អ្នកវិនិយោគក្នុងស្រុក បោះ​ទុន​ជាង​១លាន​ដុល្លារ វិនិ​យោគ​សាង​សង់​សណ្ឋាគារ សេវិនហេវិន

ដោយសារ​ស្ថេរភាព​នយោបាយ កំនើន​សេដ្ឋកិច្ច​ដ៏រ៉ឹង​មាំ និងកំនើន​​ភ្ញៀវ​ទេស​​ចរណ៍​កើន​ទ្បើង​រៀង​រាល់​ឆ្នាំ អ្នក​វិនិ​យោគ​ក្នុងស្រុក​បានសម្រេច​ចិត្តបោះ​​ទុន​វិ​​និ​​យោ​គ​ជាង១​លាន​ដុល្លារ កសាង​សណ្ឋាគារ​នៅរាជធានី​ភ្នំពេញ។​​

1លោកថេង កាវ នាយក​គ្រប់គ្រង​ទូទៅ នៃ​សណ្ឋាគារ​សេវិន​ ហេវិន​(SEVEN​ HEAVEN) បានថ្លែង​ឲ្យដឹង​​ក្នុងពិធី​សម្ភោធ​សណ្ឋា​គារ របស់​ខ្លួន ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវលេខ​១៣៤ (ទល់​មុខ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ)​ ស្ថិតក្នុង​​សង្កាត់​វាលវង់ ខ័ណ្ឌ​៧មករា កាល​ពី​រាត្រីថ្ងៃទី​១៩ សីហា​កន្លង​មកថា សណ្ឋាគារ​​នេះ​បានចាប់​ផ្តើមសាង​សង់ នៅឆ្នាំ​២០១៣ និង​បញ្ចប់​កាល ពីដើម​ខែ​សីហា ឆ្នាំនេះ។​ សណ្ឋាគា​រ​នេះ​មានកំពស់​៨ជាន់ មាន​បន្ទប់​ចំនួន​៤៣ និង​មាន​សាល​ប្រជុំ​មួ​យ ព្រម​​ទាំង​មាន​ភោជ​នីយ​ដ្ឋាន​នៅលើ​អាកាស ដែល​បំរើ​ស្រា​ក្រទ្បុក និងមាន​ប្រគុំ​តន្រ្តី​​ផង​ដែរ។

ភោជនីយដ្ឋានសណ្ឋាគារ​នេះ បើកចាប់​ពីម៉ោង​៦ព្រឹក រហូត​ដល់ម៉ោង​២ទៀបភ្លឺ ដើម្បីបំរើ​ឲ្យអ្នក​ស្នាក់នៅក្នុង​សណ្ឋាគារ​នេះ ក៏ដូចជា​អតិថិជន​ដែលមាន​បំណង​ម​កលំហែ​កម្សាន្ត ទស្សនា​ទេស​ភាពដ៏​ស្រស់​ស្អាតរបស់​ក្រុង​ភ្នំពេញ។​

លោកថេង កាវ បានបន្តថា សណ្ឋាគារ​សេវិន ហេវិន មាន​បន្ទប់​ចំនួន​៤​​ប្រភេទ ដូចជា​បន្ទប់​គ្រែ១ មាន​តំ​លៃ​៣០​ដុល្លារ បន្ទប់គ្រែ​ពីរមាន​តំលៃ​៤០​ដុល្លារ បន្ទប់​វី​អា​យ​ភី​មានតំលៃ​៦០​ដុល្លារ និង​បន្ទប់​ជា​លក្ខណៈ​គ្រួ​សារ​ (ពីរបន្ទប់​ជាប់គ្នា)​ មាន​តំលៃ​ប​ចំនួន​​៧០​​ដុល្លារ​ក្នុង​មួយ​យប់។  លោក​បន្តថា អ្នក​ស្នាក់​នៅក្នុង​សណ្ឋា​គារ​​នេះ នឹង​ទទួល​​បាន​​អាហារ​ពេល​ព្រឹក និង​ស្រា​ក្រទ្បុក ឬស្រា​បៀរ​មួយដប​ផងដែរ។

លោកបន្តថា “ការសម្រេចចិត្ត​វិនិយោគ​លើ​សណ្ឋាគារ​នេះ ដោយ​សារ​ខ្ញុំមើល ឃើញ​ស្ថេរ​ភាពន​យោ​បាយ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ពិសេស​កំនើន​ភ្ញៀវ​ទេស​​ចរណ៍​បានកើន​ទ្បើងជា​រៀងរាល់​ឆ្នាំនៅ​កម្ពុជា”។  លោកបន្ត​ថា “ខ្ញុំ​រំពឹង​ថា​សណ្ឋា​​គា​រនេះ​​នឹងទទួល​​បាន​អត្ថ​ប្រយោជន៍​ច្រើន ពីការ​ធ្វើ​សមាហរ​ណកម្ម​សេដ្ឋ​កិច្ច​​អាស៊ាន​​នៅចុង​ឆ្នាំនេះ​ដែលពេល​នោះនឹង​មានអ្នក​ធ្វើការ និង​ពាណិជ្ជករ មកពី​ប្រទេស​ក្នុង​តំបន់​ចូល​មក​កម្ពុជា​ច្រើន”។

ជាមួយនឹងការរៀបចំ​សេវា​ប្រកប​ដោយវិជ្ជា​ជីវៈ មានភោជ​នីយដ្ឋាន មាន​​មីនី​ម៉ាត ​​នៅជាប់​ខាង​ក្រោម​ សណ្ឋា​គារ​នេះនឹង​ទទួល​ស្វាគមន៍​ភ្ញៀវចាប់​ពីកម្រិត​ជីវភាព មធ្យម​ទ្បើង​ទៅ។​

លោក អាង គីងអៀង ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ បាន​ស្វាគ​មន៍​ការបើក​សណ្ឋាគារ​ថ្មី​នេះ ​ដែល​លោក​គិត ថា​សណ្ឋាគារ​នេះ​ នឹង​ទទួ​ល​​បាន​អត្ថ​ប្រ​យោជន៍​ច្រើនពី​ភ្ញៀវ​ទេស​ចរណ៍ ព្រោះ​សណ្ឋា​គារ​លំដាប់​ផ្កាយបី និង​​ផ្កាយ​បួន នៅ​កម្ពុជា តែង​តែពេញ​ដោយ​ភ្ញៀវ ពិសេស​រដូវ​ភ្ញៀវ​ច្រើន​កម្ពុជា​តែងខ្វះ​​បន្ទប់​​សម្រាប់​ភ្ញៀវ​​សម្រាក ប៉ុន្តែ​នៅរដូវ​កាលភ្ញៀវ​ទេស​ចរណ៍​ធ្លាក់ចុះ ចំនួន​ភ្ញៀវ​​ស្នាក់​​នៅតាម​សណ្ឋា​​គារក៏​មានអត្រា​ខ្ពស់ផង​ដែរ។​

ឯកឧត្តមថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍ កាល​ពីឆ្នាំ​មុន បាន​អំពាវនាវ​ឲ្យ អ្នក​វិនិយោគ​ក្នុងស្រុក និងបរទេស​ធ្វើការ​វិ​និយោគ​សាង​សង់​សណ្ឋា​គារ​បន្ថែម​នៅ​រាជ​ធានី​ភ្នំពេញ និងខេត្ត​សៀមរាប ដោយ​សារ​ចំនួន​បន្ទប់​សណ្ឋាគារ​នៅប៉ូល​សំខាន់​​ទាំងពីរ​នេះមានការខ្វះ​ខាត នៅពេល​ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ចូលមក​កម្ពុជា​ច្រើន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative