រដ្ឋមន្ត្រី​អប់រំ​ឆ្លើប​តប នឹង​ការ​រិះគន់​រឿង​​ហាម ធ្វើ​សកម្មភាព​ឃោស​នា​​នយោ​បាយ​​ក្នុង​​គ្រឹះ​​ស្ថាន​អប់រំ

ឆ្លើយតប​ទៅនឹង​ការ​លើកឡើង​របស់​គណបក្ស​នយោ​បាយ និង​សមាគម​មួយ​ចំនួន​រឿង ​មិន​​ឲ្យ​​សមាគម អង្គការ និង​​បុគ្គ​លិក​​អប់រំ ធ្វើ​​សកម្មភាព និង​​ឃោសនា​​នយោ​បាយ​​នៅក្នុង​​គ្រឹះ​ស្ថាន​​អប់រំ​នោះ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា បាន​មាន​ប្រសាសន៍ នៅក្នុង​សន្និ​សីទ​កាសែត ស្តីពី​ការ​បង្ហាញ​បទបញ្ញាតិ​មួយ​ចំនួន ក្នុង​ការ​ពង្រឹង​ប្រលង​បាក់ឌុប​ឆ្នាំនេះ កាលពី​ចុង​សប្តាហ៍​នេះ នា​ទី​ស្ដី​ការ​​ក្រសួង​​អប់រំ​ថា «អ្វីដែល​ក្រសួង​បានចេញ​សេចក្តី​ណែនាំ​នោះគឺ​ក្រសួង គ្រាន់​តែធ្វើ​ទៅតាម​ច្បាប់ស្តី​ពីការ​អប់រំ​ប៉ុណ្ណោះ ហើយ​បើចង់​ឲ្យមាន​ការប្រែ​អ្វីនោះសូម​ស្នើទៅ​រដ្ឋសភា​ធ្វើ​វិសោធន​កម្មខ្លួន​ឯងទៅ»។

2កាលពីថ្ងៃទី១១ សីហា ឆ្នាំ​២០១៥ កន្លង​ទីនេះ​ក្រសួង​អប់រំ​យុវជន និងកីឡា បានចេញ​សេចក្តី​ណែនាំ​ដោយបាន​ហាមប្រាម​មិន​ឲ្យមាន​សកម្ម​ភាព ការឃោសនា​នយោ​បាយ នៅតាម​គ្រឹះស្ថាន​សិក្សា។  ដោយសារ សកម្មភាព​​ឃោសនា​​ទាំងនេះ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​សណ្ដាប់​ធ្នាប់ ដែល​​ផ្ទុយ​​នឹង​គោល​ការណ៍​​អ​ព្យា​ក្រឹត្យ​​ភាព​គ្រឹះ​ស្ថាន​សិក្សា ជា​ពិសេស​​ផ្ទុយ​ពី​​ច្បាប់​​ស្ដី​ពី​ការ​អប់រំ។

ក្នុងករណី​​ចង់​ផ្សព្វផ្សាយ​​ព័ត៌មាន​​ការអប់រំ​​ណាមួយ នៅក្នុង​​បរិវេណ​​គ្រឹះស្ថាន​សិក្សា​​សាធារណៈ សមាគម និង​​អង្គការ​​ទាំង​នោះ​​ត្រូវ​សុំ​ការ​អនុញ្ញាត​​ពី​​សមត្ថកិច្ច ឬ​ក្រសួង​​អប់រំ តាម​​មាត្រា​៤២ នៃ​ច្បាប់​​ស្ដីពី​​ការអប់រំ។

ពាក់ព័ន្ធបញ្ហា​នេះ គណបក្ស​​ប្រជាធិប​តេយ្យ​​មូលដ្ឋាន​ បាន​ស្នើ​ឲ្យ​​ក្រសួង​​អប់រំ​​ពិចារណា​​​ឡើងវិញ នូវ​​សេចក្ដី​ណែនាំ​​របស់​ខ្លួន ​ដែល​ហាម​​មិន​ឲ្យ​​សមាគម អង្គការ និង​​បុគ្គលិក​​អប់រំ ធ្វើ​​សកម្ម​ភាព និង​​ឃោសនា​នយោបាយ​​នៅក្នុង​​គ្រិះ​ស្ថាន​​អប់រំ​​នោះ គឺជា​​ការផ្ទុយ​​នឹង​គោល​ការណ៍​​នៃ​ប្រទេស​​ប្រកាន់​យក​របប​​ប្រជាធិប​តេយ្យ សេរី​​ពហុបក្ស។

សេចក្តីថ្លែងការណ៍​​គណបក្ស​​ប្រជា​ធិ​ប​​តេ​យ្យ​​មូលដ្ឋាន នៅ​ថ្ងៃ​​សុក្រ​កន្លង​ទៅនេះ​ បានលើក​ឡើងថា បម្រាម​​របស់​​ក្រសួង​​អប់រំ​ មិន​បាន​រួម​ចំណែក​​ធ្វើ​ឲ្យ​សង្គម​​រីកចំរើន​​នោះ​ទេ​ ផ្ទុយ​ទៅវិញ​​ធ្វើ​សង្គម​​ខ្មែរ​​មានការ​​ថយចុះ​​ផ្នែក​​អប់រំ។ ការហាម​ឃាត់ និង​​អាច​​ជជែក​​អំពី​​បញ្ហា​នយោ​បាយ​នៅក្នុង​​គ្រឹះស្ថាន​សិក្សា លុះត្រា​​មានការ​​អនុញ្ញាត ដូច​មាន​ចែង​នៅ​​ក្នុង​សេចក្ដី​ណែនាំ​​របស់​​ក្រសួង​​អប់រំ​នេះ គឺជា​ការ​​បំបិទ​​សិទ្ធិ សេរីភាព​​របស់​​ប្រជាពល​រដ្ឋ ដែល​​រស់នៅ​ក្នុង​​របប​​ប្រជាធិប​តេយ្យ​​សេរី​​ពហុបក្ស។ សេចក្តី​ថ្លែង​ការណ៍​​ដដែល បន្ថែម​ថា ការផ្សព្វ​ផ្សាយ​​បញ្ហា​​សង្គម និង​​បញ្ហា​នយោបាយ​​មួយចំនួន​​នៅ​គ្រឹះ​ស្ថាន​សិក្សា ក៏​ជា​ផ្នែក​​មួយ​នៃ​​ការ​អប់រំ​​ដែរ លើកលែង​តែ​សកម្ម​ភាព​ទាំងឡាយ​ណា ដែល​ធ្វើ​​ប៉ះពាល់​​ដល់​សង្គម​​នោះ ក្រសួង​​អប់រំ គួរតែ​​ធ្វើការ​​ហាមឃាត់។

ជាការឆ្លើយតបលោក ហង់ ជួនណារ៉ុន បានពន្យល់​ថា​នេះប្រហែល​ជា​គណបក្ស និង​មតិ​មួយ​ចំនួន មាន​ការ​យល់​ច្រលំ​ទៅ​នឹង​សេចក្តី​ជួនដំណឹង​របស់​ក្រសួង​ហើយ។  លោករដ្ឋ​មន្ត្រី​បានបន្តថា ក្រសួង​គ្រាន់​តែហាម​នៅក្នុង​សាលា​គ្រូ មិន​ត្រូវ​យក​រឿង​នយោបាយ ពិសេស​ក្នុងម៉ោង​បង្រៀន​សិស្ស មក​និយាយ​នោះទេ ព្រោះ​វាប៉ះ​ពាល់​ដល់ច្បាប់​ស្តីពីការ​អប់រំ។  តែពេល​នៅក្រៅ​ពីសាលា​នៅតាម​លំនៅ​ដ្ឋាន​សិស្ស​ឬគ្រូអាច​មានសិទ្ធ​និយាយ​ពីនយោ​បាយ បានយើង​មិនមាន​សិទ្ធ​បំបិទសិទ្ធពួក​គេទេ​ទោះបីជា​គេគាំទ្រ​បក្សខាង​ណា ក៏វា​អាស្រ័យ​លើគេទេ​តែសូម​កុំយក​ម៉ោង​បង្រៀន​ឬពេល​រៀន។  លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ «ដូច​នេះអ្វី​ដែលក្រសួង​បានលើក​ឡើងនៅ​ក្នុងសេចក្តី​ណែនាំ​នោះ មិនបាន​ហាមក្រៅ​សាលា​ទេគឺគ្រាន់​តែ​ហាម​​ពេល​បង្រៀន​មិនឲ្យ​លើកឡើង​ពីបញ្ហា​នយោបាយ ហើយអ្វី​ដែល​ក្រសួង​បានធ្វើ​គឺស្រប ទៅ​តាម​​ច្បាប់​ស្តី​​ពី​ការ​អប់រំ​​ប៉ុណ្ណោះ»។

លោករដ្ឋមន្ត្រីបាន​លើកឡើង​ទៀតថា «បើចង់ឲ្យ​ក្រសួង​បញ្ឈប់​បញ្ហានេះ​ខ្ញុំសូម​ឲ្យគណបក្ស និងអ្នក​បញ្ចេញ​មតិ​ទាំងអស់​ ស្នើ​ទៅ​រដ្ឋសភា​ធ្វើវិសោធន​កម្ម​ច្បាប់​ស្តីពីអប់រំ​ទៅ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative