ក្រសួង​អប់រំ ផ្សព្វផ្សាយ​វិធាន​ការ និង​បទ​បញ្ញាតិ ដើម្បី​ពង្រឹង​ការ​ប្រលង​​បាក់​ឌុប​ឆ្នាំនេះ

ស្របពេលដែល​ការ​ប្រឡង​សញ្ញា​ប័ត្រ មធ្យម​សិក្សា​ទុតិយ​ភូមិ ឬបាក់​ឌុប ខិត​ជិត​ចូល មក​​ដល់​​នោះ​ក្រសួង​ អប់រំ​យុវជន និងកីឡា បានដាក់​ចេញនូវ​វិធានការ និងបទ​បញ្ញាតិ​មួយចំនួន​ដល់ សិស្ស​ដែល​ជា​បេក្ខជន ប្រលង​មន្ត្រី​អប់រំ ​និងអ្នក​ចូល​រួមផ្សេងៗ​ទៀតដើម្បី​ពង្រឹង​ការប្រលង​បាក់ឌុប​ឲ្យកាន់តែ​មានគុណភាព​ថែមទៀត។

3ការប្រឡងបាក់ឌុប ឆ្នាំនេះ​នឹង​ប្រព្រឹត្ត​​ទៅ រយៈពេល​ពីរថ្ងៃ គឺ ចាប់ពីថ្ងៃ​ទី២៤​សីហា ដែលមាន​បេក្ខជនចូលរួម​ប្រលង​ ៨៨៤៨៨​នាក់ ក្នុងនោះ​មានមណ្ឌល​​​ប្រឡង​​​​ចំនួន​​ ១៥០ កន្លែង ស្មើ​នឹង៣.៥៧៦​បន្ទប់ ។ បេក្ខជន​ដែល​ប្រឡង​ជាប់ត្រូវ​ ទទួល​បាន​ពិន្ទុ​​ចំនួន ២៣៧​ពិន្ទុ។  ចំនួននៃ​អ្នក​សង្កេត​ការណ៍ កា​រ​ប្រឡង​​ឆ្នាំ​នេះ​បាន​​កើន​​ឡើង​​រហូត​​ទៅដល់ ប្រមាណ​​ជា ៥​ពាន់​​នាក់៕

វិធាន​ការ  និង​​បទបញ្ញាតិ​ចំនួន​៥ ត្រូវបាន​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​នៅក្នុង​ សន្និ​សីទកា​សែត​ កាលពីរ​សៀលថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៥ នាទីស្ដី​ការ​ក្រសួង​អប់រំ ។ បទបញ្ញត្តិ​ចំនួន ៥ចំណុច គឺជាវិធាន​ ការក្ដៅ​សម្រាប់​ពង្រឹងឲ្យ​ការ ប្រឡង​មានគុណ​ភាព និងតម្លា​ភាព ដោយបាន​រឹត​បន្តឹង​ដល់​បេក្ខជន ដែល​ប្រព្រឹត្ត​ខុស ឈាន​ ដល់​ការ​ធ្លាក់ជា ស្វ័យ​ប្រវត្តិ និង មិន​អនុញ្ញាត​ឲ្យចូល​ប្រឡង​ចំនួន ២ឆ្នាំ​ជាប់គ្នា។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា វិធាន​ការទាំង​នោះ​​មានជា​អាទិ​ការធ្វើ​កោសល្យ​​វិច័យ​រក​ឃើញ​ថា សន្លឹក​កិច្ចការ​​របស់​​បេក្ខជន ដូច​ឯកសារ​​ដែល​​​គេចែក​​ចាយ​តាម​បណ្ដាញ​ផ្សព្វ​​ផ្សាយ និងឯកសារ​​លក់នៅ​លើទីផ្សារ​​នោះ​មាន​​ន័យថា បេក្ខជន​ចម្លង​ជា​​លទ្ធផល​​បេក្ខ​ជន​នោះ​នឹង​បាន​ពិន្ទុ​សូន្យ។  ចំណែក​បេក្ខជន​ដែលឲ្យ​សន្លឹក​កិច្ចការ​របស់ខ្លួន​ទៅ​អ្នក​ដទៃ​​ចម្លង គឺនឹង​ត្រូវធ្លាក់​នៅឆ្នាំ​នេះ​ ហើយ​មិន​អនុញ្ញាត​ឲ្យចូលប្រឡង​នៅឆ្នាំក្រោយ​ទៀតនោះទេ។ មួយវិញ​ទៀត បេក្ខជន​ដើរ​ប្រមូល​​លុយ​ឲ្យ​គ្រូ នៅពេល​ប្រឡង​ នឹងត្រូវ​ប្រឡង​ធ្លាក់ជា ស្វ័យ​ប្រវត្តិ និងមិន​អាចមិន​អនុញ្ញាត​ឲ្យ​ចូល​​ប្រឡង​​ចំនួន ១ឆ្នាំ​។​

ជាងនេះ​ទៅ​ទៀត ប្រសិន​ ជា​បេក្ខជន​​យកអាវុធ​ជាតិ​ផ្ទុះ​ចូល ឬឲ្យអ្នក​ដទៃ​ប្រឡង​ជំនួស ឬមួយ​បេក្ខ​ជន​នោះ​បាន​ធ្វើឲ្យខូច​ខាត​ទ្រព្យ​​សម្បត្តិ និង​សម្ភារៈ​ ក្នុង​បន្ទប់​​ប្រឡង បេក្ខជន​​នោះនឹង​​ត្រូវធ្លាក់​​ជាស្វ័យ​​ប្រវត្តិ និង​មិន​ឲ្យចូល​​ប្រឡង​​ចំនួន ២ឆ្នាំជាប់​គ្នា។  បេក្ខជន​ដែល​គេរក​​ឃើញ​ថា​ បាន​​ប្រើ​ប្រាស់​​ឧបករណ៍​​អេឡិច​ត្រូនិក ឬ​ទូរស័ព្ទ​​ដៃ ក្នុង​ពេល​​ចែក​វិញ្ញា​សា​ប្រឡង​​នោះនឹង​ត្រូវ​ធ្លាក់​​ជា​ស្វ័យ​ប្រវត្តិ ពិសេស​​ជាង​នេះ​ទៅ​ទៀត ចំពោះ​បេក្ខជន​ធ្វើឲ្យខូច​ខាតរបៀប​រៀប​រយក្នុង​បន្ទប់​ប្រឡង ហើយប្រមូល​ផ្ដុំគ្នា​បង្កើត​ក្លឹប​ចម្លើយ និង​ធ្វើ ឲ្យ​ ប៉ះ​ពាល់​ដល់​កិត្តិយស ឬ រាង កាយ​ដល់មេ​ប្រយោគ នោះនឹង​ឈានដល់​ការបញ្ជូន​ខ្លួនទៅ​ស្ថាប័ន​មានសមត្ថកិច្ច​ទៀតផង។

លោក ហង់ ជួនណារ៉ុន បាន​បញ្ចាក់ថា បទបញ្ញត្តិ​ទី៥ គឺការ​បង្កបញ្ហា​នៅក្នុងបន្ទប់ប្រឡង។ មាន​ន័យ​ថា គាត់ទៅ​ប្រមូល​ផ្ដុំគ្នា​ ទទួល​វិញ្ញាសា​ហើយ រៀបចំ​ជាក្លឹប ធ្វើចម្លើយ​ហើយចែក​គេចម្លង។ នាំសំណៅ​វិញ្ញាសា​ចេញ និងចម្លើយ​ចូល គឺលុប​ឈ្មោះ​ ចេញ​​ពីគ្រឹះ​ស្ថាន​សិក្សា និងបញ្ជូន​ខ្លួនទៅ​ស្ថាប័នមាន​សមត្ថកិច្ច។ ទន្ទឹមនឹង​បទបញ្ញត្តិ​នេះ ក្រសួង​អប់រំ​ក៏នឹង​ប្រកាសបិទ​ កន្លែង​​ ​ថតចម្លង និងកន្លែង​លក់ដូរ​ដែលនៅ​ជិតមណ្ឌល​ប្រឡង​ដើម្បីជៀស​វាងភាព​រញ៉េ​រញ៉ៃ ក្នុងថ្ងៃ​ប្រឡង។

វិធានការ មិនមែ​ន​តែសំរាប់​សិស្សនោះ​ទេ សូម្បីតែ​មន្ត្រី​អប់រំ​ឬអ្នក​សង្កេត​ការណ៍​ប្រលង ក៏មាន​ទោស​ទណ្ឌ​ដែរបើ​ធ្វើ​ខុសពី​ បទ​បញ្ញតិ​នោះ។  អ្នកដែលពាក់​ព័ន្ធ និងបុគ្គលិក​អប់រំ ដែលធ្វើ​ខុសនឹង​បទ​ប្បញ្ញត្តិ​​ដែលបាន​កំណត់​នោះ ពួកគេ អាចនឹង​ ប្រឈម​មុខ​​ច្បាប់​ដែលមានចែង​នៅក្នុងក្រម​ព្រហ្មទណ្ឌ ឬ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

លោក ហង់ ជួនណារ៉ុន បានឲ្យ​ដឹងថា «ដើម្បី​ធានាការ​ប្រឡង​ប្រកប​ដោយ គោល​ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធ​ផល​​ទទួល​យកបាន ក្រសួង​បានដាក់​ចេញជា​បទ​ប្បញ្ញត្តិ​នានា ដែលមិន​មែន​សម្រាប់​តែបេក្ខជន​ប្រឡង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ក៏​សម្រាប់ បុគ្គលិក​សិក្សា​អប់រំ និង អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ផងដែរ»។ បើទោះ​បីជា នេះជាឆ្នាំ​ទីពីរ​ហើយ នៃការ​ធ្វើ​កំណែ​ទម្រង់​ របស់​ក្រសួង​អប់រំ យ៉ាងណា​ក៏ដោយ លោក ហង់ ជួនណារ៉ុន បានសង្កត់​ធ្ងន់ថា លោកពុំ​អាចធានា នៅឆ្នាំ​នេះនឹង​មាន​បេក្ខជន​ ប្រឡង​ជាប់ច្រើន​ឬយ៉ាង​ណា នោះទេ។ ប៉ុន្តែ លោក​ទទួល​ស្គាល់ថា សិស្ស​ថ្នាក់​ទី១២ ក្នុងឆ្នាំ​សិក្សា​នេះ មានការ​ខិតខំ​ ប្រឹង​ប្រែង រៀន​សូត្រខ្លាំង។

ចំពោះពិន្ទុដែលបេក្ខជន​ប្រលង​ជាប់ លោកណាត ប៊ុនរឿន រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​​ដែលបាន​ចូលរួម​ នៅ​ក្នុង សន្និសិទ​សារពត៌​មានដែរ​នោះ បានមាន​ប្រសាសន៍​ថា ពិន្ទុ​​ដែល​បេក្ខជន​​ប្រលង​ជាប់មាន ចំនួន​២៣៧​ពិន្ទុ ទៅតាម​ វិញ្ញា​សារ​ប្រលង​ចែកជា​ពីរផ្នែក​គឺផ្នែក​វិទ្យា​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សង្គម។

លោកបន្តថា ផ្នែក​វិទ្យាសាស្ត្រ​ពិន្ទុខ្ពស់​ជាងគេ គឺគណិត​វិទ្យា​មានពិន្ទុ​១២៥ពិន្ទុ ចំណែក​ឯផ្នែក​វិទ្យា​សាស្ត្រ​សង្គម មុខ​វិទ្យាខ្មែរ​ ទទួល​បាន​១២៥ពិន្ទុ ចំពោះ​វិញ្ញា​ប្រលង​មិនមែន ចេញតាម​មេរៀន​ទាំងអស់​នោះទេ គឺសិស្ស​ត្រូវមាន ការត្រឹះ​រិះពិ​ចារណា និង​ វិភាគហើយ​ពិន្ទុនឹង​បានទៅ​តាមនោះដែរ។

លោករដ្ឋលេខាធិការ​បានបន្ថែមថា ដោយសារ​មានការ​រិតបន្តឹង និង​បេក្ខជន មិន​អាចមាន​ជំនួយ ពី​ខាងក្រៅ​ដោយពឹងផ្អែក​ លើ​សមត្ថ​ភាព​ផ្ទាល់​ខ្លួនរបស់​សិស្ស​នោះ ដូច្នេះ​វិញ្ញាសារ​ប្រលង​គឺ ចេញ​ល្មម​​អាច​ឲ្យ​សិស្ស ធ្វើបាន​តែ​អាស្រ័យ​លើសិស្ស​ ត្រូវ​ខិត​ខំរៀន​ដែរ។  រីឯការធានា​សុវត្តិភាព ពេលប្រលង​នេះ លោក​ណាត ប៊ុនរឿន បញ្ជាក់​ថាមិនមាន​អ្វីប្រែ​ប្រួល​នោះទេ​ គឺមាន​ប្រហាក់​ប្រហែល​នឹងប្រលង​ឆ្នាំមុនដែរ។

លោករដ្ឋមន្ត្រី​ក្រសួង​អប់រំ បានឲ្យដឹង​ទៀតថា ឆ្នាំនេះក្រសួង​ចំណាយ​ថវិកា ក្នុងការ​រៀបចំ​ការប្រលង​បាក់ឌុប ប្រមាណ​ ៣​លាន ដុល្លា​អាមេរិក ដោយ​ប្រើ​ប្រាស់​បុគ្គលិក​ប្រមាណ​២ពាន់​នាក់ ពោលគឺ​ក្នុង​ចំណោម បេក្ខជន​ម្នាក់ចំណាយ ប្រមាណ​ ១៣​ម៉ឺនរៀល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative