ជម្ងឺឈាម​ក្រកក អេម៉ូភីលី

ជម្ងឺឈាម​ក្រកក​អេម៉ូភីលី គឺជាជម្ងឺ​មួយដ៏កម្រ ក្នុងចំណោម​មនុស្ស​១០០០០នាក់​មានតែ​ម្នាក់ទេ​ដែលកើត​ជម្ងឺនេះ។ ជម្ងឺនេះអាច​កើតមាន​ទ្បើងគ្រប់វ័យ​ចាប់តាំងពី​ទារករហូតដល់​វ័យចំណាស់។ តាមរយៈ​​​​ការស្រាវជ្រាវ បច្ចុប្បន្ន​នៅកម្ពុជា​មានកុមារកើត ជម្ងឺឈាម​ក្រកក​អេម៉ូភីលី​ចំនួន​ប្រមាណជា​១៤​ករណីហើយ។ ជម្ងឺនេះ​អាចចាត់​ទុកជាជម្ងឺ​ថ្មីមួយ​ដែលអ្នក​កើតជម្ងឺនេះ​ត្រូវរស់​នៅជា មួយការ​ព្យាបាល​អស់មួយជីវិត។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីរួម​ចំណែក​ក្នុងការ​ស្វែងយល់​អំពីជម្ងឺ​ឈាមក្រកក​អេម៉ូភីលី (Hemophilie) លោកវេជ្ជបណ្ឌិត ជាន សុផល អ្នកឯក ទេសខាង​លោហិត​សាស្ដ្រ នៅមន្ទីរពេទ្យ​កុមារជាតិ​ផ្ដល់បទសម្ភាសន៍​ដល់ទស្សនាវដ្ដី សុខភាពយើង ដែលមាន​ខ្លឹមសារ​ដូចតទៅៈ

ជម្ងឺឈាមក្រកក​អេម៉ូភីលី ជាអ្វី?

អេម៉ូភីលី ជាជម្ងឺ​ឈាមក្រកក​ម្យ៉ាងដែល​អាចបណ្ដាល​ឱ្យហូរឈាម។ អ្នកជម្ងឺ​មិនមាន​ការហូរឈាម​លឿនជាង​ធម្មតាទេ ប៉ុន្ដែការ​ហូរឈាម​នេះមានរយៈ​ពេលយូរ​ជាងធម្មតា ដោយសារ​តែឈាម​មិនមាន​សារធាតុ ឬ​កត្ដាបង្ក​ឈាមគ្រប់គ្រាន់។ កត្ដាឈាម ក្រកក គឺជាប្រូតេអ៊ីន​ម្យ៉ាងនៅ​ក្នុងឈាម​ដែលអាច​ត្រួតពិនិត្យ​ទៅលើការ​ហូរឈាម។

មូលហេតុ​កើតជម្ងឺ​អេម៉ូភីលី

ជម្ងឺ​ឈាមក្រកក​អេម៉ូភីលី​ជាជម្ងឺតពូជ។ មានន័យថា​វាអាចឆ្លង​ពីឪពុកម្ដាយ​ទៅកូនតាមរយៈ​ហ្សែន ហើយហ្សែន​នេះបញ្ចូន ព័ត៌មាន​កំណត់​ការលូតលាស់​កោសិកា​ទារករហូត​ដល់ពេញវ័យ។ នៅពេល​ខ្លះជម្ងឺឈាម​ក្រកក​អេម៉ូភីលី អាចកើត​ឡើងដោយ​ពុំមាន ការជាប់​ទាក់ទិន​ទៅនឹង​តំណរពូជទេ។ ករណី​នេះគេហៅ​ថាជម្ងឺឈាម​ក្រកក​អេម៉ូភីលី​កើតឡើង​ដោយឯកឯង លក្ខណៈបែបនេះមាន រហូតដល់៣០%ដោយការ​ផ្លាស់ប្ដូរ​ហ្សែនផ្ទាល់​របស់សាម៉ីខ្លួន។

លក្ខណៈ​តំណរពូជ​នៃជម្ងឺឈាម​ក្រកក​អេម៉ូភីលី​នេះមាន​ទៅលើ​ឪពុកម្ដាយ។ ករណី​ដែលឪពុក​មានជម្ងឺឈាម​ក្រកក​អេម៉ូភីលី ប៉ុន្ដែម្ដាយ​គ្មានជម្ងឺនេះ នោះកូន​ប្រុសទាំងអស់​នឹងគ្មាន​ម្ងឺនេះទេ។ ចំណែក​ឯកូនស្រី​គ្រាន់តែ​មានផ្ទុក​ហ្សែន​អេម៉ូភីលី ប៉ុន្ដែមិន បណ្ដាល​ឱ្យមានជម្ងឺទេ។ ប្រសិន​បើម្ដាយ​ជាអ្នកផ្ទុក​ហ្សែន​អេម៉ូភីលី​នោះវិញ កូន​ប្រុស​របស់គាត់​អាចមាន​ជម្ងឺអេម៉ូភីលី​៥០% និងកូន ស្រី៥០%អាច​ជាអ្នកផ្ទុក​ហ្សែន​អេម៉ូភីលី​បន្ដ។ ដោយ​ឡែក​សម្រាប់​ស្ដ្រី​ដែលមាន​ហ្សែន​អេម៉ូភីលី មិនបណ្ដាល​ឱ្យមាន​ជម្ងឺ​អេម៉ូភីលីទេ បើមាន​ជាករណី​បំផុតដោយ​គ្រាន់តែផ្ទុក​ប៉ុណ្ណោះ មិនស្ដែង​នូវ​រោគសញ្ញា​អ្វីទាំងអស់។

រោគសញ្ញា​ជម្ងឺអេម៉ូភីលី

ជម្ងឺ​អេម៉ូភីលី​ចែកចេញ​ជាពីរប្រភេទ គឺជម្ងឺ​អេម៉ូភីលីប្រភេទទី១ ឬប្រភេទអា និង​ជម្ងឺ​អេម៉ូភីលីប្រភេទទី២ ឬ​ប្រភេទបេ។ ជម្ងឺ​អេម៉ូភីលី​ទាំងពីរប្រភេទ​នេះខុសគ្នា​ត្រង់ថាជម្ងឺ​អេម៉ូភីលី​ប្រភេទ​អាកើត​មានទៅលើអ្នក​ជម្ងឺដែល​មិនមាន​សារធាតុ ឬកត្ដា​ឈាមកក​ទី៨​គ្រប់គ្រាន់។ ចំណែក​ជម្ងឺ​អេម៉ូភីលី​ប្រភេទបេ អ្នក​ជម្ងឺ​ប្រភេទនេះ​មិនមាន​សារធាតុ ឬ​កត្ដា​ឈាមកក​ទី៩គ្រប់គ្រាន់។ ប៉ុន្ដែជម្ងឺទាំង ពីរប្រភេទ​នេះសុទ្ធ​តែធ្វើ​ឱ្យការ​ហូរឈាម​មានរយៈ​ពេលយូរ​ជាងធម្មតា ហើយ​វាមាន​រោគសញ្ញា​ដូចគ្នា​ទាំងអស់។

– មានសញ្ញា​ជាំធំៗ​កន្លែង

– មានការ​ហូរឈាម​ក្នុងសាច់ដុំ និងសន្លាក់ ជាពិសេស​នៅលើ​ក្បាលជង្គង់ កែងដៃ និងកជើង

– ការហូរ​ឈាមភ្លាមៗ ដោយ​ឯកឯង​នៅក្នុងសព៌ាង្គកាយ​ដោយគ្មាន​មូលហេតុ​ច្បាស់លាស់ ដូចជា​ឈាមច្រមុះ ឈាមតាម​អញ្ចាញ​ធ្មេញជាដើម។

– មានការ​ហូរឈាម​ច្រើនជាង​ធម្មតា​បន្ទាប់ពី​មុតវត្ថុអ្វីមួយ ពេលដកធ្មេញ ឬពេលវះកាត់ ហើយ​មានការហូរ ឈាមយូរ​ជាងធម្មតា បន្ទ្ទាប់​ពីមាន​គ្រោះថ្នាក់ និងប៉ះទង្គិច ជាពិសេស​ក្នុងពេលមាន​របួសស្នាម​នៅក្បាល។

ក្រៅពីនេះ​នៅមានរោគ​សញ្ញា​ច្រើនយ៉ាងទៀត មានដូចជាការ​ហូរឈាម​ក្នុងសន្លាក់ ឬសាច់ដុំ ដូចជា​មានការ​ឈឺចាប់ ឬមាន អារម្មណ៍​មិនប្រក្រតី​ត្រង់សន្លាក់ ឬសាច់ដុំនោះ។ សាច់ដុំ និងសន្លាក់​ហើមប៉ោង និងរឹងគាំង​សន្លាក់ ពិបាក​ក្នុងការ​ធ្វើចលនា​សន្លាក់ ឬ សាច់ដុំ។

អ្នកជម្ងឺ្ង​ឈាម​ក្រកក​អេម៉ូភីលី​អាចធ្វើ​ទុក្ខដោយ​ហូរឈាមខាងក្នុង ឬខាង​ក្រៅ​សាព៌ាង្គកាយ។ បើសិន​ជាមានការ​ហូរឈាម កើតឡើង​ជាញឹកញាប់​នៅក្នុងសន្លាក់​ដដែលៗ សន្លាក់អាច​ខូចខាត និងឈឺចាប់​ជាខ្លាំង។ ការហូរ​ឈាមញឹកញាប់​ជាមូលហេតុ បណ្ដាល​ឱ្យប៉ះពាល់​ដល់បញ្ហា​សុខភាព​ដទៃទៀត ដូចជា​ជម្ងឺរលាក​សន្លាក់ជាដើម ទាំងនេះ​អាចបណ្ដាល​មានការពិបាក​ក្នុងការដើរ ឬ ការធ្វើ​ចលនា​ធម្មតា។

កម្រិត​ជម្ងឺ​អេម៉ូភីលី

ជម្ងឺឈាម​ក្រកក​អេម៉ូភីលី មាន៣កម្រិត ពីស្រាលទៅធ្ងន់ ទៅតាម​កម្រិតបរិមាណ​ធម្មតានៃ​កត្ដាឈាម​កកទី៨ ឬទី៩ ដើម្បីបំពេញ​មុខនាទី​នៃសកម្មភាព​របស់ខ្លួន ដែលជាធម្មតា​ក្នុងឈាម​ត្រូវមាន​កម្រិតពី៥០% ទៅលើ១៥០%។

– ជម្ងឺឈាម​ក្រកក​អេម៉ូភីលី​ស្រាល មានពី៥% ទៅ៣០%នៃកម្រិត​បរិមាណ​ធម្មតា​របស់កត្ដា​ឈាមកក។ អ្នកជម្ងឺ ក្នុង​កម្រិតស្រាល​នេះអាច​ប្រឈមមុខ​នឹងការហូរ​ឈាមយូរ​ជាងធម្មតា​បន្ទាប់ពី​ការវះកាត់ ឬ​របួសធ្ងន់ធ្ងរ ហើយបើ​មិនមានរបួស គឺ កម្រក្នុង​ការហូរឈាម​ណាស់។

– ជម្ងឺឈាម​ក្រកក​អេម៉ូភីលី​កម្រិតមធ្យម មាន១%ទៅ៥%នៃកម្រិត​បរិមាណ​ធម្មតា​របស់កត្ដា​ឈាមកក។ អ្នក​ជម្ងឺអាច មានការ​ហូរឈាម​ម្ដងម្កាល​ដោយគ្មាន​ហេតុផលច្បាស់ ឬមានការហូរ​ឈាមមួយ​ខែម្ដង ឬគ្មាន​ការហូរ​ឈាមសោះ។ អ្នក​ជម្ងឺបន្ទាប់ពី ការវះកាត់​របួស​ធ្ងន់ធ្ងរ ឬតាមការ​ដកធ្មេញអាច​ប្រឈមមុខ​នឹងការហូរ​ឈាមយូរ​ជាងធម្មតា។

– ជម្ងឺឈាម​ក្រកក​អេម៉ូភីលី​កម្រិតធ្ងន់ មានតិចជាង​១%នៃ​កម្រិត​បរិមាណ​ធម្មតា​របស់កត្ដា​ឈាមកក។ អ្នកជម្ងឺ​ហូរឈាម​ជារឿយៗ​នៅក្នុងសាច់ដុំ ឬតាមសន្លាក់ ជាពិសេស​នៅត្រង់ជង្គង់ សន្លាក់កែងដៃ និងសន្លាក់​កជើង អាចមាន​ការហូរ​ឈាមម្ដង ឬពីរ ដងក្នុង​មួយសប្ដាហ៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការព្យាបាល​ជម្ងឺអេម៉ូភីលី

បច្ចុប្បន្ន​នេះ​ការព្យាបាល​ជម្ងឺឈាម​ក្រកក​អេម៉ូភីលី គឺមាន​ប្រសិទ្ធភាព​បំផុតដោយ​ការចាក់បញ្ចូល​បង្គ្រប់​មកវិញនូវការ បាត់បង់​របស់ឈាម។ ការព្យាបាល​ភ្លាមៗនឹងជួយ​កាត់បន្ថយ​ការឈឺចាប់ និងការ​ខូចខាត​សន្លាក់សាច់ដុំ និង​សរីរាង្គផ្សេងៗ។ ប្រសិនបើ ការហូរ​ឈាម​ត្រូវបាន​ព្យាបាលទាន់​ពេលវេលានោះ ការហូរ​ឈាមត្រូវ​បានបញ្ឈប់ ហើយ​ការប្រើប្រាស់​សារធាតុ ឬកត្ដា​ឈាម​កកក៏ អស់តិច​តួចដែរ។ ថ្នាំ​សម្រាប់​បង្គ្រប់​កត្ដាឈាមកក​នេះមានលក់នៅ​ក្នុងប្រទេស​កម្ពុជាហើយ គ្រាន់តែ​មានតម្លៃ​ថ្លៃបន្ដិច​ប៉ុណ្ណោះ។ ប៉ុន្ដែ​បញ្ហា​តម្លៃនេះ​អាស្រ័យទៅ​លើកម្រិត​នៃជម្ងឺ​ផងដែរ។ មិនទាន់​មានវិធីព្យា​បាលជម្ងឺ​ឈាម​ក្រកក​អេម៉ូភីលី​នេះឱ្យជា​រហូតទេ ប៉ុន្ដែ​ការព្យាបាល​ដោយបង្គ្រប់​កត្ដាឈាមកក​នេះនឹងអាចធ្វើ​ឱ្យអ្នកជម្ងឺ​អេម៉ូភីលី​រស់នៅ​ប្រកបដោយ​សុខភាពធម្មតា។ បើគ្មានការព្យា បាលទេ អ្នក​ជម្ងឺ​អេម៉ូភីលី​កម្រិតធ្ងន់​អាចជួបការ​លំបាកក្នុង​ការទៅសាលារៀន ឬទៅ​ប្រកប​ការងារ។ ពួកគេ​ត្រូវប្រឈម​មុខនឹងការ បាត់បង់​កាយសម្បទា ហើយ​នឹងមានការ​លំបាកនៅ​ក្នុងការធ្វើ​ដំណើរ ឬធ្វើចលនា​ធម្មតា ឬអាច​ស្លាប់ក្នុង​វ័យក្មេង​ក៏មាន។

ប្រការ​គួរប្រតិបត្ដិ​សម្រាប់​អ្នកជម្ងឺ​អេម៉ូភីលី

ការរស់​នៅឱ្យ​បានសម​ស្រប ចៀសវាង​ការលេង​កីឡា ឬការ​ហាត់ប្រាណ​ដែលធ្វើ​ឱ្យប៉ះពាល់​ដល់ភាពមាំមួន​នៃសាច់ដុំ​ដែល ជាហេតុ​ឱ្យមានការ​ហូរឈាម។ ចៀសវាង​ចាក់ម្ជុល​ទៅក្នុងសាច់ដុំ ព្រោះ​ថាការចាក់​ថ្នាំតាមសាច់​ដុំអាចជាមូល​ហេតុបណ្ដាល​ឱ្យមាន ការហូរ​ឈាម និងធ្វើ​ឱ្យមានការ​ឈឺចាប់ខ្លាំង។ រាល់ការ​ប្រើប្រាស់​ឱសថ​ផ្សេងៗ គួរតែ​ប្រើវិធី​លេប ឬ​ចាក់បញ្ចូល​តាមសរសៃ​ឈាមជា ការ​ប្រសើរ​ជាងការ​ចាក់តាម​សាច់ដុំ។ ថ្នាំ​អាស្ពីរីន​ហាម​ប្រើដាច់ខាត​ចំពោះ​អ្នកជម្ងឺ​អេម៉ូភីលី ព្រោះថ្នាំ​នេះអាចបណ្ដាល​ឱ្យមានការហូរ ឈាម​កាន់តែខ្លាំង។ ជានិច្ច​ជាកាល គួរតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុនប្រើប្រាស់ថ្នាំ។ ការចាក់ថ្នាំ​ក្នុងសាច់​ដុំគល់ធ្មេញ ការវះកាត់ ដក ឬដាក់ធ្មេញ សុទ្ធតែអាច​បង្កឱ្យមានឈាម​ហូរធ្ងន់ធ្ងរបាន។ ដូច្នេះ​ដើម្បីការពារ​ផលអាក្រក់​ផ្សេងៗ លោកអ្នក​ត្រូវអនុវត្ដតាមដំបូន្មាន​របស់​ទន្ដបណ្ឌិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative