សាខាកាំកុង​ត្រូល ខេត្ត​ប៉ៃលិន ចុះត្រួត​ពិនិត្យ ស្វែង​រកសារ​ធាតុ​គីមី ក្នុង​សរសៃ​គុយ​ទាវ

សាខាកាំកុង​ត្រូល ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ទីរ ពាណិជ្ជ​កម្ម​ខេត្ត កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៥ បានចុះ​ត្រួត​ពិនិត្យ​គុណ​ភាព សុវត្ថិភាព​ម្ហូប​អាហារ​ នៅផ្សារ​ប៉ាង​រលឹម ស្ថិតក្នុង​ភូមិក្រចាប់ សង្កាត់​/ក្រុង/ ខេត្ត​ប៉ៃលិន ដើម្បី​ស្វែង​រក​សារធាតុ​គីមី​ជាតិ​បូរ៉ាក់​នៅ​ក្នុង​សរសៃ គុយទាវ ។

1លោក សាន វិជ្ជាសារ៉ាវុធ មន្រ្តីកាំ​កុង​ត្រូល បាន​ឱ្យ​​ដឹងថា យើងបាន​ធ្វើការ​តេស្ត​បឋម​ ស្វែង​រកសារធាតុ​គីមី​បូរ៉ាក់ ក្នុង​សរសៃ​គុយទាវ បី​ម្ចាស់​​ផ្សេង​គ្នា​ចំនួន ៣គីឡូ​ហើយ ជា​​លទ្ធ​ផល​ ​គុយទាវ​ទាំងនោះ​គ្មានលាយ​ផ្សំ សារធាតុ​គីមី បូរ៉ាក់​ឡើយ (គុណ​ភាពល្អ) និង​បានធ្វើ​តេស្ត​លើ​ផលិត​ផល អំបិល​ស្វែងរក​សារធាតុ​​អ៊ីយ៉ូដ ចំនួន ៣គីឡូ​ផងដែរ ដោយ​មួយ​គីឡូ​មាន​ផ្ទុក​សារជាតិ​អ៊ីយ៉ូដ ឯពីរទៀត​គ្មានវត្តមាន​អ៊ីយ៉ូដ នៅក្នុង​អំបិល​ឡើយ។

ពាក់ព័ន្ធករណី​នេះ លោក សាន វិជ្ជាសារ៉ាវុធ បាន​ពន្យល់​ដល់ក្រុម​អាជីវ​ករ ឲ្យបញ្ឈប់​ការ​តាំងលក់ អំបិល​គ្មានសារជាតិ​អ៊ីយ៉ូដ​ជាបន្ទាន់ ព្រោះវាជា​សកម្មភាព​ល្មើសច្បាប់ ហើយ​ដែល​អាចមាន​ហានិភ័យ​ដល់​សុខភាព ដល់ខ្លួន​យើង និង​អ្នកដទៃ។

ចំពោះករណី ការតាំង​លក់កំទេច​មី ដែលជាកាក​សំណល់​មីកញ្ចប់ លោកបាន​ឲ្យដឹង​ថា ប្រសិន​បើការ​ស្រាវជ្រាវ​រកឃើញ​អ្នកនាំចូល ចែកចាយ​លោកនឹង​អនុវត្ត​នីតិវិធី​ច្បាប់ ដោយត្រូវ​កសាង​សំណុំរឿង​បញ្ជូនខ្លួន​អ្នកប្រព្រឹត្ត​ល្មើសទៅ​អយ្យការ​អម​សា​លា​ដំបូង​ខេត្តចាត់​ចែងតាម​និតិវិធី​ច្បាប់។

ក្នុងសមត្ថកិច្ច​ជំនាញ​កាំកុង​ត្រូល បានធ្វើ​ការដក​ហូតបាន ផលិត​ផល​ម្អូបអាហារ​ខូច​គុណភាព គ្មាន​អនាម័យ និង​ហួស​រយៈពេល​ប្រើប្រាស់​ រួមមាន ៖ ទឹកក្រូច​ដបជ័រ​ថៃ ៦៧ដប ទឹកខ្មេះ​ថៃរូប​ទន្សាយ ១២ដប ( ទឹកខ្មេះ​នេះ សម្រាប់​បម្រើឲ្យ​ផ្នែក​ឧស្សា​ហកម្ម បោក​គក់ ដើម្បីអោយ​ក្រណាត់​កាន់​តែស្អាត ពណ៌​ស្រស់)  កំទេច​មី ៤៥៦កញ្ចប់ នំ បន្ទះ​ស្វិត ១២​កញ្ចប់ មីកំប៉ុង​ ៣​កំប៉ុង ស្ករគ្រាប់ ២០កំប៉ុង និង ៤ប្រអប់​បច្ចប្បន្ន​សមត្ថកិច្ច​បានប្រមូល​យកទំនិញ​ទាំងអស់​នោះរក្សា​ទុកនៅស្នាក់​ការ​កាំកុង​ត្រូល ដើម្បី​ចាត់ចែងតាម​នីតិវិធី​ច្បាប់តាម​ពេលក្រោយ។

លោកធ្វើការណែនាំ​ដល់អាជីវករ​ថា «អ្វីដែល​យើងចង់ បាននោះ គឺការចូល​រួមពីគ្រប់​ប្រជាពល​រដ្ឋ​ទាំងអ្នក​លក់ និងអ្នក​ទិញ​ ព្រោះ​ថា កាំកុងត្រូល មិនអាច​ថែរក្សា​ផលិតផល ទំនិញ​ជូនបងប្អូន​បានគ្រប់ពេល​វេលាឡើយ  វាទាមទារ​ឲ្យមានការ​យកចិត្ត​ទុកដាក់​ពីបងប្អូន​ដែលជា​អាជីវករ​លក់ដូរ គ្រប់មជ្ឈ​ដ្ឋាន ចេះមើល​អាយុកាល​ប្រើប្រាស់​របស់​ទំនិញ ចេះថែរក្សា​ទំនិញ​ឲ្យបាន​ល្អ ព្រោះថា​អាជីវករ​ទាំងអស់ គឺជា​វេជ្ជបណ្ឌិត ដែលព្យាបាល​សុខភាព​អ្នកប្រើ​ប្រាស់​ដោយ​ប្រយោល»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៥

Google Analytics Alternative