៥ខែនេះ​ខ្យល់​កន្ត្រាក់ សម្លាប់​មនុស្ស​៧នាក់ និងរបួស​៨៤នាក់​នាក់ និង​បំផ្លាញ លំ​នៅ​ដ្ឋាន​រាប់ពាន់ខ្នង

នៅក្នុងរយៈពេល៥ខែ​ក្នុងឆ្នាំ​២០១៥នេះ ខ្យល់​កន្ត្រាក់​បានកើត​ឡើងចំនួន​១០៨លើក បណ្តាល​ឲ្យមនុស្ស ស្លាប់​ចំនួន ៧​នាក់ រងរបួស​ចំនួន​៨៤នាក់ និងប៉ះ​ពាល់ផ្ទះ​សំបែង របស់​ប្រជាពល​រដ្ឋ មានចំនួន​ប្រមាណ​ជាង៥​ពាន់ខ្នង នៅទូ​ទាំង​ ប្រទស។

4បើតាមលោក កែវ វី មន្ត្រី​អ្នកនាំពាក្យ​នៃគណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​​ឲ្យ​​គេហទំព័រ​សុខភាព​កម្ពុជា ដឹង កាលពី​ថ្ងៃទី​៣០ ឧសភា ថា​រយៈ​​ពេល​៥ខែ ​ក្នុង​ឆ្នាំ​​២០១៥​នេះ ប្រទេស​​កម្ពុជា​ទ​ទួល​​រង​គ្រោះ​​ដោយ​បាតុ​ភូត​​ភ្លៀង  និង​​ខ្យល់​​កន្ត្រាក់​​កើត​​ឡើង​ចំនួន​​​១០៨​លើក នៅក្នុង​ ខេត្ត​-​ក្រុង​ចំនួន​​២៤ (លើក​លែង​តែ​ខេត្ត​​កោះកុង) បណ្តាល​​ធ្វើឲ្យ​​មនុស្ស​​ចំនួន​៧​ នាក់​​ស្លាប់ និង​៨៤​នាក់​ទៀត​រង​​របួស។  លើសពី​​នេះ បាន​បង្ក​ការ​ខូច​ខាត​ លំ​នៅ​​ស្ថាន​ពល​រដ្ឋ​ទាំង​ស្រុង​​មានចំនួន ២១១៩​ ខ្នង ខូចខាត​​មធ្យម​​មាន​​ចំនួន ៤១៣៩​ខ្នង រួមទាំង​​សាលា​រៀន​​២៧​សាលា និង​អគារ​​ផ្សេងៗ​មាន​​ចំនួន​១៩​​អគារ​ និង​ផ្សារ​​ចំនួន​ ២​កន្លែង ។

លោក កែវ វី បានបន្ត​ទៀតថា ខ្យល់កន្រ្តាក់​ក្នុងរយៈ​ពេល៥ខែ​នេះ បើធៀប​នឹង៥ខែ​ដូចគ្នា កាលពី​ឆ្នាំ២០១៤កន្លង​ទៅ មានការ កើនឡើង​ប្រមាណ​៥០ភាគរយ តែចំនួន​ស្លាប់​កើនឡើង​តិចតួច គឺ៥ខែ​ឆ្នាំមុន​មានករណី​ខ្យល់​កន្ត្រាក់ កើតឡើង​ចំនួន ៥០៤ លើក​បណ្តាល​ឲ្យមនុស្ស​ស្លាប់ចំនួន​៨នាក់ របួស​៧៩នាក់ ខូចខាត​ផ្ទះ ប្រជាពល​រដ្ឋចំនួន​១៨៨១​ខ្នង ប៉ះពាល់​សាលារៀន​ ២៥​សាលា​ និង​អគារ​ផ្សេងៗ ចំនួន​២២អគារ។

លោកបានបន្តែម​ឲ្យដឹង​ទៀតថា ក្នុងអំឡុង​ពេលហេតុ​ការណ៏​ដែល កើតឡើង​នោះគឺ​អាជ្ញាធរ​នៅ​​តាម​​មូល​ដ្ឋាន​​បាន ចុះ​អន្ត​រា​គមន៍ ជួយ​សង្គ្រោះ​បឋម​ដល់ពលរដ្ឋ​ដែលទទួល រងគ្រោះ​ឲ្យមាន សុវត្ថិភាព​មានទី​ជម្រក ជាមុន​បន្ទាប់​មក សាខា​កាកបាទ ក្រហម​ថ្នាក់ជាតិ នឹងជួយ​ដោះស្រាយ​នៅពេល​ក្រោយ បន្ត​បន្ទាប់​ទៀត។

លោកបានបន្ថែមឲ្យដឹងទៀតថា ក្នុងចំណោម​រាជធានី​ខេត្តចំនួន​២៤ ដែលទទួល​រងការ​ប៉ះពាល់​ដោយខ្យល​កន្ត្រាក់​នោះ ខេត្ត ដែល​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ ជាងគេ​គឺខេត្ត​កំពង់ចាម កំពង់ធំ បន្ទាយ​មានជ័យ សៀមរាប បាត់​ដំបង និងខេត្ត ឧត្តរមានជ័យ។

នៅ​ឆ្នាំ​ ២០១៤ ខ្យល់​ព្យុះ​បាន​​សម្លាប់​​មនុស្ស​​ចំនួន​​៩​នាក់ និង​៤​នាក់​​ទៀត​រង​របួស គឺ​ថយ​ចុះ​ជិត​​បួន​ដង​​បើ​ធៀប​ឆ្នាំ​ ២០១៣​ ដែល​​មាន​អ្នក​​ស្លាប់​រហូត​​ដល់​៣៥​នាក់ និង​​របួស​​១៣៦ នាក់។ សូមបញ្ជាក់​ថា ក្រសួងធន​ធានទឹក និង​ឧតុនិយម បានចេញ​ សេចក្តីជូន​ដំណឹងថា ក្នុងខែ​មេសា និងខែ​ឧសភានេះ មានភ្លៀង​ចាប់ផ្តើម​ធ្លាក់រាយ​ប៉ាយ​ពីកម្រិត​តិចទៅបង្គួរ ដែល​ក្នុងនោះ​ មានលាយ​ឡំទៅ ដោយខ្យល់​កន្រ្តាក់ ផ្គររន្ទះ​មានកើត​ឡើងច្រើន​នៅក្នុង​នោះដែរ។

ដូច្នេះដើម្បីជាវិធាន​ការការ​ពារគ្រោះ​ថ្នាក់​នេះ សូមឲ្យបង​ប្អូនប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន បន្ថែម​​ទៀត​ទៅ​លើ​បាតុ​ភូត​​គ្រោះ​​ ធម្ម​ជាតិ​​នេះ ដោយកុំ​ចេញ​ក្រៅផ្ទះ  ឬ កាន់​ឧបករណ៍ ចម្លង​អគ្គិសនី ពិសេស ទូរស័ព្ទ​ដៃ​នៅក្នុងពេល​មេឃកំពុង​ភ្លៀង ខ្យល់ ខ្លាំង និងមាន​ផ្គរផ្លេក​បន្ទោរ​ហើយប្រជា​នេសាទ​ក៏​កុំ​ចេញ​ទៅ​នេសាទ​តាមសមុទ្រដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative