ក្រសួងអប់រំ ចាប់ផ្តើម​បញ្ជួន​ហឹប​វិញ្ញាសារ​ប្រលង​បាក់ឌុប ទៅ​កាន់​រាជធានី​ខេត្ត

ប្រធានគណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រធាន​គណៈ​កម្មកា​អប្ប​មាទ​ទូទាំង​ប្រទេស ប្រចាំ​រាជធានី​-ខេត្ត កាលពី​ព្រឹក ថ្ងៃ​ ទី ២១ ខែ​សីហា ឆ្នាំ​២០១៥​នេះ បានរៀប​ចំ និងដឹក​ជញ្ជូន​ហឹប​វិញ្ញាសា ទៅ​កាន់​រាជធានី​ទាំង២៥ ដោយ​មាន​ការចូល​រួម​ សង្កេត​ការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​សង្កេត​ការណ៍ និងដៃ​គូអភិវឌ្ឍន៍​វិស័យ​អប់រំ ដើម្បី​ត្រៀម​សម្រាប់​ ដំ​ណើរ​ការ​ប្រឡង សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ដែលនឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ទី២៤​-២៥ ខែសីហា ឆ្នាំ​២០១៥ ខាងមុខ​នេះ ។ នេះបើ​យោង​តាមគេហ​ទំព័រ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងែទី ២១​ សីហា​។

13បើយោងតាមទំព័រហ្វេសប៊ុក របស់​លោក​ទេស​រដ្ឋ​​មន្ត្រី ឪម យ៉ិនទៀង ជា​ប្រធាន​អង្គ​ភាព​ប្រឆាំង​​អំពើ​​ពុក​​រលួយ ដោយ​​បាន​ណែនាំ​​ដល់​មន្ត្រី​​របស់​ខ្លួន​ថា​ «មន្ត្រី​​ ​ACU​ ដែល​បាន​​ចេញ​ដំណើរ អម​​វិញ្ញាសារ​​ប្រលង ទៅតាម​​ខេត្ត ពី​ព្រឹក​​ព្រលឹម​​ស្រាងៗ​ នៅ​ថ្ងៃ​នេះ​សូម​យក​​ចិត្ត​​ទុក​​ដាក់​​សុវត្តិភាព នៃការ​​បើក​​បរ​​ជាមុន។ សន្សឹម​ៗ​​កុំ​​បំបោល ក្រែង​​ពុំ​ដល់​ដូច​ប្រាថ្នា​ណា​​ហើយ​​បើ​​សិន​​​ជា​​វិញ្ញា​សារ មាន​បញ្ហា​​អ្វីមួយ​​ក្រសួង​​អប់រំ បាន​​ត្រៀម​​ជា​​សំងាត់​​​នូវ​វិញ្ញា​សារ​សំរាប់​ជំនួស​ភ្លាម»។

បើយោងតាមកម្មវិធីការងារ​ប្រលង​បាក់ឌុប របស់​ក្រសួង​អប់រំ បានឲ្យ​ដឹងថា សំរាប់​នៅ ថ្ងៃទី​២២ សីហា ពេលព្រឹក​ស្អែក​នេះ ​ប្រធាន​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស ប្រចាំ​រាជ​ធានី-​ខេត្ត បើកកិច្ច​ប្រជុំ​ណែនាំ គណៈ​កម្មកា​អប្ប​មាទ​​ទូទាំង​ប្រទេស និង​ប្រធាន​​អនុ​​ប្រធាន​​មណ្ឌល។ បន្ទាប់​មក​​គណៈ​​កម្ម​ការ​​អប្បមាទ​​ទូទាំង​ប្រទេស​​ប្រចាំ​​នៅ​​មណ្ឌល និង​​ប្រធាន​អនុ​ប្រធាន​​មណ្ឌល ដឹក​វិញ្ញា​សារ ទៅផ្ញើរ​ទុកនៅ​អាជ្ញាធរ​ដែន​ដី​​ស្រុក​ ដែល​​មាន​​មណ្ឌល​​ប្រលង។ លុះដល់​ព្រឹក ថ្ងៃទី​២៣ សីហា ពេល​ព្រឹក ប្រធាន​មណ្ឌល​ត្រូវ​បិទ​​បញ្ជី​ឈ្មោះ​​បេក្ខជន តារាង​​ប្រព្រឹត្ត​​​ទៅ​នៃ​​វិញ្ញាសារ​​ប្រលង​បទ​បញ្ញាត្តិ ប្រលង​ប្លង​បន្ទប់ និង​​ស្លាក​​លេខ​​បន្ទប់ នៅ​តាម​​បន្ទប់​​ប្រលង។ ពេល​រសៀល​ប្រធាន អនុ​​ប្រធាន​​មណ្ឌល​ប្រជុំ​​ណែនាំ​​មេ​ប្រយោគ​​ទៅ​តាម​​មណ្ឌល​​ប្រលង​​រៀងៗ​ខ្លួន​​មុន​ដល់ ថ្ងៃ​ទី​២៤ ទី២៥ និង២៦ ដែលជា​​ថ្ងៃ​ប្រលង​​ជាផ្លូវ​ការ។

តាមសេចក្តីប្រកាសពត៌មាន របស់​ក្រសួង​អប់រំ បាន​បង្ហាញ​ថា ចំពោះ​មុខវិជ្ជា​វិញ្ញាសារ ដែល​ត្រូវ​ប្រលង​នៅឆ្នាំ​២០១៥ នេះ​ មានចំនួន​៧មុខ​វិជ្ជា​ក្នុងនោះ​នៅថ្ងៃ​ទី២៤ ដែលជា​ថ្ងៃទី​មួយ នៃការ​ប្រលងគឺ​នៅពេល​ព្រឹក ចាប់​ពីម៉ោង​៧និង​៣០នាទី​ ដល់​ម៉ោង​៩ព្រឹក ប្រលង​គីមីវិទ្យា​(៩០នាទី)។ ពីម៉ោង៩​និង៣០​នាទី ដល់​ម៉ោង​១១ព្រឹក ប្រលង​វិញ្ញាសារ​ជីវវិទ្យា​(៩០​នាទី)។

នៅពេលរសៀលថ្ងៃទី២៤ សីហា មាន​មុខវិជ្ជា ចំនួន​ពីរ ត្រូវប្រលង​រួមមាន​ពីម៉ោង​២ដល់ ម៉ោង៣ ប្រលង​ប្រវត្តិ​វិទ្យា​(៦០​នាទី) ​និង​ពីម៉ោង៣ និង​៣០នាទី ដល់​ម៉ោង៤​និង៣០​នាទី ប្រលង​ភាសា​បរទេស​(៦០នាទី​)​។

សេចក្តីប្រកាសពត៌មាន​ដដែល បានឲ្យ​ដឹងថា​ចំណែក​នៅថ្ងៃទី​២៥ ជាថ្ងៃ​ប្រលង​ទី២ និងជា​ថ្ងៃចុង​ក្រោយ នៃការ​ប្រលង នៅ​ ពេលព្រឹក​ចាប់ពី​ម៉ោង៧​និង​៣០នាទី ដល់ម៉ោង​៩ប្រលង​អក្សរសាស្ត្រ​ខ្មែរ (៩០នាទី)។ពី​ម៉ោង៩​និង៣០​នាទី ដល់​ម៉ោង ១១ ព្រឹក វិញ្ញា​សារ​ប្រលង​រូបវិទ្យា (៩០នាទី)។ នៅពេល​រសៀល ចាប់ពី​ម៉ោង២ ដល់៤​និង៣០​នាទី ប្រលង​គណិត​វិទ្យា​ (១៥០​នាទី​)​ ។

ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​​សិក្សា​​ទុតិយ​ភូមិ​​ចំណេះ​​ទូទៅ​ និង​​បំពេញ​​វិជ្ជា​​នៅឆ្នាំ​នេះនឹង ប្រព្រឹត្ត​ទៅនា​សម័យ​​ប្រឡង ​ថ្ងៃ​ទី​​ ២៤ ​ខែ​សីហា​​​ឆ្នាំ​​២០១៥ ដែល​​មាន​ថ្នាក់​​វិទ្យា​សាស្រ្ត​ និង​ថ្នាក់​​វិទ្យាសាស្រ្ត​​សង្គម ​រួមមាន​​​បេក្ខជន​​ប្រឡង​​​សរុប ៨៨៤៨៨​ ​នាក់ និង​​មាន​​មណ្ឌល​​ប្រឡង​​ ១៤៩ ​មណ្ឌល​​​ចែក​ចេញ​​ជា ៣៥៧៦ ​បន្ទប់​​នៅ​រាជ​ធានី​​ខេត្ត​​ទាំង​ ២៥ ​។

4មុនពេលប្រលងជិតខិត​ចូលមក​ដល់នេះ ក្រសួង​​អប់រំ យុវជន និង​​កីឡា ស្នើសុំ​​កិច្ច​គាំ​ទ្រ និង​​សហការ​​ពី​អភិ​បាល​​ខេត្ត -​រាជ ធានី ក្នុង​ការ​​សម្រប​​សម្រួល​ ជាមួយ​​ម្ចាស់​​អាជីវកម្ម​​ផ្ទះ​​សំណាក់ និង​​សណ្ឋាគារ កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​​បន្ទប់​​ស្នាក់​នៅ​ក្នុង​​ពេល​​​ប្រឡង​​​សញ្ញា​បត្រ​​មធ្យម​​សិក្សា​​ទុតិយ​​ភូមិ។

សំណើ​របស់​ក្រសួង​អប់រំ ត្រូវ​បាន​​ធ្វើ​ឡើង​​ដើម្បី​​សម្រាល​​បន្ទុក​​ចំណាយ​​របស់​​បេក្ខជន ​ដែល​​មក​ពី​ ​គ្រួសារ​​ក្រីក្រ មាន​​ជីវភាព​​លំបាក។  នេះ​បើ​​យោង​តាម​​លិខិត​​ផ្លូវ​ការ​​របស់ លោក ហង់ ជួនណារ៉ុន ចុះ​ថ្ងៃ​​ទី​១៨ សីហា ផ្ញើ​ជូន​​ក្រសួង​​មហា​ផ្ទៃ និង​​មន្ទីរ​​អប់រំ​យុវជន និង​​កីឡា រាជធានី​-ខេត្ត។

សំរាប់ប្រលង​ឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទទួល​បានអ្នក​ស្ម័គ្រ​ចិត្ត សង្កេត​ការណ៍ ចំនួន​៥៦២៥​នាក់ ក្នុងនោះ ​មាន មក​ពីសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​១១១៧​នាក់ និងព្រះ​សង្ឈ​ចំនួន​១២៧​អង្គ។ ចំនួន​នេះ បើធៀប​នឹង ការ​ប្រលង​ឆ្នាំ​មុន​ កើន​ឡើងជិត​ទ្វេដង។ ឆ្នាំ២០១៤​មានអ្នក​ស្ម័គ្រចិត្ត​ចូលរួម​ប្រមាណ​ជា​៣០០០​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative