ក្រសួងអប់រំ បិទ​កន្លែង​ហ្វូតូកូពី និងលក់​ដូរ នៅជិត​មណ្ឌល​ប្រលង

ដើម្បីធានាបាន​នូវការ​ប្រលង​មួយប្រកប​ដោយតម្លា​ភាព អាចយក​ជាការ​បាន នោះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បាន ដាក់​ចេញនូវ​វិធានការ​មួយចំនួន ក្នុងនោះ​ក៏មានការ​បញ្ជា ឲ្យមានការ​បិទកន្លែង​ហ្វូតូកូពី និង​កន្លែង​លក់ដូរ ដែល​នៅ​ជិត​ មណ្ឌល​ប្រលង។​ វិធានការ​នេះ ក៏ដើម្បី​ការពារ​កុំឲ្យមាន​ការបែក​ធ្លាយ​វិញ្ញាសារ នៅពេល​ប្រលង​ផងដែរ។

3លោកហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បាន​មាន​​ប្រ​សាសន៍ កាលពី​​ពេលថ្មីៗ​នេះ ថាការ​ប្រលង​បាក់ឌុប​ នៅឆ្នាំ​នេះ ក្រសួង​បានធ្វើ​ការ​យាម​កាម យ៉ាង​តឹង​រឹង នៅតាម​មណ្ឌល​ប្រលង នីមួយ​ៗ ក្នុងនោះ​មានការ​ដាក់ មន្ត្រី​មាន​សមត្ថ​ កិច្ច ការពារ នៅ​មណ្ឌល​ប្រលង ដាក់ខ្សែ​ព័ទ្ធ​ជុំវិញ ហាមឆ្លង​កាត់ ហើយ​កន្លែង​ខ្លះបិទ​ផ្លូវ បណ្តោះ​អាសន្ន តែម្តង​ពិសេស បិទ កន្លែង​ហ្វូតូកូពី និងកន្លែង​លក់ដូរ​នៅ​ជុំវិញ​មណ្ឌល​ប្រលង។ លោក​រដ្ឋមន្ត្រី​បានបន្ត​ថា ការបិទ​កន្លែង​ហ្វូតូកូ​ពីនេះ ដើម្បី​ការ​ពារ​ កុំឲ្យ​មានការ​បែកធ្លាយ​វិញ្ញាសារ​ប្រលង​ផងដែរ ព្រោះថា​កន្លែង​ហ្វូតូកូពី​នេះ ពេលជិត​ប្រលង​ម្តងៗ តែងតែ​លួចកូពី នូវ​វិញ្ញាសារ​ ប្រលង ដែល​ចេញ​ដោយពួក​ឈ្មួញ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀត​ថា កាលពីឆ្នាំ​មុន​អង្គភាព​ប្រឆាំង អំពើ​ពុក​រលួយ បានចាប់​ជន​ប្រព្រឹត្ត​ទាំងឪពុក និង​កូន​នៅ​ ខេត្ត​តាកែវ ដោយពួក​គេបាន​ផ្សព្វ​ផ្សាយ​ឯកសារ​ឆបោក​មុន​ពេល​ប្រលង ក្នុងនោះ​បានរឹប​អូស​នូវសម្ភារៈ​មួយចំនួន​ផងដែរ។

លោកបានឲ្យដឹងទៀតថា «សំរាប់ឆ្នាំ​នេះយក​ល្អ អ្នកដែល​មាន​គំនិត ចង់ផ្សព្វ​ផ្សាយ ឯកសារ​ផ្សេងៗ នៅពេល​ប្រលង ព្រោះ​ ថា​ពួកគេ​ត្រូវប្រឈម​មុខនឹង​ផ្លូវច្បាប់ ទោះបី​ជាឈ្មួញ​ទាំងនោះ មានឯក​សារ​ចំលង​ពិត ឬមិន​ពិត​ក៏ដោយ ក៏ត្រូវ​ប្រឈម​មុខ​ នឹង​ច្បាប់ដែល​អនុវត្ត​ដោយអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ»។

លោករដ្ឋមន្ត្រីថា ឆ្នាំនេះ​ការ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ មាន​វិធាន​ការតឹង​តែងជាង​ឆ្នាំមុន​ទៅទៀត។ ដូចនេះ​ឈ្មួញ ដែល ធ្លាប់​រកស៊ី​បោក​បេក្ខជន គួរតែ​បញ្ឈប់​ទៅវាមិន​មានចំណេញ​អ្វីទេ មានតែ​ប្រឈម​នឹងផ្លូវច្បាប់ ប៉ុណ្ណោះ​ហើរអស់​ទាំង​ដើម​ទាំង ការ​ទៀតផង។

ដើម្បីកុំឲ្យមានការបែកធ្លាយ​វិញ្ញាសារ​ប្រលង​នេះដែរ លោក​រដ្ឋមន្ត្រី បានបន្ត​ទៀតថា ក្រសួង​បានធ្វើការ​ប្រមូល​ផ្តុំ មណ្ឌល​ ប្រលង ដោយសារ​ខ្លាចបែក​ធ្លាយវិញ្ញា បើកាល​ពីមុន​មានមណ្ឌល​ប្រលង​ច្រើនធ្វើ​ឲ្យពិបាក​ក្នុងការគ្រប់​គ្រង។ ដូចនេះ ពេល ប្រមូល​ផ្តុំមណ្ឌល​ប្រលង​ងាយស្រួល ក្នុងការ​គ្រប់គ្រង និង​ការពារ​កុំឲ្យបែក​ធ្លាយវិញ្ញាសារ​បលង​ផងដែរ។ ប៉ុន្តែ​សំរាប់​ខេត្ត ណា​ដែលធំៗ នោះក្រសួង​អនុញ្ញាតិ​ឲ្យមាន​ការប្រលង​នៅស្រុក ដើម្បីកុំ​ឲ្យបេក្ខជន​ពិបាក​ធ្វើ​ដំណើរ។

ការប្រឡង​បាក់​ឌុប ឆ្នាំ​នេះ​​នឹង​ប្រព្រឹត្ត​ទៅ រយៈ​ពេល​ពីរ​​ថ្ងៃ គឺ ចាប់​ពី​ថ្ងៃទី២៤ សីហា ដែល​​មាន​​បេក្ខជនចូលរួម​ប្រលង​​ ៨៨៤៨៨​នាក់ ក្នុង​នោះ​​មាន​មណ្ឌល​​ប្រឡង​​ចំនួន ១៥០ កន្លែង ស្មើ​នឹង ​៣.៥៧៦​បន្ទប់ ។ បេក្ខជន​​ដែល​ប្រឡង​​ជាប់​ត្រូវ​​ទទួល​​បាន​ពិន្ទុ​ចំនួន ២៣៧​ពិន្ទុ។ សំរាប់​ប្រលងឆ្នាំ​នេះ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ទទួលបាន​អ្នកស្ម័គ្រ​ចិត្ត សង្កេត​ការណ៍​ ចំនួន​៥៦២៥​នាក់ ក្នុងនោះ​មានមកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​១១១៧​នាក់ និងព្រះ​សង្ឈ​ចំនួន​១២៧អង្គ។ ចំនួននេះ​ បើធៀប​នឹង​ការ​ប្រលង​ឆ្នាំមុន កើនឡើង​ជិតទ្វេដង​។ ឆ្នាំ២០១៤​មានអ្នក​ស្ម័គ្រចិត្ត ចូលរួម​ប្រមាណ​ជា​៣០០០​នាក់។ អ្នកស្ម័គ្រ ចិត្ត​ទាំង​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានផ្តល​ថវិកា ក្នុងម្នាក់ៗ ចំនួន​១០ម៉ឺន​រៀល​សំរាប់​ចូល​រួម​សង្កេត​ការណ៍ ពេល​ប្រលង។

កាលពីរសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​​២០១៥ នា​ទីស្ដី​ការ​​ក្រសួង​​អប់រំ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​​​ក្រសួង​​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​នៅក្នុងសន្និសីទ​​​កាសែត​​ បទបញ្ញត្តិ​​ចំនួន ៥​ចំណុច គឺ​ជា​វិធាន​ការ​ក្ដៅ​​សម្រាប់​​ពង្រឹង​​ឲ្យ​ការ​​ប្រឡង​​មាន​​គុណ​ភាព និង​​តម្លាភាព ដោយ​បាន​រឹត​​បន្តឹង​​ដល់​បេក្ខ​ជន​​ដែល​ប្រព្រឹត្ត​​ខុស​​ឈាន​ដល់​​ការ​ធ្លាក់​​ជា​​ស្វ័យ​ប្រវត្តិ និង​មិន​​អនុញ្ញាត​​ឲ្យ​ចូល​ប្រឡង​​ចំនួន ២​ឆ្នាំ​​ជាប់​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​យុវជន និង​កីឡា បានមាន​ប្រសាសន៍​ថា វិធានការ​​ទាំង​នោះ​​មាន​ជា​​អាទិ ការ​ធ្វើ​​កោសល្យ​វិច័យ​​រក​ឃើញ​​ថា សន្លឹក​​កិច្ចការ​​របស់​​បេក្ខជន​​ដូច​ឯកសារ​​ដែល​គេ​​ចែកចាយ​​តាម​​បណ្ដាញ​ ផ្សព្វ​ផ្សាយ និង​​ឯកសារ​​លក់​​នៅ​លើ​​ទីផ្សារ​​នោះ​មាន​​ន័យ​​ថា បេក្ខជន​​ចម្លង ជា​​លទ្ធផល​​បេក្ខជន​​នោះ​នឹង​​បាន​ពិន្ទុ​​សូន្យ។  ចំណែក​​បេក្ខជន​​ដែល​ឲ្យ​សន្លឹក​​កិច្ចការ​​របស់​ខ្លួន​​ទៅ​អ្នក​​ដទៃ​​ចម្លង គឺ​នឹង​​ត្រូវ​ធ្លាក់​​នៅ​ឆ្នាំ​នេះ ហើយ​មិន​​អនុញ្ញាត​​ឲ្យ​ចូល​ប្រឡង​​នៅ​ឆ្នាំ​ក្រោយ​​ទៀត​នោះ​​ទេ។ មួយ​វិញ​​ទៀត បេក្ខជន​​ដើរ​ប្រមូល​​លុយ​​ឲ្យ​គ្រូ​​នៅ​ពេល​ប្រឡង​​នឹង​ត្រូវ​ប្រឡង​​ធ្លាក់​ជា​ ស្វ័យ​ប្រវត្តិ និង​មិន​​អាច​មិន​​អនុញ្ញាត​​ឲ្យ​ចូល​​ប្រឡង​​ចំនួន ១​ឆ្នាំ។

ជាង​នេះ​ទៅ​ទៀត ប្រសិន​​ជា​បេក្ខជន​​យក​អាវុធ​​ជាតិ​ផ្ទុះ​​ចូល ឬ​ឲ្យ​អ្នក​​ដទៃ​​ប្រឡង​​ជំនួស ឬ​មួយ​​បេក្ខជន​​នោះ​បាន​​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​​សម្បត្តិ និង​​សម្ភារៈ​​ក្នុង​បន្ទប់​​ប្រឡង បេក្ខជន​​នោះ​នឹង​ត្រូវ​​ធ្លាក់​ជា​ស្វ័យ​​ប្រវត្តិ និង​មិន​​ឲ្យ​ចូល​​ប្រឡង​​ចំនួន ២​ឆ្នាំ​​ជាប់​គ្នា។ បេក្ខជន​​ដែល​គេ​រក​​ឃើញ​ថា បាន​ប្រើ​ប្រាស់​​ឧបករណ៍​​អេឡិច​ត្រូនិក ឬ​ទូរស័ព្ទ​​ដៃ ក្នុង​ពេល​​ចែក​វិញ្ញា​សា​​ប្រឡង​​នោះ​នឹង​ត្រូវ​​ធ្លាក់​ជា​ស្វ័យ​​ប្រវត្តិ ពិសេស​ជាង​​នេះ​ទៅ​ទៀត ចំពោះ​បេក្ខជន​​ធ្វើ​ឲ្យ​ខូចខាត​​របៀប​រៀប​រយ​ក្នុង​​បន្ទប់​​ប្រឡង ហើយ​ប្រមូល​​ផ្ដុំ​គ្នា​​បង្កើត​ក្លឹប​​ចម្លើយ និង​ធ្វើ​​ឲ្យ​ប៉ះពាល់​​ដល់​កិត្តិ​យស ឬ​រាងកាយ​​ដល់​មេ​ប្រយោគ នោះ​នឹង​​ឈាន​ដល់​​ការ​បញ្ជូន​​ខ្លួន​ទៅ​​ស្ថាប័ន​​មាន​​សមត្ថកិច្ច​​ទៀត​ផង។

លោក ហង់ ជួនណារ៉ុន បាន​បញ្ចាក់ថា បទបញ្ញត្តិ​​ទី​៥ គឺ​ការ​បង្ក​​បញ្ហា​​នៅ​ក្នុង​​បន្ទប់​​ប្រឡង។មាន​ន័យថា គាត់​ទៅ​​ប្រមូល​​ផ្ដុំ​គ្នា​​ទទួល​​វិញ្ញាសា​​ហើយ រៀបចំ​​ជា​ក្លីប ធ្វើ​ចម្លើយ​​ហើយ​ចែក​គេ​​ចម្លង។ នាំ​សំណៅ​​វិញ្ញាសា​​ចេញ និង​​ចម្លើយ​​ចូល គឺ​លុប​​ឈ្មោះ​​ចេញ​ពី​​គ្រឹះ​ស្ថាន​​សិក្សា​ និង​​បញ្ជូន​​ខ្លួន​ទៅ​​ស្ថាប័ន​​មាន​​សមត្ថកិច្ច។

វិធានការមិនមែនតែសំរាប់​សិស្ស​នោះទេ សូម្បី​តែមន្ត្រី​អប់រំ​ឬអ្នក​សង្កេត​ការណ៍ ប្រលងក៏​មាន ទោស​ទណ្ឌ​ដែរ បើធ្វើ​ខុស​ ពី​បទ​បញ្ញតិ​នោះ។  អ្នក​ដែល​ពាក់​ព័ន្ធ និង​បុគ្គលិក​​អប់រំ ដែល​ធ្វើ​​ខុស ​នឹង​បទ​​ប្បញ្ញត្តិ​​ដែល​បាន​កំណត់​​នោះ ពួក​គេ​អាច​នឹង​​ប្រឈម​មុខច្បាប់​ ដែល​មាន​​ចែង​នៅ​ក្នុង​​ក្រមព្រហ្ម​ទណ្ឌ ឬ ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ។

លោក ហង់ ជួនណារ៉ុន បាន​ឲ្យ​ដឹង​ថា «ដើម្បី​​ធានា​​ការ​ប្រឡង​​ប្រកប​​ដោយ គោល​ការណ៍​​ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធ​ផល ​ទទួល​​យក​បាន ក្រសួង​ បាន​ដាក់​​ចេញ​ជា​បទ​ប្បញ្ញត្តិ​នានា ដែល​មិនមែន​​សម្រាប់​តែ​បេក្ខជន​​ប្រឡង​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​សម្រាប់ បុគ្គលិក​​សិក្សា​អប់រំ និង អ្នក​ពាក់​​ព័ន្ធ​ផ្សេង​ទៀត ផងដែរ»។

បើ​ទោះ​បី​ជា នេះ​ជា​ឆ្នាំ​ទី​ពីរ​​ហើយ​នៃ​ការ​​ធ្វើ​កំណែ​​ទម្រង់​​របស់​​ក្រសួង​​អប់រំ យ៉ាង​ណា​​ក៏ដោយ លោក ហង់ ជួនណារ៉ុន បាន​​សង្កត់​​ធ្ងន់​ថា លោក​ពុំ​​អាច​ធានា​​នៅ​ឆ្នាំនេះ​​នឹងមាន​​បេក្ខជន​​ប្រឡង​​ជាប់​ច្រើន​​ឬ​យ៉ាង​ណា​ នោះទេ។ ប៉ុន្តែ លោក​​ទទួល​​ស្គាល់​ថា ​សិស្ស​​ថ្នាក់​ទី១២ ក្នុង​ឆ្នាំ​​សិក្សា​នេះ មាន​ការ​​ខិតខំ​ប្រឹង​​ប្រែង​រៀន​​សូត្រខ្លាំង។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹង​ទៀត ថាឆ្នាំនេះ​ក្រសួង​ចំណាយ​ថវិកា​ក្នុងការ រៀបចំការ​ប្រលង​បាក់ឌុប ប្រមាណ​ ៣​លាន​ដុល្លា​អាមេរិក ដោយ​ប្រប្រាស់​បុគ្គលិក ប្រមាណ​២ពាន់​នាក់ ពោលគឺ​ក្នុងចំណោម បេក្ខជន​ម្នាក់ ចំណាយ​ប្រមាណ​ ១៣​ម៉ឺន​រៀល។

ដើម្បីត្រៀមជួយសង្គ្រោះដល់​បេក្ខជន​ប្រលង​បាក់ឌុប ដែលនឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃទី​២៤ សីហា សប្តាហ៍​ក្រោយ​នេះ​ លោក​វេជ្ជ​បណ្ឌិត សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល រាជ​ធានី​ភ្នំពេញ បានមាន​ប្រសាសន៍ ថា​សំរាប់​ឆ្នាំនេះ មន្ទីរ សុខាភិបាល បាន​ត្រៀម​បុគ្គលិក​ពេទ្យ​ចំនួន​៤៣នាក់ និងដាក់​ពង្រាយ រថយន្ត​សង្គ្រោះ ចំនួន​៧គ្រឿង នៅតាម​មន្ទីរ​ពេទ្យ ឬមណ្ឌល​សុខភាព​ ដែល​នៅជិត​មណ្ឌល​ប្រលង​នៅភ្នំពេញ ដែលមាន​ចំនួន២២​មណ្ឌល ខ្លាចក្រែង មានបញ្ហា​នៅពេល​ប្រលង​ ដូចជា​មាន​អគារៈ​ខ្យល​គរ​ឬដួលសន្លប់​នៅពេល​ប្រលង​ជាដើម។

កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ ក្រសួង​អប់រំ​បានរៀបចំ និង​ដឹកជញ្ជូន​ហឹបវិញ្ញាសា ទៅ​កាន់​រាជធានី​ទាំង២៥​ ដោយ​មានការ​ចូលរួម សង្កេត​ការណ៍ ពីអង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ អ្នកសង្កេត​ការណ៍ និងដៃ​គូអភិវឌ្ឍន៍​វិស័យ​អប់រំ ដើម្បី ត្រៀម​សម្រាប់​ដំណើរ​ការប្រឡង ។

2បើយោងតាមកម្មវិធី​ការងារ​ប្រលង​បាក់ឌុប របស់​ក្រសួង​អប់រំ បានឲ្យដឹង​ថាសំរាប់​នៅថ្ងៃទី២២ សីហា ប្រធាន​គណៈ​មេ ប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី-ខេត្ត បើកកិច្ច​ប្រជុំ​ណែនាំ​គណៈ កម្មកា​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន​អនុប្រធាន​ មណ្ឌល។ បន្ទាប់មក​គណៈកម្មកា​អប្បមាទទូ​ទាំង​ប្រទេស ប្រចាំ​នៅមណ្ឌល និង​ប្រធាន​អនុប្រធាន​មណ្ឌល​ ដឹក​វិញ្ញាសារ​ទៅ​ផ្ញើរទុក​នៅអាជ្ញាធរ​ដែនដី​ស្រុក​ដែលមាន​មណ្ឌល​ប្រលង។ លុះដល់​ព្រឹក ថ្ងៃទី២៣ សីហា ពេលព្រឹក ប្រធាន​មណ្ឌល​ ត្រូវ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​តារាង ប្រព្រឹត្ត​ទៅនៃវិញ្ញា​សារ ប្រលង​បទបញ្ញាត្តិ ប្រលង​ប្លង​បន្ទប់ និងស្លាក​លេខ​ បន្ទប់​នៅ​តាម​បន្ទប់​ប្រលង​។ ពេលរសៀល​ប្រធាន​អនុប្រធាន​មណ្ឌល ប្រជុំ​ណែនាំ មេ​ប្រយោគ ទៅ​តាម​មណ្ឌល ប្រលង​រៀងៗ ខ្លួនមុន​ដល់​ថ្ងៃទី​២៤ ទី២៥ ដែល​ជាថ្ងៃ​ប្រលង​ជាផ្លូវការ។

តាមសេចក្តីប្រកាសពត៌មានរបស់​ក្រសួង​អប់រំ បានបង្ហាញ​ថាចំពោះ​មុខវិជ្ជា​វិញ្ញាសារ ដែលត្រូវ​ប្រលង​នៅឆ្នាំ២០១៥​នេះ មាន ចំនួន៧មុខ​វិជ្ជា​ក្នុងនោះ​នៅថ្ងៃ​ទី២៤ ដែលជាថ្ងៃ​ទីមួយ​នៃការ​ប្រលង គឺនៅពេល​ព្រឹកចាប់​ពីម៉ោង៧​និង៣០​នាទី​ ដល់​ម៉ោង​៩​ព្រឹក ប្រលង​គីមីវិទ្យា​(​៩០​នាទី)។ ពីម៉ោង៩​និង៣០​នាទី​ដល់ម៉ោង​១១ព្រឹក​ប្រលង​វិញ្ញាសារ​ជីវវិទ្យា​(៩០នាទី)។

នៅពេលរសៀលថ្ងៃទី២៤សីហា មានមុខ​វិជ្ជា​ចំនួនពីរត្រូវ​ប្រលងរួមមាន​ពីម៉ោង២​ដល់ម៉ោង ៣​ប្រលង ប្រវត្តិ​វិទ្យា (៦០​នាទី)  និង​ពីម៉ោង៣​និង៣០​នាទី ដល់ម៉ោង​៤និង​៣០នាទី ប្រលង​ភាសាបរ​ទេស​(៦០នាទី)។ ចំណែក​នៅថ្ងៃទី​២៥ ជាថ្ងៃ​ប្រលងទី២ និងជា​ថ្ងៃចុង​ក្រោយនៃ​ការប្រលង​នៅពេល​ព្រឹកចាប់ពី​ម៉ោង៧​និង៣០នាទី ដល់ម៉ោង​៩ប្រលង​អក្សរ​សាស្ត្រ​ខ្មែរ (៩០នាទី)។ពីម៉ោង​៩និង​៣០នាទី ដល់​ម៉ោង១១​ព្រឹក វិញ្ញាសារ​ប្រលង​រូបវិទ្យា​(៩០នាទី)។ នៅពេល​រសៀល​ចាប់ ពីម៉ោង​២ដល់​ ៤និង​៣០​នាទី ប្រលង​គណិត​វិទ្យា (១៥០នាទី)។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative