ក្រុមហ៊ុន​​អចលន​ទ្រព្យ​​ជប៉ុន បោះទុន​ជាង១៣០​លានដុល្លា​វិនិយោគ លើ​សំណង់​ខុនដូ​នៅកម្ពុជា

ក្រុមហ៊ុន​​អចលនទ្រព្យ​​ជប៉ុន Creed Group បានបង្កើត​គម្រោង​ Bodaiju​ Residences ក្នុង​ការសាងសង់ ខុនដូមួយ មាន ចំនួន ៩២៨ unit ដែល​មាន​ទី​​តាំង​​នៅមុខ​​ប្រលាន​​យន្ត​ហោះ​​អន្តរជាតិ​​ភ្នំពេញ​ដែល​ស្ថិត​​នៅ​ខាង​​ក្រោយ​​ផ្សារ​​ទំនើប​ Lion Mall ដោយ​​ចំណាយ​​ទុន​វិនិ​យោគ​ប្រមាណ ១៣៤​ លាន​ដុល្លារ​អាមេរិក។

2គម្រោង Bodaiju Residences របស់ក្រុម​ហ៊ុន​​អចលន​ទ្រព្យ​ជប៉ុន Creed Group​ ដែលគ្រោង​​នឹង​ ចាប់​ផ្ដើម​​ដំណើរ​​ការ​សាង​​សង់​​នៅ​ចុង​ខែ​ សីហា​ ឆ្នាំ២០១៥ នេះ ​ ។

លោក TOSHIHIKO MUNEYOSHI ស្ថាបនិក​ និង​​នាយក​​គ្រប់​គ្រង​​ក្រុម​ហ៊ុន CREED GROUP បាន​ថ្លែង​នៅក្នុងសន្និ​សិទ​ សារ​ពត៌​មាន​ កាលពីយប់​ថ្ងៃទី១៣ សីហា នៅ​សណ្ឋាគារ សូហ្វីតែល ថាការ​ដែលលោក​សំរេច​ចិត្ត បោះទុន វិនិយោគ​ លើ​វិស័យ ខុនដូ នៅកម្ពុជា​នាពេល​នេះ​ គឺអាស្រ័យ​លើ​ហេតុ​​ផល ៣​យ៉ាង​គឺ ទី១​កត្តា​​នយោបាយ​​ដែល​អនុ​គ្រោះ​​ដល់​វិស័យ​​ធុរកិច្ច ​និង​ច្បាប់​​ស្ដី​ពី​​ការ​វិនិយោគ​​មាន​លក្ខណៈ​​អំណោយ​ផល​ល្អ។ ទី​២គឺ​​កត្តា​​សេដ្ឋកិច្ច ដែល​​កម្ពុជា​​មាន GDP មធ្យម​ ៨,២%​បើ​យោង​​តាម​ធនាគារ​​ពិភព​លោក និង​ទី ​៣ដោយ​សារ​​លោក​ឃើញ​​ថា​កម្ពុជា-ជប៉ុន​​មាន​ចំណង​​មិត្តភាព​​ប្រវត្តិសាស្ត្រ​​យូរ​​ឆ្នាំ​មកហើយ។

សំណង់​អគារ ខុន​ដូ កំពុង​ដុះ​​ដាល​ដូច​​ផ្សិត​នៅ​​កម្ពុជា ព្រម​ទាំង​​ការ​ទាក់​​ទាញ​ក្រុម​​ហ៊ុន​​វិនិយោគ​​បរទេស ធ្វើ​ឲ្យ​​វិស័យ​​នេះ​​មាន​ការ​កើន​​ឡើង​ក្នុង​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​ដែលនេះ​គឺ ជា​ការ​ឆ្លុះ​​បញ្ចាំង​​បញ្ហា​​ស្ថិរភាព​​នយោបាយ​នៅ​ក​ម្ពុជា។ ថ្លែង​ក្នុង​​ឱកាស ​ពិធី​​ប្រកាស​​ជា​ផ្លូវ​ការ​​ក្រុម​ហ៊ុន CREED GROUP និង​​គម្រោង​​វិនិយោគ​​របស់​​ក្រុម​ហ៊ុន​ នៅ​​សណ្ឋគារ សូហ្វីតែល លោក​​ទេស​រដ្ឋ​​មន្ត្រី អ៊ឹម ឈុន​លឹម រដ្ឋមន្ត្រី​​ក្រសួង​​រៀប​ចំ​​ដែន​ដី​ នគ​រូប​​នីយ​កម្ម ​និង ​សំណង់​បាន​និយាយ​​ថា ផ្នែក​​នគរូបនីយ​ក​ម្ម​ និង​​សំណង់​​នៅ​កម្ពុជា​​មាន​ការ​​វិវត្ត​ឆាប់​​រហ័ស​ដែល​ការ​​វិនិយោគ​​លើ​វិស័យ​​សំណង់​ ជា​កត្តា​​សំខាន់​​មួយ​នៃ​​កំណើន​​សេដ្ឋកិច្ច​​ជាតិ។ ចំពោះ​​ទំហំ​​វិនិយោគ​​​លើ​វិស័យ​​សំណង់​រយៈ​ពេល​ជាង​​១៤ ​ឆ្នាំ ចាប់​ពី​​ឆ្នាំ ២០០០-​២០១៤ គិត​ជា​​មធ្យម​​មាន១៥០០​​លាន​ដុល្លារ​​ក្នុង ១ ​ឆ្នាំ។

លោកទេស​រដ្ឋមន្ត្រី​បានបន្ត​ថា កំណើន​​នេះ​ បានកើន​​ជា​លំ​ដាប់ ដោយ​នៅ​ក្នុង​​ឆ្នាំ​២០១២ការ​​វិនិយោគ​​បាន​ ២១០៩ ​លាន​ដុល្លារ ចំ​​ណែក​​ឆ្នាំ ​២០១៣​ មាន ​២​៧៧៣​លាន​​ដុល្លារ និង ​ឆ្នាំ​​២០១៤ មាន ២៥០៧ លាន​​ដុល្លារ។ សម្រាប់​ឆ្នាំ​ ២០១៤​វិ​ស័យ​​សំណង់​​ និង​​អចលនវត្ថុ​​បាន​រួម​​វិភាគ​​ទាន​ដល់​​កំណើន​​សេដ្ឋកិច្ច​​ជាតិ​​ចំនួន ១៥% ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​រៀប​​ចំ​ដែន​ដី នគ​រូប​នីយ​​កម្ម ​និង ​សំណង់​​ដដែល​​​បាន​បញ្ជាក់​​ថា មួយ​រយៈ​​នេះ​មាន​​ក្រុមហ៊ុន​​បរទេស​​ផ្នែក​​សំណង់​ និង​​អចលន​ទ្រព្យ​ ជាច្រើន​​ចាប់​​អារម្មណ៍​​មក​បណ្ដាក់​​ទុន​នៅ​ស្រុក​​ខ្មែរតួ​​យ៉ាង​​ដូច​ជា ផ្សារ​​ទំនើប សណ្ឋាគារ រោងចក្រ​ជា​ដើម។ ជាក់​ស្ដែង គម្រោង​Bodaiju Residences របស់​ក្រុម​ហ៊ុន​​អចលន​ទ្រព្យ​ជប៉ុន Creed Group ក៏​នឹង​​មាន​វត្តមា​ន​​ក្នុង​ពេល​ឆាប់​ៗ​​នៅ​ភ្នំពេញ​ដែល​ចាប់​​ផ្ដើម​ដំណើរ​​ការ​សាង​​សង់​​ចុង​ខែ​ សីហា ​នេះនៅ​​ទី​តាំង​​មុខ​ប្រលាន​​យន្ត​ហោះ​​អន្តរជាតិ​​ភ្នំពេញ​ដែល​ស្ថិត​នៅ​​ខាង​ក្រោយ​​ផ្សារ​ទំនើប Lion Mall ដែល​ខុន​​ដូ​​នេះ​ចំណាយ​​ទុន​អស់ ១៣៤​ លាន​ដុល្លារ និង​ មាន ៩២៨ unit។

លោកទេស​រដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានបញ្ជាក់ថា​ «កំណើន​នៃ​​ការ​វិនិយោគ​​ឯកជន​​របស់​​ជប៉ុន​ពិត​ ជា​ឆ្លុះ​បញ្ចាំង​​នូវ​ការ​ជឿ​​ទុក​ចិត្ត​លើ​​នយោបាយ​​សេដ្ឋកិច្ច​​សេរី បើក​ចំហ ក្នុង​ទស្សន​វិស័យ​​រំពឹង​​ថា​​ទំនាក់​​ទំនង​ និង​ សកម្មភាព​​សេដ្ឋកិច្ច​​ក្នុង​តំបន់​​អាស៊ាន​ និង​​កាន់​តែ​​មាន​ភាព​​រលូន ​និង​សកម្ម​​ថែម​ទៀត​នៅ​​ពេល​បើក​​សម្ពោធ​​សហគមន៍​​សេដ្ឋកិច្ច​​អាស៊ាន​​នៅ​ចុង​ឆ្នាំ​​២០១៥ ​នេះ»។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ មិនមែន​តែអគារ​ខុនដូ​នោះទេ ដែលមាន​ការរីកដុះ​ដាលចំណែក​ឯការ​​សាង​សង់​​សំណង់​​ធំ​តូច បាន​រីក​ដុះ​​ដាល​យ៉ាង​​ខ្លាំង​ផង​ដែរនៅ​តាម​​ទី​ក្រុង​ប៉ូល​​សេដ្ឋកិច្ច​​ធំ​ៗ​ទាំង​៣ រាជ​ធានី​​ភ្នំពេញ ​និង​ទី​ប្រ​ជុំ​ជន​​ធំ​តូច​​ជា​ច្រើន​​នៅ​តាម​​បណ្ដោយ​​អ័ក្ស​​សេដ្ឋកិច្ច​​សំខាន់​ៗ។ ទន្ទឹម​នឹង​​នេះ ការ​សាង​​សង់​លំនៅ​ដ្ឋានរបស់​​ប្រជាពលរដ្ឋ​​ទូទៅ​​នៅ​តាម​​ទី​ជនបទ​​ក៏​មាន​​ការ​រីក​ដុះ​​ដាល​រហូត​​ដល់​តំបន់​​ឆ្ងាយ​ៗ​។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative