ជំងឺ​ក្រទ្ប​តែន

ជំងឺក្រទ្បទែន តែងតែ​កើតមាន​លើកុមារ នៅកម្ពុជា ជាជំងឺ​មួយដែល​គេឧស្សាហ៍​ឃើញ​ញឹក​ញាប់ ដែល​វាបង្ក​ផលវិបាក​ជាច្រើន​ដល់​អ្នករង​គ្រោះ ដោយសារ​ជំងឺ​នេះ​ទាំង​កុមារ និង​មនុស្ស​ពេញវ័យ។

1លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយក​ដ្ឋាន ប្រយុទ្ឋ​នឹង​ជំងឺ​ឆ្លងនៃ​ក្រ​សួង​​សុខា​ភិបាល និងជាអ្នក​នាំពាក្យ​ក្រសួងនេះ​ បាន​និយាយ​នៅលើ​ទំព័រ​ហ្វេស​បុក​​របស់​​លោក នៅថ្ងៃ​ទី១៣ សីហា កន្លង​មកថា ក្រទ្បទែន​គឺ​បណ្តាល​ពីមេរោគ​វីរុស​​ដែល​​ប៉ះពាល់​ទៅ​ដល់​ក្រពេញ​ទឹកមាត់។ វីរុសឆ្លង​តាមការ​ប៉ះពាល់​ដោយផ្ទាល់ ឬតា​ម​​ដំណក់​តូចៗ​ចេញ​ពីផ្លូវដង្ហើម​របស់​អ្នក​ជំងឺ​ស្រឡទែន។ ជាធម្មតា​រោគ​សញ្ញា​ដំបូង កើតឡើង​នៅ ២-៣​ សប្តាហ៍​បន្ទាប់​ពីការ​ឆ្លង​មេរោគ​វីរុស រួមមាន​ឈឺក្បាល ឈឺ​សាច់ដុំ គ្រុន​ក្តៅ​ស្ទិញៗ​ និងល្ហិតល្ហៃ​ និង​មិន​យូរ​ប៉ុន្មាន មាន​ហើម​ប៉ោង​​ក្រពេញ​​ទឹកមាត់​នៅគុម្ព​ត្រចៀក​ផ្នែក​ខាង​មុខម្ខាង​ឬទាំង​សងខាង។

វីរុសនេះ ជាធម្មតា​បណ្តាល​ឱ្យមាន​ជំងឺស្រាល​ចំពោះ​កុមារ ប៉ុន្តែ​ចំពោះ​មនុស្ស​​ពេញវ័យ​អាចនាំ​ឱ្យមាន​ផលវិបាក​ដូចជា ជំងឺរលាក ស្រោមខួរ និង​រលាក​ពងស្វាស​​ម្ខាង​ ឬទាំង​សងខាង។ ក្រឡទែន​អាច បង្ការ​បានដោយ​ការចាក់​ថ្នាំបង្ការ។ គ្មាន​​ឳសថ​ព្យាបាល​ជាក់លាក់​ទេ មានតែ​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ។

តើ​ត្រូវធ្វើ​​អ្វី​ពេល​អ្នក​កើត​ក្រទ្បទែន?

លោកវេជ្ជបណ្ឌិតលី សុវណ្ណ បាន​ពន្យល់​ថា អ្នកគួរ​តែជៀស​វាងប៉ះ​ពាល់ជិត​ស្និទ្ធ​ជាមួយ​អ្នកផ្សេង​ទៀត យ៉ាងហោច​ណាស់​​រយៈ​ពេល៥​ថ្ងៃក្រោយ​ពីមាន​ហើមប៉ោង​គុម្ព​ត្រចៀក ព្រោះ​ក្នុងអំឡុង​ពេលនេះ វាចម្លង​បាន។ រយៈ​ពេលដែល​មេរោគ​វីរុស​ចូលរហូត​ដល់ចេញ​រោគសញ្ញា មានពី ១២ថ្ងៃ​ទៅ​២៥​ថ្ងៃ។ អ្នកមិនគួរ​ទៅធ្វើ​ការ​ឬទៅ​សាលារៀន​ទេ។ អ្នកគួរ​ស្នាក់​នៅ​តែ​ក្នុង​​ផ្ទះ​​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​ស្រឡទែន និងកាត់​បន្ថយ​ការប៉ះ​ពាល់ជា​មួយ​មនុស្ស​​ដែលអ្នក​រស់នៅ​ជាមួយ ឧទាហរណ៍​ ប្រសិន​ជា​អ្នក​អាចធ្វើ​បាន ដេក​នៅក្នុង​បន្ទប់​​ដាច់ដោយ​ឡែកពីគេ ។

​តើអ្វីផ្សេង​ទៀតដែល​ខ្ញុំគួរ​ធ្វើ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ក្រទ្បទែន?

ខ្ទប់មាត់ និងច្រមុះ របស់​អ្នកជា​មួយ​ក្រដាស ឬ​ក្រណាត់​នៅពេល​ដែលអ្នក​ក្អក ឬ​​កណ្តាស់ និង​បោះ​ចោល​ក្នុងធុង​សំរាម​។ ប្រសិន​បើអ្នកគ្មាន​ក្រដាស​ឬ ក្រណាត់​​ពេល​​អ្នកក្អក ឬកណ្តាស់ត្រូវក្អក ដាក់ផ្នែក​ខាងលើ​នៃដើម​ដៃរបស់​អ្នកឬ​កែងដៃ​ មិន​មែន​​​លើបាតដៃ។ ឧស្សាហ៏​លាងដៃ​របស់​អ្នក​ឱ្យបានញឹក​ញាប់ជាមួយ​សាប៊ូ និងទឹក។​  ជៀស​វាងចែក​រំលែក​ភេសជ្ជៈឬ​ ប្រដាប់​​ប្រដា​បរិភោគ​ជាមួយ​គ្នា ។  សម្លាប់មេ​រោគ​ឲ្យ​បានញឹក​ញាប់​នៅលើ​ផ្ទៃដែល​បានប៉ះ​ពាល់ ដូចជា​ប្រដាប់​ក្មេងលេង​ទ្វារ​តុ ។ល។

បង្ការក្រទ្បទែន : គេអាចការ​ពារជំងឺ​នេះដូច​តទៅ ដូចជា លាងដៃ​របស់​អ្នកខ្ទប់​មាត់​របស់​​អ្នក​​ពេល​​ក្អក និង​កណ្តាស់ នៅតែ​ផ្ទះ​ប្រសិន​បើអ្នក​ឈឺកុំ​ចែក​រំលែក ពែង កែវ ប្រដាប់​​ប្រដា​ប្រើ​​ប្រាស់​។ល។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative