ពលរដ្ឋ​​ជាង​២៣០​​នាក់ ​នៅ​​ភូមិ​​កោះ​ក្អែក ​ទទួល​​បាន​​ការ​​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិត​ថ្លៃ

ក្រុមការងារ​គ្រូពេទ្យ​ខេត្ត​កំពង់​ឆ្នាំ​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​​ព្យាបាល​ជំងឺ ដោយ​ឥតគិត​ថ្លៃ​ជួន​ប្រជាពល​រដ្ឋ ចំនួន​​២៣២​​នាក់ ​រស់​ ​នៅ​ក្នុង​​ភូមិ​កោះ​​ក្អែក ឃុំ​​ពាម​​ឆ្កោក ស្រុក​​ជល​គី​រី ខេត្ត​កំពង់​ឆ្នាំង។

1នៅក្នុងការចុះពិនិត្យព្យាបាល​ជំងឺ នា​ឪកាស​នោះ​ដែរ ​ក្រុម​ការងារ​​គ្រូពេទ្យ​​ខេត្ត​ដាក់​ថ្នាំ​​អា​បែត​​ក្នុង​​ពាង​​​ដាក់​ទឹក​​ដល់​ផ្ទះ​​មួយ​​ចំនួន​​ដើម្បី​​សម្លាប់​​ដង្កូវ​ទឹក និង​​បាញ់​ថ្នាំ​​សម្លាប់​​មូស​​តាម​​ផ្ទះ​​ផងដែរ។

លោក ម៉ម ម៉ា​ល័យ អនុ​ប្រធាន​​មន្ទីរ​​សុខា​ភិបាល​​ខេត្ត និង​​ជា​ប្រធាន​​ក្រុម​​ព័ត៌មាន​​ប្រតិកម្ម​​រហ័ស​ បាន​​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​​ទទួល​បាន​​ព័ត៌មាន ស្តីពី​ប្រជា​ពល​រដ្ឋ​នៅភូមិ​ក្អែក មាន​បញ្ហា​​ជំងឺ​​គ្រុន​ឈាម​​ច្រើន​​កាល​ពី​​ថ្ងៃទី​​១៩ ខែ​សីហា ឆ្នាំ​​២០១៥ លោក​​ប្រាក់ វុន ប្រធាន​​មន្ទីរ​​សុខា​ភិបាល​ កំពង់​ឆ្នាំង បាន​ដឹក​នាំ​​គ្រូពេទ្យ​​មួយក្រុម នាំយក​​ថ្នាំពេទ្យ​​ចុះទៅ​​ជួយ​ពិនិត្យ​​ព្យាបាល​​ជំងឺ​​បាន​​ចំនួន​​២៣២​​នាក់ ដែល​ក្នុង​នោះ​​គ្រូពេទ្យ​​បាន​រក​ឃើញថា​ អ្នកមាន​​ជំងឺ​គ្រុន​​ឈាម​​​មានតែ​​ម្នាក់​ ប៉ុណ្ណោះ​ ដោយ​​ជំងឺ​​នេះ​​អ្ន​ក​ជំងឺ​បាន​ជា​សះ​ស្បើយ​​ជា​បន្ត​បន្ទាប់​អស់ហើយ ក្រៅពី​នោះ​​មាន​ជំងឺ​​គ្រុនក្ដៅ គ្រុន​ពោះ​វៀន និង​​រាក​រូស​​ធម្មតា​។

លោក ប្រាក់ ​វុន ប្រធាន​​មន្ទីរ​​សុខាភិបាល​​កំពង់​ឆ្នាំង​ បានឲ្យ​ដឹង​ដែរ​​ថា​ ក្រៅពី​​ជួយ​​ពិនិត្យ​​ព្យាបាល ​ជូន​​ប្រជា​ពល​រដ្ឋ​​ទាំង​​២៣២​​នាក់​ រួច​មក លោក​​ក៏បាន​​ឲ្យ​គ្រូ​ពេទ្យ​​ខេត្ត និង​​ស្រុក​​សហការ​គ្នា ​ចូលរួម​​បាញ់ថ្នាំ​​សម្លាប់​​មូស​តាម​​លំនៅ​ឋាន និង​​ដាក់​ថ្នាំ​​សម្លាប់​​ដង្កូវទឹក​​តាម​ពាង តាម​​ផ្ទះ​ប្រជា​ពលរដ្ឋ​​ក្នុង​ក្នុង​​ភូមិ​កោះ​​ក្អែក ឃុំ​​ពាម​ឆ្កោក ស្រុក​​ជល​គី​រី​​ផង​ដែរ ដើម្បី​​កម្ចាត់​​ដង្កូវ​ទឹក និង​​មូស​​ខ្លា ដែល​​ជា​ប្រភព​​នៃ​ជំងឺ។ ទន្ទឹម​​នឹង​នោះ​​ផង​ដែរ​ លោក​ ​ក៏បាន​​ណែនាំ​​ឲ្យ​​គ្រូពេទ្យ​​ក្នុង​​មណ្ឌល​​សុខភាព ត្រូវ​យក​ចិត្តទុក​ដាក់​​ចុះ​មក​​ពិនិត្យ និង​​ព្យាបាល​​ជំងឺ​​ជូន​អ្នក​ភូមិ​​កោះ​ក្អែក ឲ្យ​បា​ន​​ញឹក​ញាប់ និង​​ជាប្រចាំ​​នៅ​ពេល​​អ្នកភូមិ​​កើត​ជំងឺ​​ច្រើន។

លោក​ប្រធាន​​មន្ទីរ​​សុខា​ភិបាល ក៏​សុំ​​អំពាវ​នាវ​​ផង​​ដែរ​​ដល់​​ប្រជាពល​រដ្ឋ​​យើង​ ទាំង​​អស់​​ត្រូវ​តែ​​ឲ្យ​​កូនចៅ​ ដេក​​ក្នុង​​មុង ហូប​​ទឹក​​ឆ្អិន ត្រូវ​​កាប់​​ព្រៃ​ជុំវិញ​​ផ្ទះ និង​​ជីក​​អន្លង​​កប់​សំបក​​កំប៉ុង​​ដប​​ឲ្យអស់​​កុំ​ឲ្យ​មូស​​ខ្លា​រស់​នៅ ដែលជា​​ប្រភព​​នៃ​ជំងឺ​គ្រុន​ឈាម។ បើ​​មាន​​ជំងឺ​​ផ្សេងៗ​​កើតមាន​​ច្រើន​ ក្នុងភូមិ​​ត្រូវ​​រាយ​ការណ៍​​ជា​បន្ទាន់​​មក​​មណ្ឌល​​សុខ​ភាព ឬ​មន្ទីរ​ពេទ្យ និង​​ខេត្ត ដើម្បី​​ក្រុម​​គ្រូ​ពេទ្យ​​ចុះ​មក​ជួយ​​ពិនិត្យ​​ព្យាបាល​​ឲ្យ​បាន​​ទាន់​ពេល​វេលា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative