រថយន្ត​ក្រុងធ្លាក់ជ្រោះ បណ្តាល​ឲ្យមនុស្ស​១៦នាក់​បានស្លាប់ និង២៣​នាក់​ទៀត​រងរបួស

យ៉ាងហោចណាស់​មានមនុស្ស​ចំនួន​១៦​នាក់​​បាន​ស្លាប់​​បាត់បង់​​ជីវិត​ និង​២៣​​នាក់​ទៀត ​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ នៅ​ចំណុច​​ចង្កេះ​ភ្នំ​ដង​រែក ផ្លូវជាតិ​​លេខ​​៦៧B ស្ថិតនៅ​​ក្នុងភូមិ​​ជើងភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​​អន្លង់វែង ខេត្ត​​ឧ​ត្ត​រ​មានជ័យ កាលពី​​វេលា​​ម៉ោង​​១១​ និង​​៣០​នាទី ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​​២០១៥ ក្នុង​ឧប្បទ្ទវ​ហេតុ​រថយន្ត​ក្រុង​៣៥​​កៅអី មួយ​​គ្រឿង បាន​ចុះ​​ពី​ភ្នំ​ដង​រែក​​ច្រក​​អន្តរ​ ជាតិ​ ជាំ​សាងាំ​ មកដល់​​ផ្លូវ​កោង​​ខ្លាំង ជាន់​ប្រាំង​​មិន​ស៊ី​​ធ្លាក់​ជ្រោះ​​ក្រឡាប់​​ជាច្រើន​​ត្រឡប់ ​។

2រថយន្ត​នោះ បាន​​ដឹក​អ្នក​​ដំណើរ​​៣៦​នាក់ ​មកពី​​​សង្កាត់​​​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​​ភ្នំពេញ ដើម្បី​​​ទៅ​ហែ​​ទៀន​វស្សា ទៅ​កាន់​​វត្ត​ប្រាសាទ​​តា​មាន់ នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៥ ប៉ុន្តែ​​នៅវេលា​​កើតហេតុ​​ខាងលើ អ្នក​ដំណើរ​​បាននាំ​គ្នា​ទៅ​លេង​នៅ​​ច្រក​​ជ្រាំ​សាងាំ ព្រំដែន​ថៃ ហើយ​​ពេល​ធ្វើ​ដំណើរ​​ត្រឡប់​មកវិញ ក៏បាន​​ក្រឡាប់​​ធ្លាក់​ពី​លើ​ភ្នំ​​តែម្ដង។

បើតាមលោក​វរសេនីយ៍​ត្រី​ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​ស្រុក​ បាន​ឲ្យ​​ដឹង​​ថា គ្រាន់​តែ​​មាន​ករណី​​គ្រោះថ្នាក់​​ចរា ចរណ៍ ដ៏​រន្ធត់​​កើតឡើង​​ភ្លាមៗ​​នោះ លោក​បាន​​បញ្ជា​​កម្លាំង​​របស់​​លោក​ រួម​ជាមួយ​​រថយន្ត​​ចេញទៅ​​កន្លែង​​កើតហេតុ​​ដើម្បី​​ជួយ​សង្គ្រោះ​​ដឹក​បញ្ជូន​​មកកាន់​​មន្ទីរ​​ពេទ្យ​​បង្អែក​ ស្រុក​​អន្លង់​​វែង ក្នុង​នោះ​​ក៏​មាន​អាវុធ​ហត្ថ​ស្នាក់​ការ​២០២ ប៉ូលិស​​ការពារ​​ព្រំដែន​​លេខ​​៩០៥​ និង​ប៉ូលិស​​ស្រុក​ចុះ​​ទៅ​ជួយ​​ផង​ដែរ។

លោក​វរសេនីយ៍​ត្រី​​ងួន ទ្ធី​រិ​ទ្ធ ​បាន​ឲ្យ​ដឹង​​ទៀត​ថា ប្រជាពល​រដ្ឋ​ដែល​បាត់បង់​ជីវិ​ត​ និង​រងគ្រោះ ទាំង​នោះ មក​ពី​​ទីក្រុង​​ភ្នំពេញ​​ហែ​​ទាន​​វស្សា​​ចូល​ទៅ​​ប្រាសាទ​​តា​មាន់ ក្នុងស្រុក​​បន្ទាយ​​អំពិល ខេត្ត​​ឧ​ត្ត​រ​​មានជ័យ លុះ​ព្រឹក​​ឡើង​​ប្រជាពល​រដ្ឋ​​ទាំង​អស់​​នោះ​ បាន​មក​ដល់​ស្រុក​​អន្លង់​វែង ក៏​នាំគ្នា​​ឡើង​ទៅ​​ច្រក​​អន្តរជាតិ​​ជាំសាងាំ ទៅ​ក្នុង​​ផ្សារ​ថៃ ដើម្បី​​ទិញ​​របស់​របរ​​នៅក្នុង​​ផ្សារ​ថៃ​​នោះ ​យក​មក​​ប្រើ​ប្រាស់ ហើយក៏​​បាន​ចុះ​​មកវិញ​​ក៏​ជួប​នឹង​​ហេតុ​ការណ៍​ដ៏​រន្ធត់ រថយន្ត​​របស់​ពួក​គាត់​បាន​​ធ្លាក់​ជ្រោះ​ បណ្ដាល​​ឲ្យ​​ស្លាប់​ និង​របួស​​ជាច្រើន​​នាក់​តែ​ម្តង​។

លោកបានបន្តថា បច្ចុប្បន្ន​​ជនរង​គ្រោះ​​បាន​បញ្ជូន​​ទៅ​មន្ទីរ​​ពេទ្យ​បង្អែក​​ស្រុក​​អន្លង់​វែង ចំណែក​​សាកសព​​បាន​ដឹក​​យក​ទៅ​​តម្កល់​ទុក នៅ​វត្ត​​អន្លង់វែង ហៅ​​វត្ត​ជ័យ​​ទឹក​ជុំ ឃុំ ស្រុក​​អន្លង់​វែង ខេត្ត​​ឧ​ត្ត​រ​មានជ័យ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative