ក្រសួង​​អប់រំ​ ស្នើ​សុំ​​ផ្ទះ​​សំណាក់ ​និង​សណ្ឋា​គារ​ កុំ​ដំ​ឡើង​​ថ្លៃ​​ពេល​​ប្រឡង​​បាក់​​ឌុប

ក្រសួង​អប់រំ យុវជន និង​​កីឡា ស្នើ​សុំ​កិច្ច​​គាំទ្រ និង​​សហការ​​ពី​​អភិបាល​​ខេត្ត-​រាជធានី ក្នុង​ការ​​សម្រប​​សម្រួល​​ជា​មួយ​​ម្ចាស់​​អាជីវ​កម្ម​​ផ្ទះ​​សំណាក់ និង​​សណ្ឋា​គារ កុំ​ឲ្យ​​ដំឡើង​​ថ្លៃ​​បន្ទប់​​ស្នាក់​​នៅ​ក្នុង​​ពេល​​ប្រ​ឡង​​សញ្ញា​បត្រ​​មធ្យម​​សិក្សា​​ទុតិយ​​ភូមិ។​

2សំណើ​របស់​​ក្រសួង​​អប់រំ ត្រូវ​បាន​​ធ្វើ​​ឡើង​​ដើម្បី​​សម្រាល​​បន្ទុក​​ចំ​ណាយ​​​របស់​​បេក្ខ​ជន​ ដែល​​មក​​ពី​គ្រួសារ​​ក្រី​ក្រ មាន​​ជីវភាព​​លំបាក។ នេះ​បើ​​យោង​តាម​​លិខិត​​ផ្លូវ​ការ​​របស់​លោក ហង់ ជួនណារ៉ុន ចុះ​​ថ្ងៃ​​ទី​១៨ សីហា ផ្ញើ​ជូន​​ក្រសួង​​មហា​ផ្ទៃ និង​​មន្ទីរ​​អប់រំ យុវជន និង​​កីឡា រាជ​ធានី​​-ខេត្ត។​

ប៉ុន្តែកាល ពីថ្ងៃ​ទី១៤ សីហា នៅក្នុង​សន្និ​សិទ​កាសែត​មួយនៅ​ទីស្តី​ការ ក្រសួង​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បានលើក​ឡើងថា ក្រសួង​មិនមាន​សិទ្ធ​ស្នើសុំ​ឲ្យម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំ​ណាក់ បញ្ចុះ​តំលៃ​នោះទេ គឺ​ក្រសួង​អាចគ្រាន់​តែដាក់​សំណើរ​តាម​រយៈ​អាជ្ញា​ធរ​រាជធានី​ខេត្ត​ប៉ុណ្ណោះ​។លោករដ្ឋ​មន្ត្រី​ទទួល​ស្គាល់ថា​ ការប្រមូល​ផ្តុំ​មណ្ឌល​ប្រលង​នៅខេត្ត​វាពិត​ជាធ្វើ​ឲ្យសិស្ស​ក្រក្រី​ និង​មាន​ជីវ​ភាព​ខ្សត់​ខ្សោយ​ជួបការ​លំបាក​តែបើយើង​រៀបចំ​ការ​ប្រលង​មួយ​ប្រកប​ដោយ​តំលា​ភាព​អាច​ជឿទុក​ចិត្តបាន​នោះវា​នឹងជួយ​ធ្វើឲ្យអ្នក​ដែលខិត​ខំរៀន​សូត្រ​អស់ចិត្ត។ លោក​រដ្ឋមន្ត្រី​ថាគិត​ទៅទំរាំ​ដល់​ពេល​ប្រលង​បាក់ឌុប​សិស្ស​ត្រូវចំណាយ​ការ​សិក្សា​ចំនួន​១២ឆ្នាំ​ហើយរយៈ​បេល១២​ឆ្នាំ​នេះឪពុក​ម្តាយ​សិស្ស​ត្រូវ​ចំ​ណាយ​ថវិកា​ច្រើន​ណាស់​ទៅលើការ​សិក្សា​របស់​កូន។ ដូចនេះ​លោក​គិតថា​ការ​ចំណាយ​មួយ​ថ្ងៃទៅ​នឹង​លទ្ធផល​មួយដ៏គាប់​ប្រសើរ​នោះប្រហែល​ជាសក័​សម។ តែយ៉ាង​ណាក៏​ដោយ​លោក​រដ្ឋមន្ត្រី​ក៏សូម​ឲ្យម្ចាស់​សណ្ឋា​គារ ​និងផ្ទះ​សំណាក់​កុំដំ​ឡើង​ថ្លៃ​ពេល​ប្រលង​បាក់ឌុប​ខាងមុខ​នេះ។

ការ​ប្រឡង​​សញ្ញា​បត្រ​​មធ្យម​​សិក្សា​ទុតិយ​ភូមិ ឬ​​បាក់​​ឌុប នឹង​ចាប់​​ផ្ដើម​ នៅ​​ថ្ងៃទី​២៤​ សីហា ដល់​​ថ្ងៃ​​ទី​២៥ ខែ​​សីហា។ ដោយ​មាន​បេក្ខ​ជន​​ប្រឡង​​សរុប​ មាន​​ចំនួន​​ជិត ៩​ម៉ឺន​​នាក់ (៨៨.៤៨៨​​នាក់) ក្នុង​នោះ​​ស្រី​​មាន​​ជាង​ ៤​ម៉ឺន​​នាក់ (៤២.០៣៦​​នាក់) ហើយ​​មណ្ឌល​​ប្រឡង​​សរុប​​នៅ​ទូទាំង​​ប្រទេស​​មាន​​ចំនួន ១៥០​​មណ្ឌល។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative