ក្រសួង​បរិស្ថាន​​ដាក់ឲ្យ​ប្រើ​ប្រាស់​គំរោង​ជីវិត​ និង​ធម្ម​ជាតិ

ក្រសួង​បរិស្ថាន​ បាន​​សហការ​​ជាមួយ​​អង្គការ​​ស្បៀង និង​​កសិកម្ម​ នៃ​​សហ​ប្រ​ជាជាតិ (FAO-UN) ដាក់​​ឲ្យ​ប្រើ​ប្រាស់​​នូវ​​គម្រោងជីវិត និង​​​ធម្មជាតិ (Life and​ Nature) សម្រាប់​​ពង្រឹង​​សមត្ថ​ភាព​​បន្សាំ និង​​​ភាព​ធន់​​នៃ​សហ​គមន៍​​តាម​​មូល​ដ្ឋាន​​ក្នុង​ខេត្ត​​ចំនួន៤ បន្ទាប់​ពី​រក​ឃើញ​​ថា​លទ្ធ​ផល​ នៃ​គម្រោង​​មួយ​ចំនួន​​មិន​បាន​​ដោះ​​ស្រាយ​ ភាព​ក្រីក្រ​ និង​​បញ្ហា​​ប្រឈម​​របស់​​សហគមន៍​​មូល​ដ្ឋាន​​នៅ​ឡើយ។

1​គម្រោងជីវិត និង​ធម្មជាតិ​​​ទទួល​បាន​ ការ​ឧបត្ថម្ភ​​មូល​និធិ​​ដោយ Global ​Environment​ Facility​ មាន​​រយៈ​ពេល ៥​ឆ្នាំ​​ក្រោម​​ទឹក​ប្រាក់​៥​លាន​​២សែន​​ដុល្លារ​​អាមេរិក​ ដែល​មាន​​បំណង​​ធ្វើឲ្យ​​ប្រសើរ​​នូវ​ជីវភាព​​របស់​ ប្រជា​កសិករ​​នៅ​​ជ​នបទ ​ដោយ​​ការ​ប្រើ​​វិធី​សាស្ត្រ​​គ្រប់គ្រង​​ទីជម្រាល​​ខ្នាត​តូច ​​ចំពោះ​​​ការ​ប្រែ​ប្រួល​​អាកា​ស​ធាតុ​​សម្រេច​​បាន​នូវ​​សន្តិសុខ​​ស្បៀង​ ក្នុង​​ឃុំ ​តំបន់​​គោលដៅ​ក្នុង​​ខេត្ត​​សៀមរាប​ ខេត្ត​​​កំពង់​ធំ ខេត្ត​​ព្រះវិហារ និង​ខេត្ត​​រតនគិរី​​ដែល​ទី​​ជម្រាល​​ខ្នាត​តូច​​ក្នុង​ឃុំ​​ទាំង ៤ គ្រប​​ដណ្តប់​​លើ​ផ្ទៃ​ដី​​ប្រមាណ​៦​​ម៉ឺន​​ហិកតា និង​មាន​​​ប្រជាជន​​ប្រមាណ​១ម៉ឺន​​នាក់​។​​​

​លោក គីម ណុង នាយក​​គម្រោង​​​ថ្នាក់​​​ជាតិ និង​​​ជា​អគ្គ​នាយក​​​រង​​​ក្រសួង​​​បរិ​ស្ថាន​ បាន​ថ្លែង​​​​ក្នុង​​​សិក្ខា​​សាលា​​​កាលពី​​​ម្សិល​​មិញ​​​ថា​គម្រោង​​ជីវិត និង​​ធម្មជាតិ​​​ធ្វើ​​ឡើង​ ក្នុង​​​គោល​​បំណង​​​បង្កើន​​​សមត្ថ​​ភាព​​​បន្សុំា​​​របស់​​​​សហ​គមន៍ ​ជន​បទ​​​ទៅ​នឹង​​​ការ​​ប្រែ​​ប្រួល​​​អាកាស​ធាតុ និង​​ចូល​រួម​​​ចំណែក​​​កាត់​បន្ថយ​​​ភាព​​​​​ងាយ​​​រងគ្រោះ​​​ពិសេស​​​ជនក្រីក្រ ស្ត្រី និង​​ជួយ​​​បង្កើន​​​គុណភាព​​​ចិញ្ចឹម​​​ជីវិត​​​ដល់​​​កសិករ​​​ក្នុង​​តំបន់​​ជម្រាល​​ខ្នាតតូច។

​តាមរយៈ​បទពិសោធ​​ការងារ​​ក្នុង​​ក្រសួង​​បរិស្ថាន​​ជាង២០ ​ឆ្នាំ​មក​​នេះ លោក គីម ណុង បាន​​ឲ្យ​ដឹង​​ថា​​ភាគច្រើន​​គម្រោង​​ដែល​​ដឹកនាំ​​ប្រតិបត្តិ​​ដោយ​​ក្រុម​អ្នក​ ជំនា​ញ​​ការ​មិន​​សូវ​​បាន​​​បំពេញ​​តម្រូវ​ការ​ជា​​អាទិភាព​​របស់​​ប្រជា​សហគមន៍​ មូលដ្ឋាន​​ទេ​ពួក​គេ​​ច្រើន ​តែ​ធ្វើ​​តាម​ផែន​ការ​ដែល​​បាន​​គ្រោង​​ទុក​ដែល​​​ពេល​ ខ្លះ​ផែន​ការ​​ទាំងនេះ​​មិន​បាន​​ឆ្លើយ​តប​​នូវ​ព្រឹត្តិ​ការណ៍​​វិវត្ត​​ថ្មី​​ដែល​​កំពុង​​កើត​​មាន​ឡើង។​

​លោក​ថា “ឧទាហរណ៍​​មាន​​គម្រោង​​មួយ​​ដែល​ខ្ញុំ​​សុំ​មិន​​បង្ហាញ​​ឈ្មោះ​​ដែល​មាន​​ទឹកប្រាក់​​រាប់​​លាន​​ដុល្លារ​ ធ្វើ​នៅ​​​បឹង​​ទន្លេ​សាប​​រយៈពេល​៥ ឆ្នាំ​​ដែល​ទាក់​ទិន​នឹង​​និរន្តរ​ភាព​​ជីវភាព​​​រស់នៅ​​របស់​​សហ​គមន៍​​ជនបទ​​ប៉ុន្តែ​ ក្រោយ​ពី​បញ្ចប់​​គម្រោង​​ប្រ​ជា​សហ គមន៍​​ក្រីក្រ​ នៅតែ​​ក្រីក្រ​​ព្រោះ​​គម្រោង​​មិន​ បាន​ដោះ​ស្រាយ​នូវ​​អ្វី​ដែល​​សហ​គមន៍​​មូល​ដ្ឋាន​​សំណូម​ពរ និង​​តម្រូវ​ការ​​ជាក់​ស្តែង​​របស់​​ពួក​គាត់”។

​ប្រធាន​ទីប្រឹក្សា​​បច្ចេក​ទេស ​នៃ​អង្គការ​​ស្បៀង និង​​កសិកម្ម​ នៃ​​សហ​ប្រជាជាតិ លោកស្រី​​បណ្ឌិត ​Stacy ​Crevello បាន​​ឲ្យ​​ដឹង​​ថា​ កម្ពុជា​​ងាយ​រង​គ្រោះ​​ខ្លាំង​​ទៅ​នឹង​​ឥទ្ធិពល​​នៃ​ការ​​ប្រែ​ប្រួល​​អាកាស​ធាតុ ​ហើយ​​បើ​កត្តា​​ប្រឈម​​នានា​​នៅ​តែ​​មាន​​នោះ​​សន្តិសុខ​​ស្បៀង ​នឹង​​ប្រឈម​​បញ្ហា​​កាន់តែ​​ធ្ងន់ធ្ងរ។​  លោកស្រី​​ថា “ការ​​ប្រែប្រួល​​អាកា​សធាតុ​​នឹង​កាត់​បន្ថយ​​ផលិត​ផល​​កសិកម្ម​​បង្ក​​ឥទ្ធិពល​ អវិជ្ជមាន​​ចំពោះ​​មុខរបរ​​ចិញ្ចឹម​​ជីវិត​​របស់​​ក្រុម​​ជន​ងាយ​​រងគ្រោះ។  ភាគច្រើន​​ស្ត្រី​នៅ​​តាម​ជន​បទ​​អាស្រ័យ​​លើ​​ការ​​ប្រមូល​​អនុផល​​ព្រៃ​ឈើ​​សម្រាប់​ ម្ហូប​អាហារ​​នៅក្នុង​​គ្រួសារ និង​​ប្រាក់​​កម្រៃ​​បន្ទាប់​​បន្សំ”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative