រដ្ឋមន្ត្រីការងារ ​ស្នើឲ្យ​រដ្ឋាភិបាល​កូរ៉េ បង្កើន​កូតា​ជ្រើស​រើស​ពលករ​កម្ពុជា​បន្ថែម

លោកអ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ បានស្នើ​ឲ្យ​រដ្ឋា​ភិបាល​កូរ៉េ ជួយ​បង្កើន​កូតា​ក្នុ​ងការជ្រើស​រើស​ពលករ​ពី​កម្ពុជា ក៏ដូច​ជាបង្កើត​ឱ្យមាន​ប្រព័ន្ធ​គាំទ្រ ការពារ​សិទ្ធ​ផល​ប្រយោជ​ន៍ពលករ​កម្ពុជា។

3ក្រៅពីនេះ លោករដ្ឋមន្ត្រី ក៏បាន​ស្នើឲ្យ​កូរ៉េ​បន្ត​រៀប​​ចំ​ការប្រឡង​ជ្រើស​រើស​ពលករ​តាម​ប្រព័ន្ធ​ EPS ផងដែរ ព្រោះ​វាមាន​តម្លា​ភាព​អាច​ទទួល​យកបាន ។ ការស្នើ​សុំនេះ បានធ្វើ​ឡើង​ខណៈ​ដែលលោក​បាន​អនុញ្ញាតិ​ឲ្យ លោក​ Song Joung Jung អតីត​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​​មនុស្ស​នៃសាធា​រណៈ​កូរ៉េ ចូលជួប​សម្តែង​ការគួរ​សម និង​ពិភាក្សា​ការ​ងារ កាល​ពីថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៥ នៅទីស្តី​ការ​ក្រសួង ។

នៅក្នុងជំនួបនោះ លោកអ៊ិត សំហេង បានជម្រាប​ជូនអំពី​ដំណើរ​ការនៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្ប​បរមា ផ្នែក​វាយន​ភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និងដេរ​ស្បែក​ជើង នៅ​កម្ពុជា។  លោករដ្ឋ​មន្រ្តីបាន​មាន​ប្រសាសន៍​ថា  «ខ្ញុំបាន​រៀនសូត្រ​ពីបទ​ពិសោធន៍​ការ​កំណត់​ប្រាក់​ឈ្នួល ពី​សាធារណៈ​រដ្ឋ​កូរ៉េ​ កាលពី​ដំណើរ​ទស្សនៈ​កិច្ច​ការងារ​របស់​ខ្ញុំ ពីពេល​កន្លង​មក និងបាន​ យកមក​អនុវត្ត​នៅកម្ពុជា ឃើញ​ថាមាន​ភាពជោគជ័យ​ខ្លាំង​ណាស់»។  លោករដ្ឋ​មន្ត្រី​បាន បន្តថា​ការកំណត់​ប្រាក់ឈ្នួល​នៅកម្ពុជា​មានលក្ខណៈ​ជាត្រី​ភាគី លោកហើយ​យើងបើក​ទូលាយ​ឱ្យគ្រប់​ភាគី​លើកយក​រូបមន្ត​សមស្រប​ណាមួយ​ផ្អែកលើ​លក្ខណៈ​​​វិទ្យា​សាស្រ្ត​មក​ពិភាក្សា ជៀស​វាង​ការទាម​ទារ​ដោយ​មិនមាន​មូលដ្ឋាន​គ្រឹះ​ច្បាស់​លាស់​ហើយ បច្ចុប្បន្ន កម្ពុជា​កំពុង​ដំណើរ​ការ​កំណត់​ប្រាក់​ឈ្នួល​សមា្រប់​ឆ្នាំ​២០១៦។

លោករដ្ឋមន្ត្រី​បន្ថែម​ថា «ក្រសួង​នឹងបន្ត​សហការ​ជាមួយ​គ្រប់ដៃ​គូពាក់​ព័ន្ធ ពិសេស​អង្គការ​អន្តរ​ជាតិ​ខាង​វិស័យការងារ (ILO) ​ដើម្បី​ជួយជា​បច្ចេក​ទេស​ដល់​ដំណើរ​ការនៃ​ការ​កំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៦​នេះ​»​។

លោកអ៊ិត សំហេង បន្តជម្រាប​ជូន​ភ្ញៀវ​ថា ក្រសួង​ក៏កំពុង​ពង្រឹង និង​បង្កើន​សមត្ថ​ភាព​ក្នុងការ​ធ្វើ​អធិការ​កិច្ច​ការ​ងារ​តាម​បណ្តា​ក្រុមហ៊ុន រោង​ចក្រ សហគ្រាស និង​គ្រឹះ​សា្ថន​នានា ដោយ​ក្រសួង​បានធ្វើ​កំណែ​ទម្រង់​បង្កើត​ឱ្យមាន​ក្រុម​អធិការ​កិច្ច​ពិសេស​តែ​មួយចុះ​ធ្វើ​អធិការ​កិច្ច​ការ​ងារ​លើគ្រប់​ផ្នែក​ក្នុងពេល​តែ​មួយ ដើម្បី​ជៀស​វាងការ​ចុះធ្វើ​អធិការ​កិច្ច​ជាន់​គ្នា និង​ការ​បង្ករ​ផល​រំខាន​ដល់​ក្រុមហ៊ុន។

លោក អ៊ិត សំហេង ក៏បានថ្លែង​អំណរ​គុណ​ដល់​សាធារណៈ​រ​ដ្ឋ​កូរ៉េ និង​មូល​និធិ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​កូរ៉េ ចំពោះ​ការ​ផ្តល់​ឱកាស​ការងារ និងការ​គាំ​ពារ​ដល់​ពលកម្មករ​កម្ពុជា កំពុង​ធ្វើការ និង​ស្នាក់​នៅ​ប្រទេស​កូរ៉េ។

លោករដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា រហូត​មកដល់បច្ចុប្បន្ន​នេះ មាន​ពលករ​កម្ពុជា​ទៅធ្វើ​ការនៅ​សាធា​រណៈ​​រដ្ឋ​កូរ៉េ មាន​ចំនួន​ប្រហែល ៤ម៉ឺន​នាក់។

លោក Song Joung Jung អតីត​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃសាធារ​ណៈ​កូរ៉េ បាន​លើក​ឡើង​ថា ជាការ​ពិត​ណាស់ ការកំណត់​ប្រាក់​ឈ្នួល​ត្រឹមត្រូវ ដែលមិន​ធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាព​កម្មករ និង​ដំណើរ​ការ​វិ​និយោគ​របស់​និយោ​ជក​ នឹងជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យមាន​ភាពរីក​ចម្រើន​​ជឿន​លឿន​។

ទោះជាមាន​បញ្ហាកើត​ឡើង​បន្តិច​បន្ទួច ចំពោះ​ដំណើរ​ការ​កំណត់​ប្រាក់​ឈ្នួល​នៅកម្ពុជា​ កាលពី​ពេល​កន្លង​មក តែ​លោក​​យល់​ឃើញ​ថា «ក្រោមការ​ខិតខំ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ជំនួយ​បច្ចេក​ទេស ពីគ្រប់​ភាគី​ពាក់ព័ន្ធ កម្ពុជា​ពិត​ជា​មាន​ការ​ជោគ​ ជ័យក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​និយោជិត ក្នុងផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និងដេរ​ស្បែក​ ជើង ហើយ​លោក​ជឿជាក់​ថាសម្រាប់​ការកំណត់​ប្រាក់ឈ្នួល​ឆ្នាំ២០១៦​នេះ កម្ពុជា​មុខជា​ទទួល​បានភាព​ជោគជ័យ​ផងដែរ»។

សម្រាប់ការធ្វើ​អធិការ​កិច្ច​ការងារ លោក Song Joung Jung ប្រធាន​គណៈ​ប្រតិភូ ទទួល​ស្គាល់ថា​​ពិត​ជា​​មានការ​លំបាក​ ដោយ​​សារ​​ខ្វះ​ការ​សហការ​ពី​និយោជក។

លោក បន្តថាពលក​រកម្ពុជា​ធ្វើការ​នៅ​កូរ៉េ ទទួល​បានការ​កោត​សរសើរ​ថា ពូកែ​អត់ធ្មត់ ស្មោះ​ត្រង់​នឹង​ការងារ ហើយ​ចំពោះ​ស្ថិតិ​ពលករ​កម្ពុជា​ខុសច្បាប់​ធ្វើការ​នៅកូរ៉េ ក៏មាន​ចំនួន​តិចជាង​គេផង​ដែរ។

ពាក់ព័ន្ធនឹង​ការស្នើ​សុំ​របស់​លោក​រដ្ឋមន្ត្រី​លោក Song Joung Jung បាន​សន្យា​ថា នឹងនាំ​យក​សំណើរ និង​លទ្ធ​ផ​ល​នៃ​ជំនួប​ក្នុង​ថ្ងៃនេះ ទៅ​ជម្រាប​ជូន រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​មុខ​របរ​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ។

សំរាប់ឆ្នាំ​២០១៦ ភាគី​កូរ៉េ​បានសំរេច​ជ្រើសរើស​ពលក​រ​កម្ពុជា​ទៅធ្វើ​ការនៅ​ប្រទេស​កូរ៉េ ប្រមាណ​៥៧០០​នាក់ កើន​ជាង​ឆ្នាំ​២០១៥ នេះ​ដែលត្រូវ​ការ​ពលករ​តែ​ប្រមាណ​៤០០០​នាក់​ប៉ុណ្ណោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative