​សង់​​អគារ​​ខុ​នដូ​ នា​​ឪ​កាស​​នោះ​​លោក​​ទេសរដ្ឋ​មន្ត្រី អ៊ឹម ឈុនលឹម ​រដ្ឋ​មន្ត្រី​ក្រសួង​​រៀបចំ​​ដែនដី​​នគរូប​នីយកម្ម និង សំណង់​​បាន​​និយាយ​ថា នេះ​គឺ​ជា​ការ​អភិវឌ្ឍន៍​​លំនៅ​ដ្ឋាន​​លើក​ដំបូង​​របស់​ក្រុមហ៊ុន មកពី​​ប្រទេស​​ជប៉ុន​ ដែលមាន​​អគារ​​ស្នាក់នៅ​​ចំនួន​៩២៨​យូ​នី​ត​ សាងសង់​​លើ​ផ្ទៃ​ដី​ដ៏​ធំ​​ទូលាយ​២ម៉ឺន​៣ពាន់​​ម៉ែត្រ​ក្រឡា ​រំលេច​​ទៅដោយ​​សួន​ច្បារ​ និង​​​ស្រឡះ​ល្អ ​ដើម្បី​​ផ្តល់នូវ​​បរិស្ថាន​​រស់នៅ​ក្នុង​ទស្សន​ទាន «ការរស់​នៅ​ក្នុង​​សួន​ឧទ្យាន​​បៃតង» ជា​លំហ​​មួយ​​សំរាប់​​អ្នក​រស់​នៅ​ក្នុង​​អគារ​​ស្នាក់​នៅ ទីនេះ​​អាច​ប្រាស្រ័យ​​ទាក់ទង​​ជា​មិត្តភាព​​ជាមួយ​គ្នា​បាន។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​ «ក្នុងនាម​​ក្រសួង​​ខ្ញុំ​សូម​​អបអរ​សាទរ​​ណាស់​ ដល់​ក្រុម​ហ៊ុន​​មកពី​​ប្រទេស​​អភិវឌ្ឍន៍​ធំៗ នៅលើ​​សកល​លោក​ កាន់តែ​ច្រើន​​មានការ​​ចាប់​​អារ​ម្មរណ៍ ​និង​ចូល​រួម​វិនិយោគ​​លើ​វិស័យ​​សំណង់​​នៅក្នុង​​ប្រទេស​​កម្ពុជា ​ដូចជា​​មកពី​​ប្រទេស​​ជប៉ុន ចិន កូរ៉េ សឹង្ហ​បុរី​ និង​​អង់គ្លេស​​ជាដើម​ ដែល​ក្រុម​ហ៊ុន​ទាំង​នេះ​ មិន​ត្រឹម​តែ​រួម​ចំណែក​​បង្កើត​​ការងារ​ធ្វើ​ប៉ុណ្ណោះ​​ទេ​តែ​​ថែមទាំង​​នាំមក​ជា​មួយ​ការ​វិនិយោគ​​នូវ​គុណ​ភាព​​ការងារ ចំណេះ​ដឹង​​និង​​ចំណេះ​​ធ្វើ​ជា​តំលៃ​បន្ថែម​​ដល់​​វិស័យ​​ស្ថាបត្យ​កម្ម​​វិស្វ​កម្ម អចលន​ទ្រព្យ​ និង​​សេដ្ឋកិច្ច​កម្ពុជា»។

លោក​ទេសរដ្ឋមន្ត្រី​ អ៊ឹម​ ឈុនលឹម​ បាន​​បញ្ជាក់​ថា «ប្រការនេះ​​ក៏បាន​​ឆ្លុះ​បញ្ចាំង​​នូវ​ជំនឿ​​ជឿជាក់ ​របស់​​អ្នក​វិនិយោគ​​មក​លើ​​ស្ថាភាព​​នយោបាយ ​សេដ្ឋកិច្ច ​និង​​សង្គម ​របស់​​កម្ពុជា​​គឺ​កំណើន​សេដ្ឋកិច្ច​​ខ្ពស់​ក្នុង​រយៈ​ពេល​វែង»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative