កម្ពុជាគាំទ្រឲ្យ​ ICRC បង្កើត​ប៉ុស្តិ៍​សុខ​ភាព​​នៅ​​ពន្ធនាគារ

សម្តេចក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ឯកភាព​តាមការ​​ស្នើសុំ របស់​គណៈ​​កម្មាធិការ កាក​បាត​ក្រហម​អន្តរជាតិ ICRC ឲ្យ​អនុវត្ត​គម្រោង​បង្កើត​ប៉ុស្តិ៍​​សុខភាពគំរូ​នៅ​​ក្នុង​ពន្ធនា​គារ។

1ការរងារនេះសម្តេច​ក្រឡាហោម បាន​អនុញាតិ​ឲ្យអង្គការធ្វើការ​សហការជាមួយលោក នុត សាអាន រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ និងលោក ឧត្តម​សេនីយ៍​​ឯក គុយ ប៊ុនសន អគ្គនា​យក នៃអគ្គនាយក​ដ្ឋាន​ពន្ធនា​គារ​ក្រសួង​មហាផ្ទៃ ។

នៅក្នុងជំនួបសំដែង​ការគួរ​សម ជាមួយ​សម្តេច​ក្រឡា​ហោម ស ខេង នៅទីស្តី​ការ​ក្រសួង កាលពីរ​សៀល​ថ្ងៃទី១៣ ខែ សីហានេះ លោក​ Bart Vermeinren ប្រធាន​អង្គការ ICRC បានលើក​ឡើងថា « ការបង្កើត​ប៉ុស្តិ៍​​សុខភាព នោះគឺ​មាន​បំណង​ចង់​ទណ្ឌិត​ទាំងអស់​ មាន​លទ្ធភាព​ទទួលបាន​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ ដូច​ប្រជាពល​រដ្ឋ​ដែល​នៅតាម​សហ​គមន៍ ។ ជាមួយ​គ្នា​នោះ លោក​ក៏បានស្នើ​ឲ្យសម្តេ​ច​ក្រឡាហោម ស ខេង ជួយ​ជំរុញ​ឲ្យការងារ​នេះមាន​កិច្ចសហការ​ជាមួយ​ក្រសួង​សុខា​ភិបាលផង​ដែរ» ។

លោក Bart Vermeinren បន្ត​ថា នៅក្នុង​គម្រោង ICRC គឺបាន​ផ្តោតលើ​ពន្ធនាគារ​ចំនួន​៥ដែល​​រួមមាន ពន្ធនា​គារ​នៅខេត្ត​កោះកុង ស្ទឹងត្រែង រតនគិរី កំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម ដោយ​បាន កំណត់​ទិសដៅ​អាទិភាពធ្វើ​ឲ្យប្រសើរ​ឡើងនូវ​ការផ្តល់​សេវា​គ្រប់គ្រង អ្នកទោស និង​សេវា​ផ្សេ​ងៗ​ទៀត ។

ជាមួយគ្នានោះ​នៅក្នុងពន្ធនាគារ​បច្ចុប្បន្ន​មាន​គម្រោង​ជាច្រើន​ត្រូវបាន​គេ​អនុវត្ត​បាន​ល្អ​ប្រសើរ​ដូចជា គម្រោង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ផ្សេងៗ និងមាន​ការផ្តល់​វិញ្ញា​បនបត្រ បញ្ជាក់​សិក្សា​ជំនាញដោយ​មន្ទីរ​ការងារ​ផងដែរ ដែលនេះ​ជា​ជំហាន​មួយធ្វើ​សហរណ​កម្មគាត់​នៅ ពេលចេញ​ពីពន្ធនា​គារគឺ​មានមុខ​របរ​រកស៊ី​ត្រឹមត្រូវ​ឡើងវិញ។

សម្តេចក្រឡាហោម ស​ ខេងមាន​ប្រសាសន៍​ថា «ការគ្រប់​គ្រងពន្ធនា​គារ​មិនមែន​ជាងាយ​ស្រួល​ទេ ក្រៅពី​បញ្ហា​សន្តិសុខ គេ​ក៏មាន​ការងារ​មួយចំនួន​ទៀតដែល​ត្រូវធ្វើ​យ៉ាង​ណា​ឲ្យគេ​នៅពេល​​ចេញពី​​ការជាប់​ឃុំ គឺក្លាយ​ជាពលរដ្ឋ​ល្អនៅ​ក្នុងសង្គម»។

បច្ចុប្បន្ន​នៅទូទាំ​ង​ប្រទេស មាន​អ្នក​ទោស​ប្រមាណ​​ជាង​១៦០០០​នាក់។ ក្នុងចំនួន​នោះ បាន​ធ្វើឲ្យ​ពន្ធនា​គារ​មួយចំនួន​ធំ​មាន​ភាព​ចង្អៀត​ណែន ដោយ​សា​រ​​ពន្ធនា​គារ​មានភាព​តូច​ចង្អៀត និង​ចំនួន​អ្នកទោស​មានការកើន​ឡើង ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំសុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative