ណាហ្គាវើលបេះដូងសប្បុរស ចូលរួមដាំ​កូនឈើនៅសា​លា​បឋម​សិក្សា​គោក​បញ្ជាន់ ដើម្បី​កែលំអរ​បរិស្ថាន

ក្រុមបុគ្គលិក​ណាហ្គាវើល បេះដូង​សប្បុរស ដឹកនាំ​ដោយលោក  James Ma នាយក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង ការ​ងារ​សង្គម​ណាហ្គាវើល កាលពី​​ពេលថ្មីៗ​នេះ បាន​នាំ​យក​​កូន​ឈើ​​ចំនួន​​១០០ដើម ទៅដាំនៅ​ក្នុង​បរិវេណ​សាលា​​បឋម​​សិក្សា គោក​បញ្ជាន់ ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ គោល​បំណ​ដើម្បី​បង្កើតការ​ យល់​ដឹង​ក្នុង​​ចំណោម សិស្សានុ​សិស្ស​ស្តីពី​សារៈ​សំខាន់​នៃការ​ថែទាំ​បរិស្ថាន។

1លោក សន សារ៉ុន នាយក​សាលា បឋម​សិក្សា​គោក​បញ្ជាន់ បានមាន​ប្រសាសន៍​ថា នេះគឺ​ជាលើក​ទីបី​ហើយ សម្រាប់​សា​លា​ របស់​លោក ដែលបាន​ទទួល​ការ​ឧបត្ថម្ភ​កូន​ឈើ ពីក្រុម​ហ៊ុនណា​​ហ្គា​វើល ដែល​​សរុប​​មាន​ចំនួន ៥០០ដើម តែមាន​ដើម​ឈើ​ មួយ​ចំនួន​ដោយសារ​តែលក្ខ​ខ័ណ្ឌ​អាកាស​ធាតុ បានងាប់។

លោកនាយកបានបន្តថា ទោះបី​ជាយ៉ាង​នេះក្តីវា​គឺជាការ​រីករាយ ដែល​យ៉ាង​ហោច​ណាស់ ៤០​ភាគរយ នៃកូន​ឈើ​ដែល​យើង​បាន​ដាំទាំង​​នោះ​បាន​​រស់​រៀន​មានជីវិត។  ដោយសារ​នេះជា​រដូវភ្លៀង យើងសង្ឃឹម​ថាកូនឈើ ដែលយើង​បានដាំ​នៅ ថ្ងៃនេះ​ នឹងរស់​ហើយ​នឹងធំធាត់​បានល្អ​ទៀតផង។

លោកនាយក​សង្ឃឹមថា «សិស្សានុ​សិស្ស​ទាំងអស់ នឹងធ្វើ​ការរួមគ្នា​ដើម្បីថែរក្សា​កូនឈើ​ដែលបាន​ដាំឲ្យបាន​ល្អ។ ដើមឈើ ទាំង​នេះ​មានសារ​សំខាន់​សម្រាប់​ពួកយើង។ ដើមឈើទាំង​នេះមិនត្រឹម​តែជួយផ្តល់​ម្លប់ សម្រាប់​ពួកយើ​ងប៉ុណ្ណោះ​នោះទេ​ ថែម​ទាំងជួយ​ជៀសវាង​ការសំណឹក​ដី និងជួយឲ្យ​មាន​សោភណ្ឌ​ភាពនៅ​ជុំវិញ​បរិវេណ​សាលា​របស់​យើង»។

លោកបានបន្ថែមទៀតថា «សកម្មភា​ព​ដាំកូន​ឈើ របស់​ក្រុមហ៊ុន​ណាហ្គាវើល បាន​បណ្តុះ​គំនិត សិស្សានុ​សិស្ស ឲ្យចេះ​ ស្រឡាញ់​បរិស្ថាន​របស់​ពួកគេ ចេះទទួល​ស្គាល់​តម្លៃ​ដើម​ឈើ និងចេះ​ជួយកែ​លម្អ​បរិវេណ​សាលារៀន។  តាំងនាម​ឲ្យសិស្សា​ នុសិស្ស និងលោក​គ្រូអ្នក​គ្រូ ខ្ញុំសូម​​ថ្លែង​​អំណរ​​គុណ​ដល់ ​ក្រុម​ហ៊ុន​​ណាហ្គាវើល សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ដើម្បី​ ជួយ​សាលា​របស់​យើង»។

លោក  James Ma នាយកផ្នែក​ទំនាក់​ទំនង​បុគ្គលិក និង​ការងារ​សង្គម ណាហ្គាវើល បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ណា​ហ្គា​វើល បាននឹង​កំពុងយក​ចិត្តទុក​ដាក់លើ​បញ្ហាការ​បម្រែ​បម្រួល​អាកាស​ធាតុ។ ដោយមាន​ការយក​ចិត្តទុក ដាក់លើ​បញ្ហា​នេះ​ ក្រុម​​ហ៊ុន​ណាហ្គាវើល បាន​ផ្តួច​​ផ្តើម​បង្កើត​​កម្មវិធី​បរិស្ថាន​ដើម្បី​អប់រំ និង​ប​ង្កើត​ការយល់ ដឹងក្នុង​ចំណោម ក្មេង​ជំនាន់​ ក្រោយ​ស្តី​ពី​សារ​សំខាន់​នៃការ​ការពារ​បរិស្ថាន​របស់យើង។

លោកបានបន្តថា «ការដាំកូន​ឈើគឺជាផ្នែក​មួយនៃការ​ចូលរួមចំណែក​របស់​យើង ដើម្បី​ការពារ​មាតា​ធម្មជាតិ​របស់​យើង និង​ ជួយថែ​រក្សា​បរិស្ថាន​សម្រាប់​មនុស្សគ្​រប់រូប​ផងដែរ»។​  លោកថា​មកដល់​សព្វថ្ងៃ​នេះ យើងបាន​ដាំកូន​ឈើជាង ១៣០០​ដើម​ ក្នុង៦ខេត្ត ហើយយើង​សង្ឃឹម​ថានឹងដាំ​ឲ្យបានជាង​២០០០​ដើមនៅ​ចុងឆ្នាំ​នេះ។ យើងមាន​ផែនការ​ដាំកូន​ឈើបន្ថែម​ទៀត​ នៅ​ពេលខាង​មុខនេះ។

លោកបានបន្ថែម​ទៀតថា «យើងបាន​សន្យាកាលពី​លើកមុន នឹងដាំកូន​ឈើឲ្យបាន​៥០០ដើម នៅ​ក្នុង​​សាលា​គោក​បញ្ជាន់​នេះ ថ្ងៃនេះ យើងបាន​ដាំគ្រប់​ចំនួន​ហើយដោយ​មានការ​ជួយ និងចូល​​រួម​ចំណែក​​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

បញ្ញា ជាសិស្សសាលា​គោកបញ្ជាន់ ដែលបាន​ចូលរួមក្នុង​កម្មវិធីដាំ​កូនឈើ បាននិយាយ​ថា «ខ្ញុំរំភើប​ណាស់ ដែល​ក្រុមហ៊ុន​ ណាហ្គាវើល បានមក​ដាំកូន​ឈើនៅ​ក្នុងសាលា​របស់​យើង។  ដើមឈើមាន​សារ​ប្រយោជន៍​ច្រើន​ណាស់ សម្រាប់​ពួកយើង​ ដូចជាការ​ផ្តល់ជា​ម្លប់នៅ​ពេលថ្ងៃក្តៅ ជួយការពារ​ពួកយើង​ពីខ្យល់ព្យុះ ជួយផ្តល់​ជីជាតិ​ដល់ដី និងជួយ​ផ្តល់ សោភណ្ឌភាព​ ក្នុង​បរិវេណ​សាលា​របស់​យើង​ផងដែរ»។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative