មន្ទីរពេទ្យ​​រុស្ស៊ី ផ្តល់​ការពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក ដោយ​ឥតគិត​ថ្លៃ​រយៈ​ពេល​៤ថ្ងៃ

ក្រោមកិច្ចសហការ​​ជាមួយ​​វេជ្ជ​បណ្ឌិត​​ឯកទេស​​ជំងឺ​​បាត​ភ្នែក ​មក​ពី​​ប្រទេស​ អូស្ត្រាលី​ មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ-​សូវៀត ហៅ​​មន្ទីរ​ពេទ្យ​​រុស្ស៊ី បានជូន​​ដំណឹង​​ថា​ មន្ទីរ​ពេទ្យ​​នឹង​​ផ្ដល់​​ការ​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​ភ្នែក​​ដោយ​ឥត​​បង់​ថ្លៃ រយៈ​ពេល ៤​ថ្ងៃ​ គឺ​ចាប់​​ពី​ថ្ងៃ​ ទី​១៨ ដល់​​ថ្ងៃ​ ទី​២១ សីហា​ឆ្នាំ​២០១៥​នេះ។

4លោក​វេជ្ជបណ្ឌិត សាលី ធារិទ្ធ គ្រូពេទ្យ​​ផ្នែក​ជំងឺ​​ភ្នែក​ នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត មាន​​ប្រសាសន៍​​ថា កម្មវិធី​​ពិនិត្យ​ព្យា​បាល​ជំងឺ​ភ្នែកដោយ​ឥត​បង់​​ថ្លៃ​នេះ គឺ​មិន​​កំណត់​​អាយុ​​អ្នក​ជំងឺ​​ទេ ដោយ​​សហការ​​ជាមួយ​​វេជ្ជបណ្ឌិត​​ឯកទេស​​ជំងឺ​​បាត​ភ្នែក​​មក​​ពី​​ប្រទេស​ អូស្ត្រាលី។  លោកវេជ្ជបណ្ឌិត សូម​អំពាវ​នាវ​ដល់​​អ្នក​​ជំងឺ​ដែល​​មាន​បញ្ហា​ភ្នែក ជាពិសេស​​អ្នក​ជំងឺ​ទឹក​​នោម​​ផ្អែម ឲ្យ​​រួស​រាន់​មក​​ទទួល​​សេវា​នេះ។

លោកសាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរ​ពេទ្យ ​មិត្ត​ភាព​​ខ្មែរ-សូវៀត បានប្រាប់​ឲ្យដឹង ថាការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ដោយ​ឥត​គិត​ថ្លៃ​នេះ គឺដើម្បី​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ ដែលមាន​បញ្ហា​ភ្នែកបាន​មក​ទទួល​ព្យាបាល​ភ្នែក និង​ចង់​បញ្ជាក់​ថា រាជ​រដ្ឋា​ភិបាល​តែងតែ​គិតគូរ​ពី​សុខភាព​របស់​ប្រជាពល​រដ្ឋ ពិសេស​ប្រជាពល​រដ្ឋដែល​មិន​មាន​លទ្ធភាព​ក៏​ទទួល បានការ​ព្យាបាល​ដូចគេ​ដូច​ឯង​ដែរ។

លោកសាស្ត្រាចារ្យ​បាន​បន្តថា ជារៀង​រាល់២​ទៅ៣​ខែម្តង មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត តែង​តែរៀប​ចំកម្ម​វិធី​ការពិនិត្យព្យា​បាល​ដោយ​ឥតគិត​ថ្លៃ ដល់​ប្រជាពល​រដ្ឋ​យើង​ពិសេស។

គួរបញ្ជាក់ថា​កាលពី​ ថ្ងៃ​ ទី​៣ និង​​ថ្ងៃ​​ទី​៤ខែ សីហា​ឆ្នាំ២០១៥ កន្លង​ទៅនេះមន្ទីរ​ពេទ្យរុស្សី បាន​ផ្ដល់​​ការ​ពិនិត្យ​​ព្យាបាល​​ជំងឺ​ភ្នែកដោយ​​ឥត​ បង់រួច​មកហើយ​ដោយនៅ​ក្នុងរយៈពេល​ពីរថ្ងៃនេះ មន្ទីរពេទ្យ​ទទួល​បានប្រជាពល​រដ្ឋ​មានបញ្ហា​ភ្នែកមក​ពិនិត្យ និងព្យាបាលភ្នែក​ប្រមាណ​ជា៤០០​នាក់ ក្នុងនោះ​មានអ្នក​ជំងឺដែល​ត្រូវវោះ​កាត់ប្រមាណ​៥០នាក់។  ដោយឡែក​​នៅ​ថ្ងៃ​ទី​​១៨ ដល់​ថ្ងៃ​ទី​២១ ខែ​​សីហា នេះ មន្ទីរ​ពេទ្យ​នឹង​ទទួល​បានប្រជាពល​រដ្ឋមក​ពិនិត្យ​ព្យាបាល​ប្រមាណ​ជិត១ពាន់​នាក់។

លោកសាស្ត្រាចារ្យ ងី ម៉េង ដែលជាប្រធាន​កម្មវិធី​ជាតិសុខភាព​ភ្នែក បានឲ្យដឹង​ដែរនោះ​ថា តាម​ស្ថិតិ​ប្រចាំឆ្នាំ​នៅកម្ពុជា​មាន​អ្នកពិការ​ភ្នែក​ប្រមាណ​០,៣៨% ក្នុងនោះ​ភាគច្រើន​បង្កឡើង​ដោយជំងឺ​ឡើង​បាយ។  ក្នុង១ឆ្នាំ​កម្មវិធី​ជាតិ​បានព្យា​បាល​លើ​ជំងឺ​ឡើង​បាយកែវ​ភ្នែក ប្រមាណ​២ម៉ឺន​នាក់ ក្នុង​ចំណោម​១លាន​នាក់ ។

លោកប្រធានកម្ម​វិធី​ជាតិ​រូបនោះ បានបន្តថា​ភ្នែកជា​សរីរាង្គ​មួយ​ប្រណិត​ដែលអាច​ឲ្យមនុស្ស​លោក​បាន​ស្គាល់​ឃើញ​នូវ​របស់​ របរនៅ​ជុំវិញខ្លួន​យើង តែបើ​យើងពិ​ការភ្នែក​ហើយនោះ​យើងនឹង​ឃ្លាត​ចេញ​ពីសង្គម​ទាំង​មូលគួ​រ​ឲ្យ​សោក​ស្តាយ។ ដូច្នេះ​មាន​តែ​ការ​ការពារ​ថែរក្សា​ភ្នែក​យើង​ឲ្យបាន​ល្អ ដែល​អាច​ឲ្យយើង​មាន​សុខភាព​ល្អទាំង​ការរស់​នៅក៏​ដូចជា​ការ​ទំនាក់​ទំនង​នៅក្នុង​សង្គម។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative